រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ស្នើ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ថែរក្សា​បរិស្ថាន​ដើម្បី​ប្រកួត​ទីក្រុង​ស្អាត

ដោយ ដែន អយុធ្យា
2017-08-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទិដ្ឋភាព​ឆ្នេរ​កោះតូច សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។
ទិដ្ឋភាព​ឆ្នេរ​កោះតូច សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

រដ្ឋបាល​ក្រុង​ព្រះសីហនុ ស្នើ​ឲ្យ​វិស័យ​ឯកជន និង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ចូលរួម​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​មាន​សោភ័ណភាព​ទាំងអស់​គ្នា ព្រោះ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​យក​ជ័យលាភី ទីក្រុង​ស្អាត​នៅ​អាស៊ាន នៅ​ដើម​ឆ្នាំ​២០១៨។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ជា​ការ​ឆ្លើយតប​នឹង​ការ​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ទេសចរណ៍ ដែល​កម្ពុជា បាន​សម្រេច​ដាក់​បេក្ខភាព​ទីក្រុង​ចំនួន​៧ ដើម្បី​ចូលរួម​ការ​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​នៅ​អាស៊ាន នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ។

លោក យន្ត មីន ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ ទាំង​ប្រជាពលរដ្ឋ វិស័យ​ឯកជន និង​មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន ត្រូវ​សហការ​គ្នា​ថែរក្សា​អនាម័យ​ទាំង​នៅ​លើ​ដី​គោក និង​លើ​ដី​កោះ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​អាច​ឲ្យ​ខេត្ត​ព្រះសីហនុ ឈ្នះ​ជ័យលាភី​ក្នុង​កម្មវិធី​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​នៅ​អាស៊ាន​លើក​ទី​១ ដែល​នឹង​ត្រូវ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នៅ​ទីក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ៖ «ទាំងអស់​គ្នា​ត្រូវ​តែ​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍន៍ ការងារ​ថែរក្សា​ខេត្ត ក្រុង​របស់​យើង​ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព ព្រោះ​ខេត្ត ក្រុង​របស់​យើង​មិន​មែន​ធម្មតា​នោះ​ទេ គឺ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​ជាមួយ​បណ្ដា​ប្រទេស​នៅ​អាស៊ាន។ ហើយ​នៅ​ប្រទេស​អាស៊ាន ក៏​គេ​កំពុង​ល្បីល្បាញ​ក្រុង​ព្រះសីហនុ យើង​ដែរ»

លោក យន្ត មីន សង្កត់​ធ្ងន់​ថា ទីក្រុង​ស្អាត មាន​អនាម័យ និង​មាន​សោភ័ណភាព គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​យើង​ទាំងអស់​គ្នា សហការ​គ្នា​ថែរក្សា​ការពារ​ឲ្យ​បាន​ជា​ប្រចាំ ទោះ​នៅ​ទី​សាធារណៈ ឬ​នៅ​ជុំវិញ​លំនៅឋាន​រស់នៅ​របស់​ខ្លួន​ក្តី៖ «តាំង​ពី​ខ្ញុំ​បាន​មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ មាន​រយៈពេល​ជាង ២១​ខែ​មក​ហើយ ហើយ​មាន​ការ​ចូលរួម​ច្រើន​ណាស់​អំពី​ប្រជាពលរដ្ឋ ទៅ​លើ​ការងារ​ថែរក្សា​សម្អាត​អនាម័យ​បរិស្ថាន​ទាំង​នៅ​លើ​ដី​គោក និង​នៅ​លើ​ដី​កោះ។ ចំពោះ​ការងារ​ថែរក្សា​បរិស្ថាន​អនាម័យ​នៅ​តាម​ឆ្នេរ ឬ​ការ​វេច​ខ្ចប់​កាក​សំណល់​សំរាម ទាំង​នៅ​តាម​ផ្ទះ និង​ភ្ញៀវ​ទេសចរ ជាដើម គឺ​មាន​ការ​ចូលរួម​ច្រើន និង​មាន​ការ​យល់​ដឹង​ខ្ពស់ ដោយ​បាន​វេច​ខ្ចប់​កាក​សំណល់​បាន​ត្រឹមត្រូវ និង​ទុក​ដាក់​មាន​របៀប​រៀបរយ​ល្អ។ ប៉ុន្តែ​ចំពោះ​មុខ សូម​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​ភ្ញៀវ​ទេសចរ​ក្តី ស្នើ​ឲ្យ​ចូលរួម​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​សោភ័ណភាព​ឆ្នេរ​ខេត្ត​ព្រះសីហនុ របស់​យើង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ។ ក្នុង​នោះ​ក៏​មាន​ចំណុច​ជាច្រើន​ដែល​រដ្ឋបាល​ខេត្ត​កំពុង​ខិតខំ​ពុះពារ​ធ្វើ​ការ​អភិវឌ្ឍ ដូចជា​ធ្វើ​លូ​បង្ហូរ​ទឹក​ចូល​ទៅ​សមុទ្រ​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត ប៉ុន្តែ​ការងារ​នេះ​ទាល់​តែ​មាន​ការ​ចូលរួម​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ទើប​ទទួល​បាន​ជោគជ័យ»

ឆ្នេរ​ឋានសួគ៌ ព្រះសីហនុ ២០១៧ ១៤៤០
ទិដ្ឋភាព​ឆ្នេរ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Den Ayuthyea

ចំណែក​អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង ក៏​ស្នើ​ដល់​ម្ចាស់​សត្វ​ពាហនៈ ឬ​ម្ចាស់​សត្វ​ចិញ្ចឹម​ទាំងអស់ មិន​ត្រូវ​លែង​ឲ្យ​ដើរ​អនាធិបតេយ្យ​ពាសពេញ​ក្រុង នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទៀត​ទេ៖ «បច្ចុប្បន្ន​ម្ចាស់​សត្វ​ចិញ្ចឹម​នៅ​តែ​លែង​គោ ពពែ របស់​ខ្លួន​ឲ្យ​ដើរ​ពាសពេញ​ក្រុង។ អ៊ីចឹង​ហើយ​យើង​គិត​ថា បើ​សិន​ជា​យើង​នៅ​បណ្តោយ​ឲ្យ​គាត់​នៅ​លែង​សត្វ​ចិញ្ចឹម​ទាំងនោះ​ឲ្យ​ដើរ​ពេញ​ក្រុង​ទៀត គឺ​វា​អាច​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​បរិស្ថាន និង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​យថាហេតុ ជាដើម។ អ៊ីចឹង​ហើយ​ទើប​រដ្ឋបាល​ក្រុង​គិត​ថា បើ​សិន​ជា​អាជ្ញាធរ​ចាប់​សត្វ​ចិញ្ចឹម​ទាំងនោះ​គ្រាន់​តែ​ធ្វើ​ការ​ពិន័យ​ម្ចាស់ និង​អប់រំ គឺ​មិន​រាងចាល​ទេ ទើប​ដំណាក់កាល​នេះ យើង​គិត​ថា​ការ​អប់រំ​យើង​នៅ​តែ​បន្ត​ធ្វើ ប៉ុន្តែ​យើង​លែង​ពិន័យ​ជា​ប្រាក់​ទៀត​ហើយ គឺ​ថា​ពេល​យើង​ចាប់​បាន​គោ ឬ​ពពែ​ជាដើម​នោះ ប្រគល់​ជូន​កងទ័ព​នៅ​តាម​ព្រំដែន​ចាត់ចែង ដោយ​មិន​ផាក​ពិន័យ​ទៀត​ទេ»

កម្ពុជា បាន​ដាក់​បេក្ខភាព​ទីក្រុង​ស្អាត​ចំនួន​៧ ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​នៅ​អាស៊ាន រួម​មាន​ទីក្រុង​ភ្នំពេញ ទីក្រុង​សៀមរាប ទីក្រុង​ព្រះសីហនុ ទីក្រុង​កែប ទីក្រុង​កំពត ទីក្រុង​បាត់ដំបង និង​ទីក្រុង​កំពង់ចាម។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត មាន​ប្រសាសន៍​ថា បេក្ខភាព​រាជធានី-ខេត្ត​ទាំង​៧ របស់​កម្ពុជា ដែល​បាន​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ទីក្រុង​ស្អាត​នៅ​អាស៊ាន​នេះ គឺ​បេក្ខភាព​នីមួយៗ​ត្រូវ​មាន​ការងារ​ជាច្រើន​ត្រូវ​ពង្រឹង ឬ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន រួម​មាន​អភិបាល​រាជធានី ខេត្ត ក្រុង​ទាំង​៧ ត្រូវ​ខិតខំ​បង្កើន​កិច្ចសហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ធ្វើ​ចលនា​កៀរគរ​ឲ្យ​ប្រជាពលរដ្ឋ ឬ​វិស័យ​ឯកជន ដើម្បី​រួម​គ្នា​ឈាន​ទៅ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​កាក​សំណល់​រឹង​រាវ គ្រប់គ្រង​រក្សា​ការពារ​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។ ក្នុង​នោះ ក៏​រាប់​បញ្ចូល​ការ​ស្ថាបនា​បង្គន់​អនាម័យ​សាធារណៈ​ឲ្យ​បាន​ច្រើន និង​ត្រូវ​ពង្រឹង​សកម្មភាព​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​ទៅ​ទស្សនា​នៅ​តាម​មូលដ្ឋាន​នីមួយៗ​ឲ្យ​មាន​សុវត្ថិភាព ជាដើម។

ឆ្លើយតប​បញ្ហា​នេះ លោក ទៀ វិចិត្រ ប្រធាន​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដ ប៊ូត កម្ពុជា (GTVC Speed Boad Cambodia) ដែល​ជា​ក្រុមហ៊ុន​បម្រើ​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​មួយ​ក្រុម ដើម្បី​ចុះ​សម្អាត​បរិស្ថាន​អនាម័យ​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌​ជា​ប្រចាំ​ថ្ងៃ និង​បាន​ពង្រាយ​កម្លាំង​សន្តិសុខ​រង់ចាំ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទាំង​យប់​ថ្ងៃ។

ជា​ការ​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត លោក ទៀ វិចិត្រ ដែល​ជា​ម្ចាស់​ស្ថាបនិក​អភិវឌ្ឍន៍​ទីតាំង​កម្សាន្ត​តាម​បែប​ធម្មជាតិ​មាន​ឈ្មោះ​ថា កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង ឲ្យ​ដឹង​ថា ឆ្នេរ​កម្សាន្ត​ទើប​អភិវឌ្ឍ​ថ្មី​នេះ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ​ឲ្យ​មាន​សោភ័ណភាព​ជា​ប្រចាំ ក្នុង​នោះ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ភ្ញៀវ ត្រូវ​បាន​រឹត​បន្តឹង​ទាំង​យប់​ថ្ងៃ។

ចំណែក​ម្ចាស់​អាជីវកម្ម​ឈ្មោះ ខ័ររ៉ល រីហ្សត កោះរ៉ុង (Coral Resort Koh Rong) មាន​ទីតាំង​នៅ​ឆ្នេរ​ឡុងសិត ស្ថិត​ក្នុង​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ លោក ឡុក វណ្ណារិន បាន​គាំទ្រ​សារ​អំពាវនាវ​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ ក្នុង​ការងារ​ថែរក្សា​សម្អាត​អនាម័យ​បរិស្ថាន​ឲ្យ​មាន​អនាម័យ ឲ្យ​មាន​សោភ័ណភាព​ជា​ប្រចាំ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ដល់​មូលដ្ឋាន​នេះ។

លោក វណ្ណារិន ក៏​ស្នើ​ដល់​ប្រតិបត្តិករ​ទេសចរ និង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ត្រូវ​រួម​សហការ​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តាម​ឆ្នេរ​នានា​ឲ្យ​មាន​សោភ័ណភាព​ជា​ប្រចាំ ដោយ​មិន​ត្រូវ​បោះ​ចោល​កាក​សំណល់​ពាសវាលពាសកាល៖ «ស្នើ​ឲ្យ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​ពេល​បាន​ចូល​មក​កម្សាន្ត​ដល់​ឆ្នេរ​នៅ​លើ​កោះរ៉ុង ក៏ដូចជា​ឆ្នេរ​ឡុងសិត ឬ​ឆ្នេរ​ដទៃ​ទៀត សូម​ឲ្យ​ពួក​គាត់​ជួយ​ថែរក្សា​ការពារ​បរិស្ថាន​យើង ជាពិសេស​ការ​វេច​ខ្ចប់​កាក​សំណល់​រឹង ស្នើ​ឲ្យ​យក​ទៅ​ទុក​ដាក់​នៅ​ទីតាំង​នីមួយៗ​ឲ្យ​មាន​របៀប​រៀបរយ​ត្រឹមត្រូវ ជៀសវាង​បោះ​ចោល​ក្នុង​ទឹក​សមុទ្រ ឬ​តាម​ឆ្នេរ​ជាដើម ដើម្បី​ឈាន​ទៅ​ជួយ​ការពារ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា ហើយ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ថា ឆ្នេរ​សមុទ្រ​កម្ពុជា មាន​សោភ័ណភាព​ទាក់ទាញ​ធំ​ប៉ុនណា ជាពិសេស​ឆ្នេរ​ខ្សាច់​សក្បុស និង​ទឹក​សមុទ្រ​ដ៏​ថ្លា​ខ្វង់​នេះ​តែ​ម្តង»

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន នឹង​ធ្វើ​ការ​វាយ​តម្លៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​លើ​លក្ខន្តិកៈ រហូត​ដល់​ទៅ​ជាង ១០០​ចំណុច ដោយ​ផ្ដោត​ទៅ​លើ​លក្ខណៈ​ពិសេស​របស់​បេក្ខភាព​ទីក្រុង​ទេសចរណ៍​ទាំងឡាយ​ណា​ដែល​បាន​ចូលរួម​ចំណែក​បង្ក​លក្ខណៈ​ល្អ​ប្រសើរ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ភាព​ទាក់ទាញ ឬ​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ រួម​ជាមួយ​នឹង​ភាព​ប្រសើរ​នៃ​ការងារ​ថែរក្សា​ការ​ការពារ​អនាម័យ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ ជាដើម។ លោក​រដ្ឋមន្ត្រី​ថា ការ​ប្រកួត​ជា​លក្ខណៈ​អាស៊ាន​បែប​នេះ​មាន​សារប្រយោជន៍​បំផុត​សម្រាប់​កម្ពុជា ពិសេស​ការ​ពង្រីក​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល