ស្ត្រី​នៅ​ឃុំ​រកា​ខេត្ត​បាត់ដំបង​បាក់ទឹកចិត្ត​ក្រោយ​ពេល​​ដឹង​ថា​ផ្ទុក​មេរោគ​អេដស៍

ដោយ សុ ជីវី
2015.01.24
អេដស៍ បាត់ដំបង ៦២០ សកម្មភាព​ប្រជាពលរដ្ឋ​ទៅ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣០ ធ្នូ ២០១៤។
RFA/Hum Chamroeun

ជាច្រើន​ខែ​មក​ហើយ ដែល​កើត​មាន​ករណី​ផ្ទុះ​ការ​រីក​រាលដាល​មេរោគ​អេដស៍​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត បាត់ដំបង។ ស្ទើរ​គ្រប់​គ្រួសារ​ទាំង​អស់​មាន​សមាជិក​ផ្ទុក​មេរោគ​នេះ គ្រួសារ​ខ្លះ​សមាជិក​ស្ទើរ​តែ​ទាំងអស់​មាន​ផ្ទុក​មេរោគ។

តើ​ស្ត្រី ដែល​ជា​អ្នក​ទទួល​បន្ទុក​ថែទាំ​សមាជិក​គ្រួសារ​មាន​ទឹកចិត្ត​យ៉ាងណា ហើយ​ពួកគេ​ជួប​បញ្ហា​អ្វី​ខ្លះ?

ក្នុង​នាទី​ស្ត្រី​ខ្មែរ សប្ដាហ៍​នេះ​អ្នកស្រី សុជីវី រាយការណ៍​ពី​ទឹកចិត្ត​របស់​ក្រុម​ស្ត្រី​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ឃុំ​រកា​ដូច​តទៅ៖

ស្ត្រី​មេផ្ទះ​ភាគច្រើន​អស់​សង្ឃឹម​នឹង​ជីវិត​នៅ​ក្រោយ​ពេល​ដឹង​ថា ផ្ទុក​មេរោគ​អេដស៍ លើស​ពី​នេះ ពួក​គេ​កាន់​តែ​មាន​សំពាធ នៅ​ពេល​ក្រុម​គ្រួសារ​មាន​ផ្ទុក​មេរោគ​ដែរ

ក្នុង​វ័យ​ជាង​៤០​ឆ្នាំ​ស្ត្រី​មេម៉ាយ​ម្នាក់​ថ្លែង​ថា លោកស្រី មិន​ដឹង​ថា​តើ​ជីវិត​លោកស្រី និង​ក្រុម​គ្រួសារ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​ពេល​ដែល​ទាំង​អ្នកស្រី កូនៗ និង​ចៅ​ក៏​មាន​មេរោគ។ លោក​ស្រី​ថា គ្រួសារ​លោក​ស្រី មាន​ទុក្ខ​ផ្ទួន​លើ​ទុក្ខ គឺ​ឪពុក​លោកស្រី ស្លាប់កាលពី​ខែ កក្កដា ឆ្នាំ​២០១៤ មក​ដល់​ខែ​វិច្ឆិកា​ម្តាយ​បាន​ស្លាប់ ឥឡូវ​សមាជិក​គ្រួសារ ទាំង​ក្មេង​ទាំង​ចាស់ ក៏​ផ្ទុក​មេរោគអេដស៍​ទៀត។ លោក​ស្រី បារម្ភពីការលំបាក​នានា​ក្នុង​ជីវិត​បន្ត​ទៅ​មុខ​ទៀត​ នៅ​ពេល​ដែល​ជីវភាព​ទ័លក្រ​ពឹង​ផ្អែក​តែ​ទៅ​លើ​លោក​ស្រី​ជា​មេគ្រួសារ ម្យ៉ាង​ពុំ​មាន​ដីស្រែ​សម្រាប់​បង្កបង្កើន​ផល​ផង។

ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​រកា បាន​សម្រុក​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ កាលពី​ខែ ធ្នូ ឆ្នាំ​២០១៤។ ក្នុង​ចំណោម​អ្នកភូមិ​ចំនួន​ជាង​២ពាន់​នាក់ ដែល​បាន​ធ្វើ​តេស្តឈាម​មាន​ជាង​២០០​នាក់​ត្រូវ​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍។ សំណុំ​រឿង​នេះ​គ្រូពេទ្យ ក្នុង​ភូមិ​ម្នាក់ ឈ្មោះ យ៉ែម ជ្រិន ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​ចោទ​ប្រកាន់ ពី​បទ​បង្ក​អោយ​មាន​ការ​រីក​រាលដាល​នៃ មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​តាមរយៈ​ការ​ប្រើប្រាស់​ម្ជុល និង​សឺរ៉ាំង​ខ្វះ​អនាម័យ។ របាយការណ៍​ស្រាវជ្រាវ​របស់​ស្ថាប័ន​សុខភាព​ជាតិ និង​អន្តរជាតិ មាន​អង្គការ​សុខភាព​ពិភពលោក(WHO) ក្រសួង​សុខាភិបាល និង​វិទ្យាស្ថាន​ប៉ាស្ទ័រ(Paster) ផ្សព្វផ្សាយ​នៅ​ដើម​ឆ្នាំ​២០១៥ រក​ឃើញ​ថា មធ្យោបាយ​ចម្បង​ក្នុង​ការ​ចម្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា គឺ​តាម​រយៈ​ការ​ចាក់​ឆ្នាំ និង​ព្យួរ​សេរ៉ូម។

ក្រៅ​ពី​ជួប​ទុក្ខ​នៅ​ពេល​សមាជិក​គ្រួសារ ស្ទើរ​តែ​ទាំង​អស់​មាន​ផ្ទុក​មេរោគ​អេដស៍​ស្ត្រី​មេផ្ទះ​មួយ​រូប​ទៀត​ដែល​មាន​វ័យ​ជាង​៥០​ឆ្នាំ​លើកឡើង​ថា ទាំង​រូប​លោកស្រី និង​សមាជិក​គ្រួសារ​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​ពន្យារ​ជីវិត ឬ​ថ្នាំ​ឱកាស​និយម​ក៏​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន ដែលជាការ​​បន្ថែម​បន្ទុក​មួយ​ទៀតក្នុង​គ្រួសារ។ កូន​ស្រី​ម្នាក់​របស់​លោកស្រី ចាប់​ផ្តើម​ប្រើថ្នាំ​ ដែល​ទប់ស្កាត់​មិន​អោយ​រោគអេដស៍​ឆ្លង​ទៅកូន​នៅ​ក្នុង​ផ្ទៃ ហើយ​ត្រូវ​ថ្នាំ​ធ្វើ​ទុក្ខ មាន​ទាំង​ឈឺក្បាល ក្អួត ទន់ដៃជើង គាំង​និយាយ​មិន​ចេញ និង​មិន​អាច​ធ្វើ​ការងារ​អ្វីបាន​ទាំង​អស់។ លោកស្រី បារម្ភ​ថា ប់​លោក​ស្រី​ជាម្តាយ​បាត់បង់​ជីវិត​ទៅ​តើ​កូនៗ​ពឹង​នរណា បើ​ពួក​គេ​យោង​តែ​អាត្មា​មិន​រួច​ដែរ​នោះ?

សព្វ​ថ្ងៃ​គ្រួសារ​លោកស្រី រស់​នៅ​ពឹងផ្អែក​លើ​ជំនួយ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល។

ចំពោះ​ស្ត្រី ដែល​ផ្ទុក​មេរោគ​នេះ​មួយ​ចំនួន​ហាក់​លែង​ខ្វាយខ្វល់​ពី​ជីវិត​ទៅ​ថ្ងៃ​អនាគត។

ក្នុង​វ័យ​ជាង​៤០​ដែរ ស្ត្រី​មេផ្ទះ​មួយ​រូប​ទៀត​លើក​ឡើង​ថា លោកស្រី​ចាប់​ផ្ដើម​ធុញថប់​នឹង​ជីវិត លែង​នឹក​ឃើញ​គម្រោង​សម្រាប់​អនាគត​សម្រាប់​គ្រួសារ​អ្វី​ទៀត​ហើយ គឺ​គិត​សុំ​ត្រឹម​តែ​មួយ​រស់។ លោកស្រី​សង្ឃឹម​ថា នឹង​អាច​ចិញ្ចឹម​ជ្រូក​​មួយក្បាល ​ដើម្បីចិញ្ចឹម​កូន។

បន្ថែម​លើ​នេះ ពួកគេ​ក៏​កំពុង​ជួប​បញ្ហា​រើសអើង ដែល​ជំរុញ​អោយ​ពួក​គេ​បោះបង់ចោល​របរ​ចិញ្ចឹម​ជីវិត ដែល​ពួកគេ​ធ្លាប់​ប្រកប​ពី​មុន​មក។ ចំណែក​យុវតី​ក៏កំពុង​ជួប​ប្រទះ​បញ្ហា​ការរើសអើង ដែរ​គឺ​ពួកគេ​អាច​នឹង​ពិបាក​រក​គូស្រករ ឬ​ទំនង​ថា ពុំ​មាន​អ្នក​ណា​ហ៊ាន​ដណ្តឹង​ពួក​គេ​ឡើយ។

មុខរបរ​តូចតាច​ក្នុង​ភូមិ ភាគ​ច្រើន​ជា​មុខ​របរ​របស់​ស្ត្រី​មេផ្ទះ ពួក​គេ​ជ្រើសរើស​របរ​ទាំង​នោះ​ដើម្បី​រក​ប្រាក់ចំណូល​បន្ថែម និង​ងាយ​ស្រួល​បាន​នៅ​ជិត​ផ្ទះ​ថែទាំ​កូនចៅ និង​ក្រុម​គ្រួសារ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​រកា និង​ជា​ជន​បង្គោល​ទទួល​បន្ទុក​ស្ត្រី និង​កុមារ អ្នកស្រី លៀប សុភ័ក្រ្ត មាន​ប្រសាសន៍​ថា ស្ត្រី​អ្នកភូមិ​ភាគច្រើន​បាក់ទឹកចិត្ត និង​បាត់បង់​មុខ​របរ។ អ្នកស្រី បន្ត​ថា អាជ្ញាធរ​ឃុំ​សហការ​ជាមួយ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សប្បុរសជន ដែល​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ។ ក្រុម​ការងារ​របស់​អ្នកស្រី ចូលរួមលើកទឹកចិត្ត​អ្នកភូមិ​អោយ​ចេះ​ថែទាំ​សុខភាព ដែល​អាច​អោយ​ពួក​គេ​មាន​អាយុវែង។

មក​ដល់​ពេល​នេះ​មន្ត្រី​សុខាភិបាល​ជា​ច្រើន​នាក់​បាន​ទៅ​ដល់​ឃុំ​រកា និង​បាន​ផ្ដល់​សេវា ផ្ដល់​ថ្នាំ​ដល់​អ្នក​ភូមិ​ដល់​មណ្ឌល​សុខភាព​តែ​ម្ដង ដោយ​ពួក​គេ​មិន​បាច់​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ខេត្ត ដូច​នៅ​តំបន់​ផ្សេង​ឡើយ។ ក្រុម​គ្រូពេទ្យ​បាន​ទៅ​ធ្វើ​ការ​ជា​រៀងរាល់​ថ្ងៃ​នៅ​មណ្ឌល​សុខភាព​រកា ស្រប​ពេល​ដែល​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​កំពុង​ផ្ទល់​សេវា ពង្រឹង​ផ្លូវ​ចិត្ត និង​ផ្ដល់​គ្រឿង​ឧប​ភោគ​បិរភោគ។

ប្រធាន​សាខា​ខេត្ត​បាត់ដំបង​នៃ​អង្គការ​ព្រះពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍ លោក ប៉ុក សុជាតិ មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក បាន​បង្កើត​មណ្ឌល​ប្រឹក្សា​យោបល់​ដល់​ពលរដ្ឋ​ទាំង​មុន និង​ក្រោយ​ពេល​ធ្វើ​ពិនិត្យ​រក​មេរោគ​អេដស៍។ ស្របគ្នា​នេះ​ក៏​មាន​ក្រុម​ចល័ត​ធ្វើ​ការងារ​ក្នុង​ភូមិ​ដែរ។

តាម​ការ​សង្កេត​របស់​លោក ប៉ុក សុជាតិ ក្រុម​ស្ត្រី​មាន​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជាង​បើ​ប្រៀប​ធៀប​នឹង​បុរស។

លោក ប៉ុក សុជាតិ បន្ត​ថា ក្រៅ​ពី​ផ្ដល់​ការ​ប្រឹក្សា លើក​ទឹកចិត្ត ក្រុមការងារ​របស់​លោក ក៏​កៀរគរ​ជំនួយ​សប្បុរស​នានា​ផ្ដល់​អោយ​អ្នកភូមិ ដ្បិត​រយៈ​ពេល​ប៉ុន្មាន​ខែ​ដំបូង​នេះ​ពួកគេ​កំពុង​ត្រូវ​ការចាំបាច់​នូវ​ស្បៀងអាហារ«ពេល​នេះ​គឺ​ពួក​គាត់(អ្នកភូមិ)​បាក់​ទឹកចិត្ត សូម្បីតែ​ទៅស្រែ​ទៅណា​ក៏​លែងទៅ ស្រូវ​ក្នុង​ស្រែ​ដែល​ត្រូវ​ច្រូត​ក៏​រក​ពេល​ទៅច្រូត​មិន​បាន ឬ​ក៏​រកស៊ី​ក៏​លែង​គិត​។ ពួក​គាត់​អស់​ដៃអស់​ជើង ចឹង​(ជំនួយ)​ក្នុង​ពេលថ្មីៗ​នេះ​ប្រហែល​អាច​ជួយ​សម្រាលបន្ទុក​ពួកគាត់​ទ​ម្រាំ​អាច​​​ធ្វើការងារ​បាន​ធម្មតា​ឡើង​វិញ»

បើ​ទោះ​ជា​យ៉ាងណា ក្រុម​ស្ត្រី​អ្នកភូមិ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ពី​រដ្ឋាភិបាល ជាពិសេស​ការ​ប្រឹក្សា​ពី​ការ​បង្កើត​មុខ​របរ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ មាន​ការ​ចិញ្ចឹម​សត្វ ដាំ​បន្លែ ឬ​សិប្បកម្ម​ដទៃ​ទៀត ដែល​ពួក​គាត់​អាច​ចិញ្ចឹម​ជីវិត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។