ក្រុម​ស្ត្រី​ជំរុញ​ឲ្យ​បក្ស​នយោបាយ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង

ការ​សេព​គ្រឿង​ស្រវឹង​ត្រូវ​ចាត់​ទុក​ថា​ជា​មូលហេតុ​មួយ ដែល​នាំ​អោយ​មាន​អំពើ​ហិង្សា ជា​ពិសេស គឺ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​ជន​រងគ្រោះ​ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ។ ករណី​នេះ ក្រុម​ស្ត្រី​វ័យ​ក្មេង​បាន​ស្នើ​អោយ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដោះស្រាយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។
ដោយ សុ ជីវី
2013-07-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្រាបៀ ៦១០
ឈុត​ពាណិជ្ជកម្ម​ស្រាបៀ​មួយ​តាម​កញ្ចក់​ទូរទស្សន៍។
Youtube Screenshot

តំណាង​ក្រុម​ស្ត្រី​វ័យ​ក្មេង​មក​ពី​ខេត្ត​មួយ​ចំនួន និង​ក្នុង​រាជធានី​ភ្នំពេញ ជំរុញ​អោយ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត អោយ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​តាម​រយៈ​ការ​ចាត់​វិធាន​ការ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ការ​លើក​ឡើង​របស់​ក្រុម​ស្ត្រី​វ័យ​ក្មេង បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ជជែក​ដេញដោល​ពី​គោល​នយោបាយ​គណបក្ស ស្ដីពី​វិធាន​ការ​ពិសេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្ត្រី និង​កុមារ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​បណ្ដាញ​ស្ត្រី​ប្រមាណ ២០០​នាក់។

យុវតី​ជា​ច្រើន​នាក់​បាន​លើក​ឡើង​ថា ការ​ផ្សព្វផ្សាយ​ស្រា ស្រាបៀ និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ កំពុង​អូស​ទាញ​ពលរដ្ឋ​ខ្មែរ​គ្រប់​វ័យ និង​គ្រប់​ទីកន្លែង​អោយ​ផឹក ជា​ហេតុ​នាំ​អោយ​មាន​ក្ដី​បារម្ភ​ថា គឺ​ជា​ដើម​ចម​រុញ​ច្រាន​ពួក​គេ​អោយ​ងាយ​នឹង​ប្រើ​អំពើ​ហិង្សា។ ពួក​គេ​បាន​ដាក់​សំណួរ​ថា តើ​គណបក្ស​នយោបាយ​ដែល​បាន​ដាក់​បេក្ខជន​អោយ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី អាច​នឹង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ស្រា ឬ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​តាម​របៀប​ណា?

«សំឡេង»

ការ​ព្រួយ​បារម្ភ​របស់​ក្រុម​ស្ត្រី​វ័យ​ក្មេង​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​ពួក​គេ​សង្កេត​ឃើញ​ថា មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​យ៉ាង​គគ្រឹក​គគ្រេង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​គ្រប់​ប្រភេទ។ ពេល​ខ្លះ​ទៀត ក្រុមហ៊ុន​គ្រឿង​ស្រវឹង​មួយ​ចំនួន​បាន​ព្យាយាម​ទាក់ទាញ​យុវជន​ផឹក​គ្រឿង​ស្រវឹង​ទាំង​នោះ តាម​រយៈ​ការ​បង្ហាញ​ថា គ្រឿង​ស្រវឹង​នោះ​ជា​បេះដូង​ខ្មែរ ជា​មោទនភាព​ជាតិ​ជា​ដើម។

«សំឡេង​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍»

ឆ្លើយ​តប​នឹង​ការ​ចោទ​សួរ​របស់​ក្រុម​ស្ត្រី​វ័យ​ក្មេង តំណាង​គណបក្ស​នយោបាយ​ចំនួន​៧ បាន​អះអាង​ពី​គោល​នយោបាយ​របស់​ខ្លួន ជុំវិញ​វិធាន​ការ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​នេះ។

ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង សុខេង មាន​ប្រសាសន៍​ថា ការ​ផ្សព្វផ្សាយ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង គឺ​កើត​ចេញ​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ពុំ​បាន​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា។ លោក​បន្ត​ថា ការ​ពន្យល់​ពី​ការ​កាន់​សីល​៨ នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ។

«សំឡេង»

តំណាង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច អ្នកស្រី ប្រាក់ ចន្ថា បាន​ទទួល​ស្គាល់​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​ដល់​ស្ត្រី និង​កុមារ និង​បាន​សន្យា​ថា​ដោះស្រាយបញ្ហា​នេះ​ដោយ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។

«សំឡេង»

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា គណបក្ស​នេះ​ផ្ដោត​លើ​ការ​កែទម្រង់ ដើម្បី​អោយ​ការ​អនុវត្ត​បាន​កាន់​តែ​ប្រសើរ។

«សំឡេង»

កាល​ពី​ចុង​ឆ្នាំ​២០១១ កន្លង​ទៅ សាលា​ក្រុង​ភ្នំពេញ ធ្លាប់​បាន​ណែនាំ​ចំពោះ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ទី​សាធារណៈ។ ប៉ុន្តែ​ភ្លាមៗ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដោយ​អនុញ្ញាត​អោយ​មាន​ការ​ផ្សព្វផ្សាយ​ស្រា​នៅ​តាម​ផ្ទាំង​ប៉ាណូ និង​កញ្ចក់​ទូរទស្សន៍ ដោយ​ត្រូវ​ដាក់​បម្រាម​ថា ពេល​ស្រវឹង​កុំ​បើកបរ ឬ​បើកបរ​កុំ​សេព​គ្រឿង​ស្រវឹង។

«សំឡេង»

ចាប់​ពី​ពេល​នោះ​ហើយ ដែល​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​កញ្ចក់​ទូរទស្សន៍ ឬ​តាម​មធ្យោបាយ​ផ្សព្វផ្សាយ​ទាំងអស់ តែង​មាន​ដាក់​បម្រាម​នៅ​ជាប់​ជា​មួយ។

«សំឡេង​ផ្សាយ​ពាណិជ​កម្ម​តាម​ទូរទស្សន៍»

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន បាន​សន្យា​ថា នឹង​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ខុស​ឆ្គង​នា​ពេល​កន្លង​ទៅ។

«សំឡេង»

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា យ៉ង់ ផាណេត អះអាង​ថា រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រឹត​បន្តឹង​ការ​យក​ពន្ធ​លើ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។

«សំឡេង»

ដោយ​ឡែក ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា បាន​បដិសេធ​ក្នុង​ការ​ឆ្លើយ​តប​នូវ​សំណួរ​របស់​អ្នក​ចូលរួម។

ស្រប​គ្នា​នេះ តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ អ្នកស្រី ប៉ាង វណ្ណថោន ក៏​ពុំ​បាន​ឆ្លើយ​តប​នឹង​សំណួរ​ទាក់ទិន​នឹង​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ដែរ ប៉ុន្តែ​បាន​បញ្ជាក់​ថា គ្រប់​បញ្ហា​ទាំងអស់​កើត​ឡើង​ដោយសារ​តែ​ពលរដ្ឋ​ពុំ​មាន​អំណាច​ពិត​ប្រាកដ។

«សំឡេង»

របាយការណ៍​អង្កេត​ប្រចាំ​ឆ្នាំ​២០១២ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ជន​រងគ្រោះ​ចំនួន ១.០៨៩​នាក់ ជា​ស្ត្រី និង​កុមារ បាន​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ អំពើ​ហិង្សា​ទាំង​នោះ​បាន​អូស​បន្លាយ​រយៈពេល​យូរ និង​ការ​ទទួល​រង​ទារុណកម្ម​ផ្លូវ​ចិត្ត ដែល​កើត​ចេញ​ពី​កត្តា​រួម​ផ្សំ​នៃ​បរិយាកាស​សង្គម រួម​មាន​ភាព​ក្រីក្រ ខ្វះ​មុខ​របរ ញៀន​ថ្នាំ ស្រា និង​ល្បែង​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំសូមអោយស្ថាបណ័ផ្សព្វផ្សាយមួយចំនួនទាំងអស់ក្នុងស្រុកខ្មែរឈប់ផ្សព្វផ្សាយអំពីរគ្រឿងស្រវឹងបានទេ?តាមខ្ញុំបានឬនិងបានឃើញអោយតែមានគ្រោះថ្នាក់ចរាចណ៏សុទ្ឋតែស្រវឹងស្រា​ និង​មួយទៀតរឿងអំពើហិង្សាក្នុងគ្រួសារជាដើម.

Aug 04, 2013 01:43 AM

ឌឿនកក្ដា

ពី សៀមរាប

ខ្ញុំមិនគាំទ្រជាដាច់ខាត់ចំពោះការផ្សាយគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយព្រោះវាជះឲទ្ធពលនិងប៉ះពាលយ៉ាងធ្ងន់ធ្ងរចំពោះសង្គមនិងសាសនាហើយពាក្យថាបើស្រវឹងកុំបើកបរនេះវាមិនអាចទេព្រោះហ៊ាងស្រានៅពាសពេញទីក្រុងពុំកន្លែងសំរាប់អ្នកស្រវឹងដេកទេ៕

Jul 20, 2013 02:46 AM

អាណាមិក

ពី សរ

ជាការពិតណាស់គ្រោះថ្នាក់ចររាចរណ៏ នឹងអំពើហឹង្សានានា​ក្នុង​សង្គម កើតឡើងដោយសារ​គ្រឿងស្រវឹង​។ គួរឈប់ផ្សាយ​ពាណិជ្ជកម្ម​អំពីគ្រឿងស្រវឹង សូមមើលតែប្រទេសជិតខាងចុះដូចជា
វៀតណាម ថៃគ្មានការផ្សាយលើទិសាធារណ និងប្រព័ន្ធផ្សព្វ​ផ្សាយទេ ហើយតារាភាពយន្តមិនគួរចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងសោះ
ឡើយ។

Jul 12, 2013 10:50 AM