មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រក​ឃើញ​ថា​ស្ត្រី​មាន​ជម្លោះ​ដីធ្លី​ភាគ​ច្រើន​មាន​ជំងឺ​ផ្លូវ​ចិត្ត

ដោយ​ សុ ជីវី
2016-10-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មជន​ស្ត្រី​បឹងកក់​លើក​បដា និង​ស្រែក​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ស្ត្រី​បឹងកក់​ពីរ​នាក់ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth
សកម្មជន​ស្ត្រី​បឹងកក់​លើក​បដា និង​ស្រែក​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ស្ត្រី​បឹងកក់​ពីរ​នាក់ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា ភាគ​ច្រើន​នៃ​ស្ត្រី​ដែល​មាន​ជម្លោះ​ដីធ្លី​កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ញាំញី​ធ្ងន់ធ្ងរ។ ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​នេះ​រក​ឃើញ​ថា ស្ត្រី​អ្នក​រងគ្រោះ​ផ្ទាល់​ពី​ជម្លោះ​ដីធ្លី ដោយ​បាត់បង់​មុខ​របរ និង​កើត​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម។ មន្ត្រី​រដ្ឋាភិបាល​ហៅ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថា មើល​ឃើញ​តែ​មួយ​ជ្រុង និង​ពុំ​បាន​មើល​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល។ បើ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​ក៏​បាន​សន្យា​ថា នឹង​នាំ​យក​បញ្ហា​ដែល​ស្ត្រី​ជួប​ប្រទះ​ទៅ​ពិភាក្សា​ដើម្បី​រក​លទ្ធភាព​ជួយ​ដោះស្រាយ។

ស្ត្រី​ដែល​មាន​ជម្លោះ​ដីធ្លី​ជាង ៩០​ភាគរយ​នៃ​អ្នក​ដែល​បាន​ផ្ដល់​សម្ភាស​បាន​រាយការណ៍​ថា សុខភាព​ផ្លូវ​ចិត្ត​របស់​ពួកគាត់​មាន​បញ្ហា​ដោយសារ​តែ​ទំនាស់​ដីធ្លី ស្រប​ពេល​ដែល​ជិត ៥០​ភាគរយ​នៃ​ចំនួន​នោះ​ធ្លាប់​គិត​ចង់​បញ្ចប់​ជីវិត​ខ្លួន។

របាយការណ៍​កម្រាស់ ៣១​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ចុង​ខែ​កញ្ញា បន្ទាប់​ពី​បាន​សាកសួរ​ស្ត្រី​ចំនួន ៦០០​នាក់ នៅ​ក្នុង​សហគមន៍​ចំនួន​២២ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​ចំនួន​១២។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​អាច​យក​ជា​មូលដ្ឋាន​សម្រាប់​ការ​សិក្សា​បន្ថែម​ទៀត ឬ​សម្រាប់​ភាគី​ពាក់ព័ន្ធ​យក​ទៅ​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ៖ «ការ​ស្ទាបស្ទង់​មតិ​នេះ​ក្នុង​គោលបំណង​មួយ ដើម្បី​កុំ​អោយ​ថា ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​នេះ​យើង​ចេះ​តែ​រិះគន់ ឬ​ក៏​ចេះ​តែ​លើក​មក​ថា មាន​បញ្ហា​​ទំនាស់ មាន​បញ្ហា​អ៊ីចេះ​​ដែល​កើត​ឡើង​ចំពោះ​ស្ត្រី ប៉ុន្តែ​យើង​អត់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អោយ​បាន​លំអិត»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា មាន​ផល​ប៉ះពាល់​ធំៗ​ចំនួន ៧​ចំណុច ដែល​កើត​ចេញ​ពី​ទំនាស់​ដីធ្លី ហើយ​ជះ​ឥទ្ធិពល​ទៅ​លើ​ស្ត្រី​ក្នុង​នោះ​រួម​មាន​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ដីធ្លី ការ​យាយី​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ និង​ស្ថាប័ន​ឯកជន អ​សុវត្ថិភាព​ផ្នែក​សេដ្ឋកិច្ច ផល​ប៉ះពាល់​លើ​ទំនាក់ទំនង​គ្រួសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ កុមារ និង​ផល​ប៉ះពាល់​ផ្នែក​ចិត្ត​សាស្ត្រ។ ស្ត្រី​ចំនួន​ជាង​ពាក់​កណ្ដាល ឬ​ស្មើ​នឹង​ជាង ៥២​ភាគរយ (៥២,៤) មាន​គំនិត​ថា ការ​កាន់កាប់​ដីធ្លី​របស់​ពួកគាត់​គ្មាន​សុវត្ថិភាព​ដែល​ជា​ក្ដី​បារម្ភ​ធំ​បំផុត​របស់​ស្ត្រី។

ស្ត្រី​ដែល​ត្រូវ​បាន​សម្ភាស​ស្ទើរ​គ្រប់គ្នា​បារម្ភ​ថា អាច​នឹង​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ដោយសារ​តែ​ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ផ្លូវការ។ ក្នុង​ករណី​នេះ​ដែរ ស្ត្រី​ចំនួន​ជាង ២០​ភាគរយ ឬ​ស្មើ​នឹង​ចំនួន ១៤៩​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​ដោយ​បង្ខំ ឬ​ប្រើ​ហិង្សា និង​ភាគ​ច្រើន​មិន​បាន​សំណង។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បណ្ដេញ​ចេញ​ស្ទើរ​តែ​ទាំង​អស់​ទទួល​បាន​លំនៅឋាន​នៅ​តំបន់​ទីតាំង​ថ្មី ជា​ទី​ដែល​ស្ត្រី​បន្ត​ទទួល​រង​ការ​រំលោភ​បំពាន​សិទ្ធិ ដោយ​ខ្វះខាត​ហេដ្ឋារចនាសម្ពន្ធ និង​ក្ដី​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ជា​ថ្មី​ទៀត។

របាយការណ៍​ដដែល​រក​ឃើញ​ទៀត​ថា ស្ត្រី​ដែល​ធ្លាប់​មាន​វិវាទ​ដីធ្លី​ស្ទើរ​តែ​ទាំងអស់​ទទួល​រង​ការ​គំរាម​កំហែង ការ​យាយី ឃាត់​ខ្លួន ឬ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ ឬ​ក្រុមហ៊ុន​សម្បទាន​ដី រួម​ទាំង​កម្លាំង​សន្តិសុខ​ឯកជន ឬ​បុគ្គលិក​ក្រុមហ៊ុន។ ទាក់ទិន​នឹង​សេដ្ឋកិច្ច​គ្រួសារ​វិញ មជ្ឈមណ្ឌល​រក​ឃើញ​ថា ស្ត្រី​ភាគ​ច្រើន​អះអាង​ថា វិវាទ​ដីធ្លី​បាន​ប៉ះពាល់​ដល់​ពួក​គាត់​ដោយសារ​ប្រាក់​ចំណូល​ថយ​ចុះ ពិបាក​រក​អាហារ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​តម្រូវ​ការ​ថ្នាំ​សង្កូវ។ ជា​រឿយៗ​បុរស​ជា​អ្នក​ធ្វើ​ចំណាក​ស្រុក ស្ត្រី​ជា​អ្នក​ទទួល​បន្ទុក​ផ្គត់ផ្គង់​គ្រួសារ និង​រ៉ាប់រង​ការងារ​ជំនួស​បុរស។ បញ្ហា​នេះ​ជំរុញ​អោយ​ស្ត្រី​ស្ទើរ​ពាក់​កណ្ដាល​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ។ ក្នុង​នោះ​ស្ត្រី​ជាង​កណ្ដាល​បាន​ទទួល​ស្គាល់​ថា វិវាទ​ដីធ្លី​បាន​ធ្វើ​អោយ​ប៉ះពាល់​ទំនាក់​ទំនង​គ្រួសារ ដោយសារ​ពួកគេ​ខ្វាយខ្វល់​តែ​ពី​រឿង​ដីធ្លី។ លើស​ពី​នេះ ស្ត្រី​ដែល​មាន​គ្រួសារ​ចំនួន ២៣​ភាគរយ​បាន​កំណត់​ខ្លួន​ឯង​ថា ជា​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​បញ្ហា​នេះ​ពួកគេ​ពុំ​ធ្លាប់​ជួប​នៅ​មុន​ពេល​ពួកគេ​មាន​វិវាទ​ដីធ្លី។ អ្នក​ម្ដាយ​ជា​ច្រើន​ដែល​បាន​ផ្ដល់​សម្ភាស​បញ្ជាក់​ថា បាន​ប្រើ​ហិង្សា​ទៅ​លើ​កូនៗ ដោយសារ​អារម្មណ៍​ខឹងសម្បា​បន្ទាប់​ពី​មាន​វិវាទ​ដីធ្លី។ កុមារ​ត្រូវ​បង្ខំ​អោយ​បោះបង់​ការ​សិក្សា​ទៅ​ជួយ​រក​ចំណូល​សម្រាប់​គ្រួសារ ហើយ​នេះ​ក៏​ជា​កត្តា​ជំរុញ​អោយ​កើន​ឡើង​នូវ​ពលកម្ម​កុមារ។

លោកស្រី រ៉ែម ផលចាន់លី តំណាង​អោយ​អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ លោកស្រី​កំពុង​មាន​ជំងឺ​ដោយសារ​បញ្ហា​ដីធ្លី​ចេះ​តែ​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ ហើយ​ចុង​ក្រោយ​គឺ​នៅ​ចុង​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦ លោកស្រី​ត្រូវ​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ដោយ​ការ​ដុត​បំផ្លាញ៖ «មួយ​ថ្ងៃៗ​ដឹង​តែ​ដើរ​ប្ដឹង ដើរ​ដាក់​គ្រប់​ស្ថាប័ន​ទាំង​អស់ ក៏​ប៉ុន្តែ​គេ​មិន​ដែល​អើពើ​ពី​ការ​ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​ទេ។ ទោះបី​ជា​ខ្ញុំ​ខំ​ស្រែក​យ៉ាង​ណា​ក៏​គ្មាន​ក្ដី​មេត្តា​ដែរ»

ធ្លាប់​ជា​គ្រូបង្រៀន​មួយ​រូប​នៅ​ក្នុង​ឃុំ​ឡពាង ខេត្ត​កំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី ថ្លែង​ថា ដោយសារ​ជម្លោះ​ដីធ្លី​ជីវភាព​គ្រួសារ​អ្នកស្រី​បាន​ធ្លាក់​ចុះ​ខ្លាំង៖ «កូន​តូចៗ (ពី​មុន) មិន​ធ្លាប់​ស្គាល់​ទេ​រសជាតិ​នៃ​ការ​កាប់​ជន្លេន។ កាប់​ជន្លេន​លក់​មួយ​ថ្ងៃ​ជួនកាល​អត់​បាន​អង្ករ​មួយ​គីឡូ​ផង។ ឥឡូវ​នេះ​ទៀត ដំណោះស្រាយ​សម្រាប់​ពួក​ខ្ញុំ​​​​អត់​ឃើញ​មាន​អ្វី​ដែល​រីកចម្រើន​ទេ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង និង​ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក វុឌ្ឍី វណ្ណារ៉ា បាន​រិះគន់​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថា​ពុំ​មាន​ភាព​ត្រឹមត្រូវ​នៅ​ឡើយ។ លោក​ជំរុញ​អោយ​មជ្ឈមណ្ឌល​នេះ​ផ្ទៀងផ្ទាត់​ឡើង​វិញ និង​ត្រូវ​ទទួល​ស្គាល់​ការ​ប្រឹងប្រែង​របស់​អាជ្ញាធរ៖ «ថា​តើ​មាន​បាន​យោង​ទេ រដ្ឋាភិបាល​បាន​ធ្វើ​អី​ខ្លះ? ឆ្នាំ​២០១២ និង​២០១៣ ចុះ​បញ្ជី​ដីធ្លី​​តាម​បទបញ្ជា​លេខ​០១ គឺ​បាន​ជូន​ដោះស្រាយ​បញ្ហា​ប្រជាជន​ច្រើន​ណាស់ ក្នុង​នោះ​រួមមាន​ទាំង​ស្រ្តី​ផង​ដែរ។ ដល់​របាយការណ៍​សរសេរ​អ៊ីចឹង ដល់​ទៅ​ថ្ងៃ​ក្រោយ​គេ​បាន​របាយការណ៍​ហ្នឹង​មក​ក៏​ថា អា​ហ្នឹង​ទៀត​ហើយ។ អ៊ីចឹង​កន្លែង​ខ្លះ​របាយការណ៍​​​​មិន​បាន​ឆ្លុះ​បញ្ចាំង​ការពិត​ពី​ការ​ខិតខំ​ប្រឹងប្រែង​​ របស់​រាជរដ្ឋាភិបាល​ក៏​ដូចជា​ដៃគូ»

បើ​ទោះ​ជា​យ៉ាង​ណា លោក វុឌ្ឍី វណ្ណារ៉ា ក៏​បាន​ស្នើ​អោយ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ព្យាយាម​អត់ធ្មត់​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ៖ «ការ​ដោះស្រាយ​វិវាទ​មិន​អាច​ធ្វើ​តាម​អ្វី​ដែល​​យើង​ចង់​បាន​ទេ អ៊ីចឹង​យើង​ត្រូវ​តែ​ព្យាយាម។ ក្រសួង​ដែនដី​មាន​តួនាទី​សម្របសម្រួល​លើ​ការងារ​ដីធ្លី ព្រោះ​ដីធ្លី​ជា​ការងារ​ដែល​មាន​ចរិត​អន្តរវិស័យ ជាពិសេស​ការងារ​ដោះស្រាយ​ទំនាស់​​​​​​​ត្រូវ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា ទាំង​អាជ្ញាធរ​សមត្ថកិច្ច ទាំង​បង​ប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ»

ជា​ស្ត្រី​ដែល​បាន​ឆ្លង​កាត់​ជម្លោះ​ដីធ្លី ការ​តវ៉ា​រាប់​លើក​មិន​អស់ និង​ធ្លាប់​ជាប់​ពន្ធនាគារ អ្នកស្រី យ៉ោម បុប្ផា ដែល​តំណាង​អោយ​សហគមន៍​ដីធ្លី​បឹងកក់ ថ្លែង​ថា ជម្លោះ​ដីធ្លី​អូស​បន្លាយ​រយៈពេល​វែង​បាន​ធ្វើ​អោយ​ពួកគាត់​ជា​ស្ត្រី​មេផ្ទះ​ជួប​ការ​លំបាក​ជា​ច្រើន មាន​ទាំង​ការ​ឈ្លោះ​ប្រកែក​ក្នុង​គ្រួសារ ការ​លែងលះ​គ្រួសារ ធ្លាក់​ខ្លួន​ឈឺ មាន​អ្នក​សម្លាប់​ខ្លួន និង​ជាប់​ពន្ធនាគារ។

អ្នកស្រី យ៉ោម បុប្ផា ស្នើ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​កិច្ចការ​នារី យក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​ដែល​ស្ត្រី​មាន​ជម្លោះ​ដីធ្លី​ជួប​ប្រទះ៖ «អ៊ីចឹង​ខ្ញុំ​សុំ​អោយ​ក្រសួង​កិច្ចការ​នារី​​គួរ​តែ​ពិនិត្យ​ហិង្សា​ក្នុង​គ្រួសារ ហិង្សា​ពី​សំណាក់​ក្រុមហ៊ុន ពី​សំណាក់​កង​កម្លាំង​ដែល​បម្រើ​ក្រុមហ៊ុន។ ដូច្នោះ​គួរតែ​ក្រសួង​កិច្ចការ​នារី សួរ​ថា ឥឡូវ​ហ្នឹង​ស្ត្រី​តំណាង​បឹងកក់ ជាប់​គុក​បាន​ទៅ​សួរ​ថា មូលហេតុ​អី កើត​អី​​បាន​គាត់​​ជាប់​អត់? គឺ​អត់​ដែល​មាន​ទាល់តែសោះ»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អគ្គនាយក​រង​អភិវឌ្ឍន៍​សង្គម​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី សាខឿន សាវ៉ាតឌី មាន​ប្រសាសន៍​ថា នឹង​នាំ​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​រិះរក​មធ្យោបាយ៖ «ចុះ​មក​ហ្នឹង​ខ្ញុំ​មិន​មែន​ចុះ​មក​ទទេ។ ខ្ញុំ​ធ្វើ​របាយការណ៍​​ទៅ​ជូន​គាត់​វិញ ហើយ​និង​លើក​សំណូមពរ​ដែល​លោក លោកស្រី​ជួប​ប្រទះ។ តើ​ក្រសួង​កិច្ចការ​នារី​ហ្នឹង​ដែល​កន្លង​មក​មិន​បាន​ជួយ​ទៅ​ដល់​លោកស្រី​ហ្នឹង ឥឡូវ​ជួយ​បាន​អ្វី​ទៅ​មុខ​ទៀត​ខ្លះ? យើង​ត្រូវ​តែ​មើល​ទៅ​អ្វី​ដែល​ជា​វិជ្ជមាន​ខ្លះ»

ក្រុម​ស្ត្រី​ដែល​មាន​ជម្លោះ​ដីធ្លី​ក៏​បាន​ស្នើ​ទៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា អោយ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី ដើម្បី​បញ្ចប់​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​ពួកគេ និង​គ្រួសារ។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) មាន​ប្រសាសន៍​តប​ថា លោក​នឹង​បន្ត​ការងារ​ជា​មួយ​រដ្ឋាភិបាល​បន្ត​ទៀត​ដើម្បី​រក​មធ្យោបាយ​ជួយ​ទៅ​ដល់​ជន​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី៖ «យើង​បាន​ជំរុញ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន អោយ​មាន​ការ​ជួប​ប្រាស្រ័យ​​​ជាមួយ​ខាង​សហគមន៍ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សមរម្យ ផ្ដល់​សំណង​សមរម្យ ដើម្បី​អោយ​ប្រជាជន​គាត់​អាច​ទ្រទ្រង់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​បាន»

ក្រៅ​ពី​បង្ហាញ​របាយការណ៍​ពី​ស្ត្រី​នៅ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ចេញ​ផ្សាយ​ប្រវត្តិ​ថ្មីៗ​របស់​សកម្មជន និង​សហគមន៍​ពាក់ព័ន្ធ​នឹង​ដីធ្លី​ចំនួន ១០ នៅ​ក្នុង​ខេត្ត​ចំនួន​៨ នៅ​កម្ពុជា។ ប្រវត្តិ​ករណី​ដីធ្លី​ទាំង ១០ នោះ​ជា​ការ​បញ្ចប់​ការ​ចងក្រង​ជីវប្រវត្តិ​ដីធ្លី​ដែល​លើក​ឡើង​នូវ​ទំនាស់​ដីធ្លី​សរុប​ចំនួន ៣០​ករណី នៅ​ក្នុង​ខេត្ត​ចំនួន​១៥ និង​រាជធានី​ភ្នំពេញ ដែល​មាន​សហគមន៍ និង​សកម្មជន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជា​ច្រើន​បាន​រង​ការ​រំលោភ​បំពាន​ដីធ្លី និង​សិទ្ធិ​មនុស្ស​ពី​សំណាក់​អាជ្ញាធរ និង​វិស័យ​ឯកជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល