យុវជន​ចាប់​អារម្មណ៍​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​អភិវឌ្ឍសង្គម

ដោយ ទេព សុរ៉ាវី
2014.11.27
សំឡេង​ទីក្រុង ៦២០ គេហទំព័រ "សំឡេង​ទីក្រុង"
Photo: RFA

យុវជន​គឺ​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​មាន​ភាព​រីក​ចម្រើន។ យុវជន​ព្យាយាម​ផ្សារភ្ជាប់​ខ្លួនឯង​ទៅ​ក្នុង​សង្គម​តាម​រយៈ​សកម្មភាព​នានា។ សព្វថ្ងៃ​នេះ​ដោយ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប យុវជន​ភាគ​ច្រើន​បាន​យក​មធ្យោបាយ​ព័ត៌មានវិទ្យា​ជា​ទុន​ក្នុង​ការ ឈឺ​ឆ្អាល​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​សហគមន៍​របស់​ខ្លួន។

រឿងរ៉ាវ​អសកម្ម​ជាច្រើន​ក្នុង​សង្គម យុវជន​អាច​សរសេរ ថត​ជា​វីដេអូ ឬ​ថត​ជា​រូបភាព​ដាក់​បង្ហោះ​ក្នុង​គេហទំព័រ​មួយ​ដែល​បញ្ចូល​ទិន្នន័យ​នៃ​ការ​ផ្លាស់ប្ដូរ និង​ការ​អភិវឌ្ឍ។ ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហា​ការ​មិន​ប្រមូល​សំរាម ការ​ឧស្សាហ៍​ដាច់​ភ្លើង​ញឹកញាប់​មិន​មាន​ការ​ជូន​ដំណឹង​ជាមុន ស្ថានភាព​លំបាក​ក្នុង​ការ​ធ្វើដំណើរ​របស់​ជន​ពិការ​តាម​ផ្លូវ​សាធារណៈ និង​បញ្ហា​ផ្សេងៗ​ទៀត ត្រូវ​បាន​បង្ហោះ​ក្នុង​គេហទំព័រ "សំឡេង​ទីក្រុង" របស់​អង្គការ​សមាគម​ធាងត្នោត ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដាញ​យុវជន​កម្ពុជា (CYN)។

"សំឡេង​ទីក្រុង" គឺ​ជា​គេហទំព័រ​ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​ប្រើប្រាស់​ឧបករណ៍​ទំនើប អាច​ទាញ​យក​ព័ត៌មាន និង​ការ​វិភាគ​លើ​និន្នាការ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ទុក​ធ្វើ​ជា​ភស្តុ​ង​តាង​ក្នុង​ការ​តស៊ូ​មតិ និង​បង្កើន​ការ​ចូលរួម​របស់​សង្គម​តាម​រយៈ​មហាជន។

យុវជន អិន ចិនណា រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចាប់​អារម្មណ៍​គេហទំព័រ "សំឡេង​ទីក្រុង" ដោយ​គិត​ថា គេហទំព័រ​នេះ​អាច​នឹង​ពាំនាំ​ទុក្ខ​កង្វល់​របស់​មហាជន​ទៅ​ដល់​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ និង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​ជាមួយ​គ្នា៖ «ខ្ញុំ​គិត​ថា អាច​ជួយ​បាន​ច្រើន បើ​យើង​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​នេះ»

គេហទំព័រ "សំឡេង​ទីក្រុង" ចាប់​ផ្ដើម​បង្កើត​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២។ ប៉ុន្តែ​មិន​ដំណើរការ​ទេ លុះ​ដល់​ខែ​តុលា ឆ្នាំ​២០១៣ ទើប​ដាក់​ឲ្យ​ប្រើប្រាស់។

ប្រធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សមាគម "​ធាងត្នោត" លោក មី សុវណ្ណ ឲ្យ​ដឹង​ថា យុវជន​កំពុង​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​គេហទំព័រ​នេះ ដោយសារ​តែ​ពួកគេ​អាច​បរិយាយ​រឿង​ពិត​ក្នុង​សង្គម រួម​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បញ្ហា​សិទ្ធិ​មនុស្ស នយោបាយ និង​បរិស្ថាន។ លោក​បន្ត​ថា ជា​លទ្ធផល​ដែល​លោក​កត់សំគាល់​នោះ បញ្ហា​​នៅតែ​កើត​មាន​នៅ​ក្នុង​សង្គម ប៉ុន្តែ​មាន​ការ​ផ្លាស់ប្ដូរ​ខ្លះ​គួរ​ឲ្យ​ចាប់​អារម្មណ៍៖ «យើង​ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​យុទ្ធនាការ​កន្លង​មក...។ នេះ​ជា​ការ​ផ្លាស់ប្ដូរ​សន្សឹមៗ ដែល​យើង​កំពុង​ធ្វើ»

ដើម្បី​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ច្រើន​ពី​យុវជន "សំឡេង​ទីក្រុង" បាន​រៀបចំ​សិក្សា​សាលា​ជា​បន្ត​បន្ទាប់ ដែល​ពិភាក្សា​លើ​បញ្ហា​សង្គម​នៅ​ទីក្រុង​ភ្នំពេញ និង​ចែកចាយ​នូវ​ចំណេះ​ដឹង​ពី​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ទាក់ទង​នឹង​សង្គម​ស៊ីវិល សហគមន៍ និង​សិស្ស​និស្សិត​តាម​សាកលវិទ្យាល័យ។

យុវសិស្ស គង់ សុខជឿ ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​ស្ដីពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា អាយ.ស៊ី.ធី (ICT) សម្រាប់​ការ​អភិវឌ្ឍ ដែល​រៀបចំឡើង​ដោយ "សំឡេង​ទីក្រុង" ឲ្យ​ដឹង​ថា គេហទំព័រ​នេះ​នឹង​អាច​ទាក់ទាញ​មហាជន ពិសេស​យុវជន​ចូល​រួម​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​សហគមន៍​បាន​ច្រើន៖ «សំឡេង​យុវជន​ល្អ​សម្រាប់​ពលរដ្ឋ ពេល​មាន​បញ្ហា​ហៅ​ទៅ​ឲ្យ​ជួយ​ដោះស្រាយ។ ទោះជា​ដោះស្រាយ​មិន​បាន​ភ្លាមៗ តែ​អាច​ដោះស្រាយ​បាន​មួយ​ផ្នែក​សម្រាប់​យើង»

ទាក់ទង​បញ្ហា​ផ្តល់​ព័ត៌មាន​ពី​សហគមន៍​នេះ ប្រធាន​សហគមន៍ "ឫស្សីស្រស់" ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ លោកស្រី សេក សាលី ឲ្យ​ដឹង​ថា លោកស្រី​ធ្លាប់​បាន​សរសេរ​អត្ថបទ និង​បង្ហោះ​រូប​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ក្នុង​សហគមន៍​របស់​លោកស្រី។ ជា​លទ្ធផល អាជ្ញាធរ​តែង​ផ្តល់​ការ​ឆ្លើយ​តប​ភ្លាមៗ​ដល់​សហគមន៍ នៅ​ពេល​ដែល​ឃើញ​រឿង​អាស្រូវ​ក្នុង​សហគមន៍​ត្រូវ​បាន​លាត​ត្រដាង៖ «បើ​យើង​មិន​បង្ហោះ​រឿង​នៅ​ក្នុង​សហគមន៍​ទៅ​ឲ្យ​អង្គការ​ជា​ដៃគូ​ជួយ​យើង ក្រុមហ៊ុន ឬ​អាជ្ញាធរ​មិន​ចាប់​អារម្មណ៍​ទេ»

​ប្រធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សមាគម​ធាងត្នោត លោក មី សុវណ្ណ បញ្ជាក់​ថា យុវជន ឬ​មហាជន​ដែល​ចាប់​អារម្មណ៍​ចូលរួម​ក្នុង "សំឡេង​ទីក្រុង" អាច​សរសេរ ឬ​ដាក់​របាយការណ៍​ព័ត៌មាន ចូល​ទៅ​កាន់​គេហទំព័រ Urban Voice Cambodia ឬ​ក៏​អាច​ផ្ញើ​សារ ឬ​ទូរស័ព្ទ​ទៅ​កាន់​លេខ ០៩៧ ២៦៤ ០០ ៥៦ ឬ​ក៏​អាច​ចូលរួម​សកម្មភាព​ប្រជុំ​ប្រចាំខែ ឬ​ក៏​ចូលរួម​ក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ ដើម្បី​អាច​ចូល​រួម​ចំណែក​ពី​ការ​អភិវឌ្ឍ​សង្គម​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។