ភរិយាយោធិនពិការពលីស្នើសុំជំនួយសប្បុរសធម៌ចិញ្ចឹមកូន៦នាក់និងម្ដាយចាស់ជរា
2015.01.08
ភរិយាអតីតយោធិនពិការរស់នៅក្នុងខេត្តកណ្ដាល អំពាវនាវរកជំនួយសប្បុរស ដើម្បីបានចិញ្ចឹមកូនក្នុងបន្ទុកចំនួន ៦នាក់ ដោយជីវភាពក្រីក្រតោកយ៉ាកពេក។ ស្របពេលនេះ ក៏ស្នើសុំឲ្យបញ្ចូលកូនតូចៗក្រោមអាយុ ១៨ឆ្នាំ ឲ្យបានប្រាក់សង្គមកិច្ច។
លើសពីនេះ ស្ត្រីជាមេគ្រួសារក្រីក្រនេះ ស្នើឲ្យក្រសួងសង្គមកិច្ច ស៊ើបអង្កេតរកការពិតចំពោះប្រាក់មរណភាពនៃប្ដី ដែលលោកស្រីអះអាងថា ទើបបើកបាន ១០ខែ នៅខ្វះ ១៤ខែទៀត ប៉ុន្តែបែរជាត្រូវមន្ត្រីសង្គមកិច្ចនៅមូលដ្ឋានបដិសេធ។
ក្នុងនាទីស្ត្រីខ្មែរសប្ដាហ៍នេះ អ្នកស្រី សុជីវី រាយការណ៍ពីស្ត្រីមេម៉ាយក្រីក្រទាមទារប្រាក់សង្គមកិច្ចចិញ្ចឹមកូនក្រោយពេលប្ដីពលី៖
ក្នុងវ័យជាង ៥០ឆ្នាំ លោកស្រី មុំ លាង មានលំនៅឋានក្នុងភូមិមេបាន ក្នុងឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងរ៉ាប់រងចិញ្ចឹមកូនចំនួន ៦នាក់ក្នុងបន្ទុក និងម្តាយចាស់ជរាក្នុងនាមជាស្ត្រីមេម៉ាយ ក្រោយប្ដីដែលជាអតីតយោធិនពិការបានស្លាប់។
លោកស្រី មុំ លាង ដែលមិនចេះអក្សរ ឬជំនាញអ្វីដែលអាចចិញ្ចឹមជីវិត កាន់ប័ណ្ណសម្គាល់ថាជាជនក្រីក្រកម្រិតទី២ បានរៀបរាប់ពីការលំបាក ដែលលោកស្រីជួបប្រទះនៅក្រោយពេលប្ដីស្លាប់ថា លោកស្រីពុំមានដីស្រែប្រកបរបរចិញ្ចឹមជីវិតដូចក្រុមគ្រួសារអ្នកដទៃក្នុងភូមិឡើយ៖ «បើសិនជាអត់យ៉ាងម៉េចក៏គាត់ (ប្ដី) ស្រវេស្រវាសម្រាប់យកមកចិញ្ចឹមកូន។ ខ្ញុំមិនដែលពិបាកទេ ដល់ពេលអត់ពីគាត់ទៅ ខ្ញុំម្នាក់ឯងគត់ ខ្ញុំវេទនាណាស់។ កាលនៅរស់ ប្រាក់ខែគាត់មានហើយ គាត់អាចរត់ម៉ូតូឌុប គាត់អាចធ្វើការងារស្រាលៗបានសម្រាប់ចិញ្ចឹមប្រពន្ធកូន។ ពេលអត់ពីគាត់ហ្នឹង បានខ្ញុំវេទនារកអីប្រៀបមិនបានទេ នឹកឃើញថាប្រាក់ខែអត់ហើយ ដីស្រែក៏គ្មានទៀត»។
ដោយជីវភាពក្រលំបាកពេក លោកស្រីបានសម្រេចបញ្ជូនកូនស្រីច្បងឲ្យទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែការងាររបស់នាងមិនជាប់លាប់ទេ ដ្បិតតែនាងចេញទៅដោយខុសច្បាប់ ហេតុនេះ ពេលខ្លះក៏បានប្រាក់តិចតួចមកផ្ទះ។ ប៉ុន្តែមកដល់ពេលនេះ លោកស្រីមិនបានដំណឹងពីកូនស្រីឡើយ ហើយប្រាក់កាសក៏ខានផ្ដល់មកច្រើនខែហើយដែរ៖ «ពេលណាបានលុយក៏ផ្ញើមក ពេលណាអត់ក៏អត់។ ឥឡូវ ២ខែហើយ នៅមិនទាន់ផ្ញើមក។ បើសិនមកពេលចូលឆ្នាំខាងមុខ ខ្ញុំលែងឲ្យទៅហើយ»។
យ៉ាងនេះក្ដី អ្វីដែលធ្វើឲ្យលោកស្រីឈឺចាប់ និងតូចចិត្តក្នុងជីវិត គឺប្រាក់បំណាច់ក្រោយប្ដីស្លាប់ទៅតាំងពីឆ្នាំ២០១១ នោះ នៅមិនទាន់បើកគ្រប់នៅឡើយ ស្របពេលកូនៗរបស់លោកស្រីចំនួន ៤នាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ បែរជាមិនបានឋិតក្នុងបញ្ជីទទួលប្រាក់សង្គមកិច្ចឡើយ។ លោកស្រី មុំ លាង បានទៅតវ៉ាជាច្រើនសានៅមន្ទីរសង្គមកិច្ចខេត្តកណ្ដាល ពីរឿងប្រាក់បំណាច់ក្រោយប្ដីស្លាប់ និងសុំបញ្ចូលឈ្មោះកូនតូចៗឲ្យបានបើកប្រាក់សង្គមកិច្ច ប៉ុន្តែមិនបានលទ្ធផលឡើយ៖ «កូនបានតែ ២នាក់ ក្នុងម្នាក់បាន ៧ពាន់ទេ រួចយកមកចិញ្ចឹមអីនឹងរស់ ចំណែកខ្ញុំកូន ៣នាក់អត់»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានការិយាល័យអតីតយុទ្ធជន នៃមន្ទីរសង្គមកិច្ចខេត្តកណ្ដាល លោក ប៉ុក ពេជ្រ មានប្រសាសន៍ថា លោកមិនអាចបញ្ចូលឈ្មោះកូនផ្សេងទៀតទៅក្នុងបញ្ជីបានទេ ដោយសារតែគ្រួសារនេះមិនបានបំពេញបែបបទបញ្ចូលឈ្មោះកូនៗទៅក្រសួង នៅពេលឪពុកពួកគេនៅមានជីវិត។ លោកថា ពេលនេះហួសពេលទៅហើយ៖ «ដល់ពេលប្ដីគាត់ស្លាប់ទៅ គេឧបត្ថម្ភអស់ហើយ ប៉ុន្តែរបបចិញ្ចឹមរបស់គាត់ត្រូវបានកូន២ កន្លងមក។ ដល់ពេលកូនគាត់លើសអាយុបន្តបន្ទាប់មកទៀត ឥឡូវនៅសល់តែកូនមួយទេសព្វថ្ងៃ ដែលបើកតាមធនាគារហ្នឹង។ គាត់ចេះតែស្រែកថាកូនគាត់ច្រើន ហើយរដ្ឋអត់ជួយឧបត្ថម្ភចឹង អ្នកនេះមិនបញ្ចូលឲ្យ មន្ទីរអត់បញ្ចូលឲ្យ។ តាមពិតកូនដែលកើតថ្មីហ្នឹងត្រូវសុំបញ្ចូល ប៉ុន្តែលុះត្រាតែប្ដីហ្នឹងកាលដែលនៅរស់នៅអង្គភាពដើមហ្នឹង គឺសុំបញ្ចូលឲ្យហើយតាំងពីពេលហ្នឹងមក។ ដល់ពេលស្លាប់ហើយ ពុំមានគោលការណ៍ដែលសុំបញ្ចូលកូនកើតថ្មីទេ»។
ទាក់ទិននឹងប្រាក់បំណាច់ចុងក្រោយវិញ លោក ប៉ុក ពេជ្រ អះអាងថា លោកបានបើកប្រាក់ចំនួនជាង ៣លានរៀលទៅឲ្យ លោកស្រី លាង មុំ រួចហើយ ពោល គឺស្មើនឹង ២៤ខែ ដែលជាប្រាក់បំណាច់ចុងក្រោយសម្រាប់យោធិនពិការពលី។
ប៉ុន្តែចំណុចនេះ បានក្លាយជារឿងចម្រូងចម្រាសរវាង លោកស្រី មុំ លាង និងប្រធាននាយកដ្ឋានអតីតយុទ្ធជន នៃមន្ទីរសង្គមកិច្ចខេត្តកណ្ដាល។ ដ្បិតស្ត្រីជាប្រពន្ធអះអាងថា ប្ដីគាត់មានប្រាក់ខែជាង ៣០ម៉ឺនរៀល ដែលមានន័យថា ប្រាក់ដែលមន្ត្រីសង្គមកិច្ចផ្ដល់ឲ្យលោកស្រីនោះ គឺមិនទាន់គ្រប់នៅឡើយ។ ប៉ុន្តែមន្ត្រីសង្គមកិច្ចនៅតែអះអាងថា បានផ្តល់គ្រប់ហើយ ដ្បិតប្រាក់ខែប្ដីលោកស្រីនោះតែ ១៩ម៉ឺនរៀលក្នុងមួយខែ។
លោក ប៉ុក ពេជ្រ ពន្យល់ថា ការទូទាត់ប្រាក់បំណាច់នោះ គឺធ្វើតាមច្បាប់កំណត់ ដោយផ្អែកតាមប្រាក់ខែ៖ «គេយកលុយប្រាក់ខែពេញទៅគុណនឹង ១៥ខែហ្នឹងបានលុយ ១៥ខែ បូជាសព គឺស្នើនឹងលុយឋានន្តរសក្តិសុទ្ធសាធគុណនឹង ៩ខែ ចឹងលុយ ៩ខែបូកនឹង ១៥ខែ គឺស្មើនឹង ២៤ខែ ឧបត្ថម្ភមួយលើក»។
យ៉ាងណា លោកស្រី មុំ លាង នៅតែអះអាងថា ប្រាក់ខែប្ដី គឺជាង ៣០ម៉ឺនរៀល។ លោកស្រីស្នើឲ្យក្រសួងស៊ើបអង្កេតករណីនេះ ដើម្បីរកការពិត និងផ្ដល់ប្រាក់បំណាច់ចុងក្រោយឲ្យលោកស្រីឲ្យបានគ្រប់ចំនួន។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ថ្លែងថា អ្នកកេងប្រវ័ញ្ចប្រាក់បំណាច់ផ្សេងៗ នឹងត្រូវទទួលខុសត្រូវ។ ប៉ុន្តែលោកទាមទារឲ្យមានការបង្ហាញករណីនីមួយៗឲ្យច្បាស់លាស់៖ «រឿងហ្នឹងបើមានបញ្ហាអី អ្នកកាសែតអ្នកអ្នកព័ត៌មានសុំជួយខ្ញុំវិញផង ហើយផ្តល់រឿងហ្នឹងទៅឲ្យក្រសួង ក្រសួងនឹងដោះស្រាយភ្លាម មានគោលការណ៍យ៉ាងម៉េចនឹងដោះស្រាយយ៉ាងហ្នឹង»។
លោកស្រី មុំ លាង រំឭកថា គាត់បានរៀបការនឹង លោក អាង ឈាង ដែលជាមន្ត្រីយោធាថ្នាក់អនុសេនីយ៍ត្រី ប៉ុន្តែបានធ្លាក់ខ្លួនពិការកាលពីឆ្នាំ១៩៩៦ បន្ទាប់មកក៏ត្រូវកាត់រំសាយ៖ «វះក៏ស្លាប់ មិនវះក៏ស្លាប់ ព្រោះគ្រាប់វាកំណត់ដុំអំបែងហ្នឹងវាកំណត់ ដល់ចឹងទៅគាត់រលាកបំពង់ខ្យល់ ផ្លូវដង្ហើម បេះដូងរីក បូសថ្លើមហ្នឹង ៣ដុំទៀត ទៅដល់ស្រុកយួន ក៏អត់ជាដែរ ពេទ្យគេនិយាយចឹង។ គាត់របួសហ្នឹង គឺអាបេបុកម៉ោចំ គាត់វ៉ៃនៅភ្នំវល្លិ»។
បុរសពិការ បានចិញ្ចឹមគ្រួសារដោយពឹងផ្អែកលើប្រាក់ខែ និងប្រកបរបររត់ម៉ូតូឌុប។
លោកស្រី មុំ លាង បន្តថា ជីវិតគ្រួសារក្រីក្រ ប៉ុន្តែលោកស្រីមិនពិបាកដូចពេលនេះទេ។ ពេលនេះ លោកស្រីបានលក់ដីខ្លះ ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព និងសងបំណុលខ្លះ។ ប៉ុន្តែភាពក្រីក្រតោកយ៉ាកនោះ បានធ្វើឲ្យគ្រួសារលោកស្រីជំពាក់បំណុលជាច្រើនរយដុល្លារទៀត៖ «ក្នុងចិត្តកង្វល់ជាងគេណាលុយ ណាកូនឈឺ ណាខ្លួនឯងអត់សូវជា ចំណែកម៉ែខ្ញុំចាស់ គាត់ឈឺឡើងឈាមជួនកាលដើរៗដួល»។
ក្ដីប្រាថ្នាចុងក្រោយរបស់លោកស្រី គឺចង់បានថវិកាសម្រាប់សងបំណុល និងអាចមានប្រាក់កាសខ្លះប្រកបរបរចិញ្ចឹមជីវិតឲ្យរួចផុតពីភាពតោកយ៉ាក៕