អំពើ​ហិង្សា​ក្នុង​គ្រួសារ​របស់​ស្ត្រី​មាន​បញ្ហា​ដីធ្លី

ដោយ​ សុ ជីវី
2016-11-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាង​ស្ត្រី​បឹងកក់ លោកស្រី យ៉ោម បុប្ផា (កាន់​មេក្រូ) និង​សហគមន៍​​ដី​ធ្លី ស្រែក​តវ៉ា​នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី៥ កុម្ភៈ ២០១៥។
តំណាង​ស្ត្រី​បឹងកក់ លោកស្រី យ៉ោម បុប្ផា (កាន់​មេក្រូ) និង​សហគមន៍​​ដី​ធ្លី ស្រែក​តវ៉ា​នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី៥ កុម្ភៈ ២០១៥។
RFA/Tep Soravy

របាយការណ៍​ស្ដីពី​បញ្ហា​របស់​ស្ត្រី​ដែល​មាន​ជម្លោះ​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រក​ឃើញ​ថា ក្រុម​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ភាគច្រើន​មាន​សញ្ញា​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ របាយការណ៍​រក​ឃើញ​ថា មាន​ស្ត្រី​ជាង​ពាក់​កណ្ដាល​ដែល​បាន​សាកសួរ​អះអាង​ថា វិវាទ​ដីធ្លី​បាន​ប៉ះពាល់​ដល់​ទំនាក់ទំនង​គ្រួសារ ក្នុង​នោះ​ក៏​បាន​រុញ​ច្រាន​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

ឆ្លើយតប​នឹង​ការ​រក​ឃើញ​នេះ មន្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី នឹង​រិះរក​មធ្យោបាយ​ដោះស្រាយ​តាម​រយៈ​ការ​ចុះ​អប់រំ​ផ្សាយ​ពី​វិធី​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

អ្នកស្រី យ៉ោម បុប្ផា ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ រៀបរាប់​ថា ជម្លោះ​ដីធ្លី​បាន​ប្រែ​ក្លាយ​ស្ត្រី​មេ​ផ្ទះ​ធម្មតា​ដូច​រូប​អ្នកស្រី ឲ្យ​ទៅ​ជា​អ្នក​ដែល​ហ៊ាន​ចេញ​តវ៉ា​ដើម្បី​ការពារ​ដី ដែល​ជា​អាយុ​ជីវិត​របស់​ពួក​គេ។ អ្នកស្រី​បន្ត​ថា កិច្ចការ​មេ​ផ្ទះ​ដែល​ធ្លាប់​បំពេញ ក៏​ត្រូវ​អាក់ខាន​លែង​បាន​ជាប់លាប់៖ «មួយ​ថ្ងៃៗ​អត់​មាន​គិត​រឿង​អី​ទេ ប្រមូល​គ្នា​ទៅ​តែ​តវ៉ា ទាមទារ​ខ្លាច​បាត់បង់​ដី បាត់បង់​ផ្ទះ ត្រឡប់​មក​វិញ​កូន​អត់​បាន​ទៅ​សាលា​អត់​បាន​ទៅ​រៀន។ ក្នុង​គ្រួសារ​យើង​ធ្លាប់​ជា​មេ​គ្រួសារ​ម្នាក់​តែង​រស់នៅ​មើល​កូន​មើល​ចៅ មាន​មុខ​របរនៅ​ក្នុង​សហគមន៍​របស់​យើង​ហ្នឹង ប្រកប​ការងារសហគមន៍​របស់​យើង ប៉ុន្តែ​យើង​អត់​បាន​ធ្វើ​អី​ទាំងអស់ យើង​នាំ​គ្នា​ទៅ​តវ៉ា»

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ផ្សព្វផ្សាយ​កាល​ពី​ខែ​កញ្ញា ដែល​បាន​សម្ភាស​ស្ត្រី​មាន​វិវាទ​ដីធ្លី​ចំនួន ៦០០​នាក់​រក​ឃើញ​ថា ស្ត្រី​ប្រមាណ​ពាក់​កណ្ដាល​លើក​ឡើង​ថា វិវាទ​ដីធ្លី​បាន​ប៉ះពាល់​ដល់​ទំនាក់ទំនង​គ្រួសារ​ដែល​ជា​ផល​វិបាក​អវិជ្ជមាន មាន​ទំហំ​លើស​ពី​វិបត្តិ​សេដ្ឋកិច្ច​ទៅ​ទៀត។ មាន​ស្ត្រី​ចំនួន​ជាង ៤០​ភាគរយ ថា​ពួក​គេ​ពុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្ដី និង​មួយ​ចំនួន​ទៀត​មាន​បញ្ហា​ជាមួយ​កូនៗ។ លើស​ពី​នេះ ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ បាន​កើន​ឡើង​ជាង​នៅ​មុន​ពេល​ពួក​គេ​មាន​ជម្លោះ​ដីធ្លី។ ចំនួន ២៣% នៃ​ស្ត្រី​ទាំងនោះ​បាន​កំណត់​ថា ខ្លួន​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

បើ​ទោះ​ជា​យ៉ាង​ណា ស្ត្រី​ភាគច្រើន​បាន​ឆ្លើយ​ថា ប្ដី​ពួក​គេ​គាំទ្រ​សកម្មភាព​នៃ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ដីធ្លី​របស់​ពួក​គាត់។ មូលហេតុ​ចម្បង​មួយ​ក្នុង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៃ​អ្នក​មាន​ជម្លោះ​ដីធ្លី គឺ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត។ មូលហេតុ​បន្ទាប់បន្សំ​ផ្សេង​ទៀត​រួម​មាន ភាព​តានតឹង​បន្ទាប់​ពី​មាន​បញ្ហា​ដីធ្លី ជម្លោះ​កើត​ចេញ​ពី​ការ​បាត់បង់​ប្រាក់​ចំណូល ទុក្ខ​ព្រួយ​ក្នុង​ផ្លូវ​ចិត្ត និង​ការ​មិន​ព្រមព្រៀង​គ្នា។

អ្នកស្រី យ៉ោម បុប្ផា មាន​ប្រសាសន៍​បន្ត​ថា សុភមង្គល​គ្រួសារ​បាន​បាត់បង់ អ្នក​ខ្លះ​ត្រូវ​ព្រាត់ប្រាស​គ្រួសារ​ដោយ​ត្រូវ​ជាប់​ពន្ធនាគារ៖ «ដូច្នេះ​បាត់បង់​មុខ​របរ បាត់បង់​សុភមង្គល​ក្នុង​គ្រួសារ។ យើង​ទៅ​តវ៉ា ប្ដី​ហ្នឹង​ដើរ​តួនាទីធ្វើ​ជា​ប្រពន្ធ​ផង ជា​ប្ដី​ផង។ គាត់​នៅ​ដាំ​បាយ​ផង ធ្វើ​ម្ហូប​ផង។ គាត់​ទៅ​ធ្វើ​ការ​ផង ត្រឡប់​មក​វិញ​ក្រពុល​មុខ​រៀង​ខ្លួន។ ជួនកាល​អត់​បាន​ជួប​មុខ​គ្នា​ផង ជួន​ឃើញ​តែ​មុខ​គ្នា​ឈ្លោះ​គ្នា​ក៏​មាន​ដែរ ដូចជា​ជាក់ស្ដែង​ស្ត្រី​ច្រើន​ណាស់​ក្នុង​តំបន់​បឹងកក់​ខ្ញុំ លែង​លះ និង​ជាប់​គុកឥឡូវ​នេះ​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី នៅ​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ទុក​ឲ្យ​កូន​គាត់​នៅ​កំព្រា​អត់​មាន​នរណា​មើល​ថែ»

មន្ត្រី​សម្របសម្រួល​គម្រោង​កែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វ៉ាន់ សុផាត មាន​ប្រសាសន៍​ថា ក្រៅ​ពី​ភាគី​ប្ដី និង​ប្រពន្ធ​មាន​ទំនាស់ ផល​ប៉ះពាល់​ក៏​ធ្លាក់​ទៅ​លើ​កុមារ ដែល​ជា​កូនៗ​ក្នុង​គ្រួសារ​ថែម​ទៀត។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្ដីពី​ស្ត្រី​ក្នុង​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា រក​ឃើញ​ទៀត​ថា ម្ដាយ​ចំនួន​ជិត​ពាក់​កណ្ដាល​នៃ​អ្នក​ដែល​បាន​ផ្ដល់​សម្ភាស ឲ្យ​ដឹង​ថា បាន​ប្រើ​ហិង្សា​ទៅ​លើ​កូនៗ​ដែល​ភាគច្រើន​មិន​ធ្លាប់​កើត​មាន​ទេ​នៅ​មុន​ពេល​ពួក​គាត់​មាន​ជម្លោះ​ដីធ្លី។

ស្ត្រី​រហូត​ដល់​ជិត ៨៣% បាន​រាយការណ៍​ថា មាន​ការ​ខឹងសម្បា​បន្ទាប់​ពី​មាន​ជម្លោះ​ដីធ្លី ដែល​នេះ​អាច​ជា​កត្តា​មាន​អំពើ​ហិង្សា​កើន​ឡើង។ ម្យ៉ាង​ទៀត កុមារ​ក៏​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​វិវាទ​ដីធ្លី​ដែរ ក្នុង​នោះ​រួម​មាន កុមារ​ភាគច្រើន​ឆាប់​ខឹង មាន​បញ្ហា​ក្នុង​អារម្មណ៍ បាត់បង់​ទំនុក​ចិត្ត បាត់បង់​ការ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ បោះបង់​ការ​រៀន​សូត្រ កុមារ​ត្រូវ​រៀន​ផង​ធ្វើ​ការ​ផង និង​កុមារ​មួយ​ចំនួន​តូច​មាន​ទុក្ខ​ព្រួយ​ព្រោះ​ឪពុក​ម្ដាយ​លះលែង និង​សេព​គ្រឿង​ស្រវឹង ឬ​ថ្នាំ​ញៀន។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា បញ្ហា​ទាំងនេះ​ចាំបាច់​ត្រូវ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​ដោះស្រាយ៖ «សំខាន់​ផ្លូវ​ចិត្ត​គាត់​ទេ ខ្ញុំ​គិត​ថាកាល​ដែល​យើង​ជា​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល​ក្ដី ឬ​ក៏ម្ចាស់​ជំនួយ​ក្ដី ក្នុង​ការ​ចូលរួម​ជាមួយ ធ្វើ​យ៉ាង​ណាជួយ​ផ្ដល់​នូវ​សេវា​ផ្លូវ​ចិត្ត ឬ​ក៏​សេវា​អី​ដែល​ជួយ​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់ទៅ​ដល់ពួក​គាត់ ដែល​ពួក​គាត់ទទួល​រងក្នុង​បញ្ហាជម្លោះ​ដីធ្លី​នេះ។ ខ្ញុំ​គិត​ថា ទាំង​ដំណោះស្រាយ​ក្នុង​រឿង​ទំនាស់​ដីធ្លី ទាំង​រឿង​ផល​ប៉ះពាល់​សង្គម ឬ​ជីវភាព​របស់​គាត់ គឺ​ជា​ចំណុច​សំខាន់​មែនទែន»

អគ្គនាយក​រង​ផ្នែក​អភិវឌ្ឍន៍​សង្គម​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ខឿន សាវ៉ាតឌី ឆ្លើយតប​ថា​នឹង​ព្យាយាម​ជួយ​ដោះស្រាយ​បញ្ហា​តាម​ការ​អប់រំ​ផ្សព្វផ្សាយ​ទប់ស្កាត់​អំពើ​ហិង្សា៖ «ខ្ញុំ​នឹង​ពាំនាំ​យកនូវ​សេចក្ដី​ស្នើសុំ ឬ​ក៏​អនុសាសន៍​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ ជូន​ថ្នាក់​ដឹកនាំ​ទៅ​ដល់លោក​ជំទាវ​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​លោក​ជ្រាប ហើយ​លោក​នឹង​ជួយ​នៅ​ក្នុងការងារ​ដែលបង​ប្អូន​បាន​សុំ ដូចជា​ការ​បណ្ដុះបណ្ដាល​ទៅ​ដល់​អាជ្ញាធរ​តាម​មូលដ្ឋាន​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​មួយ ការ​ផ្សព្វផ្សាយ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ បាន​ន័យ​ថា ទាំង​នៅ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ។ យើង​ក៏​ទទួល​ស្គាល់​ដែរ​ថា យើង​មាន​ការ​ខ្វះ​ចន្លោះ​ខ្លះ»

ទាក់ទង​នឹង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ មាន​របាយការណ៍​ដែល​បង្ហាញ​ថា ចំនួន​នៃ​អំពើ​ហិង្សា​មាន​ការ​ថយ​ចុះ បើ​គិត​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១០ ប៉ុន្តែ​នៅ​តែ​មាន​អត្រា​ប្រេវ៉ាឡង់​កម្រិត​ខ្ពស់។ មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​ការ​អះអាង​ថា មាន​ការ​កើន​ឡើង ឬ​ថយ​ចុះ​នៅ​ឡើយ ចាំបាច់​ត្រូវ​មាន​ការ​សិក្សា​ជាក់លាក់​ពី​ស្ថានភាព​បច្ចុប្បន្ន។ បើ​ទោះ​ជា​យ៉ាង​ណា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​ជា​ក្ដី​បារម្ភ នៅ​ពេល​ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​តែ​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ដែល​ឈាន​ដល់​ការ​កាប់​សម្លាប់​រវាង​ប្ដី និង​ប្រពន្ធ ឬ​រវាង​សមាជិក​ក្នុង​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល