កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​ចរន្ដ​អគ្គិសនី​និង​ការ​ឆក់​ខ្សែ​ភ្លើង (ភាគ​៣)

នៅ​ក្នុង​នាទី​វិទ្យាសាស្ត្រ និង​ជីវិត​នៅ​សប្ដាហ៍​នេះ សូម​លើក​យក​នូវ​ការ​អធិប្បាយ​ណែនាំ​របស់​លោក​អ្នក​ជំនាញ ជុំវិញ​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​មនុស្ស​ត្រូវ​ខ្សែ​ភ្លើង​ឆក់។
ដោយ កេសរណ្ណីយ្យា
2010-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ឯកសារ​នានា​ផ្នែក​ថាមពល​អគ្គិសនី​បាន​បង្ហាញ​ថា កត្តា​ចម្បងៗ​ដែល​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនី និង​ធ្វើ​ឱ្យ​មនុស្ស​ឆក់​ខ្សែ​ភ្លើង​ជា​ញឹកញយ​នោះ រួម​មាន ៖ ទី​១ ការ​ត​បណ្ដាញ​ប្រព័ន្ធ​ភ្លើង​អគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ទី​២ ការ​ប្រើ​ខ្សែ​ភ្លើង​ចាស់ ឬ​របក​ដាច់​ជ័រ​ដែល​ស្រោប​ពី​ខាង​ក្រៅ ទី​៣ ការ​ប្រើ​ប្រាស់​ឧបករណ៍​សម្ភារៈ​ខុស​ពី​សេចក្ដី​ណែនាំ និង​ប៉ះ​ទឹក ទី​៤ ការ​ប្រើប្រាស់​ភ្លើង​លើស​កម្រិត​ថាមពល និង​ទំហំ​ខ្សែ​ដែល​បាន​ត​ភ្ជាប់ និង​ទី​៥ ឧប្បត្តិហេតុ​រន្ទះ​បាញ់។

លោកគ្រូ ប៉ឹក ប៊ុនបញ្ញា បង្រៀន​មុខ​វិជ្ជា​រូប​វិទ្យា​នៃ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ជា​ទូទៅ​ខ្សែ​ភ្លើង​គឺ​មាន​ស្រោប​ដោយ​ជ័រ ដែល​ភាសា​បច្ចេកទេស​ហៅ​ថា «អ៊ីសូឡង់» ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនី។ ប៉ុន្តែ​ប្រសិន​បើ​ជ័រ​អ៊ីសូឡង់​នោះ បែក​ប្រេះ​ស្រាំ ដោយ​គេ​មិន​បាន​ចាប់​ភ្លឹក ហើយ​ទៅ​ប៉ះ​ពាល់​ត្រូវ​ត្រង់​កន្លែង​ដែល​ដាច់​របក​នោះ គឺ​នឹង​បណ្ដាល​ឱ្យ​ឆក់​ភ្លាម​មួយ​រំពេច។

លោកគ្រូ ប៉ឹក ប៊ុនបញ្ញា បញ្ជាក់​បន្ថែម​អំពី​ដំណើរ​នៃ​ការ​ដែល​មនុស្ស​ត្រូវ​ខ្សែ​ភ្លើង​ឆក់​យ៉ាង​ដូច្នេះ ៖ «ដោយសារ​ខ្លួន​មនុស្ស​យើង​ហ្នឹង​មាន​ធាតុ​ម៉ាស់ មាន​ន័យ​ថា មាន​ធាតុ​ទឹក​ធាតុ​សើម ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​ហ្នឹង​រត់​ឆ្លង​កាត់​បាន ទើប​យើង​សន្និដ្ឋាន​ថា ខ្លួន​មនុស្ស​យើង​ហ្នឹង​ជា​អង្គធាតុ​ចម្លង​ចរន្ត​អគ្គិសនី​មួយ​ដែរ ដែល​មាន​រ៉េស៊ីស្តង់​តម្លៃ​ចាប់​ពី ៤០០​អូម ទៅ ១.០០០​អូម (ភាសា​បច្ចេកទេស​របស់​អគ្គិសនី)។ នៅ​ពេល​ដែល​ចរន្ត​អគ្គិសនី​រត់​ឆ្លង​កាត់​ខ្លួន​មនុស្ស​ហ្នឹង វា​ត្រូវ​ការ​ផ្ទេរ​ទៅ​ទីតាំង​មួយ​ទៀត ដែល​នៅ​ជិត​ខ្លួន​មនុស្ស​ហ្នឹង ជា​ពិសេស​នៅ​ពេល​ដែល​យើង​ឈរ​នៅ​លើ​ផ្ទះ ហើយ​ផ្ទះ​របស់​យើង​ហ្នឹង គឺ​សាងសង់​នៅ​លើ​ដី​ហ្នឹង ដូច្នេះ​ចរន្ត​អគ្គិសនី​ហ្នឹង​គឺ​រត់​ទៅ​រក​ដី​តែម្ដង នៅ​ពេល​ដែល​វា​រត់​ទៅ​រក​ដី វា​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​របស់​យើង​ហ្នឹង​គាំង បេះដូង​ឈប់​ដើរ​តែ​ក្នុង​រយៈ​ពេល ៣​វិនាទី​ប៉ុណ្ណោះ»

អ្នក​ជំនាញ​ផ្នែក​ថាមពល​អគ្គិសនី​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រការ​ដែល​គួរ​ប្រុង​ប្រយ័ត្ន​មួយ​ទៀត គឺ​នៅ​ពេល​ណា​ដែល​ខ្លួន​ប្រាណ និង​ដៃ​ជើង​មនុស្ស​មាន​ភាព​សើម ឬ​ទទឹក ខណៈ​នោះ​វា​រឹតតែ​ជំរុញ​ការ​ឆក់​ខ្សែ​ភ្លើង​ឱ្យ​កាន់​តែ​លឿន និង​មាន​កម្រិត​កាន់​តែ​ខ្លាំង។

លោក​សាស្ត្រាចារ្យ អ៊ាប ប៉ុណ្ណា អគ្គនាយក​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​រាជ​បណ្ឌិត​សភា នៅ​រាជធានី​ភ្នំពេញ បាន​លើក​យក​ករណី​ចរន្ត​អគ្គិសនី​ឆក់​មនុស្ស​ក្នុង​ពេល​កំពុង​ប្រើ​ឧបករណ៍​ឆក់​ត្រី​ក្នុង​ទឹក។

លោក​សាស្ត្រាចារ្យ អ៊ាប ប៉ុណ្ណា មាន​ប្រសាសន៍​ថា ៖ «ឧបករណ៍​ដែល​យក​ទៅ​ឆក់​ត្រី​ហ្នឹង ភាគ​ច្រើន គឺ​គាត់​ឆ្នៃ​ដោយ​ខ្លួន​គាត់ ដល់​ពេល​អ៊ីចឹង​គាត់​ឆ្នៃ​គាត់​អត់​ដឹង​ថា ដែន​នៃ​ឧបករណ៍​ហ្នឹង​ឆក់​ប្រវែង​ប៉ុន្មាន ជា​ទូទៅ​គាត់​គ្រាន់​តែ​ប្រហែលៗ គាត់​ឃើញ​តៗ​គ្នា ហើយ​គាត់​យក​ឧបករណ៍​ហ្នឹង​ទៅ​ដាក់​ក្នុង​ទឹក ដើម្បី​ឲ្យ​ឆក់​ត្រី។ ពេល​ខ្លះ​គាត់​ធ្វេសប្រហែស គាត់​អត់​ដឹង​ឧបករណ៍​របស់​គាត់​ចម្លង​ចរន្ត​ខ្លាំង គាត់​អាច​ឆក់​ដោយ​ខ្លួន​ឯង ជួន​ណា​គាត់​ឆក់​ស្រាប់​តែ​ឃើញ​ត្រី​សន្លប់ អ៊ីចឹង​ទៅ​គាត់​ក៏​ស្ទុះ​ទៅ​កន្ទ្រោប ភ្លេច​គិត​ផ្ដោត​ទៅ​លើ​អា​ឧបករណ៍​ដែល​គាត់​កំពុង​ឆក់ អ៊ីចឹង​អាច​បណ្ដាល​ឲ្យ​គាត់​ស្លាប់​បាន​ដែរ ពីព្រោះ​ឲ្យ​តែ​ចូល​នៅ​ក្នុង​ដែន​នៃ​ឧបករណ៍​ដែល​គាត់​ឆក់​ត្រី​ហ្នឹង អាច​ស្លាប់​បាន»

លោក​សាស្ត្រាចារ្យ ប៊ុន សៀង ផ្នែក​ទេពកោសល្យ​អគ្គិសនី និង​ថាមពល នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​បក​ស្រាយ​បន្ថែម អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​ឆ្លង ហើយ​ឆក់​មនុស្ស​ក្នុង​ទឹក ទៅ​តាម​បច្ចេកទេស​ផ្នែក​រូប​វិទ្យា ៖ «ត្រី​ដែល​យើង​ឆក់​ហ្នឹង​វា​ទទួល​រង​នូវ​តង់ស្យុង​សម្ពាធ ពីព្រោះ​ខ្សែ​ភ្លើង​ដែល​យើង​បាន​ដាក់​ទៅ​ក្នុង​ទឹក​ហ្នឹង វា​បង្កើត​នូវ​ដែន​ឆក់​នៅ​ជុំវិញ​វា​ហ្នឹង អ៊ីចឹង​នៅ​ពេល​ទៅ​ប៉ះ​ត្រី គឺ​ត្រី​ឆក់​ហើយ ប៉ុន្តែ​ដោយ​ឡែក​មនុស្ស​ខ្លួន​យើង​ហ្នឹង​ក៏ដោយ បើ​សិន​ជា​ដែន​នោះ​មក​ដល់ យើង​ក៏​យើង​ទទួល​រង​នូវ​ការ​ឆក់​ដែរ ព្រោះ​ចរន្ត​ដែល​ចាប់​ផ្ដើម​ពី ០,៥​មិល្លី​អំពែ​ទៅ គឺ​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ថា យើង​ឆក់ ហើយ​នៅ​ក្នុង​ទឹក​រ៉េស៊ីស្តង់ វា​ត្រូវ​តូច អ៊ីចឹង​ចរន្ត​វា​ត្រូវ​រត់​ទៅ​រក​កន្លែង​ណា​ដែល​តូច ហើយ​យើង​ឈរ​នៅ​ក្នុង​ទឹក​ហ្នឹង គឺ​វា​អាច​ងាយ​ចម្លង​ចរន្ត​មក​យើង​តែម្ដង។ ប៉ុន្តែ​ទឹក​មិន​មែន​ដូច​គ្នា​ទាំង​អស់​ទេ វា​អាស្រ័យ​ទៅ​លើ​ល្បាយ​ដែល​លាយ​នៅ​ក្នុង​ទឹក​នោះ​ដែរ»

ម៉្យាង​ទៀត ការ​ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​ម៉ូទ័រ​បូម​ទឹក​ពី​អណ្ដូង ក៏​ជា​កត្តា​មួយ​ទៀត​ដែល​អាច​បណ្ដាល​ឱ្យ​កើត​មាន​ការ​ឆ្លង​ចរន្ត​អគ្គិសនី និង​ឆក់​មនុស្ស​ឱ្យ​មាន​គ្រោះថ្នាក់​រហូត​ដល់​បាត់បង់​ជីវិត​ផង​ដែរ។

លោក ប៉ឹក ប៊ុនបញ្ញា គ្រូ​បង្រៀន​រូប​វិទ្យា​នៃ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​នេះ​បាន​កើត​មាន​ជា​រឿយៗ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ខណៈ​ចុះ​ទៅ​ក្នុង​អណ្ដូង​ទឹក ដោយ​មាន​បញ្ឆេះ​ម៉ូទ័រ​បូម​ទឹក​នៅ​ក្នុង​អណ្ដូង។

លោក ប៉ឹក ប៊ុនបញ្ញា មាន​ប្រសាសន៍​ថា ៖ «ម៉ូទ័រ​ដែល​គាត់​ប្រើ​ដាក់​ចូល​ទៅ​ក្នុង​អណ្ដូង​ហ្នឹង គាត់​ត្រូវ​ប្រើ​ជាមួយ​ខ្សែ​ភ្លើង ហើយ​ដោត​មក​ព្រី​ខាង​ក្រៅ​ខ្សែ​ភ្លើង​ដែល​គាត់​ប្រើ​ហ្នឹង វា​អាច​មាន​ការ​ប្រេះ​ខ្សែ​នៅ​ជាប់​ជាមួយ​នឹង​ម៉ូទ័រ ឬ​មួយ​ក៏​ការ​ឆ្លង​ភ្លើង​បន្តិចបន្តួច​ជាមួយ​នឹង​ម៉ូទ័រ ដូច្នេះ​នៅ​ពេល​ម៉ូទ័រ​ដាក់​នៅ​ក្នុង​អណ្ដូង​ពី​លើ​ផ្ទៃ​ទឹក​បន្ដិចបន្ដួច ចរន្ត​អគ្គិសនី​ហ្នឹង​អាច​ឆ្លង​ទៅ​ក្នុង​ផ្ទៃ​ទឹក​បាន នៅ​ពេល​ដែល​មនុស្ស​យើង​ចុះ​ទៅ​ជិត​ដល់​ហ្នឹង គឺ​មាន​ជាតិ​សំណើម ធ្វើ​ឲ្យ​មនុស្ស​យើង​ឆក់​មួយ​រំពេច​តែម្ដង គឺ​យើង​មិន​អាច​ជួយ​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ ជា​ពិសេស​ឧបករណ៍​អគ្គិសនី​គេ​មិន​សូវ​ឲ្យ​ប្រើប្រាស់​នៅ​កន្លែង​ណា​ដែល​មាន​ជាតិ​សំណើម​ទេ ព្រោះ​វា​ចម្លង​ចរន្ត​អគ្គិសនី​បាន​លឿន​បំផុត ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​យើង»

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល