ក្រុម​សង្គម​ស៊ីវិល​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រងគ្រោះ

ដោយ សុ ជីវី
2017-06-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រប​សៀវភៅ​ច្បាប់​ស្ដីពី ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ។ Screenshot
ក្រប​សៀវភៅ​ច្បាប់​ស្ដីពី ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ។ Screenshot
Screenshot

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ចាប់​ផ្ដើម​ពិភាក្សា​ពី​ការ​ស្នើសុំ​កែប្រែ​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅ​ក្រោយ​ការ​អនុវត្ត​ច្បាប់​នេះ​បាន​រយៈពេល​ជិត ១២​ឆ្នាំ​កន្លង​ទៅ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ច្បាប់​ដែល​កំពុង​អនុវត្ត​នៅ​មាន​ចំណុច​ខ្វះខាត​ក្នុង​ការ​ធានា​ការពារ​ស្ត្រី និង​កុមារ​ពី​ភាព​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ១០០​នាក់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ដើម្បី​ពិភាក្សា​ពី​ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការពារ​ជន​រងគ្រោះ​ដែល​នឹង​ត្រូវ​ស្នើ​ឲ្យ​មាន​ការ​កែប្រែ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី​ភេទ ហៅ​កាត់​ថា អិន.ជី.អូ ស៊ីដ (NGO-CEDAW) អ្នកស្រី ជឹម ចាន់នាង ថ្លែង​ថា ចំណុច​ជាច្រើន​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​បំណង​ស្នើសុំ​ឲ្យ​មាន​ការ​កែប្រែ​នោះ ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​ច្បាប់​ថ្មី​ក្រោយ​វិសោធនកម្ម​មាន​ចំណុច​ដែល​អាច​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ជន​រងគ្រោះ«ច្បាប់​បច្ចុប្បន្ន​យើង​សម្រាប់​ការ​ដាក់​ទោស​ទណ្ឌ គឺ​យើង​បាន​បង្វែរ​ទាំងស្រុង​ឲ្យ​អនុវត្ត​ទៅ​តាម​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ស្រាប់។ ភាគច្រើន​នៃ​អំពើ​ហិង្សា​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ការ​ដាក់​ទោស​ទណ្ឌ​ច្រើន​តែ​មាន​ការ​កម្រិត​ទោស​ទណ្ឌ​នៅ​ក្នុង​ច្បាប់​ដែល​ស្រាល​ជាង​គេ ដោយសារ​តែ​អាជ្ញាធរ​មួយ​ចំនួន​គាត់​នៅ​តែ​គិត​ថា វា​គ្រាន់​តែ​ជា​រឿង​ក្នុង​គ្រួសារ»

នៅ​ក្នុង​ឯកសារ​ព្រាង​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រៀបចំ បាន​បង្ហាញ​ពី​ចំណុច​ដែល​ពួក​គេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ដោយ​បាន​ប្រៀបធៀប​នឹង​អ្វី​ដែល​មាន​ស្រាប់​នៅ​ក្នុង​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការពារ​ជន​រងគ្រោះ។ ក្នុង​នោះ បាន​វិភាគ​ពី​គ្រប់​ចំណុច​ទាំងអស់​ចាប់​តាំង​ពី​មាត្រា​១ ដែល​និយាយ​ពី​គោល​បំណង​នៃ​ច្បាប់​រហូត​ដល់​មាត្រា​៣៦ ដែល​ជា​មាត្រា​ចុង​ក្រោយ។ លើស​ពី​នេះ ក៏​មាន​មាត្រា​មួយ​ចំនួន​ត្រូវ​ស្នើ​ឲ្យ​លុប​ចោល។

អគ្គលេខាធិការ​នៃ អិន.ជី.អូ ស៊ីដ អ្នកស្រី ជឹម ចាន់នាង លើក​ឡើង​ពី​ចំណុច​ទាំងឡាយ​ដែល​ចាំបាច់​ត្រូវ​មាន​ការ​ផ្លាស់ប្ដូរ«នៅ​ក្នុង​ច្បាប់​បច្ចុប្បន្ន យើង​ឃើញ​ថា​អត់​ទាន់​បាន​គ្រប​ដណ្ដប់​លើ​ជន​គ្រប់​រូប​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ យើង​ឧទាហរណ៍​ដូច​ប្ដី និង​ប្រពន្ធ អ្នក​ខ្លះ​គាត់​រស់នៅ​ជាមួយ​គ្នា​ដោយ​អត់​ទាន់​មាន​សំបុត្រ​អាពាហ៍ពិពាហ៍ គូ​សង្សារ និង​អតីត​ប្ដី​ប្រពន្ធ​ដែល​គាត់​បែក​គ្នា​ហើយ គឺ​យើង​ស្នើសុំ​ឲ្យ​បញ្ចូល​ពួក​គាត់​ទាំងអស់​គ្នា​ហ្នឹង​ទៅ​ក្រោម​ច្បាប់​ហ្នឹង​ដែរ រួម​ទាំង​សាច់សាលោហិត មាន​ន័យ​ថា​ឲ្យ​តែ​ជាប់​សាច់​ឈាម។ ទាក់ទង​នឹង​ដីកា​ការពារ​នៅ​ក្នុង​ច្បាប់​នេះ យើង​បាន​បញ្ជាក់​ច្បាស់។ ច្បាប់​បច្ចុប្បន្ន​ថា​នៅ​ពេល​ដែល​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើត​ឡើង គឺ​អាជ្ញាធរ​នៅ​ជិត​បំផុត​ហ្នឹង​គាត់​អាច​មក​ជួយ​សង្គ្រោះ​បន្ទាន់។ អ្វី​ដែល​យើង​ចង់​បាន គឺ​សុំ​ឲ្យ​ដាក់​កម្រិត​តែ​ម្ដង​ទៅ​ដល់​អាជ្ញាធរ​ដែល​គាត់​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ គឺ​ឲ្យ​គាត់​ត្រូវ​តែ​ធ្វើ​តែ​ម្ដង ដ្បិត​ច្បាប់​យើង​បច្ចុប្បន្ន គឺ​មាន​ចំណុច​យោង​ច្រើន​ទៅ​នឹង​កត្តា​ទំនៀមទម្លាប់។ អ៊ីចឹង​ច្បាប់​ថ្មី​នេះ​គឺ​សុំ​ឲ្យ​ដក​ចេញ​នូវ​ចំណុច​យោង​ទាំងនេះ​ចេញ»

ជាមួយ​គ្នា​នេះ អ្នកស្រី ជឹម ចាន់នាង បាន​លើក​ឡើង​ពី​ការ​បន្ថែម​ចំណុច​ចាំបាច់​ដែល​ជា​តម្រូវការ​ចាំបាច់​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ និង​កិច្ច​ការពារ​ជន​រងគ្រោះ«យើង​ក៏​ស្នើសុំ​ឲ្យ​មាន​ការ​បញ្ជាក់​នូវ​កញ្ចប់​ថវិកា​មួយ​ច្បាស់លាស់ ដែល​រដ្ឋាភិបាល​យើង​ទុក​សម្រាប់​អនុវត្ត​ច្បាប់​ហ្នឹង និង​ថវិកា​សម្រាប់​ប្រើប្រាស់​ទៅ​លើ​សេវា​សង្គម​នានា ដើម្បី​ជួយ​ជន​រងគ្រោះ និង​បង្កើត​នូវ​កម្មវិធី​ផ្សេងៗ​នៅ​ក្នុង​ការ​កែប្រែ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ»

ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០០៥ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​អនុវត្ត​ច្បាប់​នេះ​មើល​ឃើញ​ថា ការ​កែប្រែ​ច្បាប់​នេះ​អាច​នឹង​ជួយ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នេះ​មាន​ភាព​ប្រសើរ។

ពុង ឈីវកេក ២០១៦ ៨៥៥
ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​ចំពោះ​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជាពិសេស​គឺ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​ដោយឡែក​ចំពោះ​ករណី​នេះ។ អ្នកស្រី​គិត​ថា ចំណុច​ដែល​អាច​កែប្រែ​បាន​ទៅ​តាម​ការ​ស្នើ​របស់​សង្គម​ស៊ីវិល នឹង​ជួយ​ឲ្យ​ច្បាប់​ពិសេស​នេះ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត។ អ្នកស្រី​បន្ត​ថា ចំណុច​សំខាន់​មួយ​ទៀត គឺ​ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ«ខ្ញុំ​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ណាស់ មិន​មែន​មិន​ធ្វើ​ការ​ទេ ប៉ុន្តែ​នៅ​តែ​មាន​ការ​ខ្វះខាត។ បាន​ន័យ​ថា ប្រជាពលរដ្ឋ​ភាគច្រើន ជាពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រោះ​តួនាទី​លោក​ធំ​ណាស់​នៅ​ក្នុង​ហ្នឹង»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ហេតុផល​ថា ចំណុច​ដែល​ពួក​គេ​ចង់​ឲ្យ​មាន​ការ​កែប្រែ​នេះ បាន​ផ្អែក​លើ​ខ្លឹមសារ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​នារី​ភេទ ដែល​កម្ពុជា ជា​ប្រទេស​ហត្ថលេខី។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី មន្ត្រី​តំណាង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ (Geneva) ពិភាក្សា​ពី​លទ្ធផល​នៃ​ការងារ​លើក​ស្ទួយ​សមភាព​យេនឌ័រ​នៅ​កម្ពុជា។ អង្គការ​សហប្រជាជាតិ បាន​ផ្ដល់​អនុសាសន៍​នោះ​មាន​ចំនួន ៥២​ចំណុច បាន​សរសេរ​លម្អិត​ពី​ចំណុច​ខ្វះខាត​ដែល​ជា​ក្ដី​បារម្ភ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា រួម​មាន​ចំណុច​ខ្វះខាត​ក្នុង​ច្បាប់ យន្តការ​ជាតិ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ទស្សនៈ​ក្នុង​សង្គម​ស្ដីពី​ស្ត្រី អំពើ​ហិង្សា​លើ​ស្ត្រី អំពើ​ជួញដូរ និង​ពេស្យាកម្ម ការ​អប់រំ​សុខាភិបាល វិស័យ​ការងារ ការ​រំលោភ​សិទ្ធិ​ដីធ្លី​ផ្ទះ​សម្បែង និង​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ជាដើម។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ឬ​ហៅ​កាត់​ថា ហ្គេតស៊ី (GADC) អ្នកស្រី រស់ សុភាព លើក​ឡើង​ថា ក្រៅ​ពី​ផ្អែក​លើ​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ការ​ស្នើសុំ​កែប្រែ​ច្បាប់​នេះ ក៏​ផ្អែក​លើ​ការ​ស្រាវជ្រាវ​មួយ​កាល​ពី​ឆ្នាំ​២០១៤ របស់​សាស្ត្រាចារ្យ ខាធើរីន ប្រ៊ីកកែល (Katherine Brickell) ពី​ចំណុច​ខ្វះខាត​ក្នុង​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ

រស់ សុភាព ៨៥៥ ២០១៧
នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព ក្នុង​កម្មវិធី​​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA Photo: RFA

អ្នក​ស្រាវជ្រាវ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ រ៉ូយ៉ាល់ ហូឡូវ៉េ (Royal Holloway) អ្នកស្រី ខាធើរីន ប្រ៊ីកកែល (Katherine Brickell) បាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ពុំ​ទាន់​យល់​ដឹង​ឲ្យ​ទូលំទូលាយ​ពី​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ។ រីឯ​ការ​អនុវត្ត​ច្បាប់​នេះ​ទៀតសោត គឺ​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​មាន និង​ពេល​ខ្លះ​មាន​រូបភាព​កាន់​តែ​ឃោរឃៅ។ របាយការណ៍​ដដែល​នោះ​បាន​រក​ឃើញ​ថា ទាំង​មន្ត្រី​អនុវត្ត​ច្បាប់ និង​សាធារណជន​ទូទៅ មិន​សូវ​យល់​ដឹង​ពី​ច្បាប់ ឬ​អនុវត្ត​ច្បាប់។ របាយការណ៍​ដដែល​នោះ​បង្ហាញ​មូលហេតុ​ចម្បង​មួយ​ចំនួន ដែល​នាំ​ឲ្យ​មាន​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​ក្នុង​នោះ​រួម​មាន​ការ​រើសអើង​ផ្នែក​ភេទ ប្រពៃណី​ទំនៀមទម្លាប់ និង​កត្តា​ពឹង​ផ្អែក​ផ្នែក​សេដ្ឋកិច្ច​ទៅ​លើ​បុរស។ ការ​ស្រាវជ្រាវ ក៏​បាន​សាកសួរ​មន្ត្រី​តុលាការ និង​មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​អះអាង​ថា ពួក​គាត់​ក៏​មាន​ការ​ពិបាក​ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែរ ដោយ​ជ្រើសរើស​ឲ្យ​មាន​ការ​សម្រប​សម្រួល​ជម្លោះ​បញ្ចប់​ច្រើន​ជាង។ អ្នក​អនុវត្ត​ច្បាប់​ទាំងនោះ បាន​លើក​ហេតុផល​ចម្បង​មួយ​មក​អះអាង គឺ​កត្តា​សេដ្ឋកិច្ច ដែល​អាច​នឹង​រុញ​ច្រាន​ស្ត្រី និង​កុមារ ឲ្យ​កាន់​តែ​រងគ្រោះ​នៅ​ក្រោយ​ពេល ដែល​បុរស​អ្នក​ប្រើ​ហិង្សា​ត្រូវ​កាត់​ទោស។ ក្នុង​របាយការណ៍​ដដែល ក៏​បាន​លើក​ឡើង​ពី​កង្វះ​កិច្ច​ការពារ​ជន​រងគ្រោះ ដោយ​ការ​ចេញ​ដីកា​រក្សា​ការពារ និង​ការ​បំបែក​ជន​រងគ្រោះ​ឲ្យ​រួច​ផុត​ពី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ជាដើម។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ឬ​ហៅ​កាត់​ថា ហ្គេតស៊ី (GADC) អ្នកស្រី រស់ សុភាព រំពឹង​ថា សំណើ​កែប្រែ​ច្បាប់​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល«គិតគូរ​ពី​រឿង​ថវិកា គឺ​ជា​តួនាទី​របស់​រដ្ឋាភិបាល ហើយ​សង្គម​ស៊ីវិល​មាន​តួនាទី​ក្នុង​ការ​សហការ ហើយ​ជួយ​កន្លែង​ណា​ដែល​រដ្ឋាភិបាល​ត្រូវការ​យើង​ផ្នែក​បច្ចេកទេស គឺ​យើង​អាច​ជួយ»

បើ​ទោះ​ជា​យ៉ាង​ណា សំណើ​កែប្រែ​ច្បាប់​នេះ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​រដ្ឋាភិបាល​ផង ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​គ្នា និង​ទទួល​បាន​មតិ​ល្អៗ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល