យុវជន​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត

ដោយ យ៉ង ចាន់តារា
2017-05-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កិច្ច​សន្ទនា​យុវជន​ស្ដីពី “សន្តិសុខ​សម្រាប់​យុវជន​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧” ដែល​​រៀបចំ​ដោយ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yang Chandara
កិច្ច​សន្ទនា​យុវជន​ស្ដីពី “សន្តិសុខ​សម្រាប់​យុវជន​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧” ដែល​​រៀបចំ​ដោយ​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yang Chandara
RFA/Yang Chandara

អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា យុវជន​កាន់​តែ​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត ដែល​នេះ​ជា​សញ្ញាណ​វិជ្ជមាន​មួយ​ដែល​រួម​ចំណែក​ឲ្យ​ដំណើរការ​បោះឆ្នោត​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។ បន្ថែម​ពី​លើ​នេះ ពួក​គេ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ដែល​មិន​បាន​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍ ត្រូវ​ចូលរួម​តាមដាន​ដំណើរការ​បោះឆ្នោត​ដូច​គ្នា​ដែរ ដើម្បី​លុប​បំបាត់​ភាព​មិន​ប្រក្រតី​នានា​ដែល​អាច​នឹង​កើត​មាន​ឡើង។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូលរួម​តាមដាន​ដំណើរការ​បោះឆ្នោត បាន​ជ្រើសរើស​អ្នក​សង្កេតការណ៍​ភាគច្រើន​ជា​យុវជន ដោយសារ​ពួក​គេ​យល់​ថា យុវជន​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ព្រម​ទាំង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញ​តួនាទី​ដោយ​ឯករាជ្យ ត្រឹមត្រូវ និង​មិន​លម្អៀង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង បញ្ជាក់​ថា អង្គការ​របស់​លោក​បាន​ជ្រើសរើស​អ្នក​សង្កេតការណ៍​ចំនួន ១.៥០០​នាក់ ដែល​ក្នុង​នោះ ៩០​ភាគរយ គឺ​ជា​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ទៅ ៣០​ឆ្នាំ។ លោក​ថា មូលហេតុ​ដែល​ជ្រើសរើស​យុវជន​ច្រើន​នេះ ដោយសារ​ពួក​គេ​មាន​សកម្មភាព​ក្លៀវក្លា​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម និង​ជាពិសេស ពួក​គេ​ចាប់​អារម្មណ៍​ខ្លាំង​រឿង​បោះឆ្នោត។

យង់ គិមអេង ៨៥៥ ២០១៧
ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា លោក យង់ គិមអេង ផ្ដល់​បទសម្ភាសន៍​អំពី​ការ​សរសេរ​សៀវភៅ ឥទ្ធិពល​យុវជន​ទៅ​លើ​នយោបាយ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Kher Sonorng RFA/Kher Sonorng

លោក​រំពឹង​ថា វត្តមាន​កាន់​តែ​ច្រើន​របស់​យុវជន​ជា​អ្នក​សង្កេតការណ៍​នេះ នឹង​ជួយ​រួម​ចំណែក​ឲ្យ​ការ​ដំណើរការ​បោះឆ្នោត​កាន់​តែ​មាន​សុក្រឹត៖ «ឃើញ​ថា​មាន​ការ​ប្រែប្រួល​ច្រើន។ កាល​ពី​មុន យើង​បាន​ប្រមាណ​តែ ២ ទៅ ៣០០​នាក់ យុវជន​ស្ម័គ្រ​ចិត្ត​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត ប៉ុន្តែ​ឆ្នាំ​នេះ​ឃើញ​ថា​ប្លែក មាន​ការ​ចូលរួម​ពី​យុវជន​ច្រើន ហើយ​ម្យ៉ាង​វិញ​ទៀត យុវជន​នៅ​តាម​ឃុំ-សង្កាត់ គាត់​ចង់​ធ្វើ​កិច្ច​ការងារ​នេះ។ (យុវជន) មាន​ស្មារតី​មួយ​ថា គាត់​យ៉ាង​ហោច​ណាស់​ជា​យុវជន បើ​ទោះ​បី​ជា​មិន​បាន​ធ្វើ​ការងារ​រាជការ​នឹង​គេ តែ​អ្វី​ដែល​គាត់​អាច​ជួយ​ឃុំ-សង្កាត់​បាន គឺ​គាត់​ទៅ​សង្កេតការណ៍​ដំណើរការ​បោះឆ្នោត ដើម្បី​ធានា​ថា​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល វិញ​ថ្លែង​ថា អង្គការ​របស់​លោក​គ្រោង​ដាក់​អ្នក​សង្កេតការណ៍​ជាង ១​ពាន់​នាក់​នៅ​តាម​តំបន់​គោលដៅ​ទូទាំង ២៥​រាជធានី-ខេត្ត។ លោក​ថា ក្នុង​ចំណោម​ជាង ១​ពាន់​នាក់​នោះ មាន​ពី ៧០ ទៅ ៨០​ភាគរយ គឺ​ជា​យុវជន​អាយុ​ចន្លោះ​ពី ២០ ទៅ ៣៥​ឆ្នាំ។ លោក​បន្ត​ថា ការ​ជ្រើសរើស​យុវជន​ជា​អ្នក​សង្កេតការណ៍​នេះ ដោយសារ​ពួក​គេ​មាន​ចំណេះ​ដឹង និង​ជំនាញ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ផ្សេងៗ​បាន​ទាន់​ពេលវេលា៖ «គាត់​ចង់​ចូល និង​ចង់​ធ្វើ​ជា​សាក្សី​នៃ​ដំណើរការ​បោះឆ្នោត។ គាត់​មាន​ចំណេះ​ដឹង និង​ជំនាញ​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ ឬ​ក៏​ឧបករណ៍​ចាំបាច់​ក្នុង​ការ​បញ្ជូន​ទិន្នន័យ និង​ព័ត៌មាន​ឲ្យ​ទាន់​ពេលវេលា ព្រោះ​យើង​ចង់​សរុប​របាយការណ៍ ឬ​ក៏​ទិន្នន័យ​ឲ្យ​បាន​ភ្លាមៗ ក្រោយ​ការ​បោះឆ្នោត​ចប់។ ក្នុង​រយៈពេល​យ៉ាង​យូរ ១២​ម៉ោង យើង​នឹង​ទទួល​បាន​ទិន្នន័យ ឬ​ក៏​ព័ត៌មាន​ទាំងនោះ»

គិត​ត្រឹម​ថ្ងៃ​ទី​១៦ ឧសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ (៤៦.៦៣៩​នាក់) អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ៧៥​នាក់ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចំនួន​ជាង ៥​ម៉ឺន ៨​ពាន់​នាក់ (៥៨.៤១០​នាក់) ដើម្បី​ចូលរួម​សង្កេត​មើល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ។

ឯកសារ​ជំនួយ​ស្មារតី​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) សរសេរ​ថា អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ និង​ភ្នាក់ងារ​របស់​គណបក្ស​នយោបាយ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ដើម្បី​ចូលរួម​សង្កេតការណ៍ តាមដាន និង​ធ្វើ​របាយការណ៍​អំពី​រាល់​សកម្មភាព​នៃ​ដំណើរការ​បោះឆ្នោត​បាន​ដោយ​សេរី និង​ទូលំទូលាយ។

យុវតី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ គឺ​កញ្ញា បាន សុភ័ក្ត្រ បញ្ជាក់​ថា នាង​បាន​ស្ម័គ្រ​ចិត្ត​ជា​អ្នក​សង្កេតការណ៍​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ។ យុវតី​រូប​នេះ​បន្ត​ថា ការ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​នេះ គឺ​ដោយសារ​នាង​ចង់​រៀន​សូត្រ​អំពី​ដំណើរការ​បោះឆ្នោត និង​ចង់​រួម​ចំណែក​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ។ នាង​ប្ដេជ្ញា​ចិត្ត​ថា នឹង​បំពេញ​តួនាទី​ជា​អ្នក​សង្កេតការណ៍​ដោយ​ឯករាជ្យ និង​មិន​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ៖ «អ្វី​ដែល​ខ្ញុំ​សង្ឃឹម​បំផុត​នោះ គឺ​ចង់​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទទួល​បាន​ជោគជ័យ ហើយ​និង​យុត្តិធម៌ និង​ទទួល​បាន​ការ​ជឿជាក់ និង​ទុក​ចិត្ត​ពី​សំណាក់​ប្រជាជន​ខ្មែរ​យើង​ដែល​គាត់​បោះឆ្នោត»

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​ជា​សម្ព័ន្ធ​អង្គការ​សមាគម​ចំនួន ៣៨ នៅ​កម្ពុជា ជ្រើសរើស​បាន​អ្នក​សង្កេតការណ៍​ចំនួន ១​ម៉ឺន ១​ពាន់​នាក់​ហើយ ហើយ​គ្រោង​នឹង​ជ្រើសរើស​ឲ្យ​បាន​គ្រប់​ចំនួន ១៤.៥០០​នាក់​តាម​ផែនការ​កំណត់ ដើម្បី​ដាក់​អ្នក​សង្កេតការណ៍​ទាំងនោះ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង ២​ម៉ឺន ២​ពាន់​ការិយាល័យ (២២.១៤៨​ការិយាល័យ) នៅ​ទូទាំង​ប្រទេស។

នៅ​ពេល​បោះឆ្នោត​ម្តងៗ ឧបាយកល​ទុច្ចរិត​គ្រប់​ប្រភេទ​ត្រូវ​បាន​អ្នក​នយោបាយ​មួយ​ចំនួន​ប្រើប្រាស់​ដើម្បី​មាន​ប្រៀប​ជាង​ដៃគូ​ប្រកួត​ប្រជែង។ ឧបាយកល​ទុច្ចរិត​ទាំងនោះ​រួម​មាន ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ ការ​ទិញ​សន្លឹក​ឆ្នោត​ដោយ​សម្ភារ ឬ​លុយ​កាក់ ការ​លួងលោម​ទិញ​ទឹក​ចិត្ត ការ​បង្ខំ​ឲ្យ​ធ្វើ​សម្បថ និង​ការ​កត់​លេខ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ជាដើម។

ឯកសារ​ជំនួយ​ស្មារតី​របស់​អង្គការ​ខុមហ្វ្រែល សរសេរ​ថា ក្នុង​ថ្ងៃ​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​ទៅ​បោះឆ្នោត និង​ត្រូវ​បោះឆ្នោត​តាម​ឆន្ទៈ​របស់​ខ្លួន ទោះ​បី​ជា​មាន​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឲ្យ​លុយ ឲ្យ​សម្ភារ ឲ្យ​ធ្វើ​សម្បថ ឬ​បំភិត​បំភ័យ​យ៉ាង​ណា​ក៏ដោយ ព្រោះ​អ្នក​បោះឆ្នោត​ត្រូវ​ចងចាំ​ថា ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​សម្ងាត់ គ្មាន​នរណា​អាច​ដឹង​បាន​ឡើយ។ អ្នក​បោះឆ្នោត​ក៏​ត្រូវ​ជួយ​ពិនិត្យ និង​ផ្តល់​ព័ត៌មាន​អំពី​ឧបាយកល​ទុច្ចរិត ឬ​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ឬ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​អាច​ទុក​ចិត្ត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល