មូលហេតុ​ដែល​នាំ​អោយ​ស្ត្រី​មាន​ចំនួន​តិច​ចូល​រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ

ពាក្យ​ថា​វិទ្យាសាស្ត្រ​នយោបាយ ត្រូវ​បាន​គេ​យល់​អោយ​ស៊ី​ជម្រៅ​បាន​តិច​តួច​នៅ​ឡើយ នៅ​ក្នុង​សង្គម​កម្ពុជា។ មូល​ហេតុ​នេះ ជា​ចំណែក​មួយ​ដែល​នាំ​ឲ្យ​មុខ​វិជ្ជា​នេះ ពុំ​សូវ​មាន​យុវជន​ចាប់​អារម្មណ៍​សិក្សា។ លើស​ពី​នេះ ចំនួន​និស្សិត​ស្រី​ដែល​បាន​ចូល​ទៅ​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ មាន​ចំនួន​កាន់​តែ​តិច​ទៅ​ទៀត។
ដោយ សុ ជីវី
2012-11-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

វិទ្យាសាស្ត្រ​នយោបាយ គឺ​ជា​មុខ​វិជ្ជា​សំខាន់​មួយ​សម្រាប់​អ្នក​ដែល​ចង់​ស្វែង​យល់​ពី​វិស័យ​នយោបាយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​ចូល​រួម​ការងារ​ក្នុង​ជួរ​អ្នក​គ្រប់​គ្រង​រដ្ឋ ពោល​គឺ​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដឹក​នាំ​ប្រទេស។

នៅ​ក្នុង​បរិបទ​កម្ពុជា បច្ចុប្បន្ន មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ​ហាក់​ពុំ​ត្រូវ​គេ​ចាប់​អារម្មណ៍​ច្រើន​ឡើយ ហើយ​យុវតី​ដែល​ចាប់​យក​មុខ​វិជ្ជា​នេះ គឺ​កាន់​តែ​តិច​តួច​ទៅ​ទៀត។ មាន​មូល​ហេតុ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជាក់​ពី​ប្រការ​នេះ។

និស្សិត​ឆ្នាំ​ទី៤ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ខេមរៈ កញ្ញា ចាន់ ម៉ាឡែន បាន​អោយ​ដឹង​ថា នាង​បាន​ចូល​រៀន​ដោយ​ចិត្ត​ស្រឡាញ់ ចង់​ចេះ​ចង់​ដឹង​ច្រើន​ពី​សង្គម និង​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​មួយ​រូប។ បើ​ទោះ​ជា​យ៉ាង​ណា ម៉ាឡែន បញ្ជាក់​ថា ការ​ចាប់​យក​មុខ​វិជ្ជា​នេះ គឺ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ទុក​ជា​មុន​ថា អាច​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​រក​ការងារ​ធ្វើ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។

និស្សិត​ម្នាក់​ទៀត​កំពុង​រៀន​ឆ្នាំ​ទី៤ ផ្នែក​ទំនាក់​ទំនង​ការ​ទូត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កញ្ញា ផៃ ផារី បាន​លើក​ឡើង​ថា មិត្តភ័ក្ដិ​នារី​របស់​នាង​ភាគ​ច្រើន បាន​ចាប់​យក​មុខ​វិជ្ជា​ដែល​អាច​រក​ប្រាក់​បាន​ងាយ​ស្រួល និង​មិន​សូវ​ប្រើ​ប្រាស់​ពេល​វេលា​សម្រាប់​កិច្ចការ​សង្គម​ច្រើន។

អត្ថបទ​នៅ​ក្នុង​គេហទំព័រ​វីឃីផេឌា (Wikipedia) បាន​បញ្ជាក់​ថា មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ គឺ​ផ្នែក​មួយ​នៃ​វិទ្យាសាស្ត្រ​សង្គម​ដែល​ត្រូវ​បែង​ចែក​ជា​បី​ផ្នែក​សំខាន់ ក្នុង​នោះ​រួម​មាន ទស្សនវិជ្ជា​នយោបាយ ការ​ប្រៀប​ធៀប​នយោបាយ និង​ទំនាក់​ទំនង​ការ​ទូត។

ពាក្យ "នយោបាយ" មាន​ឫស​គល់​ចេញ​ពី​ភាសា​ក្រិក ថា ប៉ូលីទិកា (Politica) ដែល​មាន​ន័យ​ថា កិច្ចការ​ទំនាក់​ទំនង​ការងារ​ក្នុង​សង្គម។ ទស្សន​វិទូ​ជាច្រើន បាន​ឲ្យ​និយមន័យ "វិទ្យាសាស្ត្រ​នយោបាយ" ថា ជា​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ដំណើរ​ការ​គោល​នយោបាយ និង​រចនាសម្ព័ន្ធ​នៃ​រដ្ឋាភិបាល​មួយ ឬ​ស្ថាប័ន​នយោបាយ​មួយ និង​អាច​និយាយ​បាន​ថា គឺ​ជា​វិទ្យាសាស្ត្រ​ដែល​សិក្សា​អំពី​ជីវិត​នយោបាយ​សង្គម​ចំពោះ​គ្រប់​បាតុភូត​នយោបាយ​ទាំង​អស់។

និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កញ្ញា ផៃ ផារី បាន​លើក​ឡើង​ថា ក្មេង​ស្រី​ហាក់​ពុំ​ទទួល​បាន​ការ​គាំទ្រ​ទេ​នៅ​ពេល​គេ​មាន​ទឹក​ចិត្ត​ចង់​ចូល​រៀន​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ។

អ្នក​វិភាគ​ពី​បញ្ហា​សង្គម អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​គ្រួសារ​ក៏​ជា​កត្តា​មួយ​ដែរ ដែល​ជំរុញ​អោយ​សង្គម​គ្រួសារ​ខ្មែរ​ត្រូវ​តម្រែតម្រង់​ផ្លូវ​កូន​ស្រី​អោយ​សិក្សា​មុខ​វិជ្ជា​ដែល​ជួយ​គ្រួសារ​បាន​ច្រើន ពោល​គឺ​ឃ្លាត​ឆ្ងាយ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សង្គម។ អ្នកស្រី ជា វណ្ណាត បន្ត​ថា មាន​ក្មេង​ស្រី​ដ៏​តិច​តួច​បំផុត បាន​សម្រេច​គោល​បំណង​ដែល​ពួក​គេ​ប្រាថ្នា​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ។

បច្ចុប្បន្ន កម្ពុជា មាន​យុវជន​សរុប​ចំនួន ៣៣% នៃ​ប្រជាជន​សរុប គឺ​ស្មើ​នឹង​ជាង ៤​លាន​នាក់ ក្នុង​ចំណោម​នោះ គឺ​មាន​យុវជន ១% បាន​ចូល​រៀន​ឧត្ដម​សិក្សា។ បើ​ទោះ​ជា​យ៉ាងណា ពុំ​មាន​របាយការណ៍​ជាក់​លាក់​ពី​ចំនួន​ក្មេង​ស្រី​ដែល​បន្ត​ការ​សិក្សា​ដល់​មហាវិទ្យាល័យ​ឡើយ។

សកលវិទ្យាធិការ​សាកលវិទ្យាល័យ​ខេមរៈ លោក សុខ ទូច មាន​ប្រសាសន៍​ថា និស្សិត​ស្រី​ដែល​បាន​ទៅ​រៀន​មុខ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​មាន​តិច​តួច។ លោក​បន្ត​ថា មុខ​វិជ្ជា​ដែល​ពួក​គេ​ចូល​ចិត្ត​រៀន គឺ​ទំនាក់​ទំនង​ការទូត។

លោក សុខ ទូច បន្ត​ថា ក្នុង​បរិបទ​នយោបាយ​កម្ពុជា ស្ត្រី​គឺ​មាន​អំណាច​ដែល​មិន​ចេញ​មុខ ហើយ​អំណាច​ទាំង​នោះ​ពួក​គេ​តែង​ទទួល​បាន​ទៅ​តាម​តំណែង និង​តួនាទី​របស់​ប្ដី។ បើ​ទោះ​ជា​យ៉ាង​ណា ការ​ជ្រើស​រើស​រៀន​មុខ​វិជ្ជា​ណា​មួយ​ក្នុង​ចំណោម​មុខ​វិជ្ជា​ដែល​ស្ថិត​ក្នុង​ចង្កោម​វិទ្យាសាស្ត្រ​នយោបាយ គឺ​អាច​ជួយ​អោយ​ពួក​គេ​ដែល​បញ្ចប់​ការ​សិក្សា បាន​យល់​ដឹង​ស៊ី​ជម្រៅ​ពី​វិស័យ​នយោបាយ ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពួក​គេ​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ ដោយ​មាន​ទំនុក​ចិត្ត និង​ជោគជ័យ។

តាម​បទពិសោធន៍​ក្នុង​ការ​សិក្សា​វិទ្យាសាស្ត្រ​នយោបាយ គេ​ត្រូវ​ពឹង​ផ្អែក​ជា​ដំបូង​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត ហើយ​ដើម្បី​បណ្ដុះ​គំនិត​នេះ​ចាំ​បាច់​ត្រូវ​អាន​សៀវភៅ​ច្រើន និង​បំពេញ​ការងារ​សង្គម​ញឹក​ញាប់។

និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កញ្ញា ផៃ ផារី បញ្ជាក់​ថា យុវនារី​ដែល​មាន​គោលដៅ​ចូល​រៀន​វិទ្យាសាស្ត្រ​នយោបាយ ត្រូវ​ចាប់​ផ្ដើម​អាន​សៀវភៅ​អោយ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព។

បើ​ទោះ​ជា​យ៉ាង​ណា យុវតី​ដែល​សិក្សា​វិទ្យាសាស្ត្រ​នយោបាយ បាន​អោយ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា អ្នក​សិក្សា​ផ្នែក​នេះ​ច្រើន​អ្នក​មាន​សាច់ញាតិ​ជា​អ្នក​នយោបាយ អ្នក​មាន​តួនាទី​ធំ​ដំ​ក្នុង​ជួរ​អ្នក​ដឹក​នាំ ឬ​ជា​អ្នក​មាន​ទ្រព្យ​ធន ដែល​អាច​ជួយ​យឹតយោង​ពួក​គេ​អោយ​សម្រេច​គោល​ដៅ​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ឬ​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដឹកនាំ​ដោយ​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល