លោក សុខ សំអឿន គ្រោង​ប្ដឹង​ទារ​ជំងឺ​ចិត្ត​ដែល​ត្រូវ​ឃុំ​ខ្លួន​ករណី​ឃាតកម្ម​លោក ជា វិជ្ជា

ដោយ ជី វិតា
2014.06.10
សុខ សំអឿន ប៊ន សំណាង ៦១០ ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុខ សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ) នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
Photo Supply

ក្នុង​នាទី​ច្បាប់​កាលពី​សប្ដាហ៍​មុន លោក​អ្នក​នាង​បាន​ស្តាប់​រឿងរ៉ាវ​របស់ លោក ប៊ន សំណាង ដែល​មិន​ហ៊ាន​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត បន្ទាប់​ពី​តុលាការ​កំពូល​រក​ឃើញ​ថា លោក​ជា​មនុស្ស​បរិសុទ្ធ មិន​បាន​បាញ់​សម្លាប់ លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទេ​នោះ។

លោក សុខ សំអឿន គឺ​ជន​រងគ្រោះ​ម្នាក់​ទៀត ដែល​ត្រូវ​ប៉ូលិស​ទម្លាក់​កំហុស​ដាក់​ថា បាន​ឃុបឃិត​គ្នា​សម្លាប់ លោក ជា វិជ្ជា។ ប៉ុន្តែ​ផ្ទុយ​ពី លោក ប៊ន សំណាង ដែល​ភ័យ​ខ្លាច​មិន​ហ៊ាន​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត បន្ទាប់​ពី​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​នោះ លោក សុខ សំអឿន ថា​នឹង​ប្ដឹង​ទាមទារ​សំណង ដើម្បី​ប៉ះប៉ូវ​ការ​ខូចខាត​របស់​លោក។

ការ​ខូចខាត​បាត់​បង់​របស់ លោក សុខ សំអឿន

ក្នុង​នាម​ជា​ជន​រងគ្រោះ​មួយ​រូប នៃ​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា លោក សុខ សំអឿន អោយ​ដឹង​ថា លោក​មិន​អាច​នៅ​ស្ងៀម​បាន​ទេ។ ការ​ឈឺ​ចាប់​ភ័យ​ខ្លាច​តក់ស្លុត ដែល​ជា​ផល​វិបាក​បណ្ដាល​មក​ពី​រស់នៅ​ក្នុង​ពន្ធនាគារ​ជិត ៦​ឆ្នាំ ដែល​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​សោះ​នោះ នៅ​តែ​តាម​លង​ក្នុង​អារម្មណ៍​របស់​លោក​ជាប់​ជានិច្ច។ ប៉ុន្តែ​ខុស​ពី លោក ប៊ន សំណាង ជា​ជន​រងគ្រោះ​ម្នាក់​ទៀត ដែល​មិន​ហ៊ាន​ប្ដឹង​រក​យុត្តិធម៌​នោះ លោក សុខ សំអឿន អោយ​ដឹង​ថា លោក​សម្រេច​ប្ដឹង ដើម្បី​ចូលរួម​កែប្រែ​សង្គម​កម្ពុជា អោយ​ក្លាយ​ជា​ប្រទេស​មាន​នីតិរដ្ឋ ឬ​ប្រទេស​យក​ច្បាប់​ជា​ធំ។

លោក សុខ សំអឿន៖ «ការ​ដែល​ខ្ញុំ​ឈឺ​ចាប់ ខ្ញុំ​នឹង​ប្ដឹង​បក​ទៅ​វិញ ដើម្បី​អោយ​គេ​ដឹង​ថា នៅ​មាន​គេ​តតាំង​សម្រាប់​អោយ​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​សង្គម។ សេចក្តី​ព្រួយ​បារម្ភ​របស់​ខ្ញុំ វា​មាន​នៅ​នឹង​កែង​ជើង​ជាប់​រហូត​ហ្នឹង​ជា​រៀង​រាល់​ថ្ងៃ ក៏ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​រឿង​ល្អ​សម្រាប់​បេះដូង​ខ្ញុំ និង​អារម្មណ៍​របស់​ខ្ញុំ ដែល​ខ្ញុំ​ចង់​បាន។ តើ​ប្រទេស​យើង​វា​នៅ​អ៊ីចឹង​ទៀត ឬ​មាន​ការ​កែប្រែ​ខ្លះ?»

លោក សុខ សំអឿន បន្ត​ថា ភាព​ឈឺ​ចាប់ និង​ការ​បាត់​បង់​របស់​លោក​មាន​ទំហំ​ធំ​ធេង​ណាស់។ អំពើ​អយុត្តិធម៌ បាន​ធ្វើ​អោយ​លោក​ដេក​យំ​នៅ​ក្នុង​គុក​ជា​រៀង​រាល់​ថ្ងៃ បាន​ជំរុញ​ចិត្ត​លោក​អោយ​ត្រូវ​តែ​ប្ដឹង​ទាមទារ​សំណង ដើម្បី​ជួសជុល​ប៉ះប៉ូវ​នូវ​ការ​ខូចខាត​ទាំង​ឡាយ​ដែល​លោក​ទទួល​រង។

លោក សុខ សំអឿន៖ «ខ្ញុំ​បាត់​បង់ ទី​១ សេចក្តី​ថ្លៃថ្នូរ​កិត្តិយស។ ទី​២ ខ្ញុំ​បែក​បាក់​ទាំង​គ្រួសារ។ ទី​៣ ខ្ញុំ​គ្មាន​ឱកាស​ដើម្បី​ស្វែងរក​លុយ​កាក់ និង​ជម្រក​សម្រាប់​ចិញ្ចឹម​ខ្លួន​ខ្ញុំ។ ខ្ញុំ​វេទនា​តាំង​ពី​ការ​រស់នៅ​ក្នុង​ពន្ធនាគារ តស៊ូ​ឈឺ​ស្ទើរ​តែ​ស្លាប់​ម្តង​ទៅ​ជា​ពីរ​ដង ដោយសារ​តែ​កម្លាំង​ចិត្ត​របស់​ខ្ញុំ​ទេ ដែល​ខ្ញុំ​ប្រឹង​រស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ខ្ញុំ។ តាម​ពិត​ទៅ​នោះ សឹង​តែ​អស់​សង្ឃឹម​ទៅ​ហើយ។ អរគុណ​ដល់​អង្គការ​សហប្រជាជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​លោក និង​គ្រប់​វិទ្យុ​ឯករាជ្យ​ទាំងអស់ ដែល​លោក​ជួយ ដែល​បាន​តាម​ដាន និង​គាំទ្រ​ដល់​រូប​ខ្ញុំ។ បើ​តាម​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ ដោយ​ខ្ញុំ​សង្វេគ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ស្ទើរ​ក្លាយ​ជា​ស្ទឹង ទឹក​ទន្លេ​ទៅ​ហើយ។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ទៅ​ខឹង​អ្នក​ណា​ម្នាក់​អោយ​ពិត​ប្រាកដ»

លោក សុខ សំអឿន ជាមួយ លោក ប៊ន សំណាង ត្រូវ​អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ហេង ពៅ ទម្លាក់​កំហុស​ដាក់​តាម​បញ្ជា​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ផ្កាយ​មាស​៤។ បន្ទាប់​មក ត្រូវ​សាលា​ដំបូង​រាជធានី​កាត់​ទោស​អោយ​អ្នក​ទាំង​ពីរ ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ពី​បទ​ធ្វើ​ឃាត លោក ជា វិជ្ជា ដោយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ច្បាស់​លាស់។ ភាព​មិន​ប្រក្រតី​ក្នុង​ការ​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង​ពីរ ដែល​អ្នក​សង្កេតការណ៍​ហៅ​ថា ជា​អ្នក​ទទួល​ទោស​ជំនួស​ឃាតក​ពិត​នោះ បាន​បណ្ដាល​អោយ​មាន​ការ​តវ៉ា​មតិ​យ៉ាង​ខ្លាំង​ពី​សាធារណជន និង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រហូត​ដល់​មាន​ការ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ ដែល​មាន​ចំណង​ជើង​ថា "ឃាតក​សិប្បនិមិត្ត"។

អនុលោម​តាម​គោលការណ៍​យុត្តិធម៌​ក្នុង​ករណី​ភ្នាក់ងារ​រដ្ឋ​ប្រព្រឹត្ត​ខុស​ច្បាប់ ដោយ​អសុទ្ធចិត្ត ដោយ​ចេតនា​អាក្រក់​ទៅ​លើ​បុគ្គល​ណា​ម្នាក់ រដ្ឋ​ត្រូវ​តែ​ចេញ​មុខ​ទទួល​ខុស​ត្រូវ រួម​ទាំង​ផ្តល់​សំណង​ប៉ះប៉ូវ​ជួសជុល​ការ​ខូចខាត​ទាំង​ឡាយ​ដល់​ជន​រងគ្រោះ។ ច្បាប់​កម្ពុជា ក៏​អនុញ្ញាត​អោយ​ជន​រងគ្រោះ ដូចជា លោក សុខ សំអឿន ប្ដឹង​ទៅ​តុលាការ​ទាមទារ​សំណង​ជួសជុល​ជំងឺ​ចិត្ត​ដែរ។ សំណង​ជួសជុល​ការ​ខូចខាត រួម​មាន សំណង​ប៉ះប៉ូវ​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ដែល​បាត់​បង សំណង​ផ្លូវ​ចិត្ត សំណង​ខូចខាត​ផ្លូវ​កាយ និង​សំណង​ខូចខាត​បាត់​បង់​ពេល​វេលា​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត ជាដើម។

មេធាវី​ថា​ការ​ប្ដឹង​បក​វិញ គឺ​ដើម្បី​ស្ដារ​ភាព​អាម៉ាស់ និង​លើក​កម្ពស់​នីតិរដ្ឋ

លោក ហុង គិមសួន មេធាវី​របស់ លោក សុខ សំអឿន គាំទ្រ​ចំពោះ​ការ​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សំណង​របស់​កូន​ក្តី​លោក។ លោក​ថា ក្រៅ​តែ​ពី​ការ​ទាមទារ​សំណង​សម្រាប់​ប៉ះប៉ូវ​ការ​ខូចខាត​មក​លើ​ខ្លួន។ ការ​ប្ដឹង​នេះ គឺ​ជា​រឿង​ល្អ​សម្រាប់​ព្រមាន​ដល់​មន្ត្រី​អនុវត្តន៍​ច្បាប់ ដូចជា នគរបាល​យុត្តិធម៌ និង​អ្នក​បកស្រាយ​ច្បាប់ ដូចជា តុលាការ ជាដើម។ ពួក​គេ​មិន​អាច​ចេះ​តែ​បំពាន​ច្បាប់ និង​រំលោភ​អំណាច​បាន​តាម​អំពើ​ចិត្ត បង្ក​អោយ​មាន​និទ្ទណ្ឌភាព​នោះ​ទេ។

លោក​មេធាវី ហុង គិមសួន៖ « គាត់​បាត់​បង់​អាប់ឌិន​ទាំង​កិត្តិយស ទាំង​ពេល​វេលា ទាំង​ទ្រព្យ​សម្បត្តិ​ហ្នឹង ទៅ​ទាំង​ស្រុង។ អ៊ីចឹង​ត្រូវ​តែ​មាន​សំណង​សមរម្យ​ណា​មួយ​ពី​រដ្ឋាភិបាល ឬ​ផ្នែក​ណា​មួយ​របស់​រដ្ឋ​ហ្នឹង​សង​មក​គាត់​វិញ មិន​ទាន់​ហួស​អាជ្ញាយុកាល​ទេ​បាទ។ (លោក ជី វិតា សួរ​បញ្ជាក់) ក្រៅ​តែ​គាត់​ប្ដឹង​ដើម្បី​ទាមទារ​ការ​ខូចខាត​សម្រាប់​ខ្លួន​គាត់​ហើយ តើ​ការ​ប្ដឹង​ហ្នឹង​នឹង​អាច​បាន​ផល​អ្វី​ខ្លះ? មាន​ផល​ប្រយោជន៍​ដល់​សង្គម​យ៉ាង​ម៉េច​ដែរ​ផ្នែក​ប្រព័ន្ធ​យុត្តិធម៌? (មេធាវី ហុង គិមសួន ឆ្លើយ) យើង​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ គឺ​មាត្រា​៣៨​ហ្នឹង គេ​និយាយ​ពី​សិទ្ធិ​របស់​ពលរដ្ឋ សិទ្ធិ​របស់​ពលរដ្ឋ​គ្រប​ដណ្ដប់​ចំពោះ​មុខ​ច្បាប់។ អ៊ីចឹង​បើ​សិន​តុលាការ​កាត់​ក្តី​ទៅ​លើ​កូន​ក្តី ខ្ញុំ​អត់​មាន​ទោសពៃរ៍ ​អ៊ីចឹង​គាត់​សម្រេច​ចិត្ត​ថា​ប្ដឹង​ហ្នឹង​ផល​ប្រយោជន៍​របស់​គាត់។ ទី​១ គឺ​លុប​លាង​ភាព​អាម៉ាស់​មុខ​របស់​គាត់​មួយ ដែល​សង្គម​ខ្មែរ​ភាគ​ច្រើន​គេ​ថា ទោះ​បី​អ្នក​នោះ​អត់​ទោស​ក៏ដោយ អោយ​តែ​ឮ​ថា​ជាប់​គុក​ហ្នឹង គេ​គិត​ទុក​មុន​ថា មនុស្ស​ហ្នឹង​អាក្រក់​ហើយ​បាន​ជា​គេ​ចាប់​ដាក់​គុក។ អ៊ីចឹង​ទី​១ គេ​ត្រូវ​លុប​លាង​ភាព​អាម៉ាស់ ឬ​ស្ដារ​កិត្តិយស​គាត់​ឡើង​មក​វិញ។ ទី​២ ការ​ខាត​បង់​ពេល​វេលា ដើម្បី​រកស៊ី​ចិញ្ចឹម​កូន​ប្រពន្ធ​ចិញ្ចឹម​ខ្លួន​គាត់​ដែរ អា​ហ្នឹង​គឺ​ត្រូវ​តែ​សង​មក​វិញ។ ទី​៣ គឺ​ទាក់ទង​នឹង​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ដែល​បាត់​បង់​ហ្នឹង គឺ​ត្រូវ​តែ​សង​ជា​អ្វី​មួយ​ជា​ផល​ប្រយោជន៍ ជា​លុយ​ជា​កាក់ ជា​ស្អី​មួយ​ដែល​ត្រូវ​តែ​សង ដែល​ច្បាប់​ទទួល​ស្គាល់​ហ្នឹង។ ទី​៤ ដើម្បី​អោយ​សង្គម​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​មូល​ហ្នឹង​ឃើញ​ថា អ្នក​ដែល​មាន​អំណាច​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ភ្នែក​ជា​ច្រមុះ​របស់​រដ្ឋ​របស់​ប្រទេស​មួយ​សម្រាប់​ការពារ​សេចក្តី​សុខ ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ហ្នឹង ខ្លួន​ធ្វើ​ទៅ​ហើយ វា​អត់​ត្រូវ​ទេ។ អ៊ីចឹង​ត្រូវ​តែ​កែ​ឡើង​វិញ ស្វែង​រក​យុត្តិធម៌​អោយ​មនុស្ស មិន​មែន​ត្រូវ​តែ​ចាប់​មនុស្ស​ហើយ បាន​យក​រក​អា​ភាព​ខុស​ត្រូវ​តាម​ក្រោយ​អ៊ីចឹង​ទេ។ អ៊ីចឹង​ការ​ប្ដឹង​នេះ បង្ហាញ​ក្នុង​ប្រទេស​ផង និង​ទៅ​លើ​ពិភពលោក​ផង​ថា មនុស្ស​ម្នាក់​ក៏ដោយ ពីរ​នាក់​ក៏ដោយ បី​នាក់​ក៏ដោយ ទោះ​ជា​ជាប់​មួយ​ថ្ងៃ​ក៏ដោយ ត្រូវ​តែ​ប៉ះប៉ូវ​មក​គេ​វិញ។ កុំ​អោយ​តែ​មាន​អំណាច កុំ​អោយ​មាន​បុណ្យ​ស័ក្តិ ចង់​ធ្វើ​អ្វី​ធ្វើ​ទៅ។ ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ គេ​សុខ​ចិត្ត​ច្រឡំ​លែង​មនុស្ស ១០០​នាក់ គេ​មិន​ចាប់​មនុស្ស​ម្នាក់​មក​វិញ​ទេ។ មិន​មែន​ដូច​កុម្មុយនិស្ត គេ​ចាប់​មនុស្ស ១.០០០​នាក់ គេ​មិន​អោយ​លែង​ម្នាក់​ច្រឡំ​នោះ។ អា​ហ្នឹង​វា​ផ្ទុយ​គ្នា​ស្រឡះ។ ប្រទេស​គេ​ជឿនលឿន គេ​ស៊ើប​អង្កេត​អ្នក​ដែល​ធ្វើ​អាក្រក់​ប៉ុណ្ណា យូរ​ឆាប់​គេ​រក​ឃើញ។ អ៊ីចឹង​យើង​ត្រូវ​តែ​ប្ដឹង​វិញ ដើម្បី​បង្ហាញ​ថា យុត្តិធម៌​ត្រូវ​តែ​មាន។ កុំ​អោយ​អ្នក​មាន​អំណាច​យក​ច្បាប់​ទៅ​ទ្រាប់​អង្គុយ​នោះ។ អ្នក​ដែល​ធ្វើ​ខុស អា​ហ្នឹង​ត្រូវ​តែ​រក​អោយ​ឃើញ​មក យក​មក​ផ្ដន្ទាទោស មិន​មែន​យក​មនុស្ស​មក​ជំនួស​ទេ។ ដូច​ពាក្យ​ខ្មែរ​ពោល​ថា ឆ្កែ​ស៊ី​បាយ​អត់​វ៉ៃ ទៅ​វ៉ៃ​អា​ឆ្កែ​ដេក​ផេះ អត់​ដឹង​ខ្យល់​អី​សោះ​នោះ​ណា!»

ច្បាប់​កម្ពុជា អនុញ្ញាត​ប្ដឹង​ទាមទារ​សំណង​ជួសជុល​ការ​ខូចខាត

នគរបាល​យុត្តិធម៌​បាន​ចាប់​ខ្លួន លោក សុខ សំអឿន នៅ​ខែ​មករា ឆ្នាំ​២០០៤ គឺ​ប្រមាណ​១​សប្ដាហ៍​បន្ទាប់​ពី លោក ជា វិជ្ជា ប្រធាន​សហជីព​ត្រូវ​ឃាតក​បាញ់​សម្លាប់។

ក្រៅ​តែ​ពី​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​នីតិវិធី​ព្រហ្មទណ្ឌ​ឆ្នាំ​១៩៩៣ ដែល​មិន​ទាន់​ផុត​អាជ្ញាយុកាល​សម្រាប់​សំណុំ​រឿង​របស់ លោក សុខ សំអឿន បើក​ផ្លូវ​អោយ​ជន​រងគ្រោះ​រូប​នេះ​អាច​ប្ដឹង​បាន។ មាត្រា​១៤៦ ចែង​ថា ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​រួច​ខ្លួន អាច​ស្នើ​ភ្លាម​បាន​នូវ​ពាក្យ​សុំ​សំណង​ជំងឺ​ចិត្ត។ ប៉ុន្តែ​ពាក្យ​បណ្ដឹង​សុំ​នោះ​នឹង​អាច​ទទួល​បាន កាល​បើ​ជន​នោះ​បញ្ជាក់​បាន​ថា ដើម​ចោទ​មាន​កំហុស ហើយ​កំហុស​នោះ​បាន​នាំ​អោយ​មាន​បណ្ដឹង​ឡើង​ដោយ​អសុទ្ធចិត្ត ឬ​ដោយ​ឥត​បាន​ពិចារណា​ល្អិតល្អន់។ មាន​តែ​តុលាការ​ដែល​កាត់​សេចក្តី​រឿង​នោះ​ទេ​ដែល​មាន​សមត្ថកិច្ច​ជំនុំ​ជម្រះ​បណ្ដឹង​នេះ។ ចំណែក​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៦ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៧ ក៏​អនុញ្ញាត​អោយ​ជន​រងគ្រោះ​ទាំង​ឡាយ​ណា ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា រងគ្រោះ​ដោយ​អយុត្តិធម៌ អាច​ពឹងពាក់​តុលាការ​អោយ​ការពារ​សិទ្ធិ​របស់​ខ្លួន និង​ជួយ​រក​យុត្តិធម៌។

លោក សុខ សំអឿន និង​លោក ប៊ន សំណាង ជា​ឃាតក​ក្លែងក្លាយ

យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​ប៉ូលិស​តូច​ធំ​ដែល​បាន​បំពាន​ច្បាប់ ប្រឌិត​ហេតុការណ៍​ទម្លាក់​កំហុស​ទៅ​លើ លោក សុខ សំអឿន និង​លោក ប៊ន សំណាង និង​ចៅក្រម​លម្អៀង ដែល​បាន​កាត់​ទោស​អោយ​លោក​ជាប់​ពន្ធនាគារ ២០​ឆ្នាំ​នោះ ភាគ​ច្រើន​កើត​មាន​រឿង​អកុសល​មក​លើ​ខ្លួន​ឯង។ ឧទាហរណ៍ លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ ដែល​បាន​ប្រឌិត​រឿងរ៉ាវ​ទម្លាក់​កំហុស​ទៅ​លើ​ជន​រងគ្រោះ​ទាំង​ពីរ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​សរុប​ជាង ១០០​ឆ្នាំ ពី​បទ​ឧក្រិដ្ឋ​ផ្សេងៗ ដែល​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង លោក ប៊ន សំណាង។ ទណ្ឌិត ហេង ពៅ បច្ចុប្បន្ន​ស្ថិត​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៧ ខណៈ​សន្តិសុខ​នាំ​ខ្លួន​ចេញ​ពី​តុលាការ​រាជធានី​ភ្នំពេញ លោក ហេង ពៅ បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន គឺ​ជា​ឃាតក​ក្លែងក្លាយ ពីព្រោះ​លោក​ជា​អ្នក​ប្រឌិត​រឿង​ទម្លាក់​កំហុស​ដាក់​ថា​ជា​ឃាតក​សម្លាប់ លោក ជា វិជ្ជា។ លោក ហេង ពៅ នៅ​ពេល​នោះ​បន្ត​ទៀត​ថា គឺ​លោក​ធ្វើ​តាម​បញ្ជា​របស់ លោក ហុក ឡង់ឌី អគ្គស្នងការ​នគរបាល​ជាតិ​ផ្កាយ​មាស​៤ ដែល​មាន​អំណាច​ខ្លាំងក្លា​នៅ​កម្ពុជា បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ ដាក់​គុក ២០​ឆ្នាំ​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ

លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ខណៈ​កំពុង​អាន​កាសែត​នៅ​ក្បែរ​វត្ត​លង្កា នា​ក្រុង​ភ្នំពេញ។ មួយ​សប្ដាហ៍​ក្រោយ​មក លោក សុខ សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ត្រូវ​សាលា​ដំបូង​កាត់​អោយ​ជាប់​ពន្ធនាគារ​ម្នាក់ ២០​ឆ្នាំ ពី​បទ​បាញ់​សម្លាប់ លោក ជា វិជ្ជា។ ពេល​ប្ដឹង​ឧទ្ធរណ៍​ក៏​ត្រូវ​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​សាលា​ដំបូង។ បន្ទាប់​ពី​ជាប់​ក្នុង​ពន្ធនាគារ​បាន ៥​ឆ្នាំ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៨ តុលាការ​កំពូល ក៏​បាន​ដោះ​លែង​ជន​រងគ្រោះ​ទាំង​ពីរ​អោយ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​រក​ឃើញ​ថា ភស្តុតាង​ដាក់​បន្ទុក​របស់​ប៉ូលិស​មាន​ភាព​មិន​ប្រក្រតី និង​មិន​ស៊ី​សង្វាក់​គ្នា ដែល​មិន​អាច​ទទួល​យក​បាន។ ហើយ​ការ​កាត់​សេចក្តី​របស់​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ភស្តុតាង​មិន​អាច​ទទួល​យក​បាន​នោះ ត្រូវ​តែ​សើរើ។ ពេល​នោះ តុលាការ​កំពូល ក៏​បាន​បញ្ជា​អោយ​សាលា​ឧទ្ធរណ៍​ពិនិត្យ​សើរើ​សំណុំ​រឿង លោក ប៊ន សំណាង និង​លោក សុខ សំអឿន ឡើង​វិញ។ សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដោះ​លែង​ជន​ជាប់​ចោទ​ទាំង​ពីរ​អោយ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី លោក ហុក ឡង់ឌី អគ្គស្នងការ​នគរបាល​ជាតិ​ផ្កាយ​មាស​៤ ធ្លាក់​យន្តហោះ​ស្លាប់​នៅ​ខេត្ត​ស្វាយរៀង បាន​ជាង​មួយ​ខែ។

បន្ទាប់​ពី​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​បាន ៤​ឆ្នាំ ហេតុការណ៍​ដែល​ជន​ជាប់​ចោទ សុខ សំអឿន នឹក​ស្មាន​មិន​ដល់ ហើយ​ឈឺ​ចាប់​បំផុត​នោះ គឺ​ការ​ចាប់​ខ្លួន​លោក​ជា​លើក​ទី​២ នៅ​ក្នុង​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បើ​ទោះ​ជា​ព្រះរាជ​អាជ្ញា​បញ្ជាក់​ថា គ្មាន​ភស្តុតាង​ថ្មី​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​ទាំង​ពីរ និង​មាន​សាក្សី​ដោះ​បន្ទុក​ជាច្រើន​ក៏ដោយ​ចុះ។

សាលា​ឧទ្ធរណ៍​ចាប់​ដាក់​ពន្ធនាគារ​វិញ បើ​ទោះ​ជា​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ថ្មី

ភ្ញាក់​ផ្អើល​ផង និង​ភ័យ​រន្ធត់​តក់ស្លុត​ផង ជន​ជាប់​ចោទ សុខ សំអឿន និង ប៊ន សំណាង ស្រែក​ទ្រហោ​យំ​នៅ​ពេល​ឮ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ដឹក​នាំ​ដោយ​លោក​ចៅក្រម ជួន ឈុនឡេង ប្រកាស​បញ្ជា​អោយ​នគរបាល​ចាប់​ខ្លួន​គេ​ទាំង​ពីរ បញ្ជូន​ចូល​គុក​ព្រៃ​ស​វិញ ដើម្បី​បន្ត​អនុវត្ត​សាល​ដីកា​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ពី​បទ​សម្លាប់ លោក ជា វិជ្ជា ដដែល៖ «...វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​មែន​ឃាតក​ទេ ប៉ុន្តែ​ឥឡូវ​គេ​ចាប់​ទៀត។ សម្ដេច​តា សម្ដេច​តេជោ និង​លោក​ជំទាវ​ជួយ​ដល់​កូន​ចៅ​ផង កូន​ចៅ​អត់​ដឹង​អី​ទេ...»

ជិត​មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៣ តុលាការ​កំពូល បាន​ពិនិត្យ​សើរើ​រឿង​ក្តី​នេះ ហើយ​ប្រកាស​ថា លោក សុខ សំអឿន និង​លោក ប៊ន សំណាង ជា​មនុស្ស​គ្មាន​ទោស មិន​បាន​សម្លាប់ លោក ជា វិជ្ជា ទេ ហើយ​ចេញ​សាល​ដីកា​សម្រេច​ដោះ​លែង​ជា​ស្ថាពរ។

តាំង​ពី​គ្រា​ដំបូង សំណុំ​រឿង​នេះ​ក្រោយ​ពេល​សាលា​ដំបូង​រាជធានី​ទទួល​បាន​សំណុំ​រឿង​ជន​សង្ស័យ​ទាំង​ពីរ​ពី​នគរបាល​យុត្តិធម៌ ចៅក្រម​ស៊ើប​សួរ លោក ហ៊ីង ធីឬទ្ធិ បាន​ចេញ​ដីកា​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ទាំង​ពីរ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ។ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​ប្ដឹង​ឧទ្ធរណ៍ ហើយ​នីតិវិធី​ចោទ​ប្រកាន់​ក៏​បន្ត​ទៅ​មុខ ហើយ​លោក​ចៅក្រម​ស៊ើប​សួរ ហ៊ីង ធីឬទ្ធិ ដែល​មាន​សេចក្តី​ក្លាហាន​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ទាំង​ពីរ ក៏​ត្រូវ​បាន​ផ្លាស់​អោយ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ស្ទឹងត្រែង មួយ​រយៈ។

ប៉ូលិស​បង្កើត​ឃាតក​សិប្បនិមិត្ត បន្ទាប់​ពី​រង​សម្ពាធ​អោយ​ចាប់​ឃាតក

ភ្លាមៗ​បន្ទាប់​ពី​ឃាតកម្ម​លើ លោក ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​ដ៏​មាន​ប្រជាប្រិយ ដែល​តែង​ដឹក​នាំ​កម្មករ​រោងចក្រ​ធ្វើ​ការ​តវ៉ា ដើម្បី​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​អោយ​ល្អ​ប្រសើរ​នៅ​ឆ្នាំ​២០០៤ នោះ បណ្ដាល​អោយ​រដ្ឋាភិបាល​កម្ពុជា រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តជាតិ។ បន្ថែម​ពី​លើ​នេះ កម្មករ​រាប់​ម៉ឺន​នាក់​គំរាម​ថា នឹង​ធ្វើ​មហា​បាតុកម្ម ប្រសិន​បើ​រដ្ឋាភិបាល​មិន​អាច​ចាប់​ឃាតក​ដែល​សម្លាប់ លោក ​ជា វិជ្ជា អោយ​បាន​ឆាប់​ទេ​នោះ។ ដូច្នេះ​ហើយ ទើប​ប្រមាណ​មួយ​សប្ដាហ៍​ក្រោយ​មក ឃាតក​សិប្បនិមិត្ត​ពីរ​នាក់ គឺ​លោក សុខ សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​ចាប់​ខ្លួន​អោយ​ដើរ​តួ​ទទួល​ទោស​ជំនួស​ឃាតក​ពិត ស្រប​គ្នា​សម្ដី​សារភាព​របស់ លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ។ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​ចាប់​ឃាតក​ពិត​សម្លាប់ លោក ជា វិជ្ជា បាន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។