យុវជន​ស្នើ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ចូលរួម​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ

ដោយ យ៉ង ចាន់តារា
2017-01-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

យុវជន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ រួម​មាន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន រួម​គ្នា​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​ តាម​រយៈ​ការ​អប់រំ​ ផ្សព្វផ្សាយ និង​គាំទ្រ​ស្នាដៃ​សិល្បៈ​ខ្មែរ​ ព្រម​ទាំង​គិត​គូរ​អំពី​ការ​កសាង​ធនធាន​មនុស្ស​ក្នុង​វិស័យ​មួយ​នេះ។ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ពួក​គេ​​​ចូល​រួម​ក្នុង​កម្មវិធី​ពិព័រណ៍​​សិល្បៈ​មួយ​ ហៅ​ថា ផ្ទះ​សិល្បៈ​ នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា កន្លង​ទៅ។

ក្រុម​យុវជន​បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ និង​​រំភើប​នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​រួម​កម្មវិធី​ផ្ទះ​សិល្បៈ​​​ នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ដែល​ស្ថិត​នៅ​តំបន់​បឹង​បាយ៉ាប ជាយ​រាជធានី​ភ្នំពេញ ទី​ដែល​ពលរដ្ឋ​ភាគ​ច្រើន​​មិន​ដែល​ស្គាល់។ ពួក​គេ​ចង់​ឱ្យ​មាន​ការ​រៀប​ចំ​ការ​តាំង​ពិព័រណ៍​សិល្បៈ​​ឱ្យ​បាន​កាន់​តែ​ច្រើន​ ដើម្បី​ផ្សព្វផ្សាយ​អំពី​សិល្បៈ​ខ្មែរ​ទៅ​ដល់​ស្រទាប់​មហាជន​ ជា​ពិសេស​គឺ​ការ​ពង្រីក​ការ​សម្ដែង​សិល្បៈ​ទៅ​តាម​បណ្ដា​ខេត្ត និង​​ដាក់​បញ្ចូល​មេរៀន​ស្ដី​អំពី​សិល្បៈ​វប្បធម៌​ខ្មែរ​ឱ្យ​បាន​កាន់​តែ​ច្រើន​ក្នុង​កម្មវិធី​សិក្សា៖ «នៅ​តំបន់​ដាច់​ស្រយាល​ខ្លះ គាត់​ខ្វះ​ខាត​ការ​ទទួល​ព័ត៌មាន​តាម​រយៈ​ទូរទស្សន៍ ឯកសារ​វីដេអូ​ជាដើម អ៊ីចឹង​បើ​ក្រសួង​បង្កើត​ឱ្យ​មាន​ការ​សម្ដែង​តាម​ភូមិ​ស្រុក​ឱ្យ​បាន​ញឹក​ញយ​ អ៊ីចឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ទូលំ​ទូលាយ។ ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ចូល​រួម​គាំទ្រ​វិស័យ​សិល្បៈ​នេះ​ឱ្យ​បាន​ច្រើន ព្រោះ​យើង​ដឹង​ហើយ​ថា វិស័យ​សិល្បៈ គឺ​ជា​វិស័យ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ​យើង ប៉ុន្តែ​ភាគ​ច្រើន​បច្ចុប្បន្ន អត់​សូវ​មាន​ចាប់​អារម្មណ៍​ពី​វិស័យ​នេះ​ទេ»

កាល​ពី​ថ្ងៃ​ទី​១៥ មករា កន្លង​ទៅ ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​បាន​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍​សិល្បៈ​មួយ ​ដែល​មាន​ការ​ដាក់​តាំង​​​ឧបករណ៍​សិល្បៈ​ជា​ច្រើន​ រួម​នឹង​ការ​សម្ដែង​សិល្បៈ​ទស្សនីយភាព​ច្រើន​ទម្រង់​​ ដូច​ជា​របាំ​បូរាណ របាំ​ប្រពៃណី សៀក​ ចាប៉ី​ដង​វែង ល្ខោន​បាសាក់​ ល្ខោន​និយាយ និង​សិល្បៈ​ជា​ច្រើន​ទម្រង់​ទៀត ជា​ពិសេស​គឺ​ល្ខោន​ខោល ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា។

ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា លោក ព្រហ្ម ពុធវិសាល បញ្ជាក់​ថា ការ​តាំង​ពិព័រណ៍​​សិល្បៈ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​​សិល្បៈ​បូរាណ​ខ្មែរ​ដែល​មាន​ជា​ច្រើន​ទម្រង់ និង​បង្ហាញ​ស្នា​ដៃ​របស់​សិស្ស​សាលា​ជំនាញ​ទាំង​៥ នៃ​សាលា​មធ្យម​សិល្បៈ រួម​មាន​សាលា​សៀក សាលា​ល្ខោន​សាលា​របាំ សាលា​គំនូរ និង​សាលា​ដូរ្យតន្ត្រី។ ក្រៅ​ពី​នេះ លោក​ចង់​ឱ្យ​សាធារណជន​បាន​ស្គាល់​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​សិល្បៈ​ជា​ច្រើន​ជំនាន់ ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ថវិកា សម្ភារៈ និង​ខ្វះ​សិស្ស​ចូល​រៀន៖ «ខ្ញុំ​ចង់​បង្ហា​ញ​ពីសាលាមធ្យម​វិចិត្រ​សិល្បៈ​នេះ​តែម្តង​ ដោយសារ​មាន​ជំនាញ​ច្រើន​ណាស់​ គំនូរ​ ចម្លាក់ របាំ ភ្លេង មាន​ទាំង​អស់។ អ៊ីចឹង​ខ្ញុំ​ចង់​ឱ្យ​គេ​ស្គាល់​សាលា​នេះ​ដែរ ព្រោះ​ខ្ញុំ​ជា​អតីត​សិស្ស​សាលា​នេះ​ដែរ ហើយ​ទីពីរ​ខ្ញុំ​ចង់​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ»

សិស្ស​ផ្នែក​របាំ​មួយ​រូប​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ កញ្ញា សេក នីតា បញ្ជាក់​ថា សាលា​របស់​នាង​កំពុង​ជួប​ប្រទះ​បញ្ហា​កង្វះ​ខាត​ទាំង​សម្ភារៈ​សិក្សា និង​ចំនួន​សិស្ស​ចូល​រៀន​កាន់​តែ​តិច។ នាង​បារម្ភ​ថា បើ​សិន​ជា​បញ្ហា​នេះ​​​នៅ​តែ​បន្ត​ ទម្រង់​សិល្បៈ​ខ្លះ​អាច​នឹង​បាត់បង់។ យុវតី​រូប​នេះ​សំណូម​ពរ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ និង​សំណូម​ពរ​ដល់​អាណាព្យាបាល​ណា​ដែល​មាន​កូន​មាន​ទេពកោសល្យ​ក្នុង​វិស័យ​សិល្បៈ ឱ្យ​បញ្ជូន​មក​សិក្សា​នៅ​សាលា​មធ្យម​សិល្បៈ៖ «ខ្ញុំ​សូម​សំណូម​ពរ​ដល់​បង​ប្អូន​ទាំង​អស់​គ្នា មេត្តា​ជួយ​គាំទ្រ​សិល្បៈ​ខ្មែរ ជា​ពិសេស​បើសិន​ជា​អ៊ំៗ ឬ​ក៏​ពូៗ ណា​គាត់​មាន​កូន​តូចៗ ចង់​ឱ្យ​ចេះ​ជំនាញ​ណា​មួយ​ក្នុង​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ អាច​ចូល​មក​រៀន​បាន»

ជុំវិញ​រឿង​នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បញ្ជាក់​ថា ក្រសួង​តែង​គាំទ្រ និង​ជំរុញ​ឱ្យ​យុវជន​ និង​សិស្ស​សាលា​សិល្បៈ​រៀប​ចំ​កម្មវិធី​នានា ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ដល់​សាធារណជន។ ទាក់ទង​នឹង​ការ​អប់រំ ផ្សព្វផ្សាយ​វិញ អ្នកស្រី​បញ្ជាក់​ថា ក្រសួង​បាន​រៀបចំ និង​ចូល​រួម​កម្មវិធី​សិល្បៈ​ជា​ច្រើន ព្រម​ទាំង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ជ្រួតជ្រាប​ពី​សិល្បៈ​វប្បធម៌​ខ្មែរ៖ «សិល្បករ​ក្នុង​សាលា​រាល់​ថ្ងៃ​នេះ សឹង​តែ​រក​មនុស្ស​ចេញ​មិន​ទាន់​ផង​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ផុត​ពី​សកម្មភាព​មួយ​ចូល​សកម្មភាព​មួយ តាំង​ពី​បញ្ហា​អាស៊ាន។ យុជន​ក៏​ផុលផុស​ ក្រសួង​ក៏​ខំណាស់​ដែរ ហើយ​ការ​ផ្សព្វផ្សាយ​ហ្នឹង ប្រជាជន​ក៏​បាន​ដឹង ហើយ​យើង​ខ្ញុំ​ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក​នានា ដើម្បី​ឱ្យ​ការ​ផ្សពផ្សាយ​ហ្នឹង​បាន​ទូលំ​ទូលាយ»

ចំពោះ​បញ្ហា​ខ្វះខាត​របស់​សាលា​មធ្យម​វិចិត្រ​សិល្បៈ​វិញ រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា ក្រសួង​បាន​ទម្លាក់​កញ្ចប់​ថវិកា​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ឱ្យ​សាលា​ចាត់ចែង​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ទិញ​សម្ភារៈ​ និង​ឧបករណ៍ ព្រម​ទាំង​ការ​ប្រើប្រាស់​ផ្ទៃ​ក្នុង។ អ្នកស្រី​បន្ត​ថា​​ ក្រសួង​តែង​​បើក​ចំហ​ទទួល​យក​សំណើ​សុំ​ទាំង​ឡាយ​ បើ​សិន​ជា​សាលា​សិល្បៈ​ជួប​ប្រទះ​ការ​ខ្វះខាត។

ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា អំពាវនាវ​ឱ្យ​យុវជន​ចូល​រួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ​ឱ្យ​បាន​គង់វង្ស ដោយ​មិន​ត្រូវ​លើក​តម្កើង​តែ​សិល្បៈ​វប្បធម៌​បរទេស​នោះ​ឡើយ។

​ការ​រៀប​ចំ​កម្មវិធី​ពិព័រណ៍​សិល្បៈ​ ទាមទារ​ការ​ចំណាយ​ច្រើន ទាំង​ពេល​វេលា និង​ធនធាន​ដើម្បី​រៀបចំ និង​សម្ដែង ហើយ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​គាំទ្រ​ផ្នែក​ស្មារតី និង​ហិរញ្ញវត្ថុ។

ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា លោក ព្រហ្ម ពុធវិសាល បញ្ជាក់​ថា ក្រុម​របស់​លោក​នឹង​រៀបចំ​ការ​តាំង​ពិព័រណ៍​សិល្បៈ ឱ្យ​បាន​ច្រើន​នៅ​ពេល​ខាង​មុខ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​បាន​ស្គាល់​កាន់​តែ​ច្បាស់​អំពី​សិល្បៈ​វប្បធម៌​ខ្មែរ។ តែ​លោក​ថា កិច្ច​ការងារ​នេះ​ អាច​សម្រេច​ទៅ​បាន​ លុះ​ត្រា​តែ​មាន​ការ​ចូល​រួម និង​​គាំទ្រ​ពី​សាធារណជន​ ព្រម​ទាំង​មាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដូច​ជា​ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ អង្គការ​ខាង​សិល្បៈ និង​វិស័យ​ឯកជន ពីព្រោះ​ក្រុម​ការងារ​របស់​លោក​ធ្វើ​កិច្ចការ​នេះ តាម​ការ​ស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ៖ «និយាយ​ឱ្យ​ចំ​តែម្ដង សំខាន់​រឿង​ថវិកា​តែម្ដង សម្រាប់​ធ្វើ​ការ​ងារ​ហ្នឹង ដូច​ម៉ាស (ស្រោមមុខ) នីមួយៗ ដែល​យើង​ដំឡើង​មក​ តម្លៃ​វា​ថ្លៃ​ ហើយ​សម្ភារៈ​ដែល​យើង​ទិញ​យក​មក​ដំឡើង​ថ្លៃ។ អ៊ីចឹង​យើង​នៅ​មាន​បញ្ហា​ច្រើន​មែន​ទែន​លើក​នេះ។ តែ​លើក​ក្រោយ​បើសិន​ជា​មាន​កម្មវិធី​ផ្ទះ​សិល្បៈ​ជា​លើក​ទី​ពីរ ខ្ញុំ​សង្ឃឹម​ថា នឹង​រៀប​ចំ​ឱ្យ​បាន​ធំ​ជាង​នេះ​ទៅ​ទៀត»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល