សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​តំណាង​រាស្ត្រ​ស្ត្រី​រួម​គ្នា​បំពេញ​ការងារ​ដើម្បី​ស្ត្រី​និង​កុមារ

ដោយ សុ ជីវី
2014.08.08
សឺនកេត សិរីលក្ខណ៍ ៦២០ អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៤។
Photo: RFA

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ សីហា ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា ការ​ចូល​ទៅ​ប្រជុំ​នេះ នឹង​ជំរុញ​អោយ​រដ្ឋាភិបាល​បំពេញ​តួនាទី​អោយ​ស្រប​តាម​តម្រូវ​ការ​របស់​ពលរដ្ឋ និង​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​លើក​កម្ពស់​សមភាព​យេនឌ័រ ក៏​រំពឹង​ដែរ​ថា អ្នក​តំណាង​រាស្ត្រ​ទាំងអស់ ជាពិសេស​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី​ទាំង​ពីរ គឺ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង នឹង​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​អត្ថប្រយោជន៍​ស្ត្រី និង​កុមារ ដោយ​មិន​មាន​ការ​រើសអើង។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី បារម្ភ​ថា ការ​គិតគូរ​ពី​ប្រយោជន៍​បក្ស​នយោបាយ នឹង​ក្លាយ​ជា​មូលហេតុ​ចម្បង​ធ្វើ​អោយ​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី ដែល​មាន​សំឡេង​នៅ​ក្នុង​សភា មិន​អាច​បំពេញ​តួនាទី​អោយ​បាន​ល្អ ក្នុង​គោលដៅ​បំពេញ​តម្រូវ​ការ​របស់​ស្ត្រី និង​កុមារ។

អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ នៃ​អង្គការ​ខុមហ្វ្រែល អ្នកស្រី សឺនកេត សិរីលក្ខណ៍ មាន​ប្រសាសន៍​ថា ដោយសារ​ចំនួន​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី​មាន​ចំនួន​តិច​នៅ​ឡើយ។ ដូច្នេះ ចាំ​បាច់​ដែល​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំង​២​មាន​សំឡេង​ក្នុង​រដ្ឋសភា ត្រូវ​ធ្វើ​ការ​រួម​គ្នា​អោយ​ទៅ​ជា​សំឡេង​តែ​មួយ ប្រសិន​បើ​ពួក​គាត់​ប្រាថ្នា​អោយ​បញ្ហា​របស់​ស្ត្រី​ត្រូវ​ដោះស្រាយ៖ «គួរ​គណបក្ស​បោះ​ចោល​រឿង​គណបក្ស បោះ​ចោល​តួនាទី​គាត់​ក្នុង​គណបក្ស​បោះ​ចោល​ទាំងអស់ បើ​សិន​គាត់​បែប​ហ្នឹង គាត់​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន ប៉ុន្តែ​បើ​សិន​គាត់​នៅ​គិត​ថា មើល​បំណាំ​គ្នា ព្រោះ​មនុស្ស​យើង​តែ​កាល​ណា​ស្អប់​គ្នា​ប្រឆាំង​គ្នា ប្រកួត​ប្រជែង​គ្នា អត់​មើល​ឃើញ​អ្នក​ណា​ធ្វើ​អី​ឃើញ​ល្អ​ទេ ឃើញ​ខុស​រហូត»

បញ្ជី​អ្នក​តំណាង​រាស្ត្រ​ក្នុង​អាណត្តិ​ទី​៦​នេះ ស្ត្រី​ជា​អ្នក​តំណាង​រាស្ត្រ​មាន​ចំនួន​សរុប ២៥​រូប ក្នុង​នោះ ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន ៧​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ឆ្លង​តាម​បទពិសោធន៍​នៅ​ក្នុង​អាណត្តិ​កន្លង​ទៅ ក្រុម​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី តែង​បំពេញ​ការងារ​រៀងៗ​ខ្លួន​ទៅ​តាម​បន្ទាត់​គណបក្ស​នីមួយៗ។

អ្នកស្រី សឺនកេត សេរីលក្ខណ៍ បន្ត​ថា មិន​ថា​តែ​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី​ទេ ដែល​ពិបាក​នឹង​ធ្វើ​ការ​ជាមួយ​គ្នា គ្រប់​អ្នក​តំណាង​រាស្ត្រ​ទាំងអស់ ត្រូវ​តែ​គិត​ពី​គណបក្ស​ជា​មុន​សិន។ ពេល​ខ្លះ​ពួក​គាត់​ក៏​ត្រូវ​ស្ដី​បន្ទោស ព្រោះ​តែ​ងាក​ចេញ​ពី​ការងារ​បម្រើ​ប្រយោជន៍​បក្ស។

និយាយ​ដល់​ផល​ប្រយោជន៍ និង​គោលការណ៍​របស់​គណបក្ស​នយោបាយ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​មើល​ឃើញ​ទៀត​ថា បញ្ហា​នេះ​ក៏​ជា​ដើម​ចម​ចម្បង​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដែល​នាំ​អោយ​ចំនួន​អ្នក​តំណាង​រាស្ត្រ​ជា​ស្ត្រី​មាន​តិច។

នាយិកា​នៃ​អង្គការ​បន្លាស់​ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា អ្នកស្រី ហូយ សុជីវណ្ណី មាន​ប្រសាសន៍​ថា ដោយសារ​គណបក្ស​នយោបាយ​នីមួយៗ​នៅ​មិន​ទាន់​ផ្ដល់​តម្លៃ​ពេញ​លេញ​ទៅ​លើ​សមភាព​យេនឌ័រ ទើប​ធ្វើ​ឲ្យ​ចំនួន​តំណាង​ជា​ស្ត្រី​នៅ​តែ​មាន​ចំនួន​តិច៖ «បទពិសោធន៍​សមត្ថភាព​មាន បើ​សិន​ណា​ជា​នៅ​តែ​គិតគូរ​ទៅ​ដល់​សេដ្ឋកិច្ច​បុរស​ខ្លាំង ស្ត្រី​នៅ​តែ​មាន​ចំនួន​តិច​ដដែល»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​មើល​ឃើញ​ពី​មធ្យោបាយ​មួយ​ចំនួន​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​ដែរ។

អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ នៃ​អង្គការ​ខុមហ្វ្រែល អ្នកស្រី សឺនកេត សិរីលក្ខណ៍ មាន​ប្រសាសន៍​ថា មេ​ដឹក​នាំ​គណបក្ស​នីមួយៗ​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នយោបាយ​របស់​ខ្លួន ដោយ​បើក​ទូលាយ​អោយ​អ្នក​តំណាង​រាស្ត្រ​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ដោយ​សេរី។ ចំណែក​មន្ត្រី​គណបក្ស​ទាំង​ឡាយ ត្រូវ​ចាប់​ដៃ​គ្នា​បំពេញ​ការងារ​ដោយ​ព្រម​អោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង៖ «ប៉ុន្តែ​បើ​សិន​មាន​ការ​បើក​ទូលាយ​ពី​បក្ស​ពី​មេ​បក្ស​របស់​គាត់ ខ្ញុំ​គិត​ថា ពួក​គាត់​ហ្នឹង​មាន​សមត្ថភាព​អាច​ធ្វើ​កិច្ចការ​ជួយ​សង្គម ឬ​ជួយ​បញ្ហា​ស្ត្រី និង​កុមារ​បាន​ច្រើន​ណាស់។ តែ ២៥​នាក់ ក៏​អាច​ធ្វើ​បាន​ដែរ គាត់​បើក​ទី​១ គាត់​កុំ​ចង្អៀតចង្អល់ គាត់​បើក​ឱកាស​អោយ​ក្រុម​សង្គម​ស៊ីវិល ធ្វើ​ការងារ​ក្នុង​សង្គម និង​ការងារ​ផ្សេងៗ​អោយ​តែ​មាន​ព័ត៌មាន​រឿង​ស្ត្រី សហការ​គ្នា​អោយ​តែ​គាត់​បើក​ឱកាស»

ចំពោះ អ្នកស្រី ហូយ សុជីវណ្ណី នាយិកា​នៃ​អង្គការ​បន្លាស់​ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា វិញ អ្នកស្រី​គិត​ថា ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល អាច​ជួយ​អ្នក​តំណាង​រាស្ត្រ​អោយ​រៀបចំ​គោលដៅ​រួម ផែនការ​រួម និង​បំពេញ​ការងារ​រួម​គ្នា៖ «បើ​សមាជិក​សភា​ទាំងអស់ គណៈកម្មការ​នីមួយៗ​រួម​គ្នា​ធ្វើ​ការ​អោយ​ស្រុះ​គ្នា កុំ​ប្រកាន់​ថា​បក្ស​ណា​បក្ស​ណា នៅ​ពេល​ចូល​ទៅ​ក្នុង​សភា​ហ្នឹង គឺ​ជា​ការ​ប្រពៃ​សម្រាប់​អាណត្តិ​នេះ»

បើ​ទោះ​ជា​យ៉ាង​ណា ដើម្បី​សម្រេច​គោលដៅ​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​ការ​អោយ​មាន​ថវិកា​ជំនួយ​មួយ​ចំនួន​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​តំណាង​រាស្ត្រ​ស្ត្រី នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​សីហា។

អ្នកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​ថា អ្នកស្រី​នឹង​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ក្នុង​ការ​បំពេញ​តួនាទី លើក​ស្ទួយ​សិទ្ធិ​ស្ត្រី និង​ការពារ​អត្ថប្រយោជន៍​ស្ត្រី៖ «ហើយ​យើង​ជា​ស្ត្រី​ទៀត រឹត​តែ​យើង​ស្គាល់​បញ្ហា​ស្ត្រី ដូច្នេះ​ក្នុង​ការ​ជជែក​គ្នា មិន​យក​បក្ស​ជា​ធំ​ទេ ប៉ុន្តែ​យក​បញ្ហា​ស្ត្រី​យើង ដើម្បី​អោយ​ស្ត្រី​យើង​ពិត​ជា​នារី​រតនៈ​សម្បត្តិ​ជាតិ​ពិត​ប្រាកដ»

ចំពោះ​មន្ត្រី​សម្រប​សម្រួល​គម្រោង​លើក​ស្ទួយ​សមាសភាព​ស្ត្រី​ក្នុង​វិស័យ​យេនឌ័រ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ជរ ច័ន្ទធីតា រំពឹង​ថា ក្រុម​ស្ត្រី​តំណាង​រាស្ត្រ នឹង​អាច​ធ្វើ​ការ​ជា​មួយ​គ្នា ដ្បិត​អ្នកស្រី​សង្កេត​ឃើញ​ថា គណបក្ស​ទាំង​ពីរ​បាន​បង្ហាញ​ជំហរ​ជាច្រើន​ពី​ការ​ខិតខំ​ធ្វើ​កំណែ​ទម្រង់៖ «ដោយសារ​យើង​ឃើញ​ពី​កំណែ​ទម្រង់​ដែល​ខាង​រដ្ឋាភិបាល ឬ​ក៏​ខាង​គណបក្ស​ជំទាស់ ក៏​ប្ដេជ្ញា​ចិត្ត​ចឹង សង្ឃឹម​ថា កំណែ​ទម្រង់​ហ្នឹង​ក៏​គាត់​យក​ចិត្ត​ទុក​ដាក់​ដែរ»

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ស្នើ​ឡើង​ថា គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​ទាំង​២ នឹង​ចាប់​ផ្ដើម​ធ្វើ​ការងារ​ដែល​ធានា​ថា គោល​នយោបាយ​លើក​ស្ទួយ​ស្ត្រី ត្រូវ​អនុវត្ត​ពិត​ប្រាកដ។ គោល​នយោបាយ​ទាំង​នោះ រាប់​បញ្ចូល​ទាំង​កិច្ច​ការពារ​សិទ្ធិ​ស្ត្រី ជីវភាព​រស់​នៅ​របស់​ស្ត្រី សុខុមាលភាព និង​កិច្ច​គាំពារ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ស្ត្រី ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។