លីកាដូ​ទទូច​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​​តឹងរ៉ឹង​ចំពោះ​បទល្មើស​​រំលោភ​សេពសន្ថវៈ​ស្ត្រី​និង​កុមារី

ដោយ​ សុ ជីវី
2016-12-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម្ដាយ​កុមារី​រងគ្រោះ​ដែល​ត្រូវ​ជនល្មើស​ចាប់​រំលោភ​នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ការិយាល័យ​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥។
ម្ដាយ​កុមារី​រងគ្រោះ​ដែល​ត្រូវ​ជនល្មើស​ចាប់​រំលោភ​នៅ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ការិយាល័យ​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) រក​ឃើញ​ថា ការ​ផ្ដន្ទាទោស​លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ​មាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​បញ្ហា​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ។ បញ្ហា​នេះ​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន ដូចជា​ការ​ប្រើប្រាស់​ប្រាក់​សំណង​ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​ក្ដី ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​នគរបាល​យុត្តិធម៌ និង​តុលាការ ចៅក្រម​នៅ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​អនុវត្ត​ច្បាប់ និង​អាកប្បកិរិយា​រើសអើង​ចំពោះ​ស្ត្រី​ភេទ។

មន្ត្រី​រដ្ឋាភិបាល​រិះគន់​ការ​រក​ឃើញ​នេះ​ថា មើល​ឃើញ​តែ​មួយ​ជ្រុង ដោយ​មិន​បាន​ពិនិត្យ​ពី​ការ​កែទម្រង់​របស់​រដ្ឋាភិបាល និង​តថភាព​សង្គម​វប្បធម៌​ខ្មែរ។

របាយការណ៍​ស្ដីពី​ការ​រួចខ្លួន​ពី​បទល្មើស​ដែល​ចេញ​ដោយ​អង្គការ​លីកាដូ គឺ​ជា​ការពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​ក្នុង​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ​សម្រាប់​ឆ្នាំ​២០១៦ ទៅ​លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ​កុមារី ដែល​អង្គការ​នេះ​បាន​តាម​ដាន​តាំង​ពី​ឆ្នាំ​២០១២។

ក្នុង​រយៈពេល​ចុង​ក្រោយ គឺ​គិត​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ នេះ​អង្គការ​លីកាដូ នៅ​តែ​រក​ឃើញ​បញ្ហា​មិន​ខុស​គ្នា​ពី​ឆ្នាំ​មុនៗ​ដែរ នោះ​គឺ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​បន្ត​មាន​កំហុស​ធ្ងន់ធ្ងរ​ជា​ច្រើន​នៅ​ឡើយ ហើយ​មិន​ទាន់​ដោះស្រាយ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ទទូច​ឱ្យ​រដ្ឋាភិបាល​​ ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ និង​កុមារ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​កុមារ​នៃ​អង្គការ​លីកាដូ កញ្ញា ណាប់ សុម៉ាលី បញ្ជាក់​ថា ការ​ពិបាក​ទទួល​បាន​យុត្តិធម៌​របស់​ជនរងគ្រោះ​ជា​សញ្ញា​នៃ​ការ​លើក​ទឹក​ចិត្ត​អោយ​មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​ជា​ពិសេស​ទៅ​លើ​កុមារី៖ «ជាង ៥០​ភាគរយ គឺ​កុមារ​អាយុ​ចន្លោះ​ពី ១២​ឆ្នាំ ទៅ ១៧​ឆ្នាំ ដែល​ងាយ​រង​គ្រោះ​ដោយសារ​ការ​រំលោភ​សេពសន្ថវៈ​នៅ​ការិយាល័យ​ដែល​លីកាដូ ទទួល​បាន។ បើ​សិន​ជា​ការ​រំលោភ​សេពសន្ថវៈ​នៅ​តែ​កើត​មាន​ឡើង ហើយ​អាជ្ញាធរ និង​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ខ្ញុំ​យល់​ថា វា​នឹង​ក្លាយ​ជា​ហានិភ័យ​មួយ​ ដោយសារ​តែ​ស្ត្រី និង​កុមារ​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​និទណ្ឌភាព​មួយ​ដោយសារ​តែ​ជន​ល្មើស​អាច​ប្រើប្រាស់​លុយ​ដើម្បី​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ និង​ការ​ប្រើប្រាស់​លុយ​ដើម្បី​គេចពី​សំណាញ់​ច្បាប់​ដែរ»

អង្គការ​លីកាដូ ទទួល​បាន​សំណុំ​រឿង ២៨២​ករណី ពាក់​ព័ន្ធ​នឹង​អ្នក​រង​គ្រោះ​ចំនួន ២៩២​នាក់ ក្នុង​នោះ​មាន ២១៧​នាក់​ជា​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ និង ៧៥​នាក់ ជា​ស្ត្រី​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ។ តួលេខ​ទាប​នៃ​សំណុំ​រឿង​ទាក់ទង​នឹង​ស្ត្រី​ពេញ​វ័យ​ជា​រឿង​ដែល​កើត​មាន​តាំង​ពី​របាយការណ៍​ក្នុង​ឆ្នាំ​២០១៥ ដែរ ដោយសារ​តែ​ការ​មិន​រាយការណ៍​របស់​ជន​រងគ្រោះ។ មូលហេតុ​ចម្បង​នៃ​បញ្ហា​នេះ​គឺ​ការ​ភ័យ​ខ្លាច​ស្លាកស្នាម​សង្គម ការ​ស្ដី​បន្ទោស និង​ការ​បដិសេធ​ពី​ស្វាមី​ជនរងគ្រោះ។

អង្គការ​ដដែល​រក​ឃើញ​ទៀត​ថា ក្នុង​ចំណោម​កុមារី​រងគ្រោះ​អាយុ​ក្រោម ១៨​ឆ្នាំ មាន ១៤​នាក់ មាន​អាយុ​ពី ១ ដល់ ៥​ឆ្នាំ ៧៦​នាក់​មាន​អាយុ​ពី​៦ ទៅ ១១​ឆ្នាំ និង ១២៧​នាក់ មាន​អាយុ​ពី​១២ ទៅ ១៧​ឆ្នាំ និង​មាន​មួយ​ករណី​ជន​រងគ្រោះ​ជា​បុរស។

ក្នុង​ចំណោម​សំណុំ​រឿង​ទាំង​អស់​មាន​ការ​កើន​ឡើង​បន្តិចបន្តួច​នូវ​ការ​ផ្ដន្ទាទោស​ត្រឹមត្រូវ​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស បើ​ប្រៀបធៀប​គ្នា​រវាង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦។ ចំណែក​ចំនួន​សំណុំ​រឿង​ដែល​មាន​ការ​ផ្ដន្ទាទោស​មិន​ត្រឹមត្រូវ​នៅ​ថេរ រី​ឯ​ការ​សម្រប​សម្រួល​បញ្ចប់​រឿង​មុន​ទៅ​តុលាការ​បាន​ថយ​ចុះ។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​រៀបរាប់​លម្អិត​ថា ក្នុង​ចំណោម​ករណី​ចំនួន ១២៥ ដែល​ត្រូវ​បិទ​បញ្ចប់​គឺ​មាន​ទាក់ទង​ដល់​ស្ត្រី និង​កុមារី ដែល​ក្នុង​នោះ​មាន ៣១​ករណី​បាន​បិទ​បញ្ចប់​មុន​សវនាការ ៤០​ករណី​បញ្ចប់​ដោយ​ការ​ជំនុំ​ជម្រះ​មិន​ត្រឹមត្រូវ ឬ​ការ​សម្រេច​ដោះលែង​ជន​សង្ស័យ និង ៥៣​ករណី​ទៀត បាន​បិទ​បញ្ចប់​ដោយ​ការ​ផ្ដន្ទាទោស និង​ការ​ដាក់​ទោស​សមស្រប។

ក្នុង​ករណី​បញ្ចប់​សំណុំ​រឿង​ដោយ​សំណង​លីកាដូ រក​ឃើញ​ថា ក្នុង​ចំណោម ៣២​ករណី មាន ១៩​ករណី​ត្រូវ​ដោះស្រាយ​បញ្ចប់​ដោយ​ប្រាក់​ជា​ថ្នូរ​នឹង​ដក​បណ្ដឹង​ព្រហ្មទណ្ឌ ក្នុង​នោះ​មាន​ករណី​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ ចំនួន ១៤​ករណី។ ពិត​មែន​ថា ច្បាប់​កម្ពុជា មិន​អនុញ្ញាត​អោយ​មាន​ការ​ដោះស្រាយ​បញ្ចប់​រឿង​ព្រហ្មទណ្ឌ ក៏​លីកាដូ បាន​រក​ឃើញ​ថា ការ​ចរចា​ផ្ដល់​សំណង​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ ក្នុង​នោះ​មាន ៨​ករណី​ចរចា​ដោយ​នគរបាល ៤​ករណី​ចរចា​ដោយ​ព្រះរាជ​អាជ្ញា ២​ករណី​ចរចា​ដោយ​ចៅក្រម​ស៊ើបសួរ និង​១​ករណី​ចរចា​ដោយ​មេ​ឃុំ។ ក្នុង​ការ​ចរចា​ទាំង​នោះ មាន​ការ​អះអាង​ពី​ការ​ទទួល​ប្រាក់​ដោយ​អាជ្ញាធរ​ដែល​ផ្ដល់​ដោយ​ជន​សង្ស័យ និង​ពេល​ខ្លះ​គឺ​ជា​អ្នក​រងគ្រោះ។ ស្រប​គ្នា​នេះ​មាន​ករណី​រំលោភ​សេពសន្ថវៈ​ចំនួន​២ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​រៀបការ។

លីកាដូ​ក៏​បាន​រក​ឃើញ​ថា មាន​ការ​ផ្លាស់ប្ដូរ​បទ​ចោទ​ទៅ​លើ​ជន​សង្ស័យ​ពី​អំពើ​រំលោភ​សេពសន្ថវៈ​ទៅ​ជា​ប្រទូស្ត​កេរខ្មាស ដែល​ជួយ​បន្ធូរបន្ថយ​ទោស​អ្នក​ប្រព្រឹត្ត​ល្មើស។ ភាគ​ច្រើន​នៃ​ករណី​នេះ អាច​មក​ពី​អំពើ​ពុករលួយ​ទាំង​ក្នុង​ដំណើរ​ក្ដី​ក្នុង​តុលាការ និង​ការ​ផ្លាស់​ប្ដូរ​របាយការណ៍​កោសល្យវិច័យ​របស់​ពេទ្យ។ ម្យ៉ាង​ទៀត​ក៏​មាន​ករណី​ដែល​ជន​ប្រព្រឹត្ត​ត្រូវ​កាត់​អោយ​មាន​ទោស​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​ព្យួរទោស​ដោយ​ពុំ​មាន​ហេតុផល​ត្រឹម​ត្រូវ។ លើស​ពី​នេះ​ក៏​មាន​ករណី​ដែល​ជនសង្ស័យ​ត្រូវ​ដោះលែង​ដោយ​រក​ពុំ​ឃើញ​ថា មាន​កំហុស ដោយ​មាន​ហេតុផល​មួយ​ចំនួន​គួរ​អោយ​សង្ស័យ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ជំនុំ​ជម្រះ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា របាយការណ៍​របស់​អង្គការ​លីកាដូ នេះ​មើល​ឃើញ​តែ​មួយ​ជ្រុង។ លោក ម៉ាលីន លើក​ឡើង​ថា ក្រសួង​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​អសកម្ម ហើយ​មាន​ការ​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ហើយ៖ «យើង​ទទួល​ស្គាល់​​ថា មាន​ការ​សម្របសម្រួល​បញ្ចប់​រឿង​មែន ប៉ុន្តែ​អង្គការ​លីកាដូ គួរ​តែ​មើល​ទៅ​លើ​ទិដ្ឋភាព​សង្គម វប្បធម៌ និង​អាច​ជា​របាំង​នៃ​ទំនៀមទម្លាប់​ប្រពៃណី មិន​មែន​ជា​ការ​សម្របសម្រួល​ដែល​កើត​ចេញ​ពី​អំពើ​ពុករលួយ ព្រោះ​ថា នៅ​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ​របស់​គាត់​ដែល​គាត់​ស្គាល់​គ្នា​ជាមួយ​អាជ្ញាធរ​ ហើយ​នៅ​ពេល​មាន​បទល្មើស​កើត​ឡើង ភាគី​ទាំង​អស់​នោះ​គេ​ទៅ​សុំ​អង្វរ​មេ​ភូមិ សូម​អង្វរ​អាជ្ញាធរ​មូលដ្ឋន​អោយ​បញ្ចប់​រឿង​ត្រឹម​ហ្នឹង ហើយ​អោយ​គេ​ស្រុះស្រួល​គ្នា។ ក្នុង​នាម​ជា​អាជ្ញាធរ ដែល​ស្គាល់​គ្នា​ហ្នឹង​គឺ​គាត់​មិន​អាច​កាត់​ផ្ដាច់​ពី​មនោសញ្ចេតនា ទំនៀម​ទម្លាប់​ប្រពៃណី វប្បធម៌​ដែល​រស់​នៅ​ភូមិ​ផង​របង​ជាមួយ​គ្នា​ហ្នឹង​បាន​ទេ។ ជា​ទូទៅ​ការ​សម្របសម្រួល​បញ្ចប់​រឿង​បែប​នេះ ​​​មាន​ការ​ថយ​ចុះ​ ហើយ​ចំណាត់​ការ​ច្បាប់​មាន​ការ​កើន​ឡើង។ យើង​ទទួល​ស្គាល់​ដែរ​ថា ​អាច​មាន​បញ្ហា​មួយ​ចំនួន»

លោក ជិន ម៉ាលីន បន្ត​ថា ក្រសួង​នឹង​បន្ត​មាន​វិធានការ​ចំពោះ​បញ្ហា​អសកម្ម​ទាំង​ឡាយ នៅ​​ឆ្នាំ​ខាង​មុខ៖ «អ៊ីចឹង​វិធានការ​ផ្សព្វផ្សាយ​ច្បាប់ គឺ​ត្រូវ​តែ​អនុវត្ត​អោយ​បាន​ខ្លាំង​ជាង​មុន បាន​ន័យ​ថា ផ្សព្វផ្សាយ​អោយ​ដឹង​ទាំង​ពលរដ្ឋ​ និង​អាជ្ញាធរ​ រួម​នឹង​វិធានការ​នៃ​ការ​អនុវត្ត​ច្បាប់​ បាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​អនុវត្ត​តាម​ច្បាប់។ វិធានការ​ទាំង​២ នេះ​យើង​បាន​អនុវត្ត​កន្លង​មក ទើប​យើង​ឃើញ​ថា បញ្ហា​នេះ​មាន​ការ​ថយ​ចុះ​​ ក៏​ប៉ុន្តែ​មិន​មែន​បាត់​អស់​ទាំង​ស្រុង​នោះ​ទេ គឺ​យើង​នឹង​បន្ត​វិធានការ​ទាំង​ផ្សព្វផ្សាយ និង​វិធានការ​ច្បាប់​បន្ត​ទៀត»

ស្រប​គ្នា​នេះ លោក ម៉ាលីន អំពាវ​នាវ​អោយ​ពលរដ្ឋ​ត្រូវ​ហ៊ាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្នុង​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ ដ្បិត​ករណី​នេះ​ជា​រឿង​ព្រហ្មទណ្ឌ ជា​ពិសេស​គឺ​ការ​ចរចា​បញ្ចប់​រឿង​ក្ដី​បាន​កាត់​បន្ថយ៖ «ទី​១ គឺ​ទៅ​អ្នក​ចេញ​របាយការណ៍​គឺ​សុំ​សិក្សា​អោយ​បាន​គ្រប់​ទិដ្ឋភាព ទាំង​សង្គម ច្បាប់ និង​ទំនៀម​ទម្លាប់ ប្រពៃណី និង​ផ្នត់​គំនិត​របស់​ពលរដ្ឋ ទើប​របាយការណ៍​បាន​គ្រប់​ជ្រុង​ជ្រោយ។ ចំណែក​ទី​២ គឺ​មាន​តែ​ទៅ​សាធារណជន និង​អាជ្ញាធរ​ គឺ​ថា​បទល្មើស​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការ​រំលោភ​សេព​សន្ថវៈ​នេះ​គឺ​មិន​អាច​បញ្ចប់​ដោយ​ការ​សម្រប​សម្រួល ព្រោះ​ការ​ចរចា ការ​ផ្ដល់​សំណង​អាច​បញ្ចប់​តែ​ផ្នែក​រដ្ឋប្បវេណី។ ចំពោះ​សាធារណជន​សូម​អោយ​មាន​សេចក្ដី​ក្លាហាន​ចេញ​មក​បង្ហាញ​មុខ​តតាំង​ចំពោះ​មុខ​ច្បាប់​ ទើប​ករណី​ហ្នឹង​មាន​ការ​ថយ​ចុះ»

បើ​ទោះ​ជា​យ៉ាង​ណា អង្គការ​លីកាដូ នៅ​ចាត់​ទុក​ការ​មិន​អើពើ​ដោះ​ស្រាយ​បញ្ហា​នេះ ថា​ជា​ការ​រួម​ចំណែក​ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​រំលោភ​សេពសន្ថវៈ​ជា​បន្ត​ទៀត ហើយ​ថា វប្បធម៌​និទណ្ឌភាព​ចំពោះ​ជន​ប្រព្រឹត្ត​បទ​ល្មើស​បែប​នេះ​​ នឹង​បង្ក​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​​ចំពោះ​សុវត្ថិភាព​ស្ត្រី និង​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល