ប្រវត្តិសង្ខេប​របស់​អ្នកស្រី ចែម សេរីរក្ស ទាហាន​ឆ័ត្រយោង

2008-03-26

នៅក្នុង​នាទី​ស្ត្រីខ្មែរ​នា​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី សូម​លើក​យក​ប្រវត្តិ​សង្ខេប​របស់​អ្នកស្រី ចែម សេរីរក្ស ទាហាន​ឆ័ត្រយោង មក​ជម្រាប​ជូន ។

អ្នកស្រី ចែម សេរីរក្ស ឤយុ ៤១ឆ្នាំ ជាអ្នកស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន អ្នកស្រី មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ត្រី នៃអង្គភាពឆ័ត្រយោង កងពល៩១១ ដែលមានទីតាំង នៅបន្ទាយទាហាន កំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

អ្នកស្រី បានមានប្រសាសន៍ សម្តែងក្តីមោទនភាព យ៉ាងក្រៃលែង ដែលថា នៅកម្ពុជា មានស្ត្រី តែ ២នាក់គត់ រាប់ទាំងអ្នកស្រីផង មានឤជីព ខាងលោតឆ័ត្រយោង ៖ «អ្នកមានឤជីព មានតែ ២នាក់ទេ ដែលលោតឆ័ត្រយោង ហើយមានតាមស្ថាប័ន ផ្សេងៗទៀត ដូចជា មកហ្វឹកហាត់ រៀនសូត្រហ្នឹង គ្នាអត់ហ៊ានលោតទេ គឺគ្រាន់តែមកលោត បង្គ្រប់កិច្ច ដើម្បីចេញទៅ បន្តវគ្គផ្សេងទៀតមាន›»

អ្នកស្រី ចែម សេរីរក្ស រៀបការនៅឆ្នាំ១៩៨១ ជាមួយ ព្រះអង្គម្ចាស់ នរោត្តម ដារារ៉េត ព្រះរាជបុត្រ នៃព្រះអង្គម្ចាស់ នរោត្តមកន្តុល ហើយដែលកាលណោះ អ្នកស្រី មានឤយុ ទើបបាន ១៥ឆ្នាំ ។ អ្នកស្រី មានកូនចំនួន ៣នាក់ កូនប្រុសបង ឤយុ ២៥ឆ្នាំ កូនប្រុសបន្ទាប់ ឤយុ ១៩ឆ្នាំ និងកូនស្រីពៅ មានឤយុ ១៤ឆ្នាំ ។

អ្នកស្រី ចែម សេរីរក្ស បានឱ្យដឹងថា ៖ «šប្រុស ២នាក់ ធ្វើជាទាហាន នៅក្នុងបន្ទាយ ជាមួយគ្នា ។ កូនស្រីពៅនៅរៀន ហើយប្រុសកណ្តាល ក៏មានឈ្មោះ ធ្វើជាទាហានដែរ តែនៅសិក្សា នៅឡើយទេ›»

អ្នកស្រី ចែម សេរីរក្ស បានត្រូវព្រះស្វាមី ដែលមានជាប់ ពូជពង្សស្តេចនោះ លែងលះ កាលពីឆ្នាំ ១៩៩៧ ហើយស្វាមី ក៏បានទៅរៀបការ ជាមួយស្ត្រីផ្សេងទៀត ។ ចំណែក អ្នកស្រីវិញ នៅមិនទាន់រៀបការទេ តែមានមិត្តភ័ក្តិប្រុស ធ្វើជាទាហាន ដែរនោះ រស់នៅជាមួយ និង ជួយចិញ្ចឹម ទំនុកបម្រុង កូនៗទាំងបី ។

អ្នកស្រី ចែម សេរីរក្ស បានមានប្រសាសន៍ថា ៖ «ឥឡូវហ្នឹង គាត់នៅធ្វើការ ផ្នែកបុគ្គលិក ព្រឹទ្ធសភា ប៉ុន្តែ ខ្ញុំបានដាច់គ្នា ក្នុងរយៈពេល ១០ឆ្នាំហើយ ។ គាត់ឈ្មោះ នរោត្តម ដារ៉ារេត កូន របស់ព្រះអង្គម្ចាស់ ទ្រង់កន្តុល ត្រូវជាជីដូនមួយ ជាមួយនឹង ព្រះករុណា សីហនុ ។ គាត់មានប្រពន្ធ មួយទៀតហើយ ព្រោះបែកគ្នាពីខ្ញុំទៅ ១០ឆ្នាំហើយ ។ ខ្ញុំអត់ទាន់ មានប្តីអីទេ នៅគ្រប់គ្រង កូនបី ហើយខ្ញុំ មានមិត្តប្រុសម្នាក់ នៅជាមួយខ្ញុំ›»

ទាក់ទងនឹងសំណួរថា តើហេតុអ្វីបានជាសម្រេចចិត្ត ចូលធ្វើជា ទាហាន លោតឆ័ត្រយោង អ្នកស្រី បានមានប្រសាសន៍ រៀបរាប់ពី ប្រវត្តិជូរចត់ ក្រោយលែងលះពីស្វាមី យ៉ាងដូច្នេះ ៖ «ខ្ញុំនិយាយពី ជីវប្រវត្តិ ខ្ញុំមានការឈឺចាប់ខ្លាំង ហើយមាន ការខ្វះខាតច្រើន ព្រោះអី ខាងបន្ទាយឆ័តយោង គេរើស ទាហានស្ម័គ្រចិត្ត កាលហ្នឹង ខ្ញុំមានវិបត្តិគ្រួសារ ហើយ មិនដឹងទៅណា មកណា ? ក៏មកស្ម័គ្រចិត្ត ចូលធ្វើជាទាហាន ដើម្បីបម្រើជាតិ ទោះបីជា យ៉ាងណាៗ ខ្ញុំក៏មានឈ្មោះ បម្រើជាតិដែរ ហើយក៏ខិតខំប្រឹងប្រែង ហាត់រៀន លោតឆ័ត្រ នឹងគេឯងទៅ›»

អ្នកស្រី ចែម សេរីរក្ស បានបញ្ចប់សញ្ញាបត្រ មធ្យមសិក្សា បឋមភូមិ ឬឌីប្លូម នៅឆ្នាំ ១៩៨២ ។ អ្នកស្រី មានបងប្អូនបង្កើត ៥នាក់ ម្នាក់ស្លាប់ប្រមាណជា ៥ខែមុន នៅសល់ ៤នាក់ ២នាក់ រាប់ទាំងអ្នកស្រីផង នៅស្រុកខ្មែរ និង ២នាក់ទៀត សព្វថ្ងៃ រស់នៅសហរដ្ឋឤមេរិក ។

អ្នកស្រីបានមានប្រសាសន៍ បន្តថា នៅឆ្នាំ១៩៧៥ ក្រុមគ្រួសារ របស់អ្នកស្រី ត្រូវបានជម្លៀស ចេញពី ទីក្រុងភ្នំពេញ ឱ្យទៅរស់នៅ ក្នុងខេត្តកំពង់ចាម ៖ š«ខ្ញុំរាល់ថ្ងៃកំព្រា ឳពុកម្តាយ ស្លាប់អស់ហើយ ម្តាយស្លាប់ នៅឆ្នាំ ១៩៧៥ ប៉ាស្លាប់ នៅឆ្នាំ ១៩៨០ គឺទាហានប៉ុលពត ជាអ្នកសម្លាប់ ។ កាលចេញពី ភ្នំពេញ ទៅនៅស្រុកមេមត់ ខេត្តកំពង់ចាម ពេលវៀតណាម វ៉ៃចូល គ្រួសារខ្ញុំ រត់ទៅវៀតណាម នៅឆ្នាំ ១៩៧៧ ដល់ឆ្នាំ១៩៧៩ បានវិលមក ភ្នំពេញវិញ ។ ហើយប៉ាខ្ញុំ ទៅធ្វើការ នៅចម្ការកៅស៊ូជប់ នៅថ្ងៃ ១៨ ខែ ១២ ខ្មាំងប៉ុលពត បានវាយស្ទាក់ បាញ់សម្លាប់ទៅ›»

អ្នកស្រី ចែម សេរីរក្ស សព្វថ្ងៃនេះ រស់នៅក្នុង បន្ទាយទាហាន នៅកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ អ្នកស្រីថា ដោយប្រាក់ខែ តិចតួច មិនឤចផ្គត់ផ្គង់ ក្នុងគ្រួសារបាន ក្រោយម៉ោងធ្វើការ អ្នកស្រីឆ្លៀតចិញ្ចឹមជ្រូកមេ យកកូនលក់ ។

អ្នកស្រី ចែម សេរីរក្ស បានឱ្យដឹងថា ៖ «šជីវភាពរស់នៅ សព្វថ្ងៃនេះ ឤស្រ័យលើខ្លួនឯង មានការលំបាកណាស់ ។ សព្វថ្ងៃ ចិញ្ចឹមជ្រូកមេ ៤ ឬ ៥ក្បាល កូនមួយសាៗ បាន ៤០ក្បាល ហើយ តម្លៃកូនជ្រូកមួយ ឤចបានពី ៣៥ ទៅ ៣៨ ដុល្លារឤមេរិក›»

នៅពេលវិទ្យុឤស៊ីសេរី ចង់ដឹងអំពីគម្រោង ទៅថ្ងៃអនាគត អ្នកស្រី ចែម សេរីរក្ស បានមានប្រសាសន៍ ប្រាប់ផងដែរថា អ្នកស្រីពុំមានផែនការ ឬគម្រោងណាទេ ទៅថ្ងៃអនាគត ហើយថា ចាំដល់ពេលណា សឹមគិតពេលហ្នឹងទៀត សំខាន់គឺ ដោះស្រាយ បញ្ហាជីវភាពរស់នៅ ប្រចាំថ្ងៃ ។

អ្នកស្រី ចែម សេរីរក្ស បានមានប្រសាសន៍ថា៖ «šខ្ញុំទៅថ្ងៃអនាគត មិនទាន់គិតឃើញទេ ព្រោះសព្វថ្ងៃនេះ យើងពិបាកដែរ យើងមេម៉ាយ ហើយរស់នៅ រួមរស់ជាមួយ មិត្តភ័ក្តិអ៊ីចឹង មានតែចិញ្ចឹមសត្វ នៅក្នុងបន្ទាយ អ៊ីចឹងសិនទៅ ។ បច្ចុប្បន្ននេះ គឺគិតធ្វើជា ទាហាននេះហើយ›»

អត្ថបទ​ដែល​ទាក់ទង

សារសំខាន់​នៃ​ការ​ពិភាក្សា​ស្តី​ពី​សុខភាព​ផ្លូវ​ភេទ​រវាង​មាតា​បិតា​និង​កូន

គន្លឹះ​ជា​មូលដ្ឋាន​សំខាន់​បី​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ផ្លូវ​ភេទ

តើ​ស្វាមី​ភរិយា​គួរ​ប្រតិបត្តិ​ដូចម្តេច​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវភេទ​មាន​លក្ខណៈ​ល្អ​ប្រសើរ?

ស្ត្រី​ជា​ភរិយា​ឬ​យុវនារី​ខ្មែរ​គួរ​យល់​ដឹង​អំពី​សុខភាព​ផ្លូវភេទ​ដែរ​ឬ​ទេ?

អ្វី​ទៅ​ដែល​ហៅ​ថា​សុខភាព​ផ្លូវ​ភេទ​?

តំណាង​រាស្ត្រ​ស្ត្រី​សម្រាប់​អាណត្តិ​ទី​៤​នេះ​កើន​ឡើង​ច្រើន​ជាង​អាណត្តិ​មុន

ជីវប្រវត្តិ​សង្ខេប​និង​សកម្មភាព​ការងារ​របស់​លោកស្រី គឹម ណាតស៊ីម

សម្ភាស​បេក្ខនារី​តំណាងរាស្ត្រ​បក្ស​ប្រជាជន​នៅ​មណ្ឌល​ខេត្ត​កណ្តាល

បទសម្ភាសន៍​ជាមួយ​បេក្ខនារី​តំណាងរាស្ត្រ​នៃ​បក្ស​សមរង្ស៊ី (ភាគ២)

បទសម្ភាសន៍​ជាមួយ​បេក្ខនារី​តំណាងរាស្ត្រ​នៃ​បក្ស​សមរង្ស៊ី (ភាគ១)