សារសំខាន់​នៃ​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤

ដោយ សុ ជីវី
2015.01.07
អ៊ឹង កន្ថាផាវី ៣០៥ រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​​​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១០។
RFA/Khe Sonorng

ក្រសួង​កិច្ចការ​នារី ទើប​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​នារី​រតនៈ​ទី​៤ ដែល​មាន​រយៈពេល​អនុវត្ត ៥​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨។ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អះអាង​ថា ឯកសារ​នេះ​នឹង​ជួយ​អោយ​អ្នក​រៀបចំ​គោល​នយោបាយ អ្នក​ធ្វើ​សេចក្ដី​សម្រេច​នៅ​គ្រប់​វិស័យ យល់​ដឹង​ពី​បញ្ហា​យេនឌ័រ និង​អនុសាសន៍​ពាក់ព័ន្ធ និង​បញ្ជ្រាប​យេនឌ័រ​ទៅ​ក្នុង​វិស័យ​របស់​ខ្លួន។ ផែនការ​នេះ គឺ​ជា​គន្លឹះ​បញ្ជ្រាប​យេនឌ័រ​ដ៏​មាន​ប្រសិទ្ធភាព។

ក្នុង​នាទី​ស្ត្រី​ខ្មែរ​សប្ដាហ៍​នេះ អ្នកស្រី សុ ជីវី រាយការណ៍​ពី​សារសំខាន់​នៃ​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤​ដូច​ត​ទៅ៖

សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី គឺ​ជា​សារ​ចម្បង​របស់​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤ ដែល​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​កិច្ចការ​នារី ទើប​ផ្សព្វផ្សាយ និង​ដាក់​អោយ​អនុវត្ត។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​អោយ​ប្រើប្រាស់​ផែនការ​នារី​រតនៈ​ទី​៤ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា ឯកសារ​នេះ​នឹង​ជួយ​អោយ​អ្នក​រៀបចំ​គោល​នយោបាយ អ្នក​ធ្វើ​សេចក្ដី​សម្រេច​នៅ​គ្រប់​វិស័យ យល់​ដឹង​ពី​បញ្ហា​យេនឌ័រ និង​អនុសាសន៍​ពាក់ព័ន្ធ និង​បញ្ជ្រាប​យេនឌ័រ​ទៅ​ក្នុង​វិស័យ​របស់​ខ្លួន។ អ្នកស្រី​បន្ត​ថា នេះ​ជា​ឯកសារ​សំខាន់​ក្នុង​ការ​រៀបចំ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មុខ ក្នុង​ការ​អនុវត្ត​លើក​កម្ពស់​សមភាព​យេនឌ័រ។ អ្នកស្រី​សង្ឃឹម​ថា ឯកសារ​នេះ គឺ​ជា​គន្លឹះ​បញ្ជ្រាប​យេនឌ័រ​ដ៏​មាន​ប្រសិទ្ធភាព។

ផែនការ​នេះ បង្កើត​ឡើង​ដោយ​បញ្ចូល​អនុសាសន៍​នៃ​ការ​ប៉ាន់​ប្រមាណ​ពី​យេនឌ័រ​នៅ​កម្ពុជា ឆ្នាំ​២០១៤ ដែល​ជា​ឯកសារ​ស្រាវជ្រាវ​ថ្មី​មួយ​ធ្វើ​ដោយ​ក្រសួង​កិច្ចការ​នារី។ របាយការណ៍​ដែល​មាន​ប្រធានបទ ដំណើរ​ឆ្ពោះ​ទៅ​មុខ ផ្ដោត​លើ​បញ្ហា​ចំនួន​១០ ក្នុង​នោះ​រួម​មាន ការ​បញ្ជ្រាប​យេនឌ័រ​សំដៅ​ដល់​បរិបទ​ស្ថាប័ន ភាព​ជា​ដៃគូ និង​គោល​នយោបាយ ទំនាក់ទំនង និង​ឥរិយាបថ ការ​បង្កើន​ភាព​អង់​អាច​ស្ត្រី​ក្នុង​ផ្នែក​សេដ្ឋកិច្ច វិស័យ​អប់រំ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សុខភាព មេរោគ​អេដស៍ អំពើ​ហិង្សា ស្ត្រី​ក្នុង​វិស័យ​នយោបាយ ភាព​ងាយ​រងគ្រោះ​របស់​ស្ត្រី និង​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​ធាតុ​អាកាស។

នៅ​ក្នុង​បទ​បង្ហាញ​រយៈពេល​ជិត ៣០​នាទី រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ឃឹម ចំរើន បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​ស្ត្រី​ជួប​ប្រទះ ដូច​ដែល​របាយការណ៍​បាន​រក​ឃើញ។ អ្នកស្រី ឃឹម ចំរើន បញ្ជាក់​ថា បញ្ហា​ចំនួន​ពីរ​ដែល​ទើប​ដាក់​បន្ថែម គឺ​បញ្ហា​របស់​ក្រុម​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​កែ​ភេទ និង​បញ្ហា​បម្រែបម្រួល​ធាតុ​អាកាស។ ស្ត្រី​មាន​តួនាទី​ភេទ​រួច​ហើយ ដែល​ជា​អ្នក​ពពោះ ថែទាំ​គ្រួសារ ធ្វើ​ការងារ​ផ្ទះ។ ប៉ុន្តែ​ពេល​ស្ត្រី​ទៅ​ធ្វើ​ការ​ក្នុង​វិស័យ​នយោបាយ វិស័យ​សាធារណៈ គាត់​នៅ​តែ​ធ្វើ​ការងារ​ផ្ទះ​ដដែល។ អ្នកស្រី​ថា ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ផ្នត់​គំនិត​សង្គម ជាពិសេស​បុរស គឺ​នៅ​ជា​បញ្ហា។ អ្នកស្រី​សម្គាល់​ថា ពី​មុន​បុរស​ច្រើន​កាន់​តួនាទី​សម្របសម្រួល​ផ្នែក​យេនឌ័រ​តាម​បណ្ដា​ស្ថាប័ន​រដ្ឋ​នានា​ច្រើន​ដែរ ប៉ុន្តែ​ពេល​នេះ​គេ​បាន​ផ្លាស់ប្ដូរ​ដាក់​ស្ត្រី​វិញ ដែល​មាន​ន័យ​ថា ស្ត្រី​អប់រំ​ស្ត្រី​ដដែល បុរស​នៅ​តែ​មិន​បាន​ដឹង​មិន​ឮ​បញ្ហា​របស់​ស្ត្រី ក៏​ជា​មូលហេតុ​នាំ​អោយ​គ្មាន​ការ​ចូលរួម និង​ពុំ​មាន​ដំណោះស្រាយ។

ផ្ដើម​ចេញ​ពី​របាយការណ៍​ប៉ាន់​ប្រមាណ​នោះ ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤ ក៏​បង្កើត​គោល​នយោបាយ​ពាក់ព័ន្ធ​ចំនួន ៤​ចំណុច​ធំៗ។ យុទ្ធសាស្ត្រ​ទី​១ គឺ​កំណើន​សេដ្ឋកិច្ច​ដែល​ជា​ការ​ផ្ដល់​សិទ្ធិ​ភាព​អង់​អាច​ដល់​ស្ត្រី​ក្នុង​ផ្នែក​សេដ្ឋកិច្ច។ ទី​២ លទ្ធភាព​ទទួល​បាន​សេវា និង​កិច្ច​គាំពារ​សង្គម។ ទី​៣ បញ្ហា​អន្តរ​វិស័យ និង​ចុង​ក្រោយ គឺ​ការ​អភិវឌ្ឍ​ស្ថាប័ន និង​លើក​កម្ពស់​សមត្ថភាព​ស្ត្រី។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែង​ប្រាប់​ត្រួសៗ​ពី​ផែនការ​យុទ្ធសាស្ត្រ​ទាំង​នេះ ដែល​អ្នកស្រី​អះអាង​ថា ជា​សកម្មភាព​អាទិភាព​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​យេនឌ័រ ក្នុង​នោះ​រួម​មាន កំណើន​សេដ្ឋកិច្ច​ជា​អាទិភាព​មួយ​អប់រំ​សម្រាប់​ក្មេង​ស្រី​នៅ​ទី​ជនបទ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ស្ត្រី​វ័យ​ក្មេង។

បន្ថែម​លើ​សកម្មភាព​អាទិភាព អ្នកស្រី អ៊ឹង កន្ថាផាវី សង្ឃឹម​ថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​សកម្មភាព​ជួយ​ជំរុញ​អោយ​យុទ្ធសាស្ត្រ​ទាំង​នេះ​បាន​អនុវត្ត​មាន​ប្រសិទ្ធភាព។

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន មាន​ប្រសាសន៍​ថា ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤ នេះ នឹង​សម្របសម្រួល​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​គម្លាត​យេនឌ័រ ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​វឌ្ឍនភាព​ផ្នែក​សង្គម​កិច្ច និង​សេដ្ឋកិច្ច​ជាតិ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​នៅ​មាន​បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត​ជុំវិញ​សមភាព​រវាង​បុរស និង​ស្ត្រី​នៅ​ឡើយ។

ទាក់ទិន​នឹង​ផែនការ​នារី​រតនៈ​ទី​៤ នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល ស្វាគមន៍​ចំពោះ​ការ​បង្កើត​ផែនការ​នេះ។

ប្រធាន​កម្មវិធី​នៃ​អង្គការ​ហ្គេដស៊ី (GADC) លោក ឆាយ គឹមស័រ មាន​ប្រសាសន៍​ថា អង្គការ​លោក​នឹង​ចូលរួម​តាម​ដាន​ការ​អនុវត្ត និង​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​ផែនការ​នេះ។

អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា លោកស្រី ក្លែរ វ៉ាន់ ឌឺ វ៉ារ៉េន (Claire Van der Vaeren) ដែល​សាទរ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​កិច្ចការ​នារី ក្រុម​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា នឹង​បន្ត​ជួយ​កម្ពុជា ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ដ៏​មាន​មហិច្ឆតា​នៅ​ក្នុង​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤ នេះ។ អ្នកស្រី​គិត​ថា កម្ពុជា នឹង​មិន​អាច​សម្រេច​តាម​គោលដៅ​ជា​មហិច្ឆតា​របស់​ខ្លួន​បាន​ទេ ប្រសិន​បើ​ភាព​រឹងប៉ឹង ទេពកោសល្យ​របស់​ស្ត្រី​មិន​អាច​បង្ហាញ​អោយ​បាន​ពិត​ប្រាកដ ដោយសារ​តែ​បញ្ហា​ជា​ឧបសគ្គ​មិន​អាច​ដោះស្រាយ​បាន។ អ្នកស្រី​បន្ត​ថា ភាគី​ទាំងអស់​ត្រូវ​តែ​ធានា​ថា ផែនការ​នេះ​មិន​បំភ្លេច​អ្នក​ណា​ម្នាក់​ឡើយ និង​ធានា​ថា ក្រុម​ស្ត្រី​វ័យ​ក្មេង និង​ងាយ​រងគ្រោះ បាន​ចូលរួម​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ។

ស្រប​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ឃឹម ចំរើន បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែរ ដោយ​ក្នុង​នោះ ក្រសួង​កិច្ចការ​នារី ត្រូវ​ការ​អោយ​មាន​ថវិកា​សម្រាប់​ការ​អនុវត្ត ជាពិសេស​ផែនការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​លើក​កម្ពស់​សមភាព​យេនឌ័រ។ អ្នកស្រី​អំពាវនាវ​ដល់​ដៃគូ​ពាក់ព័ន្ធ ជួយ​ឧបត្ថម្ភ​ថវិកា​ពង្រឹង​សមត្ថភាព​ស្ត្រី។ អ្នកស្រី​លើក​ឡើង​ដែរ​ថា ក្រៅ​ពី​នេះ ស្ត្រី​ដែល​មាន​តួនាទី​ជា​ភរិយា​ជា​ម្តាយ និង​ថែទាំ​គ្រួសារ​ពិបាក​ក្នុង​ការ​ចាក​ចេញ​ពី​គ្រួសារ​រយៈពេល​យូរ ដើម្បី​បន្ត​ការ​សិក្សា។

ទាក់ទិន​នឹង​បញ្ហា​ថវិកា​នេះ របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អោយ​ដឹង​ថា មាន​ក្រសួង​ចំនួន​១០ បាន​បង្កើត​ថវិកា​សម្រាប់​ការ​បញ្ជ្រាប​យេនឌ័រ។ នៅ​ក្នុង​ឆ្នាំ​២០១៦ ក្រសួង​គ្រោង​នឹង​ជំរុញ​ក្រសួង​ស្ថាប័ន​ចំនួន​១០ បន្ថែម​ទៀត អោយ​ស្ម័គ្រ​ចិត្ត​អនុវត្ត​ថវិកា​កម្មវិធី​បញ្ជ្រាប​យេនឌ័រ។

ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ ត្រូវ​បង្កើត​លើក​ដំបូង​ដែល​ហៅ​ថា នារី​រតនៈ​ទី​១ នៅ​ក្នុង​ឆ្នាំ​១៩៩៩។ ក្នុង​លទ្ធផល​ដែល​បង្ហាញ​ក្នុង​ផែនការ​នារី​រតនៈ​ទី​៤ អះអាង​ថា ស្ថានភាព​គម្លាត​យេនឌ័រ​នៅ​កម្ពុជា បាន​កែលំអ​ជា​បណ្ដើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។