អង្គការមិនមែនរដ្ឋាភិបាលផ្ដល់អនុសាសន៍ក្នុងការជំរុញចំនួនស្ត្រីក្នុងវិស័យនយោបាយ
2014.12.06
តំណាងក្រុមអង្គការមិនមែនរដ្ឋាភិបាល ធ្វើការងារលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ នៅរសៀលថ្ងៃទី៤ ខែធ្នូ ដាក់អនុសាសន៍ស្ដីពីការជំរុញសមភាពយេនឌ័រក្នុងវិស័យនយោបាយ ជូនអនុប្រធានទី១នៃរដ្ឋសភា។
ពួកគេស្នើអោយគណបក្សនយោបាយដែលមានសំឡេងក្នុងសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កែប្រែចំណុចមួយចំនួននៃមាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។ ពួកគេរំពឹងថា នឹងជួយអោយចំនួនស្ត្រីក្នុងវិស័យនយោបាយបានកើនឡើង ស្របតាមគោលនយោបាយរដ្ឋាភិបាល និងបទដ្ឋានអន្តរជាតិនានា ដែលចង់អោយស្ត្រីទទួលបានអត្ថប្រយោជន៍ពេញលេញពីការអភិវឌ្ឍ។
ក្នុងនាទីស្ត្រីខ្មែរសប្ដាហ៍នេះ អ្នកស្រី សុជីវី រាយការណ៍ពីអនុសាសន៍របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ក្នុងការជំរុញចំនួនស្ត្រីក្នុងវិស័យនយោបាយ៖
ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានប្រគល់អនុសាសន៍ដែលជាសំណើកែប្រែក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ទៅអោយអនុប្រធានទី១រដ្ឋសភា លោក កឹម សុខា ដោយពួកគេចាត់ទុកថាជាវិធានការពិសេស ជួយអោយមានស្ត្រីបន្ថែមទៀតចូលរួមក្នុងជួរថ្នាក់ដឹកនាំគ្រប់កម្រិត។ ក្នុងនោះ ពួកគេស្នើកែប្រែមាត្រា៣៤ថ្មីនៃរដ្ឋធម្មនុញ្ញ មាត្រា៣៧ថ្មីក្នុងច្បាប់បោះឆ្នោតតំណាងរាស្ត្រ មាត្រា៣៨ថ្មី មាត្រា១២០ថ្មី និងមាត្រា៤៩ថ្មីនៃច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ទោះយ៉ាងណា ចំណុចសំខាន់ដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលចង់បាន គឺការបង្កើតបញ្ជីបេក្ខជនដែលឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ ត្រូវតែឆ្លាស់គ្នារវាងបុរស និងស្ត្រី តាមលំដាប់អាទិភាពពីខ្ពស់មកទាប។ ពួកគេទាមទារអោយសភា ដាក់ចំណុចនេះទៅក្នុងច្បាប់បោះឆ្នោត តាមរយៈការធ្វើវិសោធនកម្មមាត្រា៣៧ថ្មី ក្នុងនោះត្រូវបញ្ចូលអត្ថន័យថា បញ្ជីបេក្ខជនបុរសឆ្លាស់គ្នាតាមលំដាប់លេខរៀងពីលើដល់ក្រោម។
នាយិកាអង្គការសីលកា និងជាប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ហៅកាត់ថា ស៊ី.ភី.ដាប់ប៊លយូ.ភី (CPWP) អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា អនុសាសន៍ដែលក្រុមអង្គការស្ត្រីស្នើ គឺជាវិធានការពិសេស ដែលអាចធានាថា ចំនួនតំណាងជាស្ត្រីរាប់តាំងពីក្នុងស្ថាប័ននីតិប្បញ្ញត្តិ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល រហូតដល់ក្រុមប្រឹក្សាឃុំសង្កាត់ នឹងមានការកើនឡើង៖ «សំឡេង»។
ប្រធានកម្មវិធីអភិវឌ្ឍន៍សហគមន៍នៃអង្គការហ្គេដស៊ី (GADC) លោក ឆាយ គីមស័រ មានប្រសាសន៍ថា នៅពេលដែលចំនួនស្ត្រីក្នុងតួនាទីក្នុងជួរអ្នកដឹកនាំកើនឡើងនោះ នឹងធានាបានថា កម្ពុជា អាចអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដែលធានាការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋទាំងពីរភេទ និងអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ៖ «សំឡេង»។
នៅក្នុងអនុសាសន៍របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល បញ្ជាក់ថា កម្ពុជា នៅមិនទាន់មានសមភាពយេនឌ័រទាក់ទងនឹងការផ្តល់អំណាចខាងនយោបាយ ជាពិសេសរវាងភាពជាតំណាងអ្នកបោះឆ្នោត និងចំនួនស្ត្រីជាប់ឆ្នោតនៅឡើយ។ ស្ត្រីជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងអាណត្តិទី៤មានចំនួន ២០,៣៣% នៃចំនួនតំណាងរាស្ត្រសរុប ១២៣រូប ថ្វីបើចំនួនអ្នកចុះឈ្មោះបោះឆ្នោតជាស្ត្រីមានចំនួន ៥២,៥២%។ ចំណែកស្ត្រីជាក្រុមប្រឹក្សាឃុំសង្កាត់មានចំនួន ១៧,៧៨% ក្នុងអាណត្តិទី៣។
ឆ្លើយតបនឹងសំណើនេះ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា បញ្ជាក់ថា លោកនឹងជួយជ្រោមជ្រែងសំណើរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែ លោក កឹម សុខា មិនបានធានាអះអាងថា អាចសម្រេចបានតាមការស្នើតាំងនោះដែរ។ លោក កឹម សុខា ក៏លើកឡើងពីលទ្ធភាពតិចតួចក្នុងការដាក់សំណើអោយមានបញ្ជីឆ្លាស់រវាងបេក្ខជនស្ត្រី និងបុរស ក្នុងមាត្រាច្បាប់បោះឆ្នោត។ យ៉ាងណាក៏លោកអះអាងថា គណបក្សរបស់លោកនឹងរកវិធីយ៉ាងណាអោយមានចំនួនស្ត្រីកាន់តែច្រើនចូលរួមឈរឈ្មោះបោះឆ្នោត៖ «សំឡេង»។
អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) មានប្រសាសន៍បន្ថែមថា នៅពេលមានការកំណត់ក្នុងច្បាប់ នឹងជំរុញអោយគណបក្សនយោបាយរៀបចំបញ្ជីឈ្មោះដែលឆ្លាស់គ្នារវាងស្ត្រី និងបុរសនោះ។ លើសពីនេះ ចំនួនស្ត្រីដែលចូលរួមក្នុងវិស័យនយោបាយ ក៏អាចនឹងកើនឡើងដែរ៖ «សំឡេង»។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលមានចំនួនសរុប ១៧ស្ថាប័ននេះអះអាងថា បានដាក់សំណើដូចគ្នានេះទៅគណបក្សប្រជាជនកម្ពុជា ដែរ ហើយគណបក្សនេះសន្យាថានឹងធ្វើសិក្ខាសាលាជាមួយក្រុមនេះនៅពេលឆាប់ៗខាងមុខ។
នាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា ក្រុមអ្នកស្រីនឹងព្យាយាមគ្រប់មធ្យោបាយ ដើម្បីបានចូលជួបជាមួយមន្ត្រី ឬអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អោយពិចារណាសំណើនេះ៖ «សំឡេង»។
មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ លោក ឈាង វុន បញ្ជាក់ពីជំហរគណបក្សលោកដែលថា តែងតែយកចិត្តទុកដាក់ចង់អោយមានចំនួនស្ត្រីច្រើនក្នុងជួរអ្នកដឹកនាំដែរ ប៉ុន្តែពេលខ្លះ ឬស្ថានភាពខ្លះនៅពុំទាន់អាចធ្វើបាន៖ «សំឡេង»។
ទោះជាយ៉ាងនេះក្តី ក្រុមអង្គការមិនមែនរដ្ឋាភិបាលរំពឹងថា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត នឹងចាប់ផ្ដើមងាកមកទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត ដែលភាគច្រើនជាស្ត្រី។
នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សក្នុងការលុបបំបាត់វិសមភាពយេនឌ័រ បានដាក់នូវគោលដៅមួយចំនួនសម្រាប់ឆ្នាំ២០១៥ ខាងមុខ រួមមាន បង្កើនចំនួនស្ត្រីក្នុងសភា និងព្រឹទ្ធសភាអោយបាន ៣០% ចំនួនស្ត្រីជារដ្ឋមន្ត្រីអោយបាន ១៥% អភិបាលខេត្ត អភិបាលខេត្តរង អោយបានពី ១០ ទៅ ១៥% និងក្រុមប្រឹក្សាឃុំសង្កាត់អោយបាន ២៥%។
ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ថា មូលហេតុដែលពុំបានយកចិត្តទុកដាក់ចំពោះគោលនយោបាយលើកស្ទួយស្ត្រី អោយបានពិតប្រាកដក្នុងពេលកន្លងទៅនោះហើយ ដែលបានជំរុញអោយផែនការបង្កើនចំនួនស្ត្រីក្នុងជួរអ្នកដឹកនាំមិនអាចសម្រេចបាន៕