សារសំខាន់​នៃ​ការ​ចូលរួម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ

ដោយ សុ ជីវី
2014.11.29
យុទ្ធនាការ​បុរស​ល្អ ៦២០ ក្បួន​ផ្សព្វផ្សាយ​យុទ្ធនាការ​បុរស​ល្អ​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo MoWA

បុរស​ល្អ ជា​ឈ្មោះ​យុទ្ធនាការ​មួយ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ក្រសួង​កិច្ចការ​នារី បាន​រួម​គ្នា​ធ្វើ ដើម្បី​កាត់​បន្ថយ​ការ​រើសអើង និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ។

ការ​ហែ​ក្បួន​កម្មវិធី​នេះ ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​បញ្ឈប់​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។ យុទ្ធនាការ​នេះ ចូលរួម​ផ្សព្វផ្សាយ​ពី​មន្ត្រី​អាជ្ញាធរ មាន​មន្ត្រី​ប៉ូលិស កង​រាជ​អាវុធហត្ថ កង​ទាហាន និង​សិស្សានុសិស្ស​នៅ​ក្នុង​ខេត្ត​សរុប​ប្រមាណ​ជិត ៤០០​នាក់។

ក្នុង​នាទី​ស្ត្រី​ខ្មែរ​សប្ដាហ៍​នេះ អ្នកស្រី សុ ជីវី រាយការណ៍​ពី​សារសំខាន់​នៃ​ការ​ចូលរួម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ដូច​ត​ទៅ៖

សំឡេង​ស្គរ​ឆៃយ៉ាំ បាន​លាន់​ឮ​កង​រំពង​ក្នុង​ទី​រួម​ខេត្ត​កំពង់ស្ពឺ នា​ពេល​ព្រឹក​ព្រលឹម។ សំឡេង​នោះ​បាន​បន្លឺ​ចេញ​ពី​ក្រុម​អ្នក​ហែ​ក្បួន​ក្នុង​កម្មវិធី​បុរស​ល្អ។

«សំឡេង​ឆៃយ៉ាំ»

អ្នក​ចូលរួម​ដែល​ភាគ​ច្រើន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ សិស្ស បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ដើរ​កាន់​បដា និង​សារ​អប់រំ​ជាច្រើន។ សារ​មួយ​ក្នុង​ចំណោម​នោះ​លើក​ឡើង​ថា ខ្ញុំ​អប់រំ​កូន​ពី​ក្មេង​ឲ្យ​ចេះ​គោរព និង​ទទួល​ស្គាល់​តម្លៃ​ស្ត្រី បុរស​ល្អ​ផ្តល់​តម្លៃ​ឲ្យ​ស្ត្រី។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​មួយ​រូប​ឈ្មោះ ទូច ឬទ្ធី ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នោះ​ថ្លែង​ថា ជា​រឿង​ល្អ​មួយ​ដែល​លោក​បាន​ចូលរួម​យុទ្ធនាការ និង​ស្វែង​យល់​ពី​អត្ថន័យ​បុរស​ល្អ។ លោក​ថា ក្នុង​នាម​មន្ត្រី​កង​រាជ​អាវុធហត្ថ លោក​គាំទ្រ​ចំពោះ​សកម្មភាព​ដែល​ជា​មធ្យោបាយ​ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ លោក ឬទ្ធី យល់​ថា បុរស​ល្អ គឺ​ជា​បុរស​ដែល​មិន​មាក់ងាយ​ស្ត្រី ឬ​ប្រើ​ហិង្សា​ដាក់​ស្ត្រី។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ឈ្មោះ សន្តិភាព និង​អភិវឌ្ឍន៍ ដែល​រៀបចំ​កម្មវិធី​នេះ បាន​កំណត់​គោលដៅ​រយៈពេល​វែង​របស់​ខ្លួន ក្នុង​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ពលរដ្ឋ​ក្នុង​សង្គម ចំពោះ​តម្លៃ​នៃ​សមភាព​យេនឌ័រ ជាពិសេស​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ក្រុម​បុរស។ អង្គការ​នេះ បាន​ធ្វើ​យុទ្ធនាការ​បុរស​ល្អ​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​នេះ​ជា​លើក​ទី​១​ហើយ ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ចូលរួម​ដូច​នៅ​ក្រុង​ច្បារមន នេះ។

ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ (PYD) អ្នកស្រី គឹម ធីតាកល្យាណណី មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចូលរួម​របស់​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ គឺ​ជា​សារ​មួយ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គាត់ ក្នុង​ការ​ទប់ស្កាត់ និង​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​បង្ក​អំពើ​ហិង្សា​លើ​ស្ត្រី។ ការ​ចូលរួម​របស់​ពួក​គាត់ ជា​ការ​ប្រកាស​ប្រាប់​ពលរដ្ឋ​ទូទៅ​ថា ពួក​គាត់​ពិត​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ក្នុង​ការ​បង្ក្រាប​អំពើ​ហិង្សា ជាពិសេស​អំពើ​ហិង្សា​លើ​ស្ត្រី។

ឆ្លង​កាត់​បទពិសោធន៍​ការងារ​ជាច្រើន​ឆ្នាំ​មក​នេះ អ្នកស្រី ធីតាកល្យាណី អះអាង​ថា ក្រុម​បុរស​ដែល​បាន​ចូលរួម​កម្មវិធី​បុរស​ល្អ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ចំពោះ​ស្ត្រី ឬ​តែង​តែ​ជា​អ្នក​ដែល​មិន​ប្រើ​ហិង្សា​លើ​ស្ត្រី។ ពួក​គាត់​តែង​ផ្តល់​តម្លៃ​ចំពោះ​ភាព​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី។ ពួក​គាត់​ចូលរួម​ចែក​រំលែក​ការងារ​ផ្ទះ និង​ការ​សម្រេច​ចិត្ត​រួម​គ្នា​ក្នុង​គ្រួសារ។ អ្នកស្រី​រំពឹង​ថា ក្រុម​បុរស​ជា​កង​កម្លាំង​ប្រដាប់​អាវុធ ក៏​ដូច​គ្នា​នឹង​ក្រុម​បុរស​ដែល​បាន​ចូលរួម​យុទ្ធនាការ​នេះ​កាល​ពី​ឆ្នាំ​មុនៗ​ដែរ។

ក្រៅ​ពី​ចូលរួម​យុទ្ធនាការ​ហែ​ក្បួន ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ ក៏​បាន​ឆ្លង​កាត់​វគ្គ​សិក្ខា​សាលា​ផ្សព្វផ្សាយ​សារ ៦​ចំណុច ជា​គោលការណ៍​នៃ​យុទ្ធនាការ «បុរស​ល្អ» ដែល​ជា​ការ​អំពាវនាវ​ឲ្យ​បុរស​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​មក​ចូលរួម​ការពារ និង​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី។ សិក្ខា​សាលា​ដូច​គ្នា​នោះ ត្រូវ​ធ្វើ​នៅ​ក្នុង​ខេត្ត​ចំនួន​៤​ផ្សេង​ទៀត រួម​មាន​ខេត្ត​កំពត កំពង់ស្ពឺ ស្ទឹងត្រែង និង​រតនគិរី។

គោលការណ៍​ស្នូល​ទាំង​៦ នៃ​យុទ្ធនាការ «បុរស​ល្អ» នេះ គឺ​ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី ចែក​រំលែក​កិច្ចការ​ផ្ទះ ដោះស្រាយ​បញ្ហា​ដោយ​ការ​ពិភាក្សា​គ្នា ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ក្នុង​ការ​លើក​កម្ពស់​សមភាព​រវាង​បុរស និង​ស្ត្រី ធ្វើ​ការ​សម្រេច​ចិត្ត​រួម​គ្នា និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុរស និង​ស្ត្រី​ដោយ​ស្មើ​ភាព​គ្នា។

ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី កេត ម៉ារឌី មាន​ប្រសាសន៍​ពន្យល់​ដែរ​ថា ការ​ចូលរួម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​យុទ្ធនាការ​នេះ គឺ​មាន​សារសំខាន់ ដ្បិត​ពួក​គេ​ជា​អ្នក​ផ្ដល់​សេវា​ជួយ​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា។ អ្នកស្រី​បន្ត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ភាគ​ច្រើន​ជា​បុរស ហើយ​អ្នក​ប្រព្រឹត្តិ​អំពើ​ហិង្សា​ភាគ​ច្រើន​ជា​បុរស ហេតុ​នេះ​ការ​ជ្រើស​រើស​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​គោលដៅ គឺ​ចង់​បញ្ជាក់​ថា ចាប់​ផ្ដើម​ពី​ពួក​គាត់​នេះ​មុន​គេ ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

អ្នកស្រី កេត ម៉ារឌី ឲ្យ​ដឹង​ទៀត​ថា ដោយ​យោង​ទៅ​លើ​ការ​ស្ទង់​មតិ​ផ្នែក​សុខភាព​វិទ្យាសាស្ត្រ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ថា ស្ត្រី​មាន​ជិត ១៣​ភាគរយ បាន​ទទួល​អំពើ​ហិង្សា​ពី​ប្ដី ឬ​ពី​ក្រុម​បុរស​ដែល​ជា​ដៃគូ​ក្នុង​អំឡុង ១២​ខែ​ចុង​ក្រោយ​នេះ។

ចំណែក​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​ធ្វើ​ការងារ​ខាង​ស្ត្រី បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ គឺ​បន្ទាប់​ពី​បាន​សម្ភាស​ជាមួយ​បុរស​ប្រមាណ​ជិត ២​ពាន់​នាក់ (១.៨៦៣​នាក់) បង្ហាញ​ដែរ​ថា បុរស​កម្ពុជា ១​នាក់​ក្នុង​ចំណោម ៥​នាក់ គិត​ចាប់​ពី​អាយុ ១៥ ដល់ ៤៩​ឆ្នាំ មាន​បទពិសោធន៍​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។