បទ​វិភាគ៖ នយោបាយ "ឯង​ជួយ​អញ អញ​ជួយ​ឯង" របស់​លោក ហ៊ុន សែន

ដោយ ជី វិតា
2014.09.16
ហ៊ុន សែន ៦២០ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៤។
Photo: RFA

នៅ​ក្នុង​ប្រព័ន្ធ​សភា​និយម​ដូចជា​កម្ពុជា សមាជិក​រដ្ឋសភា ឬ​តំណាង​រាស្ត្រ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​ជាតិ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​តំណាង​រាស្ត្រ​អោយ​បំពេញ​បេសកកម្ម​នេះ រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស បាន​ផ្តល់​សិទ្ធិ​ពិសេស​ដល់​ពួក​គេ​ថែម​ទៀត។

សិទ្ធិ​ពិសេស​ទាំង​នោះ ហៅថា អភ័យ​ឯក​សិទ្ធិ ដែល​ការពារ​តំណាង​រាស្ត្រ​ពី​ការ​សម្លុត គំរាម​កំហែង ចោទ​ប្រកាន់ ឬ​ចាប់​ចង ដោយ​គ្រាន់​តែ​បាន​សម្ដែង​មតិ​យោបល់ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​អ្នក​តំណាង​រាស្ត្រ។

ប៉ុន្តែ បើ​សិន​តំណាង​រាស្ត្រ​ដែល​មាន​តួនាទី​ឃ្លាំ​មើល​សកម្មភាព​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​រាស្ត្រ​បំពេញ​ការងារ​របស់​ខ្លួន ពោរពេញ​ទៅ​ដោយ​ការ​ភ័យ​ខ្លាច​ទៅ​ហើយ​នោះ តើ​បាន​នរណា​ជួយ​រាស្ត្រ?

ត​ទៅ​នេះ លោក ជី វិតា មាន​បទ​វិភាគ​មួយ​ដោយ​ពិនិត្យ​មើល​នយោបាយ “ឯង​ជួយ​អញ អញ​ជួយ​ឯង” របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ះពាល់​ដល់​នីតិរដ្ឋ​យ៉ាង​ណា​ខ្លះ៖

ពេល​ចប់​អាណត្តិ​ចាស់​ចូល​ដល់​អាណត្តិ​ថ្មី​ម្តងៗ ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ តែង​សង្ឃឹម​ថា ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​រក​ភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ វិបត្តិ​ធំៗ​ដូចជា បញ្ហា​អំពើ​ពុក​រលួយ បញ្ហា​ឯករាជ្យ​តុលាការ បញ្ហា​គាប​សង្កត់​រដ្ឋសភា បញ្ហា​បំផ្លាញ​ធនធាន​ធម្មជាតិ បញ្ហា​ដីធ្លី បញ្ហា​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ និង​បញ្ហា​និទ្ទណ្ឌភាព ហាក់​កាន់​តែ​ធ្ងន់ធ្ងរ។ កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​បន្ត​នយោបាយ​ការពារ​មន្ត្រី និង​ឈ្មួញ​ខិលខូច ដរាប​ណា​ពួក​គេ​មាន​ភក្តី​ភាព និង​ប្រយោជន៍​ចំពោះ​លោក។ ប៉ុន្តែ​បើ​បុគ្គល​ណា​ធ្វើ​អ្វី​មួយ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​លោក​ហើយ លោក​មិន​អោយ​នៅ​សុខ​ទេ។

ឧទាហរណ៍​ថ្មីៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹម​តែ​មិន​បាន​ថ្លែង​សាទរ​គាំទ្រ​ចំពោះ លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា ដែល​ចេញ​មុខ​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​គំរាម​ដក​ហូត​តំណែង លោក កឹម សុខា ថែម​ទៀត​ផង។

លោក ហ៊ុន សែន៖ «អើ! ថា​រក​វិធី​បោះ​ឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី អឺ! បើ​បោះ​ឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី យើង​គិត​បោះ​ឆ្នោត​ទម្លាក់​អនុប្រធាន​រដ្ឋសភា​វើយ។ សំឡេង​អាណា​ខ្លាំង​ជាង​អាណា អា​ហ្នឹង​ប្រយ័ត្ន​ផង​វើយ»

ក្នុង​របប​ប្រជាធិបតេយ្យ រដ្ឋសភា​ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ធ្វើ​អោយ​សង្គម​ជាតិ​ស្អាតស្អំ គ្មាន​អំពើ​ពុក​រលួយ និង​លើក​ស្ទួយ​នីតិរដ្ឋ។ រដ្ឋសភា អាច​សម្រេច​គោលដៅ​ទាំង​នេះ​បាន តាម​រយៈ​ការ​ធ្វើ​ច្បាប់​ល្អ​តាម​ដាន​សកម្មភាព​អនុវត្តន៍​ច្បាប់​របស់​រដ្ឋាភិបាល និង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល មក​ឆ្លើយ​បំភ្លឺ​នូវ​បញ្ហា​ជាតិ រហូត​ដល់​បោះ​ឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី ឬ​នាយក​រដ្ឋមន្ត្រី ដែល​រំលោភ​អំណាច និង​បំពាន​ច្បាប់ ជាដើម។

ប៉ុន្តែ រហូត​មក​ដល់​ចុង​អាណត្តិ​ទី​៤ សហគមន៍​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា រដ្ឋសភា​កម្ពុជា មិន​ត្រឹម​តែ​មិន​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​អោយ​សម​តាម​គន្លង​ប្រជាធិបតេយ្យ ដែល​រដ្ឋធម្មនុញ្ញ​បាន​ប្រគល់​អំណាច​អោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្លាយ​ជា​ស្ថាប័ន​ចាំ​តែ​ប្រថាប់​ត្រា ឬ​សម្រួល​កិច្ចការ​ដែល​ជា​ប្រយោជន៍​នយោបាយ ជូន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ថែម​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា សញ្ញា​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ស្ថាប័ន​កំពូល​មួយ​នេះ ហាក់​ដូចជា​ចាប់​ផ្ដើម​ហើយ គឺ​ផ្លាស់​ប្ដូរ​ពី​រដ្ឋសភា​ដែល​ចាំ​តែ​លើក​ដៃ ទៅ​ជា​រដ្ឋសភា​ថ្លៃថ្នូរ គោរព​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ពន្លក​ថ្មី​ដែល​កំពុង​អើត​ក្បាល​ប៉ឹមៗ​មក​នេះ ត្រូវ​រង​ការ​គំរាម​ក្តិច​ចោល​ទៅ​វិញ។

នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា បាន​ប្រកាស​ថា លោក​នឹង​ប្រើប្រាស់​រដ្ឋសភា ដើម្បី​បោះ​ឆ្នោត​ដក​ហូត​មន្ត្រី​រាជការ​ណា​ដែល​ពុក​រលួយ។ ប៉ុន្តែ ការ​ប្ដេជ្ញា​របស់​តំណាង​រាស្ត្រ​រូប​នេះ ត្រូវ​បន្ទច់​បង្អាក់​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ។ ការ​គំរាម​ដក​ហូត​តំណែង លោក កឹម សុខា ធ្វើ​អោយ​មតិ​ជាតិ និង​អន្តរជាតិ​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល និង​កាន់​តែ​បាត់​បង់​ជំនឿ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ថែម​ទៀត។

ភ្ញាក់​ផ្អើល ពីព្រោះ​នា​ពេល​ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​អោយ​គណបក្ស​ប្រឆាំង ជួយ​បោស​សម្អាត​អំពើ​ពុក​រលួយ ដោយ​ចាត់​គណបក្ស​ប្រឆាំង គឺ​ជា​កញ្ចក់​សង្គម​ទៀត​ផង។

ប៉ុន្តែ សម្រាប់​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​កម្ពុជា យ៉ាង​ដិត​ដល់​នោះ ប្រាកដ​ជា​មិន​ភ្ញាក់​ផ្អើល​អ្វី​ទេ ពីព្រោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ឱប​ក្រសោប​ការពារ​មន្ត្រី និង​ឈ្មួញ​ខិលខូច​តែ​អ៊ីចឹង​តាំង​ពី​ដើម​មក។

ចរិត​នយោបាយ “ឯង​ជួយ​គ្នា​អញ អញ​ជួយ​គ្នា​ឯង ឯង​ជួយ​គ្រួសារ​អញ អញ​ជួយ​គ្រួសារ​ឯង” របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ហើយ​ដែល​បាន​ជួយ​អោយ​លោក​ផ្ដួល​រំលំ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អតីត​នាយក​រដ្ឋមន្ត្រី​ទី​១​ក្នុង​អាណត្តិ​ទី​១ បាន​ដោយ​ជោគជ័យ។ ខុស​គ្នា​ពី លោក ហ៊ុន សែន ដែល​តែង​ការពារ​អ្នក​មាន​ស្វាមីភ័ក្តិ​ចំពោះ​លោក ទោះ​ប្រព្រឹត្ត​អ្វី​ខុស​ក៏ដោយ​ចុះ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ វិញ​មិន​ដូច្នេះ​ទេ។

ព្រះអង្គ​បាន​ឃុបឃិត​គ្នា​ជាមួយ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ នា​ពេល​នោះ ដក​មន្ត្រី​ស្មោះ​ត្រង់​របស់​ព្រះអង្គ គឺ​លោក សម រង្ស៊ី ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយសារ​តែ​រដ្ឋមន្ត្រី​រូប​នេះ ហ៊ាន​ចេញ​មុខ​បង្ក្រាប​ថៅកែ ថេង ប៊ុនម៉ា ជា​ម្ចាស់​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែល​ល្មើស​ច្បាប់​មិន​បង់​ពន្ធ​លើ​ទំនិញ​នាំ​ចូល។

គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ លោក ថេង ប៊ុនម៉ា ទេ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ពីព្រោះ​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​រូប​នេះ ស្និទ្ធ​នឹង លោក ហ៊ុន សែន។ សូម្បី​តែ លោក ថេង ប៊ុនម៉ា ដក​កាំភ្លើង​ខ្លី​កា​៥៩ បាញ់​បំបែក​កង់​យន្តហោះ ឌឹ រូយ៉ាល់ អ៊ែ ខេមបូឌ (the Royal Air Cambodge) នៅ​ឆ្នាំ​១៩៩៧ ផ្អើល​ពេញ​ពិភពលោក បន្ទាប់​ពី​រក​វ៉ាលី​របស់​គាត់​មិន​ឃើញ​ក៏ដោយ ពេល​ត្រឡប់​ពី​ហុងកុង វិញ​នោះ ក៏​មិន​មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​ឃាត់​ខ្លួន​គាត់​ដែរ។ ក្រោយ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ ឆ្នាំ​១៩៩៧ បាន​ជោគជ័យ លោក ថេង ប៊ុនម៉ា បាន​និយាយ​អួត​ប្រាប់​អ្នក​សារព័ត៌មាន​បរទេស​ថា លោក​បាន​អោយ​លុយ ១​លាន​ដុល្លារ​អាមេរិក​ដល់ លោក ហ៊ុន សែន ដើម្បី​ឧបត្ថម្ភ​ដល់​សកម្មភាព​រដ្ឋ​ប្រហារ​នា​ពេល​នោះ។

ករណី​ការពារ​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក “ឯង​ជួយ​គ្នា​អញ អញ​ជួយ​ឯង” របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្ដែង​ចេញ​មក​នៅ​មាន​ទៀត។ នេះ​បើ​គិត​តែ​ករណី​ដែល​លាត​ត្រដាង​ចេញ​មក​ប៉ុណ្ណោះ ដូចជា ករណី​ឧកញ៉ា ម៉ុង ឬទ្ធី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​កញ្ឆា​ចំនួន ៧​តោន តាម​ផែ​កំពង់សោម ឆ្នាំ​១៩៩៧ ក៏​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​ការពារ​ដែរ។ ឧកញ៉ា ម៉ុង ឬទ្ធី ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ផង​នោះ ជា​អ្នក​ជួយ​លុយ​រាប់​សិប​លាន​ដុល្លារ​ដល់​គម្រោង​អភិវឌ្ឍន៍ ហ៊ុន សែន។

ឧទាហរណ៍​ករណី​ជាក់ស្តែង​ថ្មីៗ​នេះ​ទៀត គឺ​សំណុំ​រឿង​របស់​ទណ្ឌិត ឈូក បណ្ឌិត អតីត​ចៅហ្វាយ​ស្រុក​បាវិត ដែល​ត្រូវ​តុលាការ​កាត់​ទោស​អោយ​ជាប់​គុក ២​ឆ្នាំ ពី​បទ​បាញ់​កម្មករ​រោងចក្រ​បី​នាក់​អោយ​របួស ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​ក៏​ដោយសារ​មាន​មន្ត្រី​ជាន់​ខ្ពស់​ការពារ ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​មិន​ដឹង​មិន​ឮ។ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាង​ពីរ​ទសវត្សរ៍​មក​នេះ អំពើ​និទ្ទណ្ឌភាព ឬ​ជនល្មើស​ច្បាប់​គេច​ផុត​ពី​សំណាញ់​ច្បាប់ ដោយសារ​តែ​នយោបាយ “ឯង​ជួយ​អញ អញ​ជួយ​ឯង” នេះ នៅ​មាន​ច្រើន​ទៀត។

ងាក​ត្រឡប់​មក​រឿង​គំរាម​ទម្លាក់ លោក កឹម សុខា វិញ។ តើ​ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​តែ​អនុប្រធាន​ទី​១​រដ្ឋសភា​រូប​នេះ ចង់​ខ្ចី​ដៃ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កម្ចាត់​រដ្ឋមន្ត្រី​ដែល​ពុក​រលួយ មាន​ផល​ប៉ះពាល់​ផ្លូវ​ច្បាប់​យ៉ាង​ណា​ដែរ? មិន​មាន​បញ្ញត្តិ​ណា​មួយ​ចែង​អំពី​នីតិវិធី​ដក​ហូត​តំណែង​ថ្នាក់​ដឹក​នាំ​រដ្ឋសភា ដែល​បាន​សម្ដែង​មតិ ដែល​មតិ​នោះ​ជា​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​ជាតិ​ឡើយ។ ប៉ុន្តែ មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ។ តំណាង​រាស្ត្រ​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឃុំ​ខ្លួន ដោយ​ហេតុ​ពី​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា ការ​ប្រកាស​ចាត់​វិធានការ​កម្ចាត់​អំពើ​ពុក​រលួយ គឺ​ជា​សេចក្តី​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា។ សូម្បី​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​លើក​ទឹក​ចិត្ត​អោយ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ជួយ​គ្នា​បំបាត់​អំពើ​ពុក​រលួយ ដោយ​រាយការណ៍​អំពី​មន្ត្រី​ពុក​រលួយ​ដែរ។ ចុះ​ទម្រាំ លោក កឹម សុខា ប្រើប្រាស់​តួនាទី​ជា​តំណាង​រាស្ត្រ ផ្ដួចផ្ដើម​គំនិត​បំបាត់​អំពើ​ពុក​រលួយ បែរ​ជា​ត្រូវ​ទទួល​ទណ្ឌកម្ម​ទៅ​វិញ។ សួរ​ថា តើ​ប្រជារាស្ត្រ​ខ្មែរ​នឹង​អត់​ក្តៅ​ក្រហាយ​បាន​ទេ?

ភ្លាមៗ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​បោះ​ឆ្នោត​ទម្លាក់​តំណែង លោក កឹម សុខា ដែល​មាន​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នោះ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ជាច្រើន បាន​ជេរ​ប្រទេច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ចាស់​ដៃ។

ទោះ​ជា​យ៉ាង​ណា មើល​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រហែល​ជា​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​លោក​ផ្ទាល់​ខ្លាំង​ជាង ទើប​ប្រញាប់​វាយ​បក​ទៅ លោក កឹម សុខា ភ្លាមៗ ដោយ​មិន​ទុក​ឱកាស​អោយ លោក កឹម សុខា បញ្ចេញ​សកម្មភាព​មុន។ ការ​បារម្ភ​នោះ គឺ​ថា ប្រសិន​បើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​កៀរគរ​រក​សំឡេង​គាំទ្រ​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំនួន ៧​សំឡេង​ទៀត បង្គ្រប់​អោយ​បាន ៥០​ភាគរយ​បូក​១ ដើម្បី​អាច​បោះ​ឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​ពុក​រលួយ​ណា​មួយ​មែន​នោះ ថ្ងៃ​ណា​មួយ ពួក​គេ​អាច​នឹង​បោះ​ឆ្នោត​ទម្លាក់​រូប​លោក​បាន​ដែរ។

អង្គការ​តម្លាភាព​អន្តរជាតិ បាន​ចាត់​ប្រទេស​កម្ពុជា ចូល​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​មួយ​លើ​លោក។ អំពើ​ពុក​រលួយ​នៅ​កម្ពុជា កើត​មាន​ជា​ប្រព័ន្ធ និង​វេញ​ចាក់ស្រេះ​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា ដែល​មិន​អាច​បំបែក​បាន​ដោយ​ងាយៗ។

ពុក​រលួយ​ចាក់ស្រេះ កប់​ជ្រៅ មិន​អាច​បំបែក​បាន​ដោយ​ងាយៗ​នេះ គឺ​ដោយសារ​តែ​នយោបាយ “ឯង​ជួយ​អញ អញ​ជួយ​ឯង» របស់​គណបក្ស​កាន់​អំណាច​នេះ​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា យល់​ឃើញ​ថា វា​ល្មម​ដល់​ពេល​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​បោះ​បង់​ចោល​នយោបាយ “ឯង​ជួយ​អញ អញ​ជួយ​ឯង” ហើយ​ងាក​មក​សហការ​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​បោស​សម្អាត​អំពើ​ពុក​រលួយ ដូច​ដែល​លោក​បាន​សន្យា​ដ៏​ឧឡារិក​ច្រើន​ដង​ហើយ​នោះ។ ប្រសិន​បើ​លោក​ចេះ​តែ​សន្យា​ខ្យល់​ច្រើន​ពេក ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់​បង់​កៅអី​ច្រើន​ថែម​ទៀត ហើយ​វិបត្តិ​សង្គម​អាច​នឹង​ផ្ទុះ​ឡើង​ដូច​គ្រាប់​បែក​កំណត់​ពេល ដែល​រង់ចាំ​តែ​ឱកាស​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។