ភ្ញៀវ​ទេសចរ​បារម្ភ​ខ្លាច​បរិស្ថាន​ឆ្នេរ​កោះ​តូច​សង្កាត់​កោះរ៉ុង​ត្រូវ​បំផ្លាញ​ដោយសារ​សំណង់​រឹងមាំ

ដោយ ដែន អយុធ្យា
2017-04-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទិដ្ឋភាព​នៅ​លើ​ឆ្នេរ​កោះ​តូច សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
ទិដ្ឋភាព​នៅ​លើ​ឆ្នេរ​កោះ​តូច សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

ភ្ញៀវ​ទេសចរ​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​កោះ​តូច​នៅ​លើ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​បំផ្លាញ​នៅ​ថ្ងៃ​អនាគត ដោយសារ​សំណង់​រឹងមាំ និង​ការ​បង្ហូរ​កាក​សំណល់​រឹង​រាវ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​អនាធិបតេយ្យ។

ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ពិសេស​ភ្ញៀវ​ជាតិ​ដែល​បាន​ចូល​ទៅ​ទស្សនា​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​នៅ​តាម​កោះរ៉ុង​សន្លឹម និង​កោះរ៉ុង ជាដើម បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួយ​ទប់ស្កាត់​សកម្មភាព​បំពុល​បរិស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យ​បាន​ទាន់​ពេល ព្រោះ​សព្វថ្ងៃ​នេះ​មាន​សកម្មភាព​សង់​សំណង់​រឹងមាំ និង​បង្ហូរ​កាក​សំណល់​រឹង​រាវ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​អនាធិបតេយ្យ។

ភ្ញៀវ​ទេសចរ​មក​ពី​រាជធានី​ភ្នំពេញ កញ្ញា សុវណ្ណដា ដែល​បាន​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​មួយ​ចំនួន​នៅ​លើ​កោះរ៉ុង​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ឆ្នេរ​ខ្សាច់​ជាច្រើន​នៅ​លើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម គឺ​ឆ្នេរ​កោះ​តូច​កំពុង​រង​ការ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ ដោយសារ​ប្រតិបត្តិករ​ទេសចរ​បាន​សង់​សំណង់​រឹងមាំ​ផ្សេងៗ​ទាំង​នៅ​ក្នុង​ទឹក​សមុទ្រ និង​លើ​ឆ្នេរ​ខ្សាច់។ ជាង​នេះ ក៏​ឃើញ​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

កញ្ញា សុវណ្ណដា រួម​ជាមួយ​មិត្តភ័ក្ដិ​រួម​ដំណើរ​កម្សាន្ត ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ផ្នែក​ពាក់ព័ន្ធ​ជួយ​ថែរក្សា​ឆ្នេរ​កោះ​តូច​ជា​បន្ទាន់ ព្រោះ​អាច​នាំ​ឲ្យ​ខូច​ឆ្នេរ​ខ្សាច់​មួយ​នេះ​នា​ថ្ងៃ​អនាគត បើ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ឆាប់​ទេ៖ «ខ្ញុំ​បាន​ចុះ​មក​លេង​កោះរ៉ុង​ជាច្រើន​ឆ្នាំ ឬ​យូរ​ឆ្នាំ​ណាស់​មក​ហើយ តែ​កាល​ពី​ខ្ញុំ​មក​កម្សាន្ត​កោះរ៉ុង​ជា​លើក​ដំបូង គឺ​ឃើញ​កោះរ៉ុង​មាន​អនាម័យ​បរិស្ថាន​ល្អ និង​មាន​សណ្ដាប់ធ្នាប់​មាន​របៀប​រៀបរយ​ល្អ។ ចំណែក​ពេល​បច្ចុប្បន្ន​នេះ ឆ្នេរ​ខ្សាច់​នៅ​លើ​កោះ​តូច ឬ​ឆ្នេរ​កោះរ៉ុង​ហាក់​មាន​ការ​ខ្វះ​ការ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ​ដូច​មុន​ទៀត​ទេ។ ហើយ​ការ​ខ្វះ​អនាម័យ​ថែរក្សា​ឆ្នេរ​កោះ​តូច​នេះ គឺ​ផ្ដើម​ពី​មនុស្ស​យើង​ជា​អ្នក​បង្ក​ឡើង។ ដូច្នេះ​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិករ​ទេសចរ​ដែល​ប្រកប​អាជីព​នៅ​តាម​ឆ្នេរ​នេះ គួរ​តែ​ជួយ​គ្នា​ថែរក្សា​ឲ្យ​បាន​ទាំងអស់​គ្នា ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ក៏​ត្រូវ​រួម​គ្នា​ថែរក្សា​ឆ្នេរ​ខ្សាច់​នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ទាំងអស់​គ្នា​ដែរ»

ភ្ញៀវ​ទេសចរ​ច្រើន​ទៀត​ដែល​ចូល​ទៅ​ដល់​ឆ្នេរ​កោះ​តូច​ថ្មីៗ​នេះ ក៏​បាន​រិះគន់​ថា ឆ្នេរ​កោះ​តូច​នា​ពេល​បច្ចុប្បន្ន មិន​សូវ​មាន​សណ្ដាប់ធ្នាប់​ទេ ដោយ​ប្រតិបត្តិករ​ទេសចរ​ភាគច្រើន​នៅ​តាម​ឆ្នេរ​នេះ បាន​ដាក់​តាំង​តុ​កៅអី​សម្រាប់​បម្រើ​សេវា​ដល់​ភ្ញៀវ​ទេសចរ​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹក​សមុទ្រ​អនាធិបតេយ្យ។

ពួក​គេ​ស្នើ​ឲ្យ​រដ្ឋបាល​ក្រុង និង​ខេត្ត​ព្រះសីហនុ មាន​វិធានការ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់​កោះ​តូច​ឲ្យ​មាន​របៀប​រៀបរយ និង​មាន​សោភ័ណភាព​ឡើង​វិញ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​នា​ថ្ងៃ​អនាគត។

ឆ្លើយតប​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​នេះ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​កោះ​តូច​នៅ​លើ​សង្កាត់​កោះរ៉ុង នេះ ត្រូវ​បំពុល​បរិស្ថាន​ដែរ។ លោក​ថា ករណី​នេះ​រដ្ឋបាល​ខេត្ត និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ណែនាំ​ដល់​ប្រតិបត្តិករ​ទេសចរ​បម្រើ​វិស័យ​ទេសចរណ៍​នៅ​លើ​ឆ្នេរ​កោះ​តូច​ជា​បន្តបន្ទាប់។

ឆ្នេរ​កោះ​តូច កោះរ៉ុង ២០១៧ ១៤៤០
ទិដ្ឋភាព​នៅ​លើ​ឆ្នេរ​កោះ​តូច សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Den Ayuthyea

លោក​បន្ត​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​ចុះ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​សាងសង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​ទឹក​សមុទ្រ​បន្ត​កើត​មាន​ទៀត​ទេ។ ជាង​នេះ ក៏​បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ​នៅ​តាម​ឆ្នេរ​កោះ​តូច​ទាំងអស់ មិន​ឲ្យ​បង្ហូរ​កាក​សំណល់​រឹង​រាវ​ចូល​ទៅ​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​សម្អាត​ជា​មុន​ទៀត​ទេ៖ «សំណង់​រឹងមាំ​ធំៗ​ដែល​លោក​មាន​ប្រសាសន៍​ហ្នឹង គឺ​កន្លង​មក​សំណង់​ទាំងនេះ​បាន​សាងសង់​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ហ្នឹង គឺ​ឲ្យ​ម្ចាស់​សំណង់​រក្សា​ឲ្យ​នៅ​សភាព​ដើម​សិន ប៉ុន្តែ​រាល់​ការ​សាងសង់​ថ្មី គឺ​រដ្ឋបាល​ខេត្ត​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទៀត​ទេ។ ដោយឡែក​សំណង់​សង់​នៅ​ក្នុង​ទឹក​សមុទ្រ សំណង់​ចាស់​ឲ្យ​រក្សា​នៅ​ដដែល​សិន ប៉ុន្តែ​រាល់​ការ​សាងសង់​ថ្មី ក៏​យើង​មិន​អនុញ្ញាត​ឲ្យ​សង់​ថ្មី​ទៀត​ទេ គឺ​បញ្ហា​នេះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ យើង​កំពុង​តែ​រៀបរយ​ឆ្នេរ​កោះ​តូច​នេះ​ឲ្យ​បាន​ល្អ​ឡើង​វិញ។ រីឯ​ការ​សាងសង់​កំពង់ផែ​កប៉ាល់ ឬ​ទូក​នៅ​តាម​កោះ គឺ​ជា​រឿង​សំខាន់ សម្រាប់​ផ្តល់​ជូន​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ជា​ចាំបាច់»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ និង​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ឲ្យ​ចូលរួម​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​អនាគត៖ «អស់​លោក​ព្រួយ​បារម្ភ គឺ​ត្រឹមត្រូវ​ហើយ ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ យើង​ខ្ញុំ​ក៏​ព្រួយ​បារម្ភ​ដែរ ហើយ​ក្នុង​នោះ គណៈកម្មាធិការ​ថ្នាក់​ជាតិ​ដែល​មាន​ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ថោង ខុន និង​ឯកឧត្តម សាយ សំអាល់ ក៏​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​ដែរ ដោយ​នៅ​តាម​កិច្ច​ប្រជុំ​នីមួយៗ​បាន​លើក​យក​បញ្ហា​ឆ្នេរ​នេះ​មក​ជជែក​គ្នា​រក​ដំណោះស្រាយ​ដែរ។ ឆ្នេរ​កោះ​តូច​នៅ​លើ​កោះរ៉ុង​នា​បច្ចុប្បន្ន​នេះ ឃើញ​មាន​សញ្ញា​វិជ្ជមាន​ល្អ​ច្រើន ដោយ​បង​ប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​សង្កាត់​កោះរ៉ុង និង​អាជ្ញាធរ​ក្រុម​ការងារ​របស់​រដ្ឋបាល​ខេត្ត ចុះ​ប្រចាំ​ការ​នៅ​លើ​កោះរ៉ុង បាន​យក​ចិត្ត​ទុក​ដាក់​ការងារ​ថែរក្សា​បរិស្ថាន​អនាម័យ​ឆ្នេរ​កោះ​តូច​នេះ​ជា​ប្រចាំ​រួច​ហើយ​ដែរ»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បាន​ស្នើ​ដល់​ភ្ញៀវ​ទេសចរ ពិសេស​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​រួម​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ទាំង​ឆ្នេរ​នៅ​លើ​ដី​គោក និង​ឆ្នេរ​នៅ​លើ​ដី​កោះ ឲ្យ​មាន​អនាម័យ​ជាប់​ជានិច្ច។ លោក​បន្ត​ថា ទីក្រុង​ស្អាត បរិស្ថាន​ឆ្នេរ​មាន​អនាម័យ គឺ​ត្រូវ​ចាប់​ផ្តើម​ពី​យើង​ទាំងអស់​គ្នា ដោយ​ត្រូវ​ចូលរួម​សម្អាត​ទាំង​បរិស្ថាន​នៅ​ជុំវិញ​លំនៅឋាន​រៀងៗ​ខ្លួន​នៅ​តាម​ទី​សាធារណៈ និង​ទីប្រជុំជន​ជាដើម។

លោក គ្រឹស្នា បាន​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរ ឬ​វិស័យ​ឯកជន​បម្រើ​វិស័យ​ទេសចរណ៍​នៅ​តាម​ឆ្នេរ​នានា ត្រូវ​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ និង​ទី​សាធារណៈ​ឲ្យ​មាន​អនាម័យ​ជា​ប្រចាំ ដោយ​មិន​ត្រូវ​បោះ​ចោល​កាក​សំណល់​រឹង​រាវ​គ្រប់​ប្រភេទ​នៅ​តាម​ឆ្នេរ ឬ​តាម​ទី​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់​ទៀត​ទេ៖ «ប្រតិបត្តិករ​ទេសចរ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​ថ្នាក់​ជាតិ​ក្នុង​ការ​រៀបចំ​ស្តង់ដារ​រមណីយដ្ឋាន​ឆ្នេរ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ បើ​កាលណា​យើង​និយាយ​ពី​គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរ គឺ​រមណីយដ្ឋាន​តំបន់​ឆ្នេរ​សមុទ្រ​នេះ គឺ​សំខាន់​ណាស់។ អ៊ីចឹង​បើ​សិន​ជា​យើង​រៀបចំ​មិន​មាន​ស្តង់ដារ មិន​មាន​សណ្ដាប់ធ្នាប់ វា​មិន​ត្រឹម​បាន​ប៉ះពាល់​ដល់​សោភ័ណភាព គុណភាព វា​ថែម​ទាំង​បាន​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​ថែម​ទៀត។ ដូច្នេះ​យើង​ស្នើ​ឲ្យ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​នា​ខេត្ត​ព្រះសីហនុ ពិសេស​ប្រតិបត្តិករ​បម្រើ​សេវា​ទេសចរណ៍​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ជាតិ​ឲ្យ​បាន​ទាំងអស់​គ្នា»

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក សុចិត្រគ្រឹស្នា មាន​ជំនឿ​ថា តំបន់​ឆ្នេរ​ដែល​មាន​ទឹក​សមុទ្រ​ថ្លា​ឆ្លុះ ឆ្នេរ​ខ្សាច់​សក្បុស ដៃ​ព្រែក​មាន​ដុះ​ព្រៃ​កោងកាង និង​ឆ្នេរ​សមុទ្រ​មាន​ផ្ទាំង​ថ្ម​ធំៗ ជាដើម គឺ​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​កាន់​តែ​ច្រើន​នា​ពេល​ខាង​មុខ​ទៀត។

ចំណែក​លោក សាមុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ និង​តាម​ទី​សាធារណៈ​មួយ​ចំនួន​នា​មូលដ្ឋាន​នេះ មិន​ទាន់​មាន​អនាម័យ​បរិស្ថាន​ល្អ​នៅ​ឡើយ​ទេ។ មន្ត្រី​រូប​នេះ​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ ប្រតិបត្តិករ​ទេសចរ និង​សាធារណជន ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំង​នៅ​តាម​តំបន់​ឆ្នេរ និង​នៅ​តាម​ទី​សាធារណៈ ឬ​ទីប្រជុំជន​ផ្សេងៗ​ឲ្យ​បាន​ទាំងអស់​គ្នា។

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ឡើង​ជាង ២០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជិត ៤០​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ) ហើយ​មាន​ឆ្នេរ​ខ្សាច់​សក្បុស ទឹក​សមុទ្រ​ថ្លា ឆ្នេរ​រាក់ ទឹក​ធ្លាក់ ធនធាន​ត្រី​សមុទ្រ ផ្កា​ថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ជា​សក្ដានុពល​ក្នុង​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល