ពួកគេ គឺជាជនរងគ្រោះនៃអំពើហិង្សាទាក់ទិននឹងផ្លូវភេទ ដែលកើតឡើងកាលពីសម័យខ្មែរក្រហមកាន់អំណាច។ ពួកគេចង់អោយអ្នកមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសាលាក្ដីខ្មែរក្រហម ពិចារណាផ្ដល់យុត្តិធម៌ដល់ពួកគេ ដើម្បីពួកគេបានរស់នៅដោយស្ងប់ចិត្ត។
ការឈឺចាប់ និងភាពភ័យតក់ស្លុត នៅតែបន្តតាមលងជីវិតស្ត្រីវ័យចំណាស់ជាច្រើននាក់ ដែលធ្លាប់រងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម បើទោះជារបបនេះបានរលំទៅជាង ៣០ឆ្នាំមកហើយក្ដី។
ពួកគេអះអាងថា ការនាំយកអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មទាំងនោះមកទទួលកំហុស ទើបធ្វើពួកគាត់មានសេចក្ដីសុខក្នុងចិត្តឡើងវិញ។
ភាពខ្សឹកខ្សួល និងទឹកភ្នែករលីងរលោងបានលេចឡើងភ្លាមៗ នៅពេលដែលស្ត្រីវ័យ ៤៥ឆ្នាំ ហុង សាវ៉ាត រំលឹកដល់មេរៀនជីវិតដ៏ខ្លោចផ្សា និងឈឺចាប់ក្នុងរបបខ្មែរក្រហម។
នៅចំពោះមុខគណៈវិនិច្ឆ័យ ជនរងគ្រោះជាច្រើនរយនាក់ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ នៅក្នុងវេទិកាស្ត្រី ស្ដីពីហិង្សាយេនឌ័រនៅពេលមានជម្លោះ អ្នកស្រី ហុង សាវ៉ាត បានរៀបរាប់ថា រយៈពេលជាងបីឆ្នាំ គឺជាពេលវេលាដែលអ្នកស្រីបាត់បង់អ្វីៗគ្រប់បែបយ៉ាងនៅក្នុងជីវិត។ សាច់ញាតិរបស់អ្នកស្រី ត្រូវសម្លាប់នៅនឹងមុខ ដោយគ្មានកំហុស ចំណែករូបអ្នកស្រីក៏ត្រូវក្រុមឈ្លបចាប់រំលោភទាំងមិនទាន់ពេញវ័យ។
ស្រមោលអតីតកាលឈឺចាប់ បានបន្សល់ទុកជីវិតកំព្រាជាមួយកូនប្រុសមួយនាក់ ដែលកើតពីអំពើរំលោភផ្លូវភេទ និងជំងឺផ្លូវភេទ ដែលមិនអាចព្យាបាលអោយជាបាន។ អ្នកស្រី ហុង សាវ៉ាត បានយកភាពអៀនខ្មាសក្នុងនាមជាស្ត្រីខ្មែរទុកមួយឡែក ដោយហ៊ានលាតត្រដាងពីរឿងអាស្រូវផ្ទាល់ខ្លួនជាសាធារណៈ។ អ្នកស្រី បន្តថា អ្នកស្រីចង់អោយមនុស្សទាំងអស់ក្នុងពិភពលោក ថ្កោលទោសអំពើឃោរឃៅដែលមិនគួរអោយកើតមានទៀតទេក្នុងសង្គមមនុស្ស។
ស្របគ្នានឹងការរំលោភផ្លូវភេទ ក៏មានអំពើហិង្សាផ្លូវភេទក្នុងរូបភាពមួយចំនួនទៀត រួមមានការធ្វើទារុណកម្មផ្លូវភេទ ការយាយី និងការកេងប្រវ័ញ្ចផ្លូវភេទជាដើម។
ក្នុងវ័យ ៨០ឆ្នាំប្លាយ អ្នកស្រី ខាន់ ដែលជាសាក្សីម្នាក់ទៀតនៃអំពើហិង្សាផ្លូវភេទ ក្នុងរបបខ្មែរក្រហម បានរៀបរាប់ពីជីវិតអ្នកស្រីក្នុងពន្ធនាគារមួយ ជាទីដែលអ្នកស្រីបានឃើញការធ្វើទារុណកម្មផ្លូវភេទទៅលើស្ត្រីវ័យក្មេង។
ស្ត្រីវ័យ ៥៤ឆ្នាំ មកពីឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ឈ្មោះ ឡាយ គឹមឈាន បានអះអាងថា អ្នកស្រីគឺមិនខុសពីស្ត្រីជាច្រើននៅក្នុងរបបខ្មែរក្រហមនោះទេ គឺត្រូវបង្ខំអោយរៀបការ។ អ្នកស្រីបន្តថា អ្នកស្រីត្រូវរងអំពើរំលោភផ្លូវភេទពីសំណាក់ដៃគូដែលផ្សំផ្គុំដោយការរៀបការដោយបង្ខំនោះ។ ក្រៅពីនេះ អ្នកស្រីត្រូវបំភ័យដោយអំពើហិង្សាជាច្រើន ដែលកើតឡើងនៅលើមិត្តភ័ក្ដិរបស់អ្នកស្រី។
ក្នុងដំណើរការសាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម គឺនៅមិនទាន់មានសវនាការលើករណីអំពើហិង្សាផ្លូវភេទនៅឡើយទេ។ ប៉ុន្តែសាលាក្ដីនេះ បានទទួលយកករណីបង្ខំរៀបការទៅស៊ើបអង្កេត ដែលមានវិសាលភាពទូទាំងប្រទេស ក្នុងសំណុំរឿង០០២ ដែលមានជនត្រូវចោទ ខៀវ សំផន នួន ជា អៀង សារី និងអៀង ធីរិទ្ធ។ ចំណែកនៅក្នុងសវនាការ និងការប្រកាសសាលក្រមលើសំណុំរឿង០០១ លើជនជាប់ចោទ កាំង ហ្គិចអ៊ាវ ហៅ ឌុច ក៏មានការចោទប្រកាន់ពីការរំលោភផ្លូវភេទមួយករណី នៅក្នុងមន្ទីរឃុំឃាំង ស ២១។
មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហមមួយរូប អ្នកស្រី ស៊ិន សុវ៉ន មានប្រសាសន៍ថា ការបង្ខំអោយរៀបការត្រូវចៅក្រមបានចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ អ្នកស្រី សុវ៉ន បន្តថា ដើមបណ្ដឹងរដ្ឋប្បវេណីក្នុងករណីអំពើហិង្សាផ្លូវភេទ ទាមទារអោយត្រឹមតែអោយមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមទទួលស្គាល់ថា មានការរំលោភផ្លូវភេទកើតឡើង។
ករណីនេះ តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាផ្លូវភេទពេលមានជម្លោះ អ្នកស្រី ហ្ស៊ៃណាប បាងគូរ៉ា (Zainab Bangura) បានផ្ញើសារថា អង្គការសហប្រជាជាតិ នឹងផ្ដល់ការគាំទ្រជានិច្ចទៅដល់ស្ត្រីដែលរងនូវអំពើហិង្សាគ្រប់រូបភាពទាំងអស់ ដែលកើតមាននៅក្នុងពេលមានជម្លោះ រួមទាំងកម្ពុជា និងប្រទេសមួយចំនួនទៀតនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីអោយពួកគេទទួលបានយុត្តិធម៌។
មកដល់ពេលនេះ ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហមជាង ៧០០នាក់ហើយ ដែលបានដាក់ពាក្យបណ្ដឹងក្នុងសំណុំរឿងលេខ០០២។ ប្រសិនបើអាចមានសំណុំរឿងក្រោយៗទៀតនៃសាលាក្ដីនេះ ដូចជាករណីសំណុំរឿង០០៣ និង០០៤ ជាដើមនោះ ពួកគេរំពឹងទុកថា ចៅក្រមនឹងពិចារណាយកបណ្ដឹងរបស់ពួកគេដាក់បញ្ចូលក្នុងសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។