ទំនៀម​បូជា​ទៀន​វស្សា

ដោយ កេសរណ្ណីយ្យា
2014-10-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នៅ​សល់​តែ​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ កិច្ច​ចូល​ព្រះវស្សា​របស់​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធ​សាសនា​នឹង​គ្រប់​រយៈពេល ៣​ខែ​ដោយ​បរិបូណ៌។

ក្នុង​អំឡុង​ពេល​ចូល​វស្សា​នេះ ក្រៅ​ពី​ការ​ដាក់​វេន​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ផ្គត់ផ្គង់​ចង្ហាន់​បិណ្ឌបាត និង​គ្រឿង​បរិក្ខារ​ផ្សេងៗ ពុទ្ធបរិស័ទ​ខ្មែរ​មាន​ទំនៀម​មួយ​ទៀត គឺ​ការ​រួម​សាមគ្គី​គ្នា​បូជា​ទៀន​វស្សា ដោយ​ហែ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​អារាម​នានា។

ទំនៀម​បូជា​ទៀន​វស្សា គឺ​ជា​ផ្នែក​មួយ​នៃ​ក្តី​គោរព​របស់​ពុទ្ធ​បរិស័ទ រំលឹក​នឹក​ដល់​គុណូបការៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ដោយ​បូជា​នូវ​គ្រឿង​សក្ការៈ មាន​ប្រទីប ទៀន ធូប និង​ផ្កា​ភ្ញី​ជាដើម។

កាល​ពី​បុរាណ ទៀន​វស្សា​គឺ​ធ្វើ​អំពី​ក្រមួន​ឃ្មុំ​ដែល​ពុទ្ធបរិស័ទ​តែង​ជួបជុំ​គ្នា​ស្ងោរ​រំលាយ​ក្រមួន​សុទ្ធ ហើយ​ចាក់​ពុម្ព​ធ្វើ​ជា​ទៀន ដែល​គេ​ហៅ​ថា «ពិធី​សិត​ទៀន​វស្សា»។

តើ​ទំនៀម​បូជា​ទៀន​ក្នុង​រដូវ​ចូល​វស្សា​នេះ មាន​សេចក្ដី​ដំណាល​យ៉ាង​ណា​ដែរ ក្នុង​ពុទ្ធ​សាសនា?

ព្រះ​គ្រូ​ចៅអធិការ​វត្ត​អូររអិល ខេត្ត​ប៉ៃលិន ភិក្ខុ ផាយ រិទ្ធី សំរិទ្ធិធម្មោ មាន​ថេរដីកា​បញ្ជាក់​ថា ក្នុង​គម្ពីរ​ពុទ្ធសាសនា​ពុំ​មាន​ចែង​អំពី​ការ​បូជា​ទៀន​ធូប​អ្វី​ឡើយ គឺ​មាន​តែ​ការ​បូជា «ប្រទីប» ដែល​ជា​គ្រឿង​អុជ​បំភ្លឺ៖ «ពរ! ទៀន​វស្សា​នេះ ការ​ពិត​ទៅ​មិន​ជា​ពុទ្ធានុញ្ញាត ពុទ្ធបញ្ញត្តិ​អី​ទេ ប៉ុន្តែ​ថា ជំនាន់​ព្រះ​គេ​មាន​ដុត​ជា​ចន្លុះ និង​ប្រទីប ហើយ​ប្រទីប​ហ្នឹង គឺ​គេ​យក​ទឹក​ដោះ​ថ្លា ញោម ទឹក​ដោះ​គោ​យើង​ហ្នឹង គេ​យក​ទុក​វា​ឡើង​ថ្លា​អ៊ីចឹង​ទៅ។ គេ​យក​ប្រឆេះ​បាន​ទៅ​ដាក់​ក្នុង​ហ្នឹង គេ​អុជ​ទៅ​ក៏​ឆេះ​ធ្លោ​មួយ​យប់​ទល់​ភ្លឺ​ទៅ ភ្លឺ​នៅ​ក្នុង​វត្ត​ទៅ។  ដល់​មក​សម័យ​យើង​បច្ចុប្បន្ន​នេះ ទៀន​ហ្នឹង​ក៏​គេ​ផលិត​មក យក​ទៀន​ហ្នឹង​ធ្វើជា​ថ្ងៃ​ចូល​ព្រះវស្សា​ដែល​អុជ​បំភ្លឺ​បូជា​ប្រទីប ដូច​កាល​ជំនាន់​ព្រះ​ពរ!  អ៊ីចឹង​ទៀន​ហ្នឹង គឺ​ជា​កិច្ច​មួយ​សម្រាប់​ញាតិ​ញោម​ពុទ្ធ​បរិស័ទ គិត​ឃើញ​ថា នៅ​ក្នុង​វត្ត​ហ្នឹង គឺ​ងងឹត​ណាស់ អត់​មាន​អគ្គិសនី​អី​ទេ អ៊ីចឹង​គិត​ប្រគេន​ទៀន វត្ត​ណា​មាន​អគ្គិសនី​ក៏​ប្រគេន​ប្រេង​ម៉ាស៊ីន ប្រេង​ម៉ាស៊ូត​អ៊ីចឹង​ទៅ។  ហ្នឹង​គឺ​ជា​ទំនៀម​ដែល​អ្នក​ប្រាជ្ញ​ចង​ក្រង​តៗ​គ្នា​មក​ទេ ជំនាន់​ព្រះ គឺ​អត់​មាន​ទេ»

ចំពោះ​ប្រភព​នៃ​ការ​សាង​ទៀន​វស្សា​នេះ សៀវភៅ «ព្រះរាជ​ពិធី​ទ្វាទសមាស» ផ្សាយ​ក្នុង ព.ស. ២៥០៣ កាល​ពី ៥៥​ឆ្នាំ​មុន​នោះ កត់ត្រា​ថា ពិធី​សិត​ទៀន​វស្សា​នេះ គឺ​ជា​ទំនៀម​របស់​ប្រជារាស្ត្រ​ពុទ្ធ​បរិស័ទ​ផង និង​ជា​កង​ការ​កុសល​របស់​ព្រះរាជា​ផង។ ប្រទេស​ខ្មែរ​មាន​ទំនៀម​សាង​ទៀន​វស្សា​ជា​ច្រើន​រជ្ជកាល​មក​ហើយ ដោយ​សំអាង​លើ​គោល ២​យ៉ាង ដែល​មាន​លក្ខណៈ និង​កាល​វេលា​ស្រប​គ្នា។

គោល​ទី​១ សំអាង​លើ​បុរាណវត្ថុ គឺ​ជើង​ទៀន​វស្សា​ធ្វើ​អំពី​ថ្ម​ភក់ ដែល​ពុទ្ធបរិស័ទ​វត្ត​លង្កាក្រៅ ក្នុង​ខេត្ត​សៀមរាប បាន​នាំ​យក​មក​តម្កល់​ទុក​ក្នុង​មន្ទីរ​ពុទ្ធសាសនបណ្ឌិត្យ។ ជើង​ទៀន​វស្សា​បុរាណ​នេះ ប្រហែលជា​កសាង​ឡើង​ក្នុង​អំឡុង ព.ស. ២៣៥០-​២៤០០ គឺ​រវាង គ.ស.១៨០៧-​១៨៥៧។ រី​ឯ​គោល​ទី​២ គឺ​ផ្អែក​តាម​ឯកសារ​ព្រះរាជ​ពង្សាវតារ​ក្រុង​កម្ពុជា ក្នុង​រជ្ជកាល​ព្រះ​បរមកោដ្ឋ ព្រះ​អង្គឌួង ដែល​គ្រង​រាជសម្បត្តិ​ចាប់​ពី ព.ស. ២៣៩១-​២៤០៤ ត្រូវ​នឹង គ.ស. ១៨៤៨-​១៨៥៩។  សៀវភៅ​នេះ​ក៏​សរសេរ​បញ្ជាក់​ដែរ​ថា ពុំ​ឃើញ​មាន​តម្រា​ឯណា​ចាស់​ជាង​នេះ​ទៅ​ទៀត​កត់ត្រា​អំពី​រឿង​ទៀន​វស្សា​នេះ​ទេ ទាំង​គម្ពីរ​ពុទ្ធសាសនា​ទៀតសោត ក៏​ពុំ​មាន​និយាយ​ចំ​ឈ្មោះ​ទៀន​វស្សា​ឡើយ គឺ​មាន​ពោល​ត្រឹមតែ​ប្រទីប​ប៉ុណ្ណោះ ហើយក៏​មិន​មាន​បញ្ជាក់​ពី​ប្រភេទ​ប្រទីប​បែប​ណា​ដែរ។ សេចក្ដី​ទាក់ទង​នឹង​ការ​បូជា​ប្រទីប​ក្នុង​ពុទ្ធសាសនា​នេះ​ហើយ​ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅជា​ទំនៀម «ពិធី​សិត​ទៀន​វស្សា» វេរ​ប្រគេន​ភិក្ខុសង្ឃ​នៅ​រដូវ​ចូល​ព្រះវស្សា​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ នៅ​ភូមិ​វត្ត​ស្វាយ ឃុំ​សាលាកំរើក ក្រុង​សៀមរាប អធិប្បាយ​បន្ថែម​អំពី​ប្រការ​នេះ៖ «ដែល​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ដោយ​ចំពោះ​គឺ​ខ្មែរ​យើង​តែម្ដង ដែល​មាន​ទំនៀម​ទម្លាប់​ហ្នឹង មាន​ឯកសារ​មួយ​សរសេរ​ដោយ​ព្រះបាទ​អង្គឌួង។  ព្រះរាជា​អង្គ​ហ្នឹង​ឯង​ដែល​ជា​អ្នក​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា រួច​ទៅ​ក៏​បាន​នាំ​អាណាប្រជានុរាស្ត្រ​របស់​ព្រះអង្គ គឺ​នាំ​គ្នា​ធ្វើ​ទៀន សិត​ទៀន​ហ្នឹង គឺ​ធ្វើ​ក្នុង​លក្ខណៈ​មួយ​ដើម្បី​បូជា​ដល់​ភិក្ខុសង្ឃ បាន​ជា​ដល់​រដូវ​វស្សា​ចូល​មក​ដល់ ប្រជាជន​ខ្មែរ​ជា​ទូទៅ​មាន​ផ្នត់​គំនិត​មួយ​ថា មាន​ទៀន​វស្សា​ហ្នឹង​ចាំបាច់​ណាស់​ដែល​ត្រូវ​តែ​ធ្វើ។ នេះ​គឺ​ទៅ​តាម​លំអាន​ព្រះបាទ​អង្គឌួង​នេះ​មក ប៉ុន្តែ​លក្ខណៈ​ជា​រួម គឺ​ជា​ការ​ឱ្យ​ប្រទីប​ជា​ទាន​នេះ​ឯង ដែល​ព្រះអង្គ​សំដែង​ថា «ទីប​ទោ ចក្ខុទោហោតិ» អ្នក​ឱ្យ​ប្រទីប​គឺ​ឱ្យ​ចក្ខុ គឺ​ភ្នែក​នេះ​ឯង»

ខ្នាត​ទៀន​វស្សា ជា​ទូទៅ​គឺ​មាន​ទំហំ​ប្រមាណ ២​ចាប់ ទៅ ២​ចាប់​កន្លះ និង​មាន​កម្ពស់ ២​ហត្ថ។ រី​ឯ​សព្វ​នេះ ការ​សិត​ទៀន​វស្សា​មាន​ទំហំ​ធំ​តូច​ទៅ​តាម​សទ្ធា និង​កម្លាំង​ទ្រព្យ​ធនធាន​ពុទ្ធ​បរិស័ទ​អ្នក​ម្ចាស់​ទាន។

លោក​អាចារ្យ រិត តាំង ឱ្យ​ដឹង​ថា ទោះបីជា​សម័យ​បច្ចុប្បន្ន​នេះ មាន​ភ្លើង​អគ្គិសនី​ក្តី  ប៉ុន្តែ​ពុទ្ធបរិស័ទ​វត្ត​ខ្មែរ ម៉ូដេស្តូ (Modesto) ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា (California) សហរដ្ឋ​អាមេរិក នៅ​តែ​នាំ​គ្នា​រក្សា​ទំនៀម​បូជា​ទៀន​វស្សា​ទៅ​តាម​ប្រពៃណី​ពី​បរម​បុរាណ​ដូនតា​តាំង​ពី​នៅ​ស្រុក​ខ្មែរ​មក៖ «បាទ! រឿង​ទៀន​វស្សា​នេះ បើ​តាម​ព្រះពុទ្ធ ពេល​ដែល​យើង​ធ្វើ​ឧបោសថ ឬ​ក៏​សំដែង​បាតិមោក្ខ លោក​សំដែង​សួរ​ទៅ​ដល់​ភិក្ខុ​ទាំង​ឡាយ​ថា នៅ​ក្នុង​ទី​ហ្នឹង តើ​មាន​ពន្លឺ ឬ​អត់? បើ​អត់​ទេ ឱ្យ​ប្រុង​ប្រៀប​ប្រទីប​ដើម្បី​អុជ​បំភ្លឺ។ ដល់​យើង​ត​មក​ទៀត យើង​ធ្វើ​ទៀន​វស្សា​នេះ ពេល​ដែល​លោក​ចូល​ទៅ​ក្នុង​ព្រះវិហារ ធ្វើ​ឧបោសថ យើង​មាន​ទៀន​ហ្នឹង​បំភ្លឺ ដើម្បី​សម្រាប់​បំភ្លឺ សម្រាប់​ធ្វើ​ឧបោសថ សម្រាប់​បំភ្លឺ​អ្វីៗ​ទាំង​អស់»

ក្នុង​ន័យ​ពុទ្ធសាសនា ទំនៀម​សិត​ទៀន​វស្សា​ប្រគេន​ដល់​ភិក្ខុសង្ឃ​គង់​ចាំ​វស្សា​រយៈពេល​បី​ខែ ដែល​សំដៅ​សម្រួល​ដល់​ការ​រស់​នៅ និង​សិក្សា​រៀន​សូត្រ​ធម៌​វិន័យ​នៅ​តាម​ទី​វត្ត​អារាម​នានា​នោះ គឺ​ពលរដ្ឋ​ពុទ្ធ​បរិស័ទ​ខ្មែរ​រួប​រួម​គ្នា​បរិច្ចាគ​ធនធាន​ទៅ​តាម​សទ្ធា​ជ្រះថ្លា ក្នុង​ជំនឿ​ចាប់​មគ្គផល​បុណ្យ​កុសល​រៀងៗ​ខ្លួន។

លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ នៅ​ភូមិ​វត្ត​ស្វាយ ឃុំ​សាលាកំរើក ក្រុង​សៀមរាប បញ្ជាក់​អំពី​អានិសង្ស គឺ​ផល​បុណ្យ ឬ​គុណ​ប្រយោជន៍ និង​សេចក្ដី​សុខ​ចម្រើន​ដែល​បាន​មក​អំពី​ការ​ធ្វើ​អំពើ​ជា​កុសល ឬ​សេចក្ដី​ល្អ​នៃ​ការ​បូជា​ប្រទីបជ្វាលា គឺ​គ្រឿង​អុជ​បំភ្លឺ​នេះ៖  «បាទ! នៅ​ក្នុង​ទាន​វត្ថុ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ដែរ ពី​រឿង​ប្រទីប​ហ្នឹង ហើយ​មាន​តាំងពី​សម័យ​ព្រះពុទ្ធ​មុនៗ​មក ធ្លាប់​បរិស័ទ​នាំគ្នា​បូជា​ប្រទីប​ហ្នឹង មិន​មែន​តែ​ទៀន​ទេ សូម្បី​តែ​ចន្លុះ​ក៏ដោយ គ្រប់​បែប​យ៉ាង​ទាំង​អស់ ក៏​ជា​រួម​មក គឺ​ហៅ​ថា ប្រទីប ដែល​ជា​ឱ្យ​នូវ​ការ​ដុត​បំភ្លឺ ហើយ​សព្វថ្ងៃ​ដល់​ទៅ​ងាយ​ជាង​ហ្នឹង​ទៅ​ទៀត គឺ​ភ្លើង​អគ្គិសនី​នេះ​ឯង»

ម្យ៉ាង​វិញ​ទៀត ការ​បូជា​ប្រទីបជ្វាលា គឺ​គ្រឿង​អុជ​បំភ្លឺ មាន​ទៀន​ជា​ដើម​នេះ ពុំ​មែន​សម្រាប់​តែ​ក្នុង​រដូវ​ចូល​វស្សា​នោះ​ឡើយ ពោល​គឺ​ពលរដ្ឋ​ពុទ្ធបរិស័ទ​អាច​បូជា​បាន​គ្រប់​ពេល​វេលា និង​គ្រប់​រដូវ​កាល​ទាំង​អស់។

ទាក់ទង​នឹង​ការ​អុជ​ទៀនវស្សា​នៅ​ក្នុង​ព្រះវិហារ មាន​ជំនឿ​ថា គឺ​គេ​ត្រូវ​រក្សា​ភ្លើង​ទៀន​ឱ្យ​ឆេះ​ជាប់​រហូត​គ្រប់​រយៈពេល​បី​ខែ។  ប្រសិនបើ​ទៀន​រលត់ គឺ​ការ​ចូល​វស្សា​របស់​ព្រះ​ភិក្ខុសង្ឃ​នឹង​ដាច់។ ប៉ុន្តែ​តាម​ឯកសារ​គម្ពីរ​ដីកា​ពុទ្ធ​សាសនា ការ​ដាច់​វស្សា​របស់​ភិក្ខុសង្ឃ គឺ​អាស្រ័យ​ដោយ​ការ​ប្រព្រឹត្ត​កន្លង​វិន័យ​ពុទ្ធបញ្ញត្តិ គ្មាន​អ្វី​ទាក់ទង​នឹង​ការ​រក្សា​ភ្លើង​ទៀន​វស្សា​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល