ផល​ប៉ះពាល់​នៃ​កង្វះ​អនាម័យ​ចំពោះ​ស្ត្រី និង​កុមារ

ដោយ សុ ជីវី
2014.11.22
បង្គន់​អនាម័យ សៀមរាប ៦១០ ៨-មីនា-២០១៤៖ បង្គន់​អនាម័យ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ជំនួយ​របស់​ធនាគារ​ពិភពលោក (World Bank) នា​ភូមិ​ប្រមារ សង្កាត់​ក្របីរៀល ក្រុង​សៀមរាប ខេត្ត​សៀមរាប។
RFA/Hang Savyouth

អនាម័យ​ក្នុង​ការ​រស់នៅ គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​សង្គម និង​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ​នៅ​តាម​ទី​ជនបទ​បច្ចុប្បន្ន ពលរដ្ឋ​រស់នៅ​ដោយ​ខ្វះ​អនាម័យ និង​ទឹក​ស្អាត។ ការ​រស់​នៅ​ខ្វះ​អនាម័យ បង្ក​អោយ​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ ជាពិសេស​ចំពោះ​កុមារ។

រដ្ឋាភិបាល​ដែល​កំណត់​យក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ជា​ទិវា​ជាតិ​ក្នុង​ការ​ត្រៀម​រៀបចំ​ផែនការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ជំរុញ​ដោះស្រាយ​បញ្ហា​ខ្វះ​អនាម័យ​អោយ​បាន​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០២៥ ខាង​មុខ។

ក្នុង​នាទី​ស្ត្រី​ខ្មែរ​សប្ដាហ៍​នេះ អ្នកស្រី សុ ជីវី រាយការណ៍​ពី​ផល​ប៉ះពាល់​នៃ​កង្វះ​អនាម័យ​ចំពោះ​ស្ត្រី និង​កុមារ​ដូច​ត​ទៅ៖

ជាទូទៅ កង្វះ​អនាម័យ និង​ទម្លាប់​បន្ទោបង់​ពាស​វាល​ពាស​កាល អាច​បណ្ដាល​អោយ​កើត​ជំងឺ ជាពិសេស​គឺ​រាករូស។ ភាគ​ច្រើន​នៃ​ជំងឺ​រាក ប៉ះពាល់​ដល់​កុមារ​តូចៗ។ តាម​ការ​ស្រាវជ្រាវ ជំងឺ​នេះ​ជាប់​លំដាប់​ថ្នាក់​លេខ​២ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​អោយ​កុមារ​ស្លាប់​នៅ​អាយុ​ក្រោម ៥​ឆ្នាំ។

អ្នក​ភូមិ​គគ្រួស ក្នុង​ឃុំ​ព្រៃធំ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង អ្នកស្រី ដួង ម៉ាលី មាន​ប្រសាសន៍​ថា ជា​បទពិសោធន៍ អ្នក​ភូមិ​តែង​មាន​ជំងឺ​ច្រើន​មុខ​នៅ​ពេល​រស់​នៅ​ខ្វះ​អនាម័យ៖ «មុន​យើង​ចេះ​ធ្វើ​អនាម័យ​ធ្វើ​បង្គន់​ហ្នឹង ច្រើន​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​យើង​ផ្ទាល់ សុខភាព​កូន​ចៅ​យើង ឈឺ​ចុះ​រាក​ក្អួត​ណាស់ យើង​មិន​ប្រើ​ទឹក​ស្អាត​មិន​ហូប​ស្អាត ច្រើន​ក្រពះ​ពោះវៀន​ពី​មុន​ហូប​ទឹក​អណ្ដូង​សប់​ម៉ោ​ប្រូចៗ​យក​មក​ហូប​ភ្លាម រួច​ហើយ​កើត​ជំងឺ ខ្លះ​ទៅ​រលាក​បំពង់​ក ខ្លះ​ទៅ​ក្តៅ​រងា​គ្រុន​ចឹង​ណា​ក្មួយ ទឹក​អណ្ដូង​វា​ច្រើន​មាន​ច្រែះ»

របាយការណ៍​អង្កេត​ប្រជា​សាស្ត្រ​ឆ្នាំ​២០១០ បាន​អោយ​ដឹង​ថា កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​ចំនួន ២.៣០០​នាក់​ស្លាប់​ដោយសារ​ជំងឺ​រាក ៩.១០០​នាក់​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត។ ស្រប​គ្នា​នេះ ពលរដ្ឋ​មាន​ជំងឺ​ដោយ​ខ្វះ​អនាម័យ​មាន​ចំនួន ៩,៧​លាន​ករណី​ក្នុង​មួយ​ឆ្នាំ ដោយសារ​កង្វះ​អនាម័យ។ លើស​ពី​នេះ កុមារ​នៅ​តាម​ជនបទ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ ប្រមាណ ៤០​ភាគរយ​មាន​ជំងឺ​ក្រិន។ បញ្ហា​នៅ​ត្រង់​ថា អត្រា​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​កម្ពុជា មាន​កម្រិត​ខ្ពស់ គឺ​ពលរដ្ឋ ៨​លាន​នាក់​បន្ទោបង់​ពាស​វាល​ពាស​កាល។ តាម​ការ​ប៉ាន់​ប្រមាណ មាន​លាមក​ចំនួន ៣​ពាន់​តោន​ក្នុង​មួយ​ថ្ងៃៗ​ត្រូវ​គេ​ជុះ​ចោល​ក្រៅ​បង្គន់។

អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស​វិស័យ​ទឹក​ស្អាត​នៃ​ធនាគារ​ពិភពលោក (World Bank) លោក កូវ ភិរម្យ ពន្យល់​ថា ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​បង្ហាញ​ថា ជំងឺ​ក្រិន​របស់​កុមារ​ពាក់ព័ន្ធ​នឹង​ការ​មិន​ប្រើប្រាស់​បង្គន់៖ «ពេល​យើង​និយាយ​ពី​រឿង​បង្គន់​អនាម័យ យើង​គ្រាន់​តែ​និយាយ​ថា អ្នក​ដែល​អត់​បង្គន់​អនាម័យ អ្នក​អត់​អនាម័យ គឺ​មាន​ជំងឺ​រាក។ ពេល​គេ​ស្រាវជ្រាវ​អោយ​មែន​ទែន​ទៅ វា​លើស​ពី​ហ្នឹង​ទៅ​ទៀត គឺ​វា​មាន​ជំងឺ​ម្យ៉ាង ខ្ញុំ​អត់​ដឹង​ខ្មែរ​ហៅ​អី​ទេ ខ្ញុំ​បកប្រែ​ក្នុង​នេះ​ថា ជំងឺ​ពោះវៀន​បរិស្ថាន ប៉ុន្តែ​អង់គ្លេស​គេ​ហៅ​អិនវ៉ាយរ៉ូមិនថល អិនតេរ៉ូប៉ាទី (Environment Interoparti) ក្មេង​ហ្នឹង​អត់​រាក​ទេ។ ប៉ុន្តែ​ពោះវៀន​គាត់ គឺ​ដូច​ចាក់​បេតុង​ពេញ​ហ្នឹង បើ​ទុយយោ​វា​លាត​ទៅ​ចឹង បាន​ន័យ​ថា ភ្នាស​ក្នុង​ការ​ស្រូប​យក​ប្រូតេអ៊ីន​ហ្នឹង​វា​តិច វា​ធ្វើ​អោយ​ក្មេង​ហ្នឹង​អត់​រាក​ទេ ប៉ុន្តែ​ប្រូតេអ៊ីន​ក៏​វា​អត់​ស្រូប​ចូល​ដែរ។ ចឹង​ញ៉ាំ​ទៅ​ប៉ុន្មាន វា​ជុះ​ចេញ​មក​វិញ​ទាំងអស់។ ហើយ​មួយ​ទៀត ក្មេង​ដែល​នៅ​កន្លែង​ដែល​អត់​មាន​ការ​ជុះ​ពាស​វាល​ពាស​កាល​ហ្នឹង គឺ​គាត់​ធំ​ធាត់ គាត់​លូត​កម្ពស់​ខ្ពស់ ហើយ​ក្មេង​ដែល​នៅ​កន្លែង​ដែល​មាន​អ្នក​ជុះ​ពាស​វាល​បាក់​រញ៉េរញ៉ៃ​ច្រើន​ហ្នឹង គឺ​ភាគ​ច្រើន​ក្រិន»

លោក ភិរម្យ បន្ត​ថា នៅ​ពេល​កុមារ​ក្រិន កុមារ​នឹង​មិន​អាច​ទទួល​បាន​ការ​លូតលាស់​ពេញ​លេញ​ផ្នែក​បញ្ញា​ស្មារតី៖ «កាល​ណា​គាត់​នៅ​ក្មេង គឺ​ប្រូតេអ៊ីន​ភាគ​ច្រើន​ប្រើ​សម្រាប់​ជំនួយ​ខួរ​ក្បាល។ ប៉ុន្តែ​ប្រសិន​ជា​គាត់​មាន​ជំងឺ​ហ្នឹង ប្រូតេអ៊ីន​ភាគ​ច្រើន​ទៅ​វ៉ៃ​នឹង​ជំងឺ​ទៅ​វិញ។ វា​អត់​បាន​មក​ជួយ​ខួរ​ក្បាល ចឹង​ហើយ​បាន​ជា​ធ្វើ​អោយ​គាត់​ក្រិន»

ក្នុង​មួយ​ឆ្នាំ កម្ពុជា ខាត​បង់​ថវិកា​ប្រមាណ ៤៤៨​លាន​ដុល្លារ ដោយសារ​ខ្វះ​អនាម័យ។

ទាក់ទិន​នឹង​បញ្ហា​អនាម័យ​នេះ ស្ត្រី​ក៏​រង​ផល​ប៉ះពាល់​ដែរ។ ជាទូទៅ ពួក​គេ​មាន​ជំងឺ និង​ពេល​ខ្លះ​បាត់​បង់​សុវត្ថិភាព។

ជំទប់​ទី​២ ឃុំ​ព្រះពន្លា ស្រុក​កំពង់រោទិ៍ អ្នកស្រី ទិត រ៉ាន់នី មាន​ប្រសាសន៍​ថា ក្រៅ​ពី​មាន​ជំងឺ ស្ត្រី​អាច​ត្រូវ​រំលោភ​បំពាន​នៅ​ពេល​ពួក​គេ​បន្ទោបង់​ពាស​វាល​ពាស​កាល៖ «នៅ​តាម​ជនបទ ពេល​បត់​ជើង បើ​អត់​មាន​បង្គន់ គាត់​ទៅ​ព្រៃ​ជួប​បញ្ហា​មាន​ស្តវម៉ោទិច​ម៉ោ​អី ឬ​ក៏​ជួប​បញ្ហា ព្រោះ​នៅ​ក្នុង​សង្គម​យើង​មិន​ដឹង​ថា​អ្នក​ណា​ស្រឡាញ់​យើង អ្នក​ស្អប់​យើង ចឹង​បើ​យើង​ទៅ​វា​មិន​ដឹង​ថា​អ្នក​ណា​គេ​ចង់​ធ្វើ​បាប​យើង គឺ​យើង​អត់​ដឹង»

យ៉ាង​នេះ​ក្តី ពុំ​មាន​របាយការណ៍​ដាច់​ដោយ​ឡែក​ជាក់​លាក់​ពី​ផល​ប៉ះពាល់​ចំពោះ​ស្ត្រី​ឡើយ។

ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជ្រាយ ប៉ុម មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ទាមទារ​អោយ​មាន​ការ​ស្រាវជ្រាវ​ជាក់​លាក់​មួយ​ទៀត៖ «ពេល​វេលា គឺ​យើង​ប្រហែល​ជា​អាច​ធ្វើ​រយៈពេល ៥​ឆ្នាំ​ម្តង។ យើង​ចង់​ដឹង​ថា​ផល​ប៉ះពាល់​ពិសេស​ទៅ​លើ​ស្ត្រី​យ៉ាង​ដូចម្តេច​ខ្លះ គឺ​យើង​អាច​សួរ​ក្នុង ខេ.អេ.ភី ហ្នឹង (KAP)»

រដ្ឋាភិបាល​កំណត់​គោលដៅ​ថា នៅ​កម្ពុជា ជាពិសេស​នៅ​តាម​ទី​ជនបទ នឹង​មាន​អនាម័យ​ល្អ និង​ទឹក​ស្អាត​ប្រើប្រាស់​ទាំង​ស្រុង ឬ​ស្មើ ១០០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២៥។ ក្នុង​នោះ​មាន​ន័យ​ថា ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ទាំង​ឡាយ នឹង​ប្រើ​បង្គន់​អនាម័យ ទទួល​បាន​សេវា​ទឹក​ស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រម​ទាំង​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ដោយ​និរន្តរភាព។

ផែនការ​នេះ ត្រូវ​បង្ហាញ​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ ថ្ងៃ​ទី​១៣ វិច្ឆិកា ក្រោម​ប្រធានបទ​វិនិយោគ​លើ​អនាម័យ ដើម្បី​កូន​ចៅ​ជំនាន់​ក្រោយ​យើង រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អង្គការ​ភ្លែន (Plan)។

លោក ជ្រាយ ប៉ុម ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានភាព​ការ​អនុវត្ត​អនាម័យ និង​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​ជនបទ បាន​កើន​ឡើង​បណ្ដើរៗ ដែល​ជា​ហេតុផល​មួយ​ជំរុញ​អោយ​រដ្ឋាភិបាល​កំណត់​គោលដៅ​រយៈពេល ១០​ឆ្នាំ​ខាង​មុខ៖ «យើង​ដាក់​រយៈពេល​មធ្យម​មួយ​ទៀត នេះ​ជា​មហិច្ឆតា​ទៀត​ហើយ ប៉ុន្តែ​ខ្ញុំ​ថា​ប្រសិន​បើ​យើង​ធ្វើ​ការ​រួម​គ្នា​មាន​ប្រសិទ្ធភាព យើង​អាច​សម្រេច​បាន។ ក្នុង​ឆ្នាំ​២០១៨ ដែល​យើង​ដាក់​ក្នុង​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​ហ្នឹង យើង​ចង់​សម្រេច​អោយ​បាន ៦០​ភាគរយ គឺ​យើង​សល់​ពេល​ប្រហែល ៥​ឆ្នាំ​ទៀត។ ទិសដៅ​រយៈពេល​វែង​ឆ្ងាយ​ក្នុង​គោល​នយោបាយ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ហ្នឹង គឺ​យើង​ចង់​ធ្វើ​យ៉ាង​ណា​អោយ​ឆ្នាំ​២០២៥ យើង​មិន​អោយ​មាន​ការ​បត់​ជើង​បត់​ដៃ​ពាស​វាល​ពាស​កាល​ទៀត​ទេ ដែល​ចង់​និយាយ​ថា ពលរដ្ឋ​នៅ​ជនបទ​ទាំងអស់​នឹង​ទទួល​បាន​សេវា​ទឹក​ស្អាត និង​អនាម័យ​ជនបទ»

ទាក់ទិន​នឹង​គោលដៅ​នេះ ចាំបាច់​ត្រូវ​បន្ថែម​ល្បឿន​សកម្មភាព​ដែល​ត្រូវ​បន្ត​អនុវត្ត។ សកម្មភាព​ទាំង​នោះ​រួម​មាន ជំរុញ​អោយ​ពលរដ្ឋ​គ្រប់​រូប​ក្នុង​សហគមន៍​ចូលរួម​សាងសង់ និង​ប្រើប្រាស់​បង្គន់​អនាម័យ លាង​សម្អាត​ដៃ និង​ទទួល​ទាន​ទឹក​ស្អាត។

ករណី​នេះ​ដែរ រដ្ឋាភិបាល​បង្កើន​ថវិកា​សម្រាប់​វិស័យ​អនាម័យ​នេះ​ទៅ​ដល់​ចំនួន ២.៥០០​លាន​រៀល​នៅ​ឆ្នាំ​ក្រោយ គឺ​ខ្ពស់​ជាង​ឆ្នាំ​២០១៤ នេះ ដែល​មាន​ចំនួន ១.៣៣០​លាន​រៀល។ ក្នុង​នោះ រដ្ឋាភិបាល​នៅ​ខ្វះខាត​ថវិកា​ដែរ ដែល​ចាំបាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​នានា។

អ្នក​ឯកទេស​ខាង​អនាម័យ និង​ទឹក​ស្អាត​នៃ​អង្គការ​ភ្លែន (Plan International) លោក ហង្ស ហ៊ីប៊ុណ្ណា វាយ​តម្លៃ​ថា រដ្ឋាភិបាល​អាច​នឹង​សម្រេច​តាម​គោលដៅ​នៅ​ឆ្នាំ​២០២៥៖ «ទាក់ទង​នឹង​បទពិសោធន៍​ដែល​គាត់​ធ្វើ​កន្លង​ទៅ​រហូត​ដល់​ឆ្នាំ​២០១៣ ឃើញ​ថា អត្រា​កំណើន​ខ្ទង់​ប្រហែល ៥​ភាគរយ យើង​ឃើញ​ថា វា​សមស្រប ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​ដៃគូ​ក្នុង​ការ​ពិភាក្សា​គ្នា ក្នុង​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ»

គ្រប់​ភាគី​ពាក់ព័ន្ធ​ទទួល​ស្គាល់​ថា ឧបសគ្គ​ចម្បង​នៃ​ការ​អនុវត្ត​អនាម័យ​នៅ​តាម​ទី​ជនបទ គឺ​ការ​មិន​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ពលរដ្ឋ មិន​ថា​ពួក​គេ​ឋិត​ក្នុង​ជីវភាព​ក្រីក្រ ធូរធារ ឬ​មាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។