ពលរដ្ឋម្ចាស់ឆ្នោតនៅក្នុងខេត្តកំពង់ចាម យល់ឃើញថាការទៅបោះឆ្នោតមានសារសំខាន់ណាស់សម្រាប់អាយុជិវិតប្រទេសជាតិ បើទោះបីមានការថ្នាំងថ្នាក់ខ្លះ ចំពោះការព្រងើយកន្តើយរបស់អ្នកតំណាងរាស្ត្រមួយចំនួន ក្រោយពេលបានជាប់ឆ្នោតក៏ដោយ ។
លោក គីម អូន ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា បើទោះបីជាឈ្មោះលោកបានត្រូវលុបចេញពីបញ្ជីបោះឆ្នោតក៏ដោយ លោកបានខំព្យាយាមតវ៉ាជាច្រើនដង ដើម្បីអាចមានឈ្មោះទៅបោះឆ្នោត ។
លោក គីម អូន បានឲ្យដឹងថា ៖ «...តំណាងរាស្ត្រកាលណាជិតដល់ មកហើយ ឃើញមក ដល់រួចហើយបាត់ទៅ ខាងខ្ញុំមិនសូវឃើញមកទេ ។ ទោះបីជាអន់ចិត្តក៏ដោយខ្ញុំត្រូវតែទៅបោះឆ្នោត ព្រោះថាការបោះឆ្នោតមានសារសំខាន់ណាស់ ចំពោះប្រទេសជាតិ...» ។
នៅទន្ទឹមនឹងការព្យាយាមចង់ទៅបោះឆ្នោតនេះ លោក គីម អូន បានសំណូមពរសុំឲ្យអ្នកតំណាងរាស្ត្រជាប់ថ្មីក្នុងអាណត្តិទី៤នេះ គោរពច្បាប់ដែលខ្លួនជាអ្នកបង្កើត និងអនុម័ត ៖ «...កន្លងមកក្នុងអាណត្តិនេះ ខាងគណបក្សកាន់អំណាចគេមានសំឡេងគ្រប់គ្រាន់សម្រាប់អនុម័តច្បាប់ ។ មន្ត្រីគេមិនគោរពច្បាប់ ខ្ញុំចង់បានថា បើតាក់តែងច្បាប់ហើយ អស់លោកមិនគោរពតើអ្នកណានឹងធ្វើតាម...» ។
លោក ស៊ូ យាន ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅស្រុកមេមត់ ខេត្តកំពង់ចាម បានមានប្រសាសន៍ទទួលស្គាល់ថា មានការរីកចម្រើនច្រើនដែរខាងផ្លូវគមនាគមន៍ ក៏ប៉ុន្តែជាទូទៅជីវភាពរស់នៅរបស់ពលរដ្ឋនៅតែមានការលំបាកដដែល ដោយសារផលិតផលកសិកម្មពុំមានទីផ្សារលក់ ហេតុនេះហើយទើបពលរដ្ឋត្រូវការឲ្យតំណាងរាស្ត្រ រកវិធីជួយដោះស្រាយបញ្ហាទាំងនេះ ។
លោក ស៊ូ យាន បានមានប្រសាសន៍ថា ៖ «...ខ្ញុំឃើញរីកចម្រើនដូចជាធ្វើផ្លូវថ្នល់ តែជាអកុសលមានបញ្ហាច្រើន ការរកទីផ្សារលក់ផលិតផលនៅតំបន់ខ្ញុំហ្នឹង ដូចជាស្វាយចន្ទី ដំឡូងមី ។ ប្រជាពលរដ្ឋអត់មានការងារធ្វើច្រើន ភាគច្រើននៅទំនេរ...» ។
ស្តីពីបញ្ហាលើកឡើងរបស់ពលរដ្ឋម្ចាស់ឆ្នោតខាងលើនេះ វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងសាកសួរទៅតំណាងរាស្ត្រនៃគណបក្សនយោបាយទាំង៣ ដែលមានអាសនៈ នៅសភាដើម្បីឆ្លើយបំភ្លឺ ក៏ប៉ុន្តែចម្លើយពុំបានសមស្របទៅនឹងការចង់បានរបស់ពលរដ្ឋម្ចាស់ឆ្នោតទេ ។
លោកជំទាវ ចែម សាវ៉ៃ តំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ហើយដែលបម្រុងឈរឈ្មោះជាបេក្ខនារីតំណាងរាស្ត្រក្នុងការបោះឆ្នោតលើកនេះដែរ បានមានប្រសាសន៍បកស្រាយយ៉ាងដូច្នេះ ៖ «...យើងមានកម្មវិធីនយោបាយរបស់គណបក្សយើង យើងអាចដកស្រង់ចេញពីគោលនយោយបាយរបស់បក្សយើង អ្វីដែលយើងបានធ្វើពីមុនមក បើមានការខ្វះខាតយើងត្រូវតែធ្វើបន្តទៀត...» ។
លោក ឈឹម សៀកឡេង តំណាងរាស្ត្រជាប់ឆ្នោតកាលពីអាណត្តិទី៣ នៅមណ្ឌលខេត្តកំពង់ចាម នៃគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែឥឡូវជាបេក្ខជនតំណាងរាស្ត្រនៃគណបក្ស នរោត្តម រណឫទ្ធិ នៅមណ្ឌលខេត្តសៀមរាប ដែលទើបវិលត្រឡប់ពីការចុះទៅសួរសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន បានមានប្រសាសន៍បដិសេធយ៉ាងនេះ ៖ «...ខ្ញុំហត់នឿយណាស់ ខ្ញុំអត់ចង់ធ្វើអត្ថាធិប្បាយទេ សួរទៅលោក យូ ហុកគ្រី...» ។
វិទ្យុអាស៊ីសេរីបានព្យាយាមទូរស័ព្ទជាច្រើនលើកច្រើនសាទៅលោកតំណាងរាស្ត្រ យូ ហុកគ្រី ក៏ប៉ុន្តែពុំមានការលើកទូរស័ព្ទឆ្លើយតបឡើយ ។
ចំណែកតំណាងរាស្ត្រស្ត្រីនៃគណបក្សសមរង្ស៊ី លោកជំទាវ ថាក់ ឡានី បានមានប្រសាសន៍ថា លោកជំទាវដឹងច្បាស់ណាស់អំពីបញ្ហាដែលប្រជាកសិករកំពុងជួបប្រទះនៅក្នុងខេត្តកំពង់ចាម ។
លោកជំទាវបានរៀបរាប់អំពីគម្រោងផែនការយ៉ាងដូច្នេះ ៖ «...បញ្ហារកទីផ្សារនេះ ខ្ញុំចង់អូសទាញអ្នកវិនិយោគមកដាក់ទុន នៅតាមមូលដ្ឋានតែម្តង ឲ្យគាត់ប្រមូលទិញផលឲ្យបានតម្លៃខ្ពស់ កុំឲ្យប្រជាពលរដ្ឋធ្វើរួច ហើយតែបានផលទៅ លក់អត់បានថ្លៃ ខាតព្រោះរកស៊ីចងការទេមកធ្វើ...» ។
តាមការអះអាងរបស់មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា មានគណបក្សនយោបាយចំនួន១២ ដែលបានចុះឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល ជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃ២៧ ខែកក្កដាខាងមុខនេះ ។
ចំពោះបេក្ខជនបេក្ខនារីតំណាងរាស្ត្រនៃគណបក្សនយោបាយដែលបម្រុងឈរឈ្មោះ នៅមណ្ឌលខេត្តកំពង់ចាម វិទ្យុអាស៊ីសេរីនៅពុំទាន់បានដឹងស្ថិតិពិតប្រាកដថាមានប៉ុន្មាននាក់ឡើយ ។ ប៉ុន្តែកាលពីអាណត្តិទី៣ នៅមណ្ឌលខេត្តកំពង់ចាមមានតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ចំនួន ១៨នាក់ តំណាងរាស្ត្រ ៨នាក់ ពីខាងគណបក្សប្រជាជនកម្ពុជា ក្នុងនោះ២នាក់ជាស្ត្រី ៥នាក់ជាបុរសពីខាងគណបក្សហ៊្វុនស៊ិនប៉ិច ហើយនិងគណបក្សសមរង្ស៊ី មានតំណាងរាស្ត្រ៥នាក់ដែរ ម្នាក់ជាស្ត្រីគឺលោកជំទាវ ថាក់ ឡានី ដែលបម្រុងឈរឈ្មោះជាបេក្ខនារីតំណាងរាស្ត្រនៅលើកនេះដែរ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
តំណាងរាស្ត្រស្ត្រីសម្រាប់អាណត្តិទី៤នេះកើនឡើងច្រើនជាងអាណត្តិមុន
ជីវប្រវត្តិសង្ខេបនិងសកម្មភាពការងាររបស់លោកស្រី គឹម ណាតស៊ីម
សម្ភាសបេក្ខនារីតំណាងរាស្ត្របក្សប្រជាជននៅមណ្ឌលខេត្តកណ្តាល
បទសម្ភាសន៍ជាមួយបេក្ខនារីតំណាងរាស្ត្រនៃបក្សសមរង្ស៊ី (ភាគ២)
បទសម្ភាសន៍ជាមួយបេក្ខនារីតំណាងរាស្ត្រនៃបក្សសមរង្ស៊ី (ភាគ១)
វេទិកាស្ត្រី របស់ NDI នៅខេត្តកំពង់ស្ពឺ
បទសម្ភាសន៍ជាមួយលោកស្រី កិត្យា វរលក្ខណ៍