សារសំខាន់​នៃ​ការ​បង្កើត​ក្រុម​មាតា​បិតា​គាំពារ​ការ​សិក្សា​របស់​កុមារ​ជនជាតិ​ដើម​ភាគ​តិច

ដោយ សុ ជីវី
2014.08.22
ស្ត្រី​ជនជាតិ រតនគិរី ៦២០ ស្ត្រី​ជា​ម្ដាយ​ចម្អិន​អាហារ​សម្រន់​សម្រាប់​កូន​តូចៗ​ដែល​រៀន​ក្នុង​សាលា​បឋម​សិក្សា​មួយ​ក្នុង​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Sochivy

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​ប្រទេស បង្កើត​កម្មវិធី​មួយ​ចំនួន​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​កុមារ​តូច​ជនជាតិ​ដើម​ភាគ​តិច។ ការ​បង្កើត​ក្រុម​ឪពុក​ម្ដាយ​សិស្ស ឬ​ហៅ​ដោយ​ខ្លី​ថា ក្រុម​ម៉ែៗ គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ។ ក្រុម​នោះ​ជា​ចំណង​ភ្ជាប់​ទំនាក់ទំនង​រវាង​ឪពុក​ម្ដាយ ឬ​អាណា​ព្យាបាល​កុមារ ទៅ​នឹង​ការ​សិក្សា​របស់​កូនៗ​ពួក​គេ​ក្នុង​សាលា​រៀន។

ពេល​ព្រឹក ស្ត្រី​វ័យ​ក្មេង​បី​នាក់ បាន​ជួយ​គ្នា​រៀបចំ​បង្កាត់​ភ្លើង​ដាក់​ទឹក​ក្នុង​ខ្ទះ និង​ផ្សំ​គ្រឿង ដើម្បី​ដាំ​បបរ​នៅ​ក្នុង​កូន​រោង​តូច​មួយ​ខាង​ក្រោយ​អគារ​សិក្សា​នៃ​សាលា​បឋម​សិក្សា ពូលូង នៅ​ពេល​ដែល​ក្មេងៗ​សិស្ស​សាលា​កំពុង​រៀន​ក្នុង​ថ្នាក់៖ «សំឡេង»។

កំពុង​លីង​គ្រឿង​បបរ​បណ្ដើរ និយាយ​បណ្ដើរ យូរៗ​ម្ដង​បាន​ប្ដូរ​កន្លែង ដើម្បី​គេច​ចេញ​ពី​ផ្សែង​ដែល​ហុយ​ទ្រលោម​ក្នុង​រោង លោកស្រី ប៉ុក ង ជា​ជនជាតិ​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ពូលូង សង្កាត់​រមនា ក្នុង​ក្រុង​មនោរម្យ ខេត្ត​មណ្ឌលគិរី មាន​ប្រសាសន៍​ថា ជា​ញឹកញាប់​គាត់​តែង​ឆ្លៀត​ពេល​មក​ជួយ​ដាំ​បបរ​ធ្វើ​អាហារ​ពេល​ព្រឹក​អោយ​ក្មេងៗ រួម​ទាំង​កូន​លោកស្រី​ផង អោយ​បាន​ស្រស់ស្រូប​នៅ​ពេល​ពួក​គេ​មក​សាលា​រៀន។ អាហារ​នោះ​ភាគ​ច្រើន គឺ​បបរ​គ្រឿង យូរៗ​ម្ដង​ក៏​មាន​បបរ​ស​ដែរ៖ «សំឡេង»។

ការ​ជួយ​ធ្វើ​អាហារ​ពេល​ព្រឹក​អោយ​កុមារ​នៅ​បឋម​សិក្សា គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​បង្កើត​អោយ​មាន​ក្រុម​មាតា​បិតា អាណា​ព្យាបាល​សិស្ស។ ដ្បិត​អាហារ​ពេល​ព្រឹក​ត្រូវ​ចាត់​ទុក​ជា​ជំនួយ​មួយ​សំខាន់ ក្នុង​ការ​ទាក់ទាញ​កុមារ​អោយ​ចូល​រៀន និង​ចង់​រៀន ព្រម​ទាំង​រៀន​បាន​ល្អ។

ពួក​គេ​បាន​បែង​ចែក​វេន​ដើម្បី​ទៅ​ធ្វើ​អាហារ​ពេល​ព្រឹក។ ពេល​ខ្លះ​ឪពុក​ម្ដាយ​កុមារ ក៏​បាន​ចូលរួម​ផ្ដល់​ឧស និង​អង្ករ​ដែរ។ នៅ​សាលា​បឋម​សិក្សា​ក្នុង​ភូមិ​ពូលូង អាហារ​ពេល​ព្រឹក​របស់​សិស្ស​បាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ចំណែក​សិស្ស​នៅ​មត្តេយ្យ​សហគមន៍ គឺ​ក្រុម​ម៉ែៗ​រួម​គ្នា​ឧបត្ថម្ភ។

ក្រុម​កុមារ​តូចៗ​នាំ​គ្នា​ញ៉ាំ​អាហារ​សម្រន់​ក្នុង​សាលា​បឋម​សិក្សា​មួយ​ក្នុង​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៤។
ក្រុម​កុមារ​តូចៗ​នាំ​គ្នា​ញ៉ាំ​អាហារ​សម្រន់​ក្នុង​សាលា​បឋម​សិក្សា​មួយ​ក្នុង​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Sochivy

ម្ដាយ​ជនជាតិ​ព្នង​ម្នាក់​ដែល​មាន​កូន​តូច​កំពុង​រៀន​ក្នុង​ថ្នាក់​មត្តេយ្យ​ដែរ មាន​ប្រសាសន៍​ថា ក្មេង​តូចៗ​តែង​តែ​ឃ្លាន និង​ត្រូវ​ការ​អាហារ​នៅ​ពេល​ពួក​គេ​មក​សាលា​រៀន ប្រសិន​បើ​ពុំ​មាន​អាហារ​សម្រន់​ទេ ពួក​គេ​តែង​ប្រកែក​មិន​ចង់​ទៅ​រៀន៖ «សំឡេង»។

នាយក​បឋម​សិក្សា​ភូមិ​ពូលូង លោក សុត ចាន់ធឿន មាន​ប្រសាសន៍​ថា ចំនួន​សិស្ស​ក្នុង​សាលា​មិន​បាន​ថយ​ចុះ​ឡើយ ចំណែក​ចំនួន​សិស្ស​បោះ​បង់​ការ​សិក្សា ក៏​មិន​មាន​ចំនួន​ច្រើន​ដូច​មុន​ឡើយ នៅ​ពេល​សាលា​មាន​អាហារ​ពេល​ព្រឹក៖ «សំឡេង»។

ក្នុង​ខេត្ត​មណ្ឌលគិរី អត្រា​បោះ​បង់​ចោល​សាលា​របស់​កុមារ​មាន​ចំនួន​ពី ១២% ទៅ ១៤% ហើយ​ចំនួន​នេះ​ឋិត​នៅ​ថេរ គឺ​ពុំ​បាន​កើន​ឡើង​ឡើយ​គិត​ត្រឹម​ឆ្នាំ​សិក្សា​២០១៣-២០១៤។ ក្នុង​ផ្នែក​បឋម​សិក្សា​មាន​សិស្ស​សរុប​ជាង ១​ម៉ឺន ២​ពាន់​នាក់ (១២.២១៩​នាក់)។ ចំណែក​នៅ​ក្នុង​ស្រុក​វ៉ឺនសៃ ក្នុង​ខេត្ត​រតនគិរី វិញ ក្រៅ​ពី​ជួយ​ផ្ដល់​អាហារ​សម្រន់​សម្រាប់​កុមារ ក្រុម​ឪពុក​ម្ដាយ ឬ​ក្រុម​ម៉ែៗ​នោះ បាន​ជួយ​ផ្គត់ផ្គង់​សម្ភារៈ​ក្មេង​លេង ជំនួយ​ដល់​ការ​រៀន​របស់​ក្មេង​ទៅ​ដល់​សាលា​មត្តេយ្យ។

តំណាង​ក្រុម​ឪពុក​ម្ដាយ​ក្នុង​ស្រុក​វ៉ឺនសៃ លោកស្រី ស៊ុកាន់ មាន​ប្រសាសន៍​ថា ស្រប​គ្នា​នឹង​ការ​ផ្គត់ផ្គង់​ចំណី​អាហារ និង​សម្ភារៈ​ផ្សេងៗ​នេះ ឪពុក​ម្ដាយ ជាពិសេស​ម្ដាយ​តែង​ជា​អ្នក​ដែល​ជួយ​ជំរុញ​កុមារ​អោយ​ចូល​រៀន និង​មក​សាលា​រៀន​ទៀង​ទាត់។ ក្រៅ​ពី​នេះ ក្រុម​ឪពុក​ម្ដាយ​ក៏​តែង​ជួប​ប្រជុំ​គ្នា ស្វែង​យល់​ពី​ការ​ថែ​ទាំ​សុខភាព​គ្រួសារ និង​ក្មេងៗ​តូចៗ​ផង៖ «សំឡេង​ចំរៀង»។

នាយក​ប្រតិបត្តិ​សមាគម​គ្រួសារ​យើង ដែល​កំពុង​ធ្វើ​ការងារ​ជំរុញ​ការ​អប់រំ​ក្នុង​ខេត្ត​ភាគ​ឦសាន អ្នកស្រី ទី សំភី មាន​ប្រសាសន៍​ថា ការ​ចងក្រង​ក្រុម​មាតា​បិតា​សិស្ស​នេះ អាច​ជួយ​ពួក​គាត់​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ពី​ការ​ថែ​ទាំ​សុខភាព​គ្រួសារ ចាប់​តាំង​ពី​អាហារ​ប្រចាំ​ថ្ងៃ ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល៖ «សំឡេង»។

ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​អាហារ​ពេល​ព្រឹក​សម្រាប់​កុមារ​នៅ​ថ្នាក់​មត្តេយ្យ និង​បឋម​សិក្សា​នេះ បើ​ទោះ​ជា​មាន​ការ​អះអាង​ថា ជា​ជំនួយ​សំខាន់​មួយ ប៉ុន្តែ​រដ្ឋ​ពុំ​មាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ផ្នែក​នេះ​ទេ ដែល​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ក្រុម​ឪពុក​ម្ដាយ​សិស្ស។

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី លោក ទឹម សង្វាត មាន​ប្រសាសន៍​ថា ករណី​នេះ​ទាមទារ​អោយ​បណ្ដា​ភាគី​ម្ចាស់​ជំនួយ ជាពិសេស សហភាព​អឺរ៉ុប ដែល​កំពុង​ផ្ដល់​ជំនួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា៖ «សំឡេង»។

ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ សហភាព​អឺរ៉ុប គ្រោង​នឹង​ផ្ដល់​ថវិកា​ប្រមាណ ១៨០​លាន​ដុល្លារ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។