យុទ្ធនាការបញ្ឈប់អំពើហិង្សាលើស្ត្រីនិងកុមារី "ផ្លាស់ប្ដូរការស្ដីបន្ទោស"
2015.11.26
យុទ្ធនាការបំពាក់បូណ៌ពណ៌សមានរយៈពេល ១៦ថ្ងៃ គឺជាសកម្មភាពលើកកម្ពស់ចំណេះដឹងដើម្បីចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី។ ក្នុងឆ្នាំ២០១៥ នេះ ក៏មិនខុសពីឆ្នាំកន្លងទៅដែរ យុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលធ្វើការងារទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ រួមទាំងក្រសួងកិច្ចការនារី ក៏បានចូលរួមយុទ្ធនាការនេះដែរ ដោយចាប់ផ្ដើមសកម្មភាពតាំងពីសប្ដាហ៍កន្លងទៅ។ ស្របគ្នានេះក៏មានសកម្មភាពមួយចំនួនដែលក្រុមនេះនឹងធ្វើបន្តទៀតនៅសប្ដាហ៍ក្រោយ។
យុទ្ធនាការបញ្ឈប់អំពើហិង្សាលើស្ត្រី ក្នុងឆ្នាំនេះមានប្រធានបទរួមគឺការផ្លាស់ប្ដូរការស្ដីបន្ទោស។
តំណាងអង្គការសហប្រជាជាតិស្ដីពីស្ត្រីប្រចាំនៅកម្ពុជា អ្នកស្រី វេនី គុសុម៉ា (Wenny Kusuma) លើកឡើងថា ស្ត្រីជាច្រើននាក់រងគ្រោះដោយអំពើហិង្សាតែងទទួលការស្ដីបន្ទោសពីសង្គម បើទោះជាពួកគេជាអ្នករងអំពើហិង្សា។
អ្នកស្រីបន្តថា អំពើហិង្សាមិនមែនជាកំហុសរបស់ជនរងគ្រោះទេ ប៉ុន្តែវាគួរតែជាជនល្មើសត្រូវជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ ចំណែកស្ត្រីក៏ត្រូវតែដឹងពីសិទ្ធិរបស់ខ្លួន ហើយសិទ្ធិរបស់គេត្រូវទទួលបានការការពារពីយើងទាំងអស់គ្នា។
យុទ្ធនាការរយៈពេល ១៦ថ្ងៃនៃដំណើរលុបបំបាត់អំពើហិង្សាលើស្ត្រីហៅកាត់ថា យូ.អិន.វីមេន (UN Women) ត្រូវអនុម័តដោយសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩១។ អង្គការសហប្រជាជាតិក៏បានបង្កើតទិវាអន្តរជាតិប្រឆាំងអំពើហិង្សាលើស្ត្រី ដោយកំណត់យកថ្ងៃទី២៥ ខែវិច្ឆិកា។ ការបង្កើតយុទ្ធនាការ និងទិវានេះ គឺដើម្បីរំលឹកដល់អំពើហិង្សាលើស្ត្រីដ៏ធ្ងន់ធ្ងរកើតឡើងនៅប្រទេស ដូមីនិក (Dominica) កាលពីឆ្នាំ១៩៦០ និងក្នុងប្រទេសកាណាដា (Canada) កាលពីឆ្នាំ១៩៨៩។ ក្នុងឆ្នាំ១៩៦០ អ្នកនយោបាយជាស្ត្រីចំនួន ៤នាក់ ត្រូវគេសម្លាប់ដោយសារពួកគេប្រកាន់យកនយោបាយដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច។ ចំណែកនៅក្នុងប្រទេសកាណាដា ខ្មាន់កាំភ្លើងដែលជាអ្នកមានទស្សនៈប្រឆាំងនឹងស្ត្រី បានបាញ់សម្លាប់សិស្សស្រីចំនួន ១៤នាក់ នៅក្នុងសាលាពហុបច្ចេកវិទ្យា។
ប្រធានសមាគមអភិវឌ្ឍន៍សុខភាពប្រជាជន លោក អ៊ូ រតនៈ ដែលសម្របសម្រួលសកម្មភាពនានា ក្នុងយុទ្ធនាការបញ្ឈប់អំពើហិង្សាលើស្ត្រីមានប្រសាសន៍ថា សាធារណជនដែលយល់ដឹងពីសារសំខាន់នៃការបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារី និងចូលរួមទប់ស្កាត់ និងការពារស្ត្រីពីអំពើហិង្សា។ លោកបន្តថា សង្គមគួរតែផ្លាស់ប្ដូរឥរិយាបថងាកមកយកចិត្តទុកដាក់ពីបញ្ហាអំពើហិង្សាលើស្ត្រី ដោយផ្លាស់ប្ដូរពីការស្ដីបន្ទោសលើជនរងគ្រោះ៖ «»។
អង្គការ UN Women ប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងសមាគមអភិវឌ្ឍន៍សុខភាពប្រជាជន និងក្រសួងកិច្ចការនារី កំពុងប្រកាន់ជំហរប្រឆាំងអំពើហិង្សា ដោយការរៀបចំព្រឹត្តិការណ៍មួយចំនួនចាប់តាំងពីសប្ដាហ៍នេះ។ ចាប់ពីសប្ដាហ៍ក្រោយទៅនិងមានសកម្មភាពធំៗចំនួន៣ ដែលរួមមាន កម្មវិធីរត់ប្រណាំងចំនួន២ គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងខេត្តព្រះសីហនុ និងនៅថ្ងៃទី៤ ខែធ្នូ នៅតំបន់អង្គរក្នុងខេត្តសៀមរាប។ ចំណែកនៅថ្ងៃទី៦ ខែធ្នូ នឹងមានការរាំរួមគ្នានៅសួនច្បារខាងមុខវត្តបទុមវតី ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា។
ប្រធានកម្មវិធីទទួលបន្ទុកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៃអង្គការឃែរ អន្តរជាតិ (Care International) អ្នកស្រី អ៊ាត ពិសាល មានប្រសាសន៍ថា អង្គការអ្នកស្រីក៏រៀបចំសកម្មភាពមួយចំនួនក្នុងយុទ្ធការនេះដែរ។ អ្នកស្រីរំពឹងថា ក្រុមភាគីពាក់ព័ន្ធទាំងអង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរនានា នឹងធ្វើការរួមគ្នាជាសំឡេងតែមួយ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី៖ «»។
អង្គការឃែរ អន្តរជាតិនៅកម្ពុជា ដែលទទួលបានថវិកាពីមូលនិធិអង្គការសហប្រជាជាតិហៅថា យូអេន ត្រាស់ ហ្វាន់ (UN Trust Fund) រួមជាមួយសមាគមអភិវឌ្ឍន៍សុខភាពប្រជាជនធ្វើយុទ្ធនាការបន្តបន្ទាប់នៅតាមវិទ្យាល័យ មហាវិទ្យាល័យ និងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីការបញ្ឈប់អំពើហិង្សាលើស្ត្រី។
ទាក់ទងនឹងយុទ្ធការ ១៦ថ្ងៃនេះ សកម្មជនសហជីពផ្នែកសេវាកម្ម និងចំណីអាហារប្រមាណ ២០នាក់នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នាំគ្នាចុះចែកខិត្តប័ណ្ណ និងបំពាក់បូណ៌ពណ៌សនៅតាមភោជនីយដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ។ ក្រុមសកម្មជនរំពឹងថា សកម្មភាពនេះនឹងជួយអោយសាធារណជនអ្នកធ្វើការក្នុងវិស័យសេវាកម្សាន្ត និងអតិថិជនបានយល់ដឹងពីសារសំខាន់នៃការបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារី។ ខិត្តប័ណ្ណដែលផ្សព្វផ្សាយទាំងនោះមានសារថា អំពើហិង្សាលើស្ត្រីជាករណីដែលច្បាប់មិនអាចលើកលែងអោយបាន។
អនុប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ក្រុមស្ត្រីនៅក្នុងផ្នែកសេវាកម្សាន្ត ដែលរួមមានអ្នករត់តុ អ្នកបម្រើភ្ញៀវនៅតាមភោជនីយដ្ឋាន ក្លឹបកម្សាន្ត ខារ៉ាអូខេ និងទីតាំងផ្សេងៗមួយចំនួនទៀតប្រឈមនឹងការរំលោភបំពាន ឬអំពើហិង្សាពីអតិថិជនមួយចំនួន ដែលពេលខ្លះអាចជាអ្នកមានប្រាក់មានអំណាច។ លើសពីនេះនៅពេលពួកគេចេញពីកន្លែងធ្វើការទៅផ្ទះតាមផ្លូវក៏ប្រឈមនឹងបញ្ហាហិង្សាតាមដងផ្លូវទៀត។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «ស្ត្រីមួយចំនួនគាត់ធ្វើការនៅទីហ្នឹងគាត់ត្រូវតែបង្ខំចិត្តក្នុងការទទួលយកឥរិយាបថពីភ្ញៀវ ដើម្បីគាត់អាចធ្វើការងារហ្នឹងបានតទៅទៀត។ អ៊ីចឹងដោយសារតែស្ថានភាពការងារ សង្គមវប្បធម៌បែបហ្នឹងហើយ បានគាត់ គឺស្ត្រីមួយចំនួនបានព្យាយាមតតាំងដែរ តែដល់យើងក្រឡេកមើលមួយទៀតក៏គាត់ពិបាកក្នុងការនិយាយ ដោយសារតែឥទ្ធិពលភ្ញៀវ ដែលគាត់ចូលផឹកស៊ីហ្នឹងគឺមានឥទ្ធិពលខ្លាំង»។
ជាអតិថិជននៅភោជនដ្ឋានម្នាក់ លោក ជួន តុំ គាំទ្រ និងចូលរួមយុទ្ធនាការនេះ៖ «គ្មានអំពើហិង្សាគឺល្អដល់សង្គមគ្រួសារទាំងមូល និងប្រទេសជាតិ ដោយសារវាមិនធ្វើអោយខាតបង់ថវិកាក្នុងគ្រួសារ ដោយសារអំពើហិង្សាវាធ្វើអោយមានរបួសស្នាម ខាតពេលវេលារកស៊ីផង។ អំពើហិង្សាលើស្ត្រី និងកុមារជាអំពើដែលមិនអាចទទួលយកបាន ដោយសារវាជាអំពើល្មើសច្បាប់»។
របាយការណ៍ដែលផ្សព្វផ្សាយដោយអង្គការសហប្រជាជាតិអោយដឹងថា មានស្ត្រីម្នាក់ក្នុងចំណោមបីនាក់បញ្ជាក់ថា គេធ្លាប់រងអំពើហិង្សាក្នុងជីវិតរបស់ពួកគេ មិនថា អំពើហិង្សាផ្នែករាងកាយ ផ្លូវភេទ ផ្លូវចិត្ត និងសេដ្ឋកិច្ច។
នៅកម្ពុជារបាយការណ៍សង្ខេបនៃការស្រាវជ្រាវថ្នាក់ជាតិស្ដីពីសុខភាព និងបទពិសោធន៍ជីវិតរបស់ស្ត្រី ផ្សព្វផ្សាយនៅក្នុងខែវិច្ឆិកា នេះ អោយដឹងថា អំពើហិង្សាលើស្ត្រីគឺជាបញ្ហាសុខភាពសាធារណៈធំមួយ ដែលមានផលប៉ះពាល់រយៈពេលវែងចំពោះផ្លូវកាយ ផ្លូវចិត្ត និងសុខភាពបន្តពូជ។
កាលឆ្នាំ២០១៣ កម្មវិធីដៃគូ ដើម្បីការទប់ស្កាត់អំពើហិង្សាលើស្ត្រីបានធ្វើការសិក្សាមួយដោយសម្ភាសបុរស និងស្ត្រីចំនួន ១.៨៣១នាក់ ក្នុងនោះបុរសចំនួន ៣២,៥ភាគរយនិយាយថា បានប្រើហិង្សាលើរាងកាយ និងផ្លូវភេទលើដៃគូជិតស្និទ្ធរបស់ពួកគេ។
ទាក់ទិននឹងករណីនេះនៅក្នុងផែនការនារីរតនៈទី៤ ដែលជាផែនការយុទ្ធសាស្ត្រដើម្បីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីឆ្នាំ២០១៤ ដល់២០១៨ បានលើកឡើងពីផែនការរបស់រដ្ឋាភិបាលចូលរួមដោះស្រាយបញ្ហានេះ។ ក្នុងនោះរួមមានកិច្ចការពារបឋម កិច្ចការពារពហុវិស័យ និងសេវាផ្នែកច្បាប់ និងគោលនយោបាយការអភិវឌ្ឍសមត្ថភាព៕