អ្នក​ឯកទេស​បង្រៀន​មុជ​ទឹក​បារម្ភ​អំពី​ការ​បាត់បង់​ជីវចម្រុះ​បាតសមុទ្រ

2017-05-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​ការងារ​អភិរក្ស​ធនធាន​សមុទ្រ ទម្លាក់​កុងតឺន័រ​ទៅ​ក្រោម​បាត​សមុទ្រ​នៅ​ប្រជុំ​កោះរ៉ុងសន្លឹម នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ចុង​ខែ​មេសា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
ក្រុម​ការងារ​អភិរក្ស​ធនធាន​សមុទ្រ ទម្លាក់​កុងតឺន័រ​ទៅ​ក្រោម​បាត​សមុទ្រ​នៅ​ប្រជុំ​កោះរ៉ុងសន្លឹម នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ចុង​ខែ​មេសា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

អ្នក​ឯកទេស​អភិរក្ស​ធនធាន​សមុទ្រ​កម្ពុជា ព្រួយ​បារម្ភ​ថា ជីវចម្រុះ​នៃ​ធនធាន​ធម្មជាតិ​បាតសមុទ្រ នា​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​បំផ្លាញ​ដោយ​កត្តា​ធម្មជាតិ ពិសេស​ដោយ​មនុស្ស​មាន​មហិច្ឆតា​មួយ​ចំនួន។ ក្រុម​​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​សមុទ្រ ចង់​ឃើញ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ថែរក្សា​អភិរក្ស​ដាំ​ផ្កាថ្ម​ឲ្យ​បាន​គង់វង្ស ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត។

អ្នកឯកទេស​បង្រៀន​មុជ​ទឹក និង​ជា​ប្រធាន​ក្រុមហ៊ុន​មុជ​ទឹក​បាត​សមុទ្រ​កម្ពុជា លោក កាន់ ភារៈ បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ធនធាន​ផ្កាថ្ម និង​ត្រី​សមុទ្រ​គ្រប់​ប្រភេទ ត្រូវ​បំផ្លាញ​នៅ​តំបន់​ទឹក​រាក់ នៃ​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

​លោក​ថា ការ​ធ្វើ​នេសាទ​សមុទ្រ​មក​តំបន់​ឆ្នេរ​ទឹក​រាក់ បាន​បំផ្លាញ​ដល់​ផ្កាថ្ម ជម្រក​ត្រី​សមុទ្រ និង​ជីវចម្រុះ​ក្រោម​បាត​សមុទ្រ​ធ្ងន់ធ្ងរ ហើយ​បញ្ហា​នេះ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ។

​លោក កាន់ ភារៈ ឲ្យ​ដឹង​ថា មាន​កត្តា​ពីរ​ដែល​នាំ​ឲ្យ​ធនធាន​ធម្មជាតិ​បាតសមុទ្រ​ត្រូវ​បំផ្លាញ គឺ​កត្តា​ធម្មជាតិ​មាន​ការ​ប្រែប្រួល ដោយ​មាន​កម្ដៅ​ខ្លាំង​នាំ​ឲ្យ​ទឹក​សមុទ្រ​ក្ដៅ​នាំ​ឲ្យ​ងាប់​ផ្កាថ្ម ឬ​ជីវចម្រុះ​ផ្សេងៗ នៅ​បាត​សមុទ្រ និង​កត្តា​មួយ​ទៀត គឺ​កត្តា​មនុស្ស​ជា​អ្នក​បំផ្លាញ​ដោយ​ការ​ធ្វើ​របរ​នេសាទ​នៅ​តំបន់​ទឹក​រាក់​មាន​ផ្កា​ថ្ម​ដុះ​ជាដើម។

អ្នក​ជំនាញ​រូប​នេះ ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រួម​សហការ​ការពារ​ធនធាន​បាត​សមុទ្រ ប្រយោជន៍​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត។

​ឆ្លើយ​តប​បញ្ហា​នេះ លោក​ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ជួរ​មុខ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ មាន​ប្រសាសន៍​ថា ក្រុម​ការងារ​លោក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា បាន​ពន្លិច​កុងតឺន័រ​ចាស់ៗ​ចំនួន ២​ទូ ចូល​ទៅ​ក្រោម​បាតសមុទ្រ​ជា​លើក​ដំបូង នា​ប្រជុំ​កោះ​កោះរ៉ុងសន្លឹម ខេត្ត​ព្រះសីហនុ។

​កុងតឺន័រ​នេះ គឺ​ជា​រនាំង​ការពារ​ជីវចម្រុះ ផ្កាថ្ម និង​ធ្វើ​ជា​ជម្រក​ត្រី​សមុទ្រ ព្រោះ​តំបន់​ឆ្នេរ​កោះរ៉ុង​បាន​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ ទាំង​ជាតិ​អន្តរជាតិ​ចូល​ទៅ​កម្សាន្ត និង​មុជ​ទឹក​មើល​ផ្កាថ្ម​ឬ​ត្រី នៅ​ក្រោម​បាត​សមុទ្រ​ជាដើម។

ទិស​ដៅ​នៅ​ថ្ងៃ​ខាង​មុខ លោក ទៀ សុខា ឲ្យ​ដឹង​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ​នឹង​នាំ​យក​ទូក ឬ​កាណូត​ចាស់ៗ ជា​ច្រើន​គ្រឿង​ថែម​ទៀត​ទម្លាក់​ចូល​ទៅ​ក្នុង​បាត​សមុទ្រ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ចំណោម​ទីតាំង​ប្រមាណ ១០០​ទីតាំង ដែល​ត្រូវ​រៀបចំ​អភិរក្ស​បណ្ណាល័យ​បាត​សមុទ្រ ដើម្បី​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​បាតសមុទ្រ ឬ​ជីវចម្រុះ​បាតសមុទ្រ​ឲ្យ​បាន​គង់វង្ស​នា​ថ្ងៃ​ខាង​មុខ។

​លោក​សង្កត់ធ្ងន់​ថា ផែនការ​អភិរក្ស​ជីវចម្រុះ​បាតសមុទ្រ​នា​ខេត្ត​ព្រះសីហនុ នា​ឱកាស​នេះ ក្រុម​ការងារ​លោក​បាន​នាំ​យក​អ្នក​ឯកទេស​មុជទឹក និង​អ្នក​អភិរក្ស​ធនធាន​បាតសមុទ្រ មក​ស្រាវជ្រាវ​ទីតាំង​មួយ​ចំនួន​ក្រោម​បាតសមុទ្រ ដើម្បី​ឈាន​ដល់​បន្ត​ទម្លាក់​រនាំង​ការពារ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​សមុទ្រ​ របស់​ប្រជាពលរដ្ឋ មក​តំបន់​ឆ្នេរ​ទឹក​រាក់​ឲ្យ​បាន​ច្រើន​ថែម​ទៀត៖ «ផ្កាថ្ម នៅ​តំបន់​កោះរ៉ុង​នេះ បើ​យក​ឲ្យ​ស្អាត​មែន​ទែន គឺ​ត្រូវ​ការ​ជម្រៅ​ទឹក​ចាប់ពី ១២​ម៉ែត្រ ទៅ ១៤​ម៉ែត្រ ព្រោះ​ដើម្បី​ឲ្យ​ជីវចម្រុះ​ធនធាន​បាតសមុទ្រ​អាច​ទទួល​បាន​ពន្លឺ​បាន​គ្រប់គ្រាន់។ កុងតឺន័រ ដែល​យើង​ទម្លាក់​ចូល​ក្រោម​បាតសមុទ្រ ធ្វើ​របាំង​ការពារ​ប្រជាពលរដ្ឋ​ចូល​មក​ធ្វើ​នេសាទ​សមុទ្រ​នៅ​ជិត​តំបន់​ឆ្នេរ​កោះរ៉ុង ដើម្បី​ដាំ​អភិរក្ស​ផ្កាថ្ម និង​ធ្វើជា​ជម្រក​ត្រី​សមុទ្រ​គ្រប់​ប្រភេទ​នេះ មាន​ជម្រៅ​ទឹក​សមុទ្រ ១២​ម៉ែត្រ»

បញ្ហា​នេះ លោក កាន់ ភារៈ គ្រូបង្រៀន​មុជទឹក​បាតសមុទ្រ និង​ជា​អ្នក​អភិរក្ស​ធនធាន​បាតសមុទ្រ​កម្ពុជា អះអាង​ថា ក្រុម​ការងារ​ជំនាញ​របស់​លោក​រួម​មាន​ទាំង​ជនជាតិ​ខ្មែរ ថៃ និង​ជនជាតិ​មក​ពី​អឺរ៉ុប មួយ​ក្រុម ក៏​ត្រូវ​បាន​ស្នើ​ឲ្យ​ចូលរួម​ផែនការ​ការពារ និង​អភិរក្ស​ជីវចម្រុះ​បាតសមុទ្រ​ពី​លោក​ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​នេះ​ដែរ។

​អ្នក​ជំនាញ​រូប​នេះ​មាន​ជំនឿ​ថា ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ នឹង​មាន​កំណើន​កើន​ខ្ពស់ នា​បណ្ដា​ឆ្នាំ​ខាង​មុខ នៅ​គ្រា​គម្រោង​បង្កើត​ឧទ្យានជាតិ​ក្រោម​បាតសមុទ្រ ឬ​បណ្ណាល័យ​បាតសមុទ្រ នៃ​គម្រោង​ផែនការ​អភិរក្ស​ជីវចម្រុះ​បាតសមុទ្រ​នេះ​ទទួល​ជោគជ័យ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា លោក​ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ជួរ​មុខ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ រួម​ជាមួយ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​ជំនាញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​ធ្វើ​ដំណើរ​រួមគ្នា​តាម​អូប័រ ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​សកម្មភាព​ទម្លាក់​ទូ​កុងតឺន័រ​ចាស់ៗ​ចំនួន ២​ទូ ចូល​ទៅ​ក្រោម​បាតសមុទ្រ និង​បាន​ដាំ​ផ្កាថ្ម បង្កើត​ឧទ្យាន​ជាតិ​ក្រោម​បាត​សមុទ្រ ក្នុង​គោលដៅ​អភិរក្ស​ធនធាន​ក្រោម​បាត​សមុទ្រ​នៅ​តំបន់​កោះរ៉ុងសន្លឹម ខេត្ត​ព្រះសីហនុ ឲ្យ​បាន​គង់វង្ស។

​អ្នក​អភិរក្ស​ធនធានធម្មជាតិ​បាតសមុទ្រ លោក កាន់ ភារៈ បាន​ឲ្យ​ដឹង​ថា ផ្កាថ្ម​នៅ​ទូទាំង​ពិភពលោក​កំពុង​រង​នូវ​ការ​បំផ្លាញ​ច្រើន​ជាង ៥០​ភាគរយ (៥៦%) ដោយសារ​សកម្មភាព​របស់​មនុស្ស និង​កត្តា​ប្រែប្រួល​របស់​ធម្មជាតិ។ លោក​ថា មូលហេតុ​ធំៗ​ទាំង ២​នេះ បាន​ជំរុញ​ឲ្យ​អ្នក​ស្រាវជ្រាវ​ធនធាន​ធម្មជាតិ​នៅ​លើ​ពិភពលោក បាន​នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ ដើម្បី​ឈាន​ដល់​រួមគ្នា​ថែរក្សា​ជីវចម្រុះ​ក្រោម​បាត​សមុទ្រ​ជា​ថ្មី តាម​រយៈ​រួម​គ្នា​ធ្វើ​ផែនការ​អភិរក្ស និង​ដាំ​ផ្កាថ្ម​ឡើង​វិញ​ជាដើម។ លោក​បន្ត​ថា ផ្កាថ្ម​ជា​ជម្រក​ត្រី​សមុទ្រ និង​ជា​ចំណី​ត្រី​គ្រប់​ប្រភេទ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ដែល​ត្រូវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​រួម​សហការ​គ្នា​អភិរក្ស​ការពារ​ឲ្យ​បាន​គង់វង្ស។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន គាំទ្រ​ផែនការ​អភិរក្ស​ធនធាន​ធម្មជាតិ​បាតសមុទ្រ​ពេល​នេះ។ លោក​ស្នើ​ដល់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួម​គ្នា​ជំរុញ​ឲ្យ​ការងារ​ថែរក្សា​អភិរក្ស​ធនធាន​បាត​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​សម្បូរ​បែប​ថែម​ទៀត ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ បាន​ច្រើន​នា​បណ្ដា​ឆ្នាំ​ខាង​មុខ។

​លោក យន្ត មីន ចាត់​ទុក​ការ​នាំ​យក​ទូ​កុងតឺន័រ​ចាស់ៗ និង​សម្ភារៈ​កែច្នៃ​សិប្បនិម្មិត​ផ្សេងៗ ទម្លាក់​ចូល​ទៅ​ក្រោម​បាតសមុទ្រ​នៅ​តាម​តំបន់​ឆ្នេរ​ប្រជុំ​កោះរ៉ុង​សន្លឹម​ពេល​នេះ​ថា ជា​វិធានការ​ការពារ​មិន​ឲ្យ​អ្នកនេសាទ​ចូល​ទៅ​ក្បែរ​ឆ្នេរ​មាន​ដុះ​ផ្កាថ្ម និង​ជីវចម្រុះ​បាត​សមុទ្រ​ផ្សេងៗ។ លោក​ថា តាម​ឯកសារ​បញ្ជាក់​ថា ផ្កាថ្ម​បាន​ដុះ​ចន្លោះ​ពី ១០ ទៅ ៥០​ឆ្នាំ ដូច្នេះ​គួរ​ត្រូវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​រួម​សហការ​គ្នា​ថែរក្សា​ការពារ​ឲ្យ​បាន​គង់វង្ស៖ «ការ​ទម្លាក់​កុងតឺន័រ​ចាស់ៗ និង​សម្ភារៈ​សិប្បនិម្មិត​មួយ​ចំនួន​ចូល​នៅ​ក្រោម​បាតសមុទ្រ​ហ្នឹង​គឺ​មាន​ប្រយោជន៍​ពីរ​យ៉ាង គឺ​អាច​ជួយ​ការពារ ឬ​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​នេសាទ​ចូល​មក​នេសាទ ឬ​ប្រើ​សម្ភារៈ​នេសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្កាថ្ម និង​ជម្រក​ត្រី​សមុទ្រ​គ្រប់​ប្រភេទ​ជាដើម​នៅ​តំបន់​ឆ្នេរ​ទឹក​រាក់»

​ត្រង់​ចំណុច​នេះ លោក​ឧត្ដមនាវីឯក ទៀ សុខា បាន​ប្តេជ្ញា​ថា នឹង​ជំរុញ​ឲ្យ​ផែន​ការ​ដាំ​ផ្កាថ្ម​ទុក​ជា​ជម្រក​ដល់​ត្រី​សមុទ្រ បង្កើត​ជា​ឧទ្យាន​ជាតិ​ក្រោម​បាត​សមុទ្រ ដើម្បី​ឈាន​ដល់​ថែរក្សា​អភិរក្ស​ជីវចម្រុះ ឬ​ធនធាន​ក្រោម​បាត​សមុទ្រ នា​ប្រជុំ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ ឲ្យ​បាន​គង់វង្ស និង​ទទួល​បាន​ជោគជ័យ ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល