គម្រោង​បង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ដៃ​ឆ្លើយ​តប​អំពើ​ហិង្សា​លើ​ស្ត្រី

ដោយ សុ ជីវី
2015.02.06
VXW កម្មវិធី​ទូរស័ព្ទ​ដៃ​ទប់ស្កាត់​ហិង្សា​លើ​ស្ត្រី ៦២០ គម្រោង​ថ្មី វី.អិច.ដាប់ប៊ែលយូ (VXW) របស់​អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) បង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ដៃ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា អាបភ្លីខេសិន (Application) ដើម្បី​រួម​ចំណែក​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Sochivy

គម្រោង​ថ្មី​មួយ​ឈ្មោះ​ថា វី.អិច.ដាប់ប៊ែលយូ (VXW) របស់​អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) កំពុង​រៀបចំ​អោយ​យុវតី​វ័យ​ក្មេង​ចូលរួម​បង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ដៃ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា អាបភ្លីខេសិន (Application) ដើម្បី​រួម​ចំណែក​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី។

តាម​គម្រោង​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ដៃ ឬ​អាប​នេះ នឹង​បញ្ចប់​នៅ​ខែ​មីនា ខាង​មុខ ហើយ​នឹង​ត្រូវ​គេ​ដាក់​អោយ​ប្រើ​ប្រាស់​សាក​ល្បង​ភ្លាមៗ​មុន​ពេល​ប្រកាស​ជា​សាធារណៈ។

គម្រោង​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​តាម​រយៈ​គំនិត​ឆ្នៃ​ប្រឌិត​កម្មវិធី​តាម​ទូរស័ព្ទ​ដៃ ឬ​ហៅ​ថា វី.អិច.ដាប់ប៊ែលយូ របស់​អង្គការ​មូលនិធិ​អាស៊ី​ជ្រើសរើស​ស្ត្រី​វ័យ​ក្មេង ៣​រូប​ជា​ម្ចាស់​ជ័យ​លាភី​ដែល​នឹង​ចូល​រួម​បង្កើត​អាប​សម្រាប់​ទូរស័ព្ទ​ដៃ​វៃឆ្លាត ឬ​ស្មាតហ្វូន (Smart Phone)។

មន្ត្រី​កម្មវិធី​នៃ​មូលនិធិ​អាស៊ី កញ្ញា ឡុក ម៉ាលីន មាន​ប្រសាសន៍​ថា ស្ត្រី​វ័យ​ក្មេង​ទាំង ៣​រូប​ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខនារី​ដទៃ​ទៀត អោយ​ចូលរួម​ក្នុង​គម្រោង​នេះ​ដោយ​សំអាង​លើ​បទ​ពិសោធន៍ និង​ឆន្ទៈ​ហ៊ាន​លះបង់​ពេល​វេលា និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ចូល​រួម​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី៖ «ទី​១ បទពិសោធន៍​របស់​គាត់​ដែល​គាត់​ធ្វើ​រឿង​ស្ត្រី និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូលរួម​ជាមួយ​ពួក​យើង ដោយ​ពុំ​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ធ្វើ​ការ​សកម្មជន​របស់​យើង​ដោយ​ស្ម័គ្រ​ចិត្ត​ មិន​គិត​ថា ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ​ទេ»

ស្ត្រី​វ័យ​ក្មេង​ទាំង ៣​រូប ​ឬ​ហៅ​ថា អ្នក​ឈ្នះ​ជ័យ​លាភី​ទាំង ៣​រូប​នោះ​មាន កញ្ញា ស៊ុំ ដានី កញ្ញា ផាត់ ស្រីទូច និង​កញ្ញា បុណ្យ រចនា។

កញ្ញា ស៊ុំ ដានី ទើប​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ និង​ជា​ម្ចាស់​ប្លក់ (Blog) យ៉ាំង វូមែន (Young Woman)។ កញ្ញា​ក៏​ជា​អ្នក​សម្រប​សម្រួល​រៀបចំ​សហគមន៍ និង​ផ្ដល់​ភាព​អង់​អាច​ដល់​ស្ត្រី​នៅ​ថ្នាក់​ស្រុក​របស់​អង្គការ​សីលកា។ ក្នុង​ទំព័រ​ប្លក់​នោះ ស៊ុំ ដានី បាន​សរសេរ​​​អត្ថបទ​ជាច្រើន​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​អំពាវ​នាវ​រក​មធ្យោបាយ​សមស្រប​ដោះស្រាយ​បញ្ហា។ អត្ថបទ​ថ្មី​បំផុត​របស់ ដានី បាន​និយាយ​ពី​បញ្ហា​របស់​ស្ត្រី​ជា​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ ដែល​ជា​ញឹកញយ​រង​ការ​រំលោភ​សិទ្ធិ​ពី​និយោជក។

ចំណែក​កញ្ញា ផាត់ ស្រីទូច គឺ​ជា​សមាជិក​គណៈកម្មការ​នៃ​សមាគម​សាមគ្គី​នៃ​អ្នក​ផ្សព្វផ្សាយ​ស្រាបៀ​នៅ​កម្ពុជា។ ក្នុង​នាម​ជា​អតីត​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ ស្រីទូច ប្ដេជ្ញា​ចិត្ត​ចូលរួម​ចំណែក​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី​លក់​ស្រាបៀ តាម​រយៈ​ការ​តស៊ូ​មតិ ទាមទារ​សិទ្ធិ ​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ពួកគេ។

រី​ឯ​កញ្ញា បុណ្យ រចនា វិញ​នាង​ជា​ម្ចាស់​​ប្លក់​ឈ្មោះ​ថា បេះដូង​ខ្មែរ និង​បណ្ដាញ​ធ្វីតធើ (Twitter) ឈ្មោះ​ថា អាណា ស៊ីខេ (Ana Ck) ជា​មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​អង្គការ​អេកសិន អេដស៍ (Action Aid)។ បច្ចុប្បន្ន​រចនា​កំពុង​ធ្វើការ​ជាមួយ​ស្ត្រី​ជា​ច្រើន​ក្រុម​នៅ​ក្នុង​ខេត្ត​ចំនួន​៥។ ស្រប​គ្នា​នេះ​ក៏​បាន​បង្កើត​ជា​បណ្ដាញ​ស្ត្រី​ជា​ប្រជា​នាំ​សារ ឬ​ពលរដ្ឋ​ជា​អ្នក​ផ្ដល់​ព័ត៌មាន​ពី​បញ្ហា​ពួកគាត់​ជួប​ប្រទះ។ លើស​ពី​នេះ​រចនា​ក៏​កំពុង​ចូល​រួម​ក្នុង​យុទ្ធនាការ​ទីក្រុង​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី។

មន្ត្រី​កម្មវិធី​នៃ​អង្គការ​មូលនិធិ​អាស៊ី កញ្ញា ឡុក ម៉ាលីន រៀបរាប់​បន្ត​ថា អ្នក​ទាំង​៣​រូប​នឹង​ធ្វើ​ការ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន ហ្គោលដិន ហ្កេកកូ (Golden Gekko) និង​ក្រុម​ការងារ​ឌីជីថល របស់​សប្បាយ (Sabay) ដើម្បី​បង្កើត​អាប​ទៅ​តាម​គំនិត​ឆ្នៃ​ប្រឌិត​របស់​ពួកគេ។ កញ្ញា ម៉ាលីន ពន្យល់​ថា អាប​នោះ​នឹង​ខុស​គ្នា​ទៅ​តាម​បទពិសោធន៍ និង​គំនិត​របស់​យុវតី​ទាំង​៣​រូប៖ «​​គឺ​គាត់​ជា​អ្នក​ច្នៃប្រឌិត​បង្កើត​គំនិត​ថ្មី​ទៅ​អោយ​​ក្រុម​ខាង​បច្ចេកវិទ្យា ដើម្បី​បង្កើត​ម៉ូបាល អាប់ភ្លីខេសិន (Mobile Application)។ មិន​មែន​មាន​តែ​គំនិត​គាត់​តែ​ឯង​ទេ គឺ​គាត់​សិក្សា​អំពី​បញ្ហា​ហ្នឹង​ពី​គ្រប់​ជ្រុងជ្រោយ​ ធ្វើ​ម៉េច​បង្កើត​អាប​អោយ​មាន​ប្រសិទ្ធភាព»

គម្រោង​របស់​អង្គការ​មូលនិធិ​អាស៊ី​នេះ បាន​ការ​គាំទ្រ​ថវិកា​ពី​មូលនិធិ​ប្រជាពលរដ្ឋ​នៃ​ចក្រភព​អង់គ្លេស ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ហ្គោលដិន ហ្កេកកូ និង​ក្រុម​ការងារ​ឌីជីថល របស់​សប្បាយ (Sabay Digital Corp)។ កម្មវិធី​នេះ​មាន​រយៈ​ពេល ១៨​ខែ ដោយ​រាប់​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៤​មក។ គោល​បំណង​នៃ​កម្មវិធី​នេះ​គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ ឬ​ទូរស័ព្ទ​ចល័ត​ឆ្លាតវៃ ចូល​រួម​ដោះស្រាយ​បញ្ហា ឬ​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី ដោយ​ពឹង​ផ្អែក​គំនិត​ពី​មូលដ្ឋាន និង​ផ្ដល់​ភាព​អង់អាច​ដល់​សកម្មជន​ជា​ស្ត្រី។

កញ្ញា ឡុក ម៉ាលីន ពន្យល់​ដែរ​ថា អាប​នោះ​ជា​មធ្យោបាយ​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​ចូល​រួម​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ដែល​គេ​អាច​បើក​មើល​តាម​ទូរស័ព្ទ​ដៃ៖ «យើង​ឃើញ​ថា​ចំណេះដឹង​ក្នុង​ការ​អាន​អក្សរ​បាន គាត់​ក៏​ជា​អ្នក​ងាយ​រង​គ្រោះ។ ហេតុ​នេះ​អាប​នោះ​ធ្វើ​ម៉េច​អាច​អោយ​មើល​យល់​បាន​ទាំង​អស់​គ្នា ជា​វីដេអូ ជា​គំនូរជីវចល ដែល​អាច​ពង្រីក​ចំណេះ​ដឹង​តាម​ស្មាតហ្វូន​បាន​លឿន។ មួយ​ទៀត​អាប​ហ្នឹង​មិន​មែន​ជា​ការ​អប់រំ តែ​ជួយ​គាត់ ឧទាហរណ៍​ពេល​គាត់​ដើរ​នៅ​កន្លែង​ណា​មួយ​គាត់​ជួប​បញ្ហា​គាត់​អាច​ចុច​ប៊ូតុង​ណា​មួយ​ផ្ដល់​ដំណឹង​ទៅ​មិត្ត​ភក្តិ សាច់​ញាតិ​ដែល​គាត់​គិត​ថា អាច​ជួយ​គាត់​បាន»

ម្ចាស់​ប្លក់ យ៉ាង វូមែន និង​ជា​ជយលាភី​ចូល​រួម​បង្កើត​អាប​សម្រាប់​ទូរស័ព្ទ​ដៃ កញ្ញា ស៊ុំ ដានី ថ្លែង​ថា កញ្ញា​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​គោលដៅ​ជំរុញ​ការ​យល់​ដឹង ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី។ ដានី រំពឹង​ថា កិច្ចការ​របស់​នាង​នៅ​ថ្ងៃ​ខាង​មុខ​នឹង​ជួយ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​អវិជ្ជមាន​នៅ​ជុំវិញ​តួនាទី​របស់​ស្ត្រី​ក្នុង​សង្គម។

ចំណែក​ជ័យ​លាភី​មួយ​រូប​ទៀត គឺ​កញ្ញា បុណ្យ រចនា ដែល​ជា​មន្ត្រី​កម្មវិធី​នៃ​អង្គការ អេកសិន អេដស៍ កម្ពុជា និង​ជា​ម្ចាស់​ប្លក់​ឈ្មោះ​ថា បេះដូង​ខ្មែរ​សង្ឃឹម​ថា កិច្ចការ​របស់​នាង​នឹង​ជួយ​អោយ​បញ្ហា​របស់​ស្ត្រី​ត្រូវ​ដោះស្រាយ​បន្ថែម​មួយ​កម្រិត​ទៀត។

ទាក់ទង​នឹង​គម្រោង​នេះ​អង្គការ​មូលនិធិ​អាស៊ី​ ធ្វើ​ពិធី​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កុម្ភៈ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​អោយ​ភាគី​ពាក់ព័ន្ធ​បាន​ដឹង​ពី​ដំណើរការ​គម្រោង និង​ចូលរួម​ផ្ដល់​ការ​គាំទ្រ​ជំរុញ​លើក​ទឹក​ចិត្ត​ជយលាភី​ទាំង ៣​រូប​អោយ​បំពេញ​ការងារ​បន្ត​ទៀត។

មន្ត្រី​កម្មវិធី​នៃ​អង្គការ​មូលនិធិ​អាស៊ី កញ្ញា ឡុក ម៉ាលីន អោយ​ដឹង​ទៀត​ថា គម្រោង​នេះ​ក៏​នឹង​បន្ត​ជ្រើសរើស​ជយលាភី​ថ្មី ៣​រូប​ទៀត អោយ​ចូលរួម​បង្កើត​លើ​ប្រធាន​បទ​ដដែល​នេះ​ទៀត នៅ​រយៈ​ជាង​មួយ​​ឆ្នាំ​ទៅ​មុខ។ នៅ​ចុងក្រោយ​បង្អស់​កម្មវិធី​នេះ​នឹង​បើក​អោយ​ស្ត្រី និង​​យុវតី​នៅ​ទូទាំង​ប្រទេស​ចូល​រួម​ប្រកួតប្រជែង​ជ្រើសរើស​ជយលាភី​ថ្នាក់​ជាតិ​ក្នុង​ការ​ឆ្នៃ​ប្រឌិត​បង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ​នោះ​បន្ត​ទៀត៖ «ប្រសិន​បើ​គម្រោង​នេះ​មាន​ប្រសិទ្ធភាព​ ក្រុម​យើង​នឹង​ព្យាយាម​រក​ថវិកា​បន្ថែម​ទៀត សំខាន់​គឺ​តើ​ពលរដ្ឋ​ប្រើ​វា​ឬ​ទេ? យើង​នឹង​ពិនិត្យ​មើល​ថា​អាច​ធ្វើ​អ្វី​បន្ត​ទៀត»

របាយការណ៍​ប៉ាន់​ប្រមាណ​អំពី​យេនឌ័រ​នៅ​កម្ពុជា ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​បង្ហាញ​ថា ជា​ទូទៅ ប្រេវ៉ាឡង់​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​មាន​កម្រិត​ខ្ពស់។ ដូចគ្នា​នេះ​អត្រា​រំលោភ​សេពសន្ថវៈ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ទាំង​ក្នុង​គ្រួសារ និង​នៅ​ទីកន្លែង​ដទៃ​ទៀត ក៏​នៅ​មាន​កម្រិត​ខ្ពស់។ អំពើ​ហិង្សា​លើ​ស្ត្រី​កើត​ឡើង​ដោយសារ​មូលហេតុ​ជា​ច្រើន រួម​ទាំង​ផ្នត់​គំនិត​យេនឌ័រ និង​កត្តា​ផ្សេងៗ​ទៀត​របស់​បុគ្គល ដូចជា​ការ​ញៀន​គ្រឿង​ស្រវឹង កម្រិត​នៃ​ការ​អប់រំ​ទាប និង​ការ​ទទួល​រង​អំពើ​ហិង្សា​ក្នុង​វ័យ​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។