កងទ័ព​ជើង​ទឹក​ត្រៀម​ទម្លាក់​ដុំ​ថ្ម​ដើម្បី​អភិរក្ស​ជីវចម្រុះ​នៅ​បាត​សមុទ្រ​ខេត្ត​ព្រះសីហនុ

មេ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេ​បញ្ជាការ​ជួរ​មុខ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ ត្រៀម​ទម្លាក់​ដុំ​ថ្ម​រាប់​តោន​ចូល​ក្នុង​បាត​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ សម្រាប់​ធ្វើ​ជា​ជម្រក​ត្រី និង​អភិរក្ស​ជីវចម្រុះ​ធនធាន​ធម្មជាតិ​ក្រោម​បាត​សមុទ្រ ប្រយោជន៍​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ។

ក្រុម​ការងារ​អភិរក្ស​ធនធាន​សមុទ្រ ទម្លាក់​កុងតឺន័រ​ទៅ​ក្រោម​បាត​សមុទ្រ​នៅ​ប្រជុំ​កោះរ៉ុងសន្លឹម នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ចុង​ខែ​មេសា ឆ្នាំ​២០១៧។ RFA/Den Ayuthyea

មេ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេ​បញ្ជាការ​ជួរ​មុខ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ ត្រៀម​ទម្លាក់​ដុំ​ថ្ម​រាប់​តោន​ចូល​ក្នុង​បាត​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ សម្រាប់​ធ្វើ​ជា​ជម្រក​ត្រី និង​អភិរក្ស​ជីវចម្រុះ​ធនធាន​ធម្មជាតិ​ក្រោម​បាត​សមុទ្រ ប្រយោជន៍​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ។

អភិបាល​ខេត្ត​ព្រះសីហនុ ស្វាគមន៍​ចំពោះ​ការងារ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​មាន​បច្ចេកទេស និង​ឆ្លង​កាត់​ស្ថាប័ន​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន។

មេ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេ​បញ្ជាការ​ជួរ​មុខ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ គឺ​លោក​ឧត្ដមនាវីឯក ទៀ សុខា មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​កញ្ញា ខាង​មុខ ក្រុម​ការងារ​របស់​លោក ត្រៀម​ទម្លាក់​ដុំ​ថ្ម ឬ​ដុំ​បេតុង​ចាក់​ពុម្ព ដាក់​ចូល​ទៅ​ក្នុង​បាត​សមុទ្រ សម្រាប់​ធ្វើ​ជា​ជម្រក​ត្រី និង​អភិរក្ស​ដល់​ជីវចម្រុះ​ធនធាន​ធម្មជាតិ​ក្រោម​បាត​សមុទ្រ នៅ​ម្តុំ​តំបន់​កោះ​កូន​នា​ខេត្ត​ព្រះសីហនុ។

លោក​បន្ត​ថា ក្រុម​ការងារ​អ្នក​ឯកទេស​មុជ​ទឹក​បាត​សមុទ្រ​ស្ម័គ្រ​ចិត្ត បាន​ជួប​ពិភាក្សា​គ្នា​លម្អិត​ជា​មុន​ក្នុង​ការ​កំណត់​ទីតាំង​ដាក់​ដុំ​បេតុង​ថ្ម​ចូល​ទៅ​ក្នុង​សមុទ្រ ឲ្យ​ស្រប​តាម​បច្ចេកទេស និង​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​នាវាចរណ៍​សមុទ្រ ជាដើម។

លោក​ឧត្ដមនាវីឯក ទៀ សុខា ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​រៀបចំ​ទម្លាក់​ដុំ​ថ្ម​ចូល​ក្នុង​បាត​សមុទ្រ​នៅ​ប្រជុំ​កោះ​កូន ខេត្ត​ព្រះសីហនុ នា​ឱកាស​នេះ ប្រយោជន៍​ជា​ជម្រក​ត្រី និង​ចង់​អភិរក្ស​ជីវចម្រុះ​ធនធាន​ធម្មជាតិ​ក្រោម​បាត​សមុទ្រ​នា​មូលដ្ឋាន​នេះ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ទៀត​នា​ឆ្នាំ​ខាង​មុខ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧ ទីបញ្ជាការ​ជួរ​មុខ និង​មន្ត្រី​ស្ថាប័ន​ជំនាញ រួម​ទាំង​អ្នក​ឯកទេស​មុជ​ទឹក​បាត​សមុទ្រ​កម្ពុជា បាន​ចុះ​ទម្លាក់​ទូ​កុងតឺន័រ​ចូល​ក្នុង​បាត​សមុទ្រ ដើម្បី​ដាំ​ផ្កា​ថ្ម​បង្កើត​ជា​ឧទ្យាន​ជាតិ​ក្រោម​បាត​សមុទ្រ ដើម្បី​អភិរក្ស​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ក្រោម​បាត​សមុទ្រ​ម្តង​រួច​ហើយ។

លោក​ឧត្ដមនាវីឯក ទៀ សុខា បញ្ជាក់​ថា កុងតឺន័រ​ទម្លាក់​ចូល​សមុទ្រ​នេះ ទុក​សម្រាប់​ជា​រនាំង​ការពារ​ជីវចម្រុះ ផ្កា​ថ្ម និង​ធ្វើ​ជា​ជម្រក​ត្រី​សមុទ្រ ព្រោះ​តំបន់​ឆ្នេរ​កោះរ៉ុង បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ ទាំង​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​កម្សាន្ត និង​មុជ​ទឹក​មើល​ផ្កា​ថ្ម ឬ​ត្រី​នៅ​ក្រោម​បាត​សមុទ្រ ជាដើម។

លោក ទៀ សុខា ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​នេះ នឹង​នាំ​យក​ទូក ឬ​កាណូត​ចាស់ៗ​ជាច្រើន​គ្រឿង​ថែម​ទៀត​ទម្លាក់​ចូល​ទៅ​ក្នុង​បាត​សមុទ្រ​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ចំណោម​ប្រមាណ ១០០​ទីតាំង ដែល​អ្នក​បច្ចេកទេស​បាន​ចុះ​សិក្សា​រៀបចំ​អភិរក្ស​បណ្ណាល័យ​បាត​សមុទ្រ។ លោក​សង្កត់​ធ្ងន់​ថា អ្នក​ឯកទេស​មុជ​ទឹក និង​អ្នក​អភិរក្ស​ធនធាន​បាត​សមុទ្រ បាន​ស្រាវជ្រាវ​ទីតាំង​មួយ​ចំនួន​ក្រោម​បាត​សមុទ្រ ដើម្បី​ឈាន​ដល់​បន្ត​ទម្លាក់​រនាំង​ការពារ​ផ្សេងៗ​ទៀត​នា​ថ្ងៃ​អនាគត ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​សមុទ្រ​របស់​ប្រជាពលរដ្ឋ ចូល​មក​តំបន់​ឆ្នេរ​ទឹក​រាក់​ឲ្យ​បាន​ច្រើន​ទីតាំង​ថែម​ទៀត។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​គាំទ្រ​ផែនការ​អភិរក្ស​នេះ។ លោក យន្ត មីន ស្នើ​ដល់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួម​គ្នា​ជំរុញ​ឲ្យ​ការងារ​ថែរក្សា​អភិរក្ស​ធនធាន​បាត​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់​គ្នា ប្រយោជន៍​ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត៖ «ជា​រួម ការ​អភិរក្ស​ជីវចម្រុះ​បាត​សមុទ្រ​ហ្នឹង គឺ​ជា​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផង និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គួបផ្សំ​បច្ចេកទេស​របស់​ស្ថាប័ន​ជលផល​ផង។ ប៉ុន្តែ​ចំពោះ​ការ​ដាក់​សម្ភារៈ​ផ្សេងៗ​ចូល​ទៅ​ក្នុង​សមុទ្រ គឺ​មាន​ន័យ​ពីរ គឺ​ទី​១ បើ​សិន​ជា​ដាក់​ដោយ​មាន​ការ​គាំទ្រ​របស់​អ្នក​បច្ចេកទេស គឺ​រដ្ឋបាល​ខេត្ត​យើង​គាំទ្រ និង​ទី​២ បើ​សិន​ជា​អ្នក​ពាក់ព័ន្ធ​ចេះ​តែ​នឹក​ឃើញ​ទៅ​ទម្លាក់​សម្ភារៈ​ផ្សេងៗ​ចូល​ក្នុង​បាត​សមុទ្រ ដោយ​មិន​មាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​បាន​ឆ្លង​កាត់​ស្ថាប័ន​ជំនាញ ឬ​នាំ​ឲ្យ​បំពុល​បរិស្ថាន​នៅ​បាត​សមុទ្រ​ទៅ​វិញ គឺ​រដ្ឋបាល​ខេត្ត​មិន​គាំទ្រ​ទេ​ការ​ធ្វើ​ខុស​បច្ចេកទេស​នោះ​ទេ»

អ្នក​ឯកទេស​អភិរក្ស​ធនធាន​សមុទ្រ​កម្ពុជា កន្លង​ទៅ​បាន​ព្រួយ​បារម្ភ​ខ្លាច​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​បាត​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ត្រូវ​បំផ្លាញ​ដោយ​កត្តា​ធម្មជាតិ ពិសេស​ដោយ​កត្តា​មនុស្ស​មាន​មហិច្ឆតា​មួយ​ចំនួន។ ពួក​គេ​ចង់​ឃើញ​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល រួម​គ្នា​ថែរក្សា​ជីវចម្រុះ​បាត​សមុទ្រ និង​រួម​គ្នា​អភិរក្ស​ដាំ​ផ្កា​ថ្ម​ចម្រុះ​ឲ្យ​គង់វង្ស ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ងាក​មក​ចាប់​អារម្មណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​នា​ឆ្នាំ​ខាង​មុខ។

អ្នក​អភិរក្ស​ជីវចម្រុះ​ធនធាន​បាត​សមុទ្រ​កម្ពុជា លោក កាន់ ភារៈ បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ធនធាន​ផ្កា​ថ្ម និង​ត្រី​សមុទ្រ​គ្រប់​ប្រភេទ ត្រូវ​បំផ្លាញ​នៅ​តំបន់​ឆ្នេរ​ទឹក​រាក់ ដោយ​ការ​ធ្វើ​របរ​នេសាទ​នា​ខេត្ត​ព្រះសីហនុ បើ​ស្ថាប័ន​ជំនាញ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ លោក​បន្ត​ថា ការ​ធ្វើ​នេសាទ​សមុទ្រ​មក​តំបន់​ឆ្នេរ​ទឹក​រាក់ បាន​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ផ្កា​ថ្ម ជម្រក​ត្រី​សមុទ្រ និង​ជីវចម្រុះ​ក្រោម​បាត​សមុទ្រ ហើយ​បញ្ហា​នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បើ​ធនធាន​សមុទ្រ​ទាំងនោះ​ត្រូវ​បាត់បង់។

លោក កាន់ ភារៈ ដែល​នាយក​ក្រុមហ៊ុន​មុជ​ទឹក​បាត​សមុទ្រ​កម្ពុជា និង​ជា​គ្រូ​ឯកទេស​បង្រៀន​មុជ​ទឹក​បាត​សមុទ្រ ផ្តល់​សម្ភាស​ថា មាន​កត្តា​សំខាន់​ពីរ​យ៉ាង​ដែល​នាំ​ឲ្យ​ធនធាន​ធម្មជាតិ​បាត​សមុទ្រ​កម្ពុជា ត្រូវ​បំផ្លាញ គឺ​កត្តា​ធម្មជាតិ​មាន​ការ​ប្រែប្រួល​ដោយ​មាន​កម្ដៅ​ខ្លាំង​នាំ​ឲ្យ​ទឹក​សមុទ្រ​ក្ដៅ​ឈាន​ទៅ​ងាប់​ផ្កា​ថ្ម ឬ​ជីវចម្រុះ​ផ្សេងៗ​នៅ​បាត​សមុទ្រ និង​កត្តា​មួយ​ទៀត គឺ​កត្តា​មនុស្ស​ជា​អ្នក​បំផ្លាញ​ដោយ​ការ​ធ្វើ​របរ​នេសាទ​នៅ​តាម​តំបន់​ឆ្នេរ​ទឹក​រាក់ ដែល​មាន​ជីវចម្រុះ ឬ​មាន​ផ្កា​ថ្ម​ដុះ​ច្រើន ជាដើម។ ការងារ​នេះ លោក កាន់ ភារៈ អះអាង​ថា ក្រុម​ការងារ​លោក​មាន​ទាំង​អ្នក​ឯកទេស​ជនជាតិ​ខ្មែរ ថៃ និង​មក​ពី​អឺរ៉ុប ផង បាន​ស្នើ​ឲ្យ​ចូលរួម​ក្នុង​ផែនការ​ថែរក្សា​អភិរក្ស​ជីវចម្រុះ​បាត​សមុទ្រ​ពី​លោក​ឧត្ដមនាវីឯក ទៀ សុខា ដែរ។

លោក កាន់ ភារៈ ឲ្យ​ដឹង​ថា ផ្កា​ថ្ម​នៅ​ទូទាំង​ពិភពលោក​កំពុង​រង​នូវ​ការ​បំផ្លាញ​ច្រើន​ជាង ៥០​ភាគរយ (៥៦%) ដោយសារ​សកម្មភាព​របស់​មនុស្ស និង​កត្តា​ប្រែប្រួល​របស់​ធម្មជាតិ។ លោក​ថា មូលហេតុ​ធំៗ​ទាំង​ពីរ​នេះ បាន​ជំរុញ​ឲ្យ​អ្នក​ស្រាវជ្រាវ​ធនធាន​ធម្មជាតិ​នៅ​លើ​ពិភពលោក បាន​នាំ​គ្នា​ស្វែងរក​ដំណោះស្រាយ ដើម្បី​ឈាន​ដល់​រួម​គ្នា​ថែរក្សា​ជីវចម្រុះ​ក្រោម​បាត​សមុទ្រ​ជា​ថ្មី តាម​រយៈ​រួម​គ្នា​ធ្វើ​ផែនការ​អភិរក្ស និង​ដាំ​ផ្កា​ថ្ម​ឡើង​វិញ ជាដើម។ លោក​បន្ត​ថា ផ្កា​ថ្ម​ជា​ជម្រក​ត្រី​សមុទ្រ និង​ជា​ចំណី​ត្រី​គ្រប់​ប្រភេទ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ដែល​ត្រូវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​រួម​សហការ​គ្នា​អភិរក្ស​ការពារ​ឲ្យ​បាន​គង់វង្ស។

ត្រង់​ចំណុច​នេះ លោក​ឧត្ដមនាវីឯក ទៀ សុខា បាន​ប្ដេជ្ញា​ថា នឹង​ជំរុញ​ឲ្យ​ផែនការ​ដាំ​ផ្កា​ថ្ម​ទុក​ជា​ជម្រក​ដល់​ត្រី​សមុទ្រ បង្កើត​ជា​ឧទ្យាន​ជាតិ​ក្រោម​បាត​សមុទ្រ ដើម្បី​ឈាន​ដល់​ថែរក្សា​អភិរក្ស​ជីវចម្រុះ ឬ​ធនធាន​ក្រោម​បាត​សមុទ្រ​នា​ប្រជុំ​កោះរ៉ុង​សន្លឹម និង​ប្រជុំ​កោះ​ផ្សេងៗ​ទៀត​នា​ខេត្ត​ព្រះសីហនុ ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។