ស្ថានភាព​វិស័យ​អប់រំ ក្នុង​អំឡុង​ឆ្នាំ​២០០៧

2008-01-30

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បានមាន​ប្រសាសន៍ថា អត្រាចូលរៀន របស់កុមារី និងយុវនារី ក្នុងអំឡុង ឆ្នាំ២០០៧ មានការកើនឡើង បើប្រៀបធៀប​ទៅនឹង ឆ្នាំ២០០៦ ។

លោកជំទាវ អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ៖ «អត្រាចូលរៀន របស់ក្មេងស្រី នៅតាម សាលាបឋមសិក្សា មានការកើនឡើង ហើយនៅតាមវិទ្យាល័យ ឬសកលវិទ្យាល័យ ក៏មានកើនឡើងដែរ» ។

វិទ្យុឤស៊ីសេរី នៅពុំទាន់ឤចទាក់ទងសុំស្ថិតិ ពីក្រសួងអប់រំ យុវជន និងកីឡា នូវអត្រា ការចូលរៀន របស់កុមារ និងយុវនារី សម្រាប់ ឆ្នាំ២០០៦/២០០៧ នៅឡើយទេ ក៏ប៉ុន្តែ បើតាមស្ថិតិ របស់ អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះអង្គការ កម្មវិធីជួយក្មេងអនាថា និងអភិវឌ្ឍន៍ ដែលមានកម្មវិធី ជួយដល់ការសិក្សា នៅក្រៅប្រព័ន្ធ នៅក្នុងខេត្តក្រុង មួយចំនួន បានឱ្យដឹងថា អត្រាកុមារា កុមារី ដែលបោះបង់ការសិក្សា ក្នុងអំឡុងឆ្នាំ ២០០៧ មានចំនួនតិចជាង ឆ្នាំ ២០០៦ ។

លោកស្រី យឹម សុខារី នាយិកាប្រតិបត្តិ នៃអង្គការកម្មវិធី ជួយក្មេងអនាថា និងអភិវឌ្ឍន៍ បានមានប្រសាសន៍ យ៉ាងដូច្នេះថា ៖ «ដោយសារ យើងធ្វើការពង្រឹងដល់ ក្រុមគ្រួសារ របស់កុមារជាង ១០៩៧៩កុមារ នៅតាមសហគមន៍ ដែលគេរស់នៅ ដោយសហការ ជាមួយឤជ្ញាធរ នៅតាមមូលដ្ឋាន និងជាពិសេសទៅទៀត យើងបានធ្វើការពង្រឹង កុមារ ឱ្យឈោងចាប់យក វិស័យអប់រំ ជាថ្នាលសម្រាប់អនាគត របស់គេ...» ។

អង្គការកម្មវិធីជួយក្មេងអនាថា និងអភិវឌ្ឍន៍ មានគម្រោង កម្មវិធី ជួយដល់ កុមារអនាថា និង កុមារក្នុងគ្រួសារក្រីក្រ នៅតាមខេត្តចំនួន ៥ និងខណ្ឌមួយចំនួន នៅទីក្រុងភ្នំពេញ ៖ «យើងបានពង្រឹង ជាអត្ថិភាព ជួយក្នុងវិស័យអប់រំ ដែលមាននៅក្នុង ខេត្តកណ្តាល ព្រៃវែង កោះកុង ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ ហើយនៅក្នុងខណ្ឌ៤ នៅភ្នំពេញ» ។

លោកស្រី យឹម សុខារី បន្តថា អង្គការកម្មវិធី ជួយក្មេងអនាថា និងអភិវឌ្ឍន៍ មានគម្រោង ពង្រីកកម្មវិធី ជួយដល់ខេត្តក្រុង មួយចំនួនទៀត បន្ថែមទៅនឹង កម្មវិធីចាស់ នៅក្នុងខេត្តក្រុង ចំនួន ៦ នេះ ៖ «យើងពង្រីក នៅតាមឃុំស្រុកបន្ថែមទៀត ក្នុងខេត្ត ដែលយើងមានហើយ និង ពង្រីកនៅតាមច្រកព្រំដែន ខេត្តស្វាយរៀង ប៉ោយប៉ែត្រ ខេត្តរតនគិរី និងក្រុងប៉ៃលិន បន្ថែមទៀត...›» ។

ទោះបីជាមានការអះឤងថា អត្រាកុមារចូលរៀន សាលាបឋមសិក្សា ក្នុងឆ្នាំ២០០៧ មានចំនួនច្រើនជាង ឆ្នាំ២០០៦ ក៏ដោយ ទាំងមន្ត្រីរាជរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល មួយចំនួន បានទទួលស្គាល់ថា អត្រាសិស្សនារី នៅមធ្យមសិក្សា និងឧត្តមសិក្សា មានចំនួនថយចុះ ។

លោកស្រី យឹម សុខារី បានពន្យល់ពីហេតុផល មួយចំនួន ដែលបណ្តាលឱ្យ កុមារី បោះបង់ការសិក្សា យ៉ាងនេះថា ៖ «ទី១ នៅតំបន់ដាច់ស្រយាល ក្មេងស្រី ពុំសូវបានបន្ត ការសិក្សាទេ ទី២ ក្មេងស្រីដែលមានឤយុ ១៥/១៦ឆ្នាំ មាតា បិតា រៀបចំគូស្រករឱ្យ ហើយមួយទៀត ក្មេងស្រី ត្រូវឈប់រៀន ដើម្បីធ្វើការ រកប្រាក់ ជួយទប់ទល់ ជីវភាពគ្រួសារ...›» ។

ទាក់ទងនឹងបញ្ហាសិស្សនារី បោះបង់ការសិក្សា នៅមធ្យមសិក្សានេះ លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ផងដែរ ថា ក្រសួងកិច្ចការនារី បាននិងកំពុង សហការ ជាមួយ ក្រសួងអប់រំ ដើម្បីសម្រួលដល់ សិស្សនារី និងក្រុមគ្រួសារ ដែលមានកូនច្រើនក្នុងបន្ទុក ។

លោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ៖ «យើងខ្ញុំ នៅតែសហការ យ៉ាងជិតស្និទ្ធ ជាមួយនឹង ក្រសួងអប់រំ ធ្វើម៉េចពង្រីក... ជូនសិស្សស្រី មួយទៀត ពង្រីក ឤហារូបករណ៍ហ្នឹង ជូនសិស្សដែលមកពី គ្រួសារក្រីក្រ ជាពិសេស គ្រួសារដែលមានកូនស្រី ។ ទីបី ទាក់ទងជាមួយ គេហៅថា យុទ្ធនាការផ្សព្វផ្សាយ ជូនទៅឳពុកម្តាយ ដោយសារ ឧបសគ្គទីមួយហ្នឹង ជាឳពុកម្តាយ ដែលគាត់មិនឤចអនុញ្ញាត ដើម្បីបន្តការសិក្សា ។ យើងដឹងហើយ សាលាបឋមសិក្សា អត្រាចូលរួម របស់ក្មេងស្រី និងក្មេងប្រុស ប្រហាក់ប្រហែលគ្នា ប៉ុន្តែ អត្រាក្មេងស្រីចុះ ពេលចូលទៅក្នុង សាលាបឋមសិក្សា ។ ដូច្នេះ យើងត្រូវពន្យល់ទៅ ឳពុកម្តាយ ឱ្យគាត់យល់ដឹងថា ត្រូវតែវិនិយោគ នៅលើការអប់រំ របស់ក្មេងស្រី គឺជាអនាគត ចំពោះក្មេងស្រី បើអត់មាន ការអប់រំខ្ពស់ទេ ក្មេងស្រី ឤចក្លាយទៅជាជន ដែលងាយរងគ្រោះ ក្នុងសង្គម ឤចជួបប្រទះ បញ្ហាទៅអនាគត» ។

សូមបញ្ជាក់ជូនផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា មានគម្រោងទិសដៅ ផ្តល់ឤហារូបករណ៍ ចំនួន ២ម៉ឺននាក់ ក្នុងមួយឆ្នាំ ហើយក្នុងនោះ សម្រាប់សិស្សស្រី ឱ្យបាន ៦០% ព្រមទាំងកៀរគរថវិកា ពីអ្នកផ្តល់ជំនួយ សម្រាប់ កម្មវិធីឤហារូបករណ៍ទាំងនោះ ៕

អត្ថបទ​ដែល​ទាក់ទង

អំពើ​ហិង្សា​ប៉ះពាល់​ដល់​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៤​នាក់​នៅ​កម្ពុជា

វិធី​​ជួយ​ស្ត្រី​ជិត​ឬ​ក្រោយ​អស់​រដូវ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​ផ្លូវ​ភេទ

តើ​ហេតុអ្វី​បាន​ជា​ស្ត្រី​ខ្មែរ​​​ជិត​អស់​រដូវ​ពុំ​​​ចាប់​អារម្មណ៍​ក្នុង​រឿង​ផ្លូវ​ភេទ?

ស្ត្រី​ខ្មែរ​មួយ​រូប​ត្រូវ​បាន​ទូរទស្សន៍ CNN ជ្រើសរើស​ជា​មនុស្ស​ឆ្នើម

សារសំខាន់​នៃ​ការ​ពិភាក្សា​ស្តី​ពី​សុខភាព​ផ្លូវ​ភេទ​រវាង​មាតា​បិតា​និង​កូន

គន្លឹះ​ជា​មូលដ្ឋាន​សំខាន់​បី​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ផ្លូវ​ភេទ

តើ​ស្វាមី​ភរិយា​គួរ​ប្រតិបត្តិ​ដូចម្តេច​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវភេទ​មាន​លក្ខណៈ​ល្អ​ប្រសើរ?

ស្ត្រី​ជា​ភរិយា​ឬ​យុវនារី​ខ្មែរ​គួរ​យល់​ដឹង​អំពី​សុខភាព​ផ្លូវភេទ​ដែរ​ឬ​ទេ?

អ្វី​ទៅ​ដែល​ហៅ​ថា​សុខភាព​ផ្លូវ​ភេទ​?

តំណាង​រាស្ត្រ​ស្ត្រី​សម្រាប់​អាណត្តិ​ទី​៤​នេះ​កើន​ឡើង​ច្រើន​ជាង​អាណត្តិ​មុន