ទេសចរ​បារម្ភ​ខ្លាច​ឆ្នេរ​នៅ​លើ​កោះរ៉ុង​ត្រូវ​បំពុល​បរិស្ថាន​ដោយសារ​សំណង់​រឹងមាំ

ដោយ ដែន អយុធ្យា
2017-06-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។
ឆ្នេរ​ខ្សាច់​កោះ​តូច សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

វិស័យ​ឯកជន ឬ​ភ្នាក់ងារ​បម្រើ​សេវា​ទេសចរណ៍​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន​នៅ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​កោះ​តូច ជាដើម ត្រូវ​បំផ្លាញ បើ​រដ្ឋបាល​ខេត្ត​នេះ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គ្មាន​វិធានការ​ទប់ស្កាត់​ការ​សង់​សំណង់​រឹងមាំ​លើ​ឆ្នេរ​ខ្សាច់ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

ប្រតិបត្តិករ​ទេសចរ និង​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ បាន​ឲ្យ​ដឹង​ថា ឆ្នេរ​កោះ​តូច គឺ​ជា​ឆ្នេរ​មួយ​ក្នុង​ចំណោម​ឆ្នេរ​ខ្សាច់​ច្រើន​ទៀត​មាន​ទីតាំង​នៅ​លើ​កោះរ៉ុង ក្រុង​ព្រះសីហនុ អាច​នឹង​ត្រូវ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៀត​នេះ។

ភ្ញៀវ​ទេសចរ​ភាគច្រើន​ដែល​បាន​ចូល​ទៅ​កម្សាន្ត​តាម​កោះ​មួយ​ចំនួន​មាន​កោះ​ឫស្សី កោះ​សំពោច កោះរ៉ុង​សន្លឹម និង​កោះរ៉ុង ជាដើម បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួយ​ទប់ស្កាត់​សកម្មភាព​បំពុល​បរិស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យ​បាន​ទាន់​ពេល។ ភ្ញៀវ​ទេសចរ​អះអាង​ថា សព្វថ្ងៃ​នេះ សំណង់​រឹងមាំ​សង់​មាន​ទាំង​នៅ​លើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹក​សមុទ្រ ជាពិសេស​មាន​អាជីវករ​ខ្លះ​នៅ​តាម​ឆ្នេរ​នេះ បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​នោះ​ទេ។

នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​តោ​មាស​ប្រចាំ​ខេត្ត​ព្រះសីហនុ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ហ្គូលដិន ឡាយអ៊ិន ត្រាវែល (Golden Lion Travel) លោក យិន លាងឆាយ ផ្តល់​សម្ភាស​ថា កន្លង​ទៅ ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​ចូល​ទៅ​ដល់​ឆ្នេរ​កោះ​តូច ក៏​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​កម្សាន្ត​មួយ​នេះ​ត្រូវ​បំពុល​បរិស្ថាន​ដែរ។ លោក​ថា រាល់​ថ្ងៃ​នេះ​ឃើញ​មាន​អាជីវករ​ប្រកប​របរ​នៅ​តាម​ឆ្នេរ​កោះ​តូច បាន​នាំ​យក​តុ​កៅអី​ដាក់​នៅ​លើ​ឆ្នេរ​ខ្សាច់ ដើម្បី​លក់​ដូរ​ចំណី​អាហារ​ផ្សេងៗ​ជូន​ភ្ញៀវ​ទេសចរ​គ្មាន​សណ្ដាប់ធ្នាប់​ទេ។ ជាង​នេះ ឃើញ​មាន​អាជីវករ​ខ្លះ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ​គ្មាន​របៀប​រៀបរយ​ទេ។ លោក យិន លាងឆាយ ស្នើ​ដល់​អាជីវករ​បម្រើ​សេវា​ទេសចរណ៍​នៅ​តាម​ឆ្នេរ​កោះ​តូច​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ខ្សាច់​កោះ​តូច​ឲ្យ​មាន​អនាម័យ​ជា​រហូត៖ «ចង់​ឲ្យ​ប្រជាជន​យើង​រស់នៅ​លើ​កោះរ៉ុង ពិសេស​ពលរដ្ឋ​រស់នៅ​ភូមិ​កោះតូច នេះ ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​កោះ​តូច​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ យើង​មាន​ឆ្នេរ ឬ​របស់​ដែល​ស្អាត​រួច​ហើយ ក៏ប៉ុន្តែ​យើង​ខ្វះ​អ្នក​ថែរក្សា។ អ៊ីចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​សំណូមពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ឬ​អាជីវករ​ទាំងអស់​ហ្នឹង​ជួយ​ថែរក្សា​បរិស្ថាន​អនាម័យ​ឆ្នេរ​កោះ​តូច​នេះ ឲ្យ​មាន​សោភណភាព​ជា​ប្រចាំ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​មក​ដល់​ឆ្នេរ​នេះ​ម្តង​ហើយ ចង់​ត្រឡប់​មក​កម្សាន្ត​តំបន់​ឆ្នេរ​កោះ​តូច​នេះ​ម្តង​ទៀត​នា​ថ្ងៃ​ខាង​មុខ»

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អះអាង​ថា រាល់​ការ​សាងសង់​សំណង់​រឹងមាំ​ថ្មី​ទៀត​នៅ​លើ​កោះរ៉ុង អាជ្ញាធរ​មិន​អនុញ្ញាត​ទេ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ដែល​ប្រជាពលរដ្ឋ​សង់​រួច ត្រូវ​រក្សា​ឲ្យ​នៅ​សភាព​ធម្មតា​សិន ដោយ​រង់ចាំ​ដោះស្រាយ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។ លោក យន្ត មីន បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​កោះ​តូច ត្រូវ​បំផ្លាញ​ដូច​គ្នា​នឹង​ភ្នាក់ងារ​ទេសចរ ឬ​ភ្ញៀវ​ទេសចរ​ព្រួយ​បារម្ភ​ដែរ។

លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​ទទួល​ទាន​នៅ​តាម​ឆ្នេរ​សមុទ្រ​ទាំង​លើ​ដី​គោក និង​តាម​ឆ្នេរ​នៅ​លើ​ដី​កោះ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ជា​ប្រចាំ ដោយ​មិន​ត្រូវ​លួច​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឬ​ក្នុង​ទឹក​សមុទ្រ ជាពិសេស​មិន​ត្រូវ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​ទៀត​ទេ។

ទោះ​យ៉ាង​ណា ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ដល់​ឆ្នេរ​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង ក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ថ្មីៗ​នេះ បាន​រិះគន់​ថា ឆ្នេរ​កោះ​តូច​ពេល​នេះ​មិន​សូវ​មាន​របៀប​រៀបរយ​ទេ ព្រោះ​ឃើញ​មាន​អាជីវករ​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​ភាគច្រើន​នៅ​តាម​ឆ្នេរ​នេះ បាន​ដាក់​តាំង​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​បម្រើ​សេវា​ជូន​ភ្ញៀវ​ទេសចរ​នៅ​លើ​ឆ្នេរ​ខ្សាច់​អនាធិបតេយ្យ និង​មាន​សង់​សំណង់​រឹងមាំ​សង់​ជាប់​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹក​សមុទ្រ ជាដើម។

បញ្ហា​នេះ ភ្ញៀវ​ទេសចរ​ជាតិ​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ក្រុង-ខេត្ត​ព្រះសីហនុ ជួយ​មាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ​កោះ​តូច និង​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​បាន​ជា​ស្ថាពរ ដើម្បី​ថែរក្សា​បរិស្ថាន​ឆ្នេរ​កោះ​តូច​ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព​ដូច​ដើម​វិញ។

បញ្ហា​នេះ​ដែរ លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​តំបន់​ឆ្នេរ​មួយ​ចំនួន​នា​មូលដ្ឋាន​នេះ​គ្មាន​អនាម័យ និង​បាត់បង់​សោភណភាព​នេះ​ដែរ។ លោក​ស្នើ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ថែរក្សា​បរិស្ថាន​អនាម័យ​នៅ​តាម​ឆ្នេរ​នីមួយៗ​ទាំង​នៅ​លើ​ដី​គោក និង​លើ​ដី​កោះ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឲ្យ​ទីក្រុង​មាន​អនាម័យ​បរិស្ថាន​ស្អាត​ឈាន​ដល់​ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត៖ «អំពាវនាវ​ឲ្យ​វិស័យ​ឯកជន ជាពិសេស​ប្រតិបត្តិករ​ទេសចរ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ខេត្ត និង​ថ្នាក់​ជាតិ​ក្នុង​ការ​រៀបចំ​ស្តង់ដារ​រមណីយដ្ឋាន​ឆ្នេរ ព្រោះ​យើង​ដឹង​ហើយ​កាល​ពី​និយាយ​ពី​គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរ គឺ​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​នេះ គឺ​សំខាន់​ណាស់។ ដូច្នេះ​បើ​សិន​ជា​យើង​រៀបចំ​មិន​មាន​ស្តង់ដារ ឬ​មិន​មាន​សណ្ដាប់ធ្នាប់​ទេ វា​មិន​ត្រឹម​នាំ​ឲ្យ​ប៉ះពាល់​ដល់​សោភណភាព​គុណភាព​ទេ វា​ថែម​ទាំង​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​ថែម​ទៀត។ អ៊ីចឹង​យើង​ស្នើសុំ​ឲ្យ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ចូលរួម​សហការ​គ្នា​ជាមួយ រៀបចំ​ឲ្យ​ស្រប​តាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ជាតិ​បាន​ដាក់​ចេញ»

ទាក់ទង​ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្នេរ​កោះ​តូច​ត្រូវ​បំផ្លាញ​នេះ គេ​សង្កេត​ឃើញ​ថា នា​ពេល​កន្លង​ទៅ រដ្ឋបាល​ក្រុង-ខេត្ត​ព្រះសីហនុ រួម​ជាមួយ​អាជ្ញាធរ​ជំនាញ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ មាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ជាដើម បាន​ចុះ​ណែនាំ​ដល់​អាជីវករ ឬ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​នៅ​លើ​ឆ្នេរ​កោះ​តូច ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​កោះ​តូច​ជា​បន្តបន្ទាប់។ ជាង​នេះ ក៏​បាន​ហាម​មិន​ឲ្យ​អាជីវករ​ទាំងនោះ​នាំ​យក​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ​ដាក់​លើ​ឆ្នេរ​ខ្សាច់ ដើម្បី​លក់​ដូរ​ចំណី​អាហារ​ផ្សេងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នៅ​តាម​ឆ្នេរ​នេះ ប៉ុន្តែ​បម្រាម​នេះ ត្រូវ​អាជីវករ​បម្រើ​សេវា​ទេសចរណ៍​នៅ​តាម​ឆ្នេរ​កោះ​តូច បាន​ចូលរួម​អនុវត្ត​តែ​ក្នុង​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ ភាព​អនាធិបតេយ្យ​នៃ​ការ​ដាក់​តុ​កៅអី និង​សម្ភារៈ​ផ្សេងៗ ឬ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​តាម​ឆ្នេរ​ខ្សាច់​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង បាន​បន្ត​កើត​មាន​ដដែល។

ត្រង់​ចំណុច​នេះ លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ភ្ញៀវ​ទេសចរ ពិសេស​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ត្រូវ​រួម​សហការ​គ្នា​សម្អាត​បរិស្ថាន​ឆ្នេរ​ទាំង​ឆ្នេរ​នៅ​លើ​ដី​គោក និង​ឆ្នេរ​លើ​ដី​កោះ ឲ្យ​មាន​អនាម័យ​ជា​ប្រចាំ។ លោក​ថា ទីក្រុង​ស្អាត បរិស្ថាន​ឆ្នេរ​មាន​អនាម័យ គឺ​ត្រូវ​ចាប់​ផ្តើម​ពី​បុគ្គល​ម្នាក់ៗ​រួម​គ្នា​សម្អាត​ទាំង​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ ឬ​លំនៅឋាន​រៀងៗ​ខ្លួន និង​នៅ​តាម​ទី​សាធារណៈ ជាដើម។

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កើន​ជាង ២០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជិត ៤០​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ) ហើយ​មាន​ឆ្នេរ​ខ្សាច់​សក្បុស ទឹក​សមុទ្រ​ថ្លា ឆ្នេរ​រាក់ ធនធាន​ត្រី​សមុទ្រ​សម្បូរ​បែប មាន​ផ្កា​ថ្ម​ក្នុង​បាត​សមុទ្រ​ចម្រុះ​ពណ៌ មាន​ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត​ដែល​ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល