យុវជន​ពិការ​ព្រួយ​បារម្ភ​រឿង​អត់​ការងារ​ធ្វើ

ដោយ យ៉ង ចាន់តារា
2017-08-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជន​ពិការ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ចំណត​រថយន្ត​ក្រុង​ផ្លូវ​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
ជន​ពិការ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ចំណត​រថយន្ត​ក្រុង​ផ្លូវ​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

ការ​រើសអើង​ជន​ពិការ​នៅ​តែ​ជា​បញ្ហា​ក្នុង​សង្គម​កម្ពុជា នៅ​ឡើយ។ យុវជន​ពិការ​មួយ​ចំនួន​អះអាង​ថា ពួកគេ​នៅតែ​ប្រឈម​នឹង​ការ​រើសអើង​នៅ​ពេល​ស្វែង​រក​ការងារ​ធ្វើ​ដដែល។ បញ្ហា​នេះ ធ្វើ​ឱ្យ​ពួកគាត់​បាក់​ទឹក​ចិត្ត និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អនាគត​របស់​ខ្លួន បើ​ទោះ​បី​ជា​ពួកគេ​បាន​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព ដើម្បី​ជម្នះ​បញ្ហា​ពិការភាព​ក្តី។ អង្គការ​សង្គម​ស៊ីវិល ស្នើ​ឱ្យ​វិស័យ​រដ្ឋ និង​ឯកជន អនុវត្ត​គោលការណ៍​កំណត់​កូតា​ជន​ពិការ​នៅ​កន្លែង​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល។

យុវជន​ពិការ​មួយ​ចំនួន​ដែល​ជា​និស្សិត​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ កំពុង​ព្រួយ​បារម្ភ​នឹង​អនាគត​របស់​ពួកគេ ក្រោយ​បញ្ចប់​ការ​សិក្សា ដោយសារ​ពួកគេ​ធ្លាប់​រង​ការ​រើសអើង​នៅ​ពេល​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ធ្វើ។

យុវជន សៅ ចន គឺ​ជា​និស្សិត​ពិការ​ម្នាក់​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គណនេយ្យ នៅ​ឯ​សាកលវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ព្រៃវែង។ យុវនិស្សិត​ដែល​មកពី​ខេត្ត​ស្វាយរៀង រូប​នេះ​ថ្លែង​ថា រូបគេ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​បញ្ហា​ការងារ ខណៈ​កំពុង​សិក្សា​ឆ្នាំ​ទី​៤ ជិត​បញ្ចប់​ការ​សិក្សា​ទៅ​ហើយ​នោះ។

យុវជន សៅ ចន ថ្លែង​ថា រូបគេ​ធ្លាប់​បាន​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃវែង ប៉ុន្តែ​អ្នក​ជ្រើសរើស​បុគ្គលិក​បាន​បង្ហាញ​ការ​ខក​ចិត្ត​នៅ​ពេល​ឃើញ​រូបគេ​ជា​ជន​ពិការ។

ដោយសារ​មិន​មាន​សង្ឃឹម​នឹង​ទទួល​បាន​ការងារ​នៅ​ខេត្ត យុវជន សៅ ចន បាន​សម្រេច​ចិត្ត​ឡើង​មក​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​ការ​ជួយ​ទំនុក​បម្រុង​ខ្លះ​ពី​អង្គការ​យុវជន​ពិការ និង​ការ​អភិវឌ្ឍ។ សព្វ​ថ្ងៃ​នេះ សៅ ចន កំពុង​បំពេញ​ការងារ​ជា​អ្នក​ហាត់​ការ​នៅ​អង្គការ​ជន​ពិការ​កម្ពុជា  ក៏ប៉ុន្តែ​បើ​ទោះ​ជា​មាន​ចំណេះ និង​ជំនាញ​ខ្លះៗ​ក្តី យុវនិស្សិត​រូប​នេះ​មិន​ប្រាកដ​ទេ​ថា នឹង​អាច​ទទួល​បាន​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ «បើ​គាត់​គ្មាន​ការងារ​ធ្វើ អនាគត​ទៅ​គាត់​មិន​អាច​ចិញ្ចឹម​ជីវិត​បាន​ស្រួល​នោះ​ទេ ទោះ​ជា​គាត់​ពឹង​ឪពុក​ម្ដាយ និង​បងប្អូន​ក៏​មិន​អាច​​ទៅ​រួច​ដែរ។ អ៊ីចឹង​សូម​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន សូម​ឱ្យ​ផ្ដល់​ឱកាស​ការងារ​ដល់​គាត់​ផង ព្រោះ​វា​មាន​ភាព​លំបាក​ណាស់​សម្រាប់​ជន​ពិការ»

​ចំណែក​ឯ​ជន​ពិការ​ម្នាក់​ទៀត គឺ​យុវជន រឿង បូនី ក៏​បង្ហាញ​ក្តី​បារម្ភ​ដូច​គ្នា​នេះ​ដែរ។ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម យុវជន រឿង បូនី អះអាង​ថា រូបគេ​មិន​ដែល​ទទួល​បាន​ជំនួយ​ណា​មួយ​ឡើយ​ចំពោះ​ការ​សិក្សា​តាំង​តែ​ពី​ថ្នាក់​បឋម​រហូត​ដល់​ថ្នាក់​ឧត្ដមសិក្សា។ ការ​សិក្សា​ជាង ១០​ឆ្នាំ​មក​នេះ គឺ​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​គ្រួសារ​របស់​គាត់។

​សព្វថ្ងៃ បូនី កំពុង​សិក្សា​ជំនាញ​គ្រប់គ្រង ឆ្នាំ​ទី​១ នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ អ្វី​ដែល​ជា​បំណង​ប្រាថ្នា​របស់​និស្សិត​ពិការ​ជើង​រូប​នេះ គឺ​ការ​ទទួល​បាន​ការងារ​ធ្វើ ក្រោយ​រូប​គាត់​រៀន​ចប់៖ «ខ្ញុំ​រៀន​ផ្នែក​គ្រប់គ្រង ហើយ​ផ្នែក​នេះ​គេ​ត្រូវ​ការ​ទាំង​អស់ ទាំង​កាយ​សម្បទាន​ល្អ​ជា​ដើម អ៊ីចឹង​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លះ​ដែរ​ចំពោះ​បញ្ហា​ហ្នឹង។ មិន​ថា​វិស័យ​រដ្ឋ និង​ឯកជន​ទេ សូម​ឱ្យ​គាត់​លុបបំបាត់​ការ​រើសអើង​ជន​ពិការ ព្រោះ​ជន​ពិការ​ក៏​មាន​បេះដូង មាន​ចិត្ត និង​មាន​គំនិត​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ​ដែរ»

ការ​ផ្ដល់​ឱកាស​ការងារ​ដល់​ជន​ពិការ​ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា មិន​ត្រឹមតែ​ជួយ​ឱ្យ​ជន​ពិការ​មាន​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​នោះ​ទេ តែ​វា​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​ឱ្យ​មាន​សង្ឃឹម​ក្នុង​ជីវិត​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត វា​ស្រប​ទៅ​នឹង​ការ​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​របស់​រាជរដ្ឋាភិបាល​ទៀត​ផង។

​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​អត្រា និង​បែបបទ​នៃ​ការ​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ​របស់​រាជរដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០១០ តម្រូវ​ឱ្យ​ស្ថាប័ន​រដ្ឋ​ដែល​មាន​មន្ត្រី​ចាប់​ពី ៥០​នាក់ ឡើង​ទៅ​ត្រូវ​មាន​ជន​ពិការ ២​ភាគរយ និង​វិស័យ​ឯកជន​ដែល​មាន​កម្មករ និយោជិត ១០០​នាក់​ឡើង​ទៅ ត្រូវ​មាន​ជន​ពិការ ១​ភាគរយ។

ទោះបីជា​យ៉ាង​ណា អនុក្រឹត្យ​នេះ មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ឯកជន។

ការ​អង្កេត​សេដ្ឋកិច្ច និង​សង្គម ឆ្នាំ​២០១៤ បង្ហាញ​ថា កម្ពុជា​មាន​អត្រា​ពិការភាព​ប្រហែល ៤​ភាគរយ ឬ​ប្រហែល​ជាជាង​កន្លះ​លាន​នាក់ (៥២៤.០០០) នៃ​ចំនួន​ប្រជាជន​សរុប។ ក៏ប៉ុន្តែ​ជន​ពិការ​ដែល​បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន មាន​ចំនួន​សរុប​តែ​ជាង ៥​ពាន់​នាក់ (៥.៦០១) ប៉ុណ្ណោះ ពោល​គឺ​ប្រមាណ ១​ភាគរយ​នៃ​ចំនួន​ជន​ពិការ​សរុប។ ក្នុង​ចំណោម​ជន​ពិការ​ដែល​មាន​ការងារ​ធ្វើ​នោះ ជាង ៣​ពាន់​នាក់ បម្រើការ​ក្នុង​វិស័យ​រដ្ឋ (៣.៥២៩) និង​ជាង ២​ពាន់​នាក់ (២.០៧២) ក្នុង​វិស័យ​ឯកជន។

​នេះ​គឺជា​តួលេខ​ទាប​នៅ​ឡើយ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ជន​ពិការ​ទាមទារ​ឱ្យ​វិស័យ​រដ្ឋ និង​ឯកជន អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​កំណត់​កូតា ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល។

ងិន សៅរ័ត្ន ២០១៦ ៨៥៥
នាយក​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ថ្លែង​ក្នុង​វេទិកា​ការងារ​សម្រាប់​យុវជន​ពិការ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន សង្កេត​ឃើញ​ថា មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​ជន​ពិការ​ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​សមស្រប។ នោះ​គឺ​ជា​បញ្ហា​សមត្ថភាព​ការងារ​របស់​ជន​ពិការ​ខ្លួន​ឯង កង្វះ​ការ​ផ្ដល់​ឱកាស​ពី​វិស័យ​ឯកជន និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​កន្លែង​ការងារ​មិន​អំណោយផល​សម្រាប់​ជន​ពិការ៖ «ជន​ពិការ​អាច​ធ្វើ​ការងារ​បាន ក៏ដោយ​សារ​គាត់​មាន​ឱកាស​គ្រប់គ្រាន់ តែ​ការ​បើក​ឱកាស​ក្នុង​វិស័យ​ឯកជន​ហាក់​ដូចជា​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​វិស័យ​ឯកជន​មាន​រាប់​ម៉ឺន​នាក់ មាន​តែ ២ ឬ ៣​ស្ថាប័ន ដែល​បាន​ផ្តល់​ឱកាស​ដល់​ជន​ពិការ។ ដូច្នេះ យើង​ទាមទារ​ឱ្យ​មាន​ការ​គោរព​អនុក្រឹត្យ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ពី​វិស័យ​ឯកជន ហើយ​រដ្ឋ​យើង​ធ្វើ​យ៉ាងម៉េច​ត្រូវតែ​បំពេញ​ឱ្យ​បាន ២​ភាគរយ ជា​គំរូ​ដល់​ស្ថាប័ន​ឯកជន»

​ទន្ទឹម​នឹង​នេះ ការ​អប់រំ​បណ្ដុះបណ្ដាល​ជន​ពិការ​ឱ្យ​មាន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​មួយ ក៏​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ជួយ​ដល់​ជន​ពិការ​ផង​ដែរ។

​ប្រធាន​គម្រោង​នៃ​អង្គការ​យុវជន​ពិការ​កម្ពុជា និង​ការ​អភិវឌ្ឍ លោក ញ៉ក់ គឹមហោ ថ្លែង​ថា សមត្ថភាព​របស់​ជន​ពិការ ភាគច្រើន​នៅ​មាន​កម្រិត ដូច្នេះ​ពួកគាត់​ត្រូវការ​ការ​លើក​ទឹក​ចិត្ត និង​បំពាក់​បំប៉ន​ជំនាញ​បន្ថែម៖ «យើង​ត្រូវ​ផ្ដល់​ប្រឹក្សា​យោបល់​ឱ្យ​ចំ​ទិសដៅ និង​ស្ថានភាព​របស់​គាត់ ហើយ​ជន​ពិការ​គួរ​តែ​រើស​ជំនាញ​ឱ្យ​សមស្រប​ទៅ​តាម​សមត្ថភាព កាយ​សម្បទាន និង​ពិការភាព​របស់​គាត់»

​លោក​ក៏​ស្នើ​ឱ្យ​ជន​ពិការ​ត្រូវ​ខំប្រឹង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ទៅ​តាម​ចំណង់​ចំណូលចិត្ត និង​ទៅ​តាម​ប្រភេទ​នៃ​ពិការភាព​របស់​ខ្លួន។

ទាក់ទង​នឹង​បញ្ហា​ជន​ពិការ​នេះ​ដែរ អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា លោក កែវ បូរេន្ទ្រ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ថា  នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រសួង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​រដ្ឋបាល​សិទ្ធិ​ជន​ពិការ ដើម្បី​ត្រួត​ពិនិត្យ តាមដាន និង​ជំរុញ​សកម្មភាព​ការងារ​របស់​មូលនិធិ​ជន​ពិការ សំដៅ​បង្កើន​ការ​កៀរគរ​ធនធាន​ដើម្បី​ជួយ​ដល់​ជន​ពិការ។

​លោក​ប្រកាស​ថា ក្រសួង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ត្រូវ​តែ​គោរព​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ស្ដីពី​ការ​កំណត់​អត្រា និង​បែបបទ​នៃ​ការ​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ទទួល​រង​ការ​ផាក​ពិន័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល