អង្គការ​លើក​ស្ទួយ​ស្ត្រី​ជំរុញ​​អ្នក​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​មូលដ្ឋាន​ជា​ស្ត្រី

ដោយ​ សុ ជីវី
2017-05-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព ក្នុង​កម្មវិធី​​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA
នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព ក្នុង​កម្មវិធី​​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​នៅ​តែ​ទទូច​អោយ​អ្នក​បោះឆ្នោត​ពិចារណា​ចំពោះ​បេក្ខភាព​ស្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

អង្គការ​យុវជន​ដែល​បាន​ស្រាវជ្រាវ​ពី​ការ​យល់​ឃើញ​របស់​យុវជន​ចំពោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​រក​ឃើញ​ថា យុវជន​គាំទ្រ​អោយ​មាន​ស្ត្រី​ចូល​រួម​ក្នុង​ការ​ដឹកនាំ ទាំង​នៅ​ថ្នាក់​មូលដ្ឋាន និង​នៅ​ថ្នាក់​ជាតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​អះអាង​ថា ស្ត្រី​គឺ​ជា​តម្រូវ​ការ​ក្នុង​ការ​ចូលរួម​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន។

នាយិកា​​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា ស្ត្រី​នៅ​តាម​មូលដ្ឋាន​ត្រូវ​ការ​អោយ​មាន​តំណាង​របស់​ខ្លួន​គ្រប់គ្រាន់ ដើម្បី​អោយ​សេចក្ដី​ត្រូវការ​របស់​គាត់​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់៖ «យើង​ដឹង​ហើយ​ថា អំពើ​ហិង្សា​លើ​ស្ត្រី ការ​រើសអើង​ហ្នឹង គឺ​នៅ​តែ​កើត​មាន​ឡើង​ច្រើន​អ៊ីចឹង។ តើ​ស្ត្រី​គាត់​មាន​តំណាង​របស់​គាត់​គ្រប់គ្រាន់ ឬ​អត់​​ក្នុង​ការ​ជួយ​គាត់? ដែល​គាត់ (ស្ត្រី) ហ៊ាន​​អាច​ទៅ​និយាយ? ដល់​អ៊ីចឹង​ទៅ​វា​មិន​ស៊ី​សង្វាក់​គ្នា​នឹង​តម្រូវការ ហើយ​មួយ​ទៀត ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សហគមន៍​គឺ​ខុស​ពី​បុរស​​ដោយសារ​ស្ត្រី​គាត់​យក​ចិត្ត​ទុកដាក់​ចូល​ទៅ​ដល់​បញ្ហា​តែម្ដង ហើយ​គាត់​យក​បញ្ហា​ហ្នឹង​ទៅ​ជជែក​នៅ​ក្នុង​ប្រជុំ​ក្រុមប្រឹក្សា ហើយ​បើ​តាម​​កម្មវិធី​របស់​អង្គការ​អ្នកស្រី​ឃើញ​ថា បុរស​ហ្នឹង​ក៏​គាត់​ទទួល​ស្គាល់​នូវ​សក្ដានុពល​របស់​ស្ត្រី​ដែរ»

នៅ​ក្នុង​របាយការណ៍​ដែល​ចងក្រង​ដោយ​ក្រសួង​កិច្ចការ​នារី ក្នុង​ឆ្នាំ​២០១៤ អោយ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២ តំណាង​ស្ត្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ បាន​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧ គឺ​កើន​ឡើង​ពី ១៥,១០% ទៅ ១៧,៧៨%។ ក្នុង​នោះ​ស្ត្រី​ជា​មេ​ឃុំ និង​ចៅ​សង្កាត់​មាន​ចំនួន ៦៩​រូប (៤,២២%) ស្ត្រី​ជា​ជំទប់​ទី១ មាន​ចំនួន ១៨៩​រូប (១១,៥៧%) និង​ជំទប់​ទី​២ ចំនួន ១៥១​រូប (៩,២៤%)។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ មើល​ឃើញ​ថា បញ្ហា​ស្ត្រី និង​កុមារ​នៅ​មូលដ្ឋាន​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ច្រើន ប្រសិន​បើ​ចំនួន​ស្ត្រី​នៅ​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​តែ​មាន​ចំនួន​តិច៖ «ហើយ​ពេល​ដែល​យើង​ធ្វើ​សេវា គឺ​យើង​ត្រូវ​ការ​ទៅ​រក​ស្ត្រី ហើយ​ស្ត្រី​គិតគូរ​ទៅ​រឿង​បញ្ហា​ដែល​ទាក់ទង​ទៅ​សង្គម​កិច្ច​ច្រើន។ ដូច្នេះ​បើ​ចង់​បាន​សេវា​សង្គមកិច្ច​ហ្នឹង​ធ្លាក់​មក​ដល់​ខ្លួន​យើង ដល់​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​អោយ​សង្គម​យើង​រឹង​មាំ គឺ​ស្ត្រី​យើង​គួរ​ជា​អ្នក​ដែល​ផ្ដល់​ព័ត៌មាន ផ្ដល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចាយ​លុយ​ក្នុង​ការ​ធ្វើ​គោល​នយោបាយ​ផ្សេងៗ តាំង​ពី​ថ្នាក់​ក្រោម​ជាតិ​ដល់​ថ្នាក់​ជាតិ​ត្រូវ​តែ​មាន​ស្ត្រី​ចូល​រួម»

ធីតា ឃិះ ៨៥៥ ២០១៧
នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ថវិកា ឆ្លើយតបនឹងយេនឌ័រ​នៅថ្នាក់​ក្រោម​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៧។ RFA Photo: RFA

នៅ​ក្នុង​សេចក្ដី​សង្ខេប​គោលនយោបាយ​ដែល​ចងក្រង​ដោយ​ក្រសួង​កិច្ចការ​នារី បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ ស្ថាប័ន​នីតិប្បញ្ញត្តិ ប្រតិបត្តិ និង​គណបក្ស​នយោបាយ​ផង ត្រូវ​ធ្វើ​ដើម្បី​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ។ ក្នុង​នោះ​រួម​មាន​ជំរុញ​អោយ​រដ្ឋសភា និង​គណបក្ស​នយោបាយ​ដើម្បី​បង្កើន​ចំនួន​បេក្ខនារី ដែល​អាច​ជាប់​ឆ្នោត​ទាំង​នៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ លើក​ទឹក​ចិត្ត​គណបក្ស​នយោបាយ​រៀបចំ​គោល​នយោបាយ និង​អនុវត្ត​ជាក់​ស្ដែង​ពី​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ ជា​ពិសេស​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​បញ្ជី​គណបក្ស ជំរុញ និង​លើក​ទឹកចិត្ត​បង្កើន​ចំនួន​ស្ត្រី​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​តាម​រយៈ​បញ្ជី​បេក្ខភាព​លេខ​រៀង​ឆ្លាស់។

សេចក្ដី​សង្ខេប​គោលនយោបាយ​ចេញ​ដោយ​ក្រសួង​កិច្ចការ​នារី​នេះ បាន​លើក​ឡើង​ពី​អនុសាសន៍​របស់​គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​នារី​ភេទ​នៃ​អង្គការ​សហប្រជាជាតិ​ដែល​មាន​កង្វល់​ថា ស្ត្រី​នឹង​មាន​តំណាង​តិចតួច​បន្ត​ទៀត នៅ​ក្នុង​កិច្ចការ​នយោបាយ និង​កិច្ចការ​សាធារណៈ​នៅ​គ្រប់​កម្រិត កិច្ចការ​ទូត និង​កិច្ចការ​ក្រៅ​ប្រទេស។

អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ដែរ​ថា នៅ​ពេល​ដែល​បញ្ហា​ស្ត្រី និង​កុមារ​មិន​ត្រូវ​បាន​ដោះស្រាយ​អោយ​បាន​គ្រប់គ្រាន់ គឺ​មាន​ន័យ​ថា​ការអភិវឌ្ឍន៍​ក៏​មិន​អាច​ពេញលេញ និង​ឆាប់​រហ័ស​ដែរ​បើ​ប្រៀបធៀប​នឹង​ដំណើរការ​អភិវឌ្ឍន៍​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត។

មិន​ខុស​គ្នា​នេះ​ដែរ បេក្ខនារី​ឈរ​លេខរៀង​លេខ​៣ នៅ​ក្នុង​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ កញ្ញា យ៉ែម សុវណ្ណណែត លើក​ឡើង​ថា នាង​ប្រឹងប្រែង​តស៊ូ​មតិ​ដើម្បី​បាន​ឈរ​ឈ្មោះ​បោះឆ្នោត ក៏​ព្រោះ​តែ​មាន​បំណង​ដោះស្រាយ​បញ្ហា​ស្ត្រី និង​កុមារ៖ «ខ្ញុំ​តវ៉ា​ថា ខ្ញុំ​ត្រូវ​តែ​ឈរ​លេខ​រៀង​ជាប់​នៅ​ឃុំ-​សង្កាត់។ បើ​ខ្ញុំ​អត់​បាន​ឈរ​លេខ​រៀង​ជាប់​នៅ​ក្នុង​ឃុំ-​សង្កាត់​របស់​ខ្ញុំ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ឃុំ-​សង្កាត់​របស់​ខ្ញុំ។ បើ​ខ្ញុំ​អត់​បាន​ឈរ​ជា​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ទេ គឺ​អត់​មាន​ស្ត្រី»

ក្រៅ​ពី​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី និង​កុមារ​ស្ត្រី​ជា​អ្នក​ដឹកនាំ​ក៏​ជា​តម្រូវការ​របស់​ក្រុម​យុវជន​ដែរ។

នៅ​ក្នុង​របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ដែល​ផ្សព្វផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ បាន​រក​ឃើញ​ថា​មាន​យុវជន​មាន​ចំនួន​ច្រើន​ជាង ៩២% នៃ​យុវជន​ជាង ១.០០០​នាក់​ទូទាំង​ប្រទេស ដែល​បាន​សម្ភាស បាន​យល់​ស្រប​ថា ស្ត្រី​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​អោយ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​នៅ​ក្នុង​អង្គភាព ដែល​បាន​ជាប់​ឆ្នោត​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា តាម​បទពិសោធន៍​ធ្វើ​ការងារ​យុវជន លោក​សង្កេត​ឃើញ​ថា យុវជន​អាច​ពេញ​ចិត្ត​នឹង​ភាព​បត់បែន​របស់​ស្ត្រី​នៅ​ក្នុង​ការ​ដឹកនាំ៖ «ជា​ទស្សនៈ​របស់​យុវជន គឺ​ពាក់ព័ន្ធ​ជាមួយ​ភាព​ទន់ភ្លន់​នៅ​ក្នុង​ការ​ដឹក​នាំ  ទោះ​បី​ថ្នាក់​ក្រោម​ជាតិ​ក្ដី ឬ​ថ្នាក់​ជាតិ​ក្ដី គឺ​ជា​ចំណុច​សំខាន់។ មួយ​ទៀត គឺ​គាត់​អាច​មើល​ឃើញ​ពី​ភាព​លម្អិត​នៃ​បញ្ហា​របស់​ស្ត្រី​គ្នា​គាត់​ផង រួម​ទាំង​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​ផង»

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ចំនួន​ស្ត្រី​ដែល​អាច​ជាប់​ឆ្នោត​ទៅ​បំពេញ​ការងារ​នៅ​មូលដ្ឋាន​អាច​នឹង​កើន​ឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ ប្រសិនបើ​បេក្ខភាព​ស្ត្រី​នៅ​ក្នុង​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​អាច​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​អាណត្តិ​ទី​៤ ខាង​មុខ។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ លើក​ឡើង​ថា ដើម្បី​បង្កើត​ចំនួន​ស្ត្រី​​ជា​តំណាង​នៅ​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ទំនង​ត្រូវ​ពឹង​ផ្អែក​លើ​សំឡេង​របស់​ស្ត្រី និង​យុវជន៖ «ទៅ​ដល់​គណបក្ស​នយោបាយ​សុំ​អោយ​ដាក់​ស្ត្រី ហើយ​អោយ​ពួកគាត់​មាន​លេខ​រៀង​ល្អ​​ផង ព្រោះ​ថា បើ​ពួកគាត់​មិន​ដាក់​ទេ​គឺ​សូម​ជម្រាប​ថា ប៉ះពាល់​ទៅ​ដល់​បោះឆ្នោត ព្រោះ​យុវជន​ភាគ​ច្រើន គឺ​គាត់​ចង់​បាន​ស្រ្តី»

នៅ​ក្នុង​បញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ផ្សព្វផ្សាយ​ដោយ គ.ជ.ប បង្ហាញ​ថា គណបក្ស​ធំៗ​ចំនួន​ពីរ​ដែល​មាន​ប្រជាប្រិយភាព គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ស្ត្រី​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​ភាគរយ​ស្ត្រី​នៅ​គណបក្ស​ចំនួន ១០ ទៀត ដែល​ចូលរួម​ប្រកួត​ប្រជែង។

គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខភាព​ស្ត្រី​ចំនួន ២២,១៩​ភាគរយ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៦,០៥​ភាគរយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គម្លាត​នេះ​បង្ហាញ​ពី​វិសមភាព​យេនឌ័រ នៅ​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា មាន​បញ្ហា​ចំនួន ៦​ចំណុច ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​នឹង​ចូល​ទៅ​កាន់​តំណែង​អ្នក​ដឹកនាំ​នៅ​មូលដ្ឋាន ក្នុង​នោះ​រួម​មាន ខ្វះ​ក្របខ័ណ្ឌ​ច្បាប់​កំណត់​ចំនួន​ស្ត្រី​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ការ​រើសអើង​ស្ត្រី ផ្ទៃក្នុង​បក្ស ដែល​នាំ​ឲ្យ​មិន​ដាក់​ស្ត្រី​នៅ​លេខ​រៀង​ល្អ និង​ថ្នាក់​ដឹកនាំ​បក្ស​នៅ​មិន​ទាន់​មាន​ឆន្ទៈ​បង្កើន​ចំនួន​ស្ត្រី​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល