លោក មុំ សុផុន អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ៧ ដល់ ១៣ កញ្ញា ២០០៩។
ទូតខ្មែរចោទថា គណៈកម្មការសិទ្ធិមនុស្សសភាស.រ.អា.គ្មានតម្លាភាព
ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក (ស.រ.អា.) បានថ្លែងចោទប្រកាន់គណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៃសភាកុងហ្ក្រេស សហរដ្ឋអាមេរិក ថាជាក្រុមគ្មានតម្លាភាព។
លោកឯកអគ្គរាជទូត ហែម ហេង នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន មានប្រសាសន៍នៅសប្តាហ៍នេះ ក្រោយពេលដែលបានចេញសេចក្តីថ្លែងការណ៍១០ចំណុចបំភ្លឺសាធារណជនអំពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា។
សេចក្តីថ្លែងការណ៍បានរៀបរាប់អំពីភាពជឿនលឿននៃការពង្រឹងនិងពង្រីកសេរីភាពនិងសិទ្ធិមនុស្សក្នុងប្រទេស ដោយបានបង្ហាញថា សព្វថ្ងៃកម្ពុជាមានអង្គការសង្គមស៊ីវិលរាប់ពាន់ ក្នុងនោះគ្រាន់តែអង្គការសិទ្ធិមនុស្សអន្តរជាតិក៏មានមិនតិចជាង១១អង្គការដែរ រួមទាំងការិយាល័យអគ្គស្នងការសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្ស (អ.ស.ប.) ផង។
ស្តីពីសេរីភាពខាងផ្នែកព័ត៌មាន កម្ពុជាមានកាសែតនិងទស្សនាវដ្តីជិត៦០០ស្ថានីយ វិទ្យុ៤០ និងទូរទស្សន៍ដល់ទៅ៧ប៉ុស្តិ៍ រួមទាំងមានវិទ្យុនិងទូរទស្សន៍អន្តរជាតិមួយចំនួនទៀតផង។
ហង្ស ចក្រា សរសេរលិខិតសុំទោស សុខ អាន
មន្ត្រីក្រសួងព័ត៌មានបានអះអាងឲ្យដឹងថា លោក ហង្ស ចក្រា ចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុក ដែលកំពុងតែជាប់ឃុំខ្លួននៅក្នុងគុកព្រៃសបានសរសេរលិខិតផ្ទាល់ខ្លួនមួយច្បាប់សុំទោសលោក សុខ អាន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ក្នុងការបើកផ្លូវឲ្យរូបលោកមានសេរីភាពឡើងវិញនាពេលខាងមុខនេះ។
លោក ខៀវ កាញារីទ្ធ មន្រ្តីនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជានិងជារដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរនោះ បានមានប្រសាសន៍នៅសប្តាហ៍នេះថា លោកបានទទួលលិខិតពីលោក ហង្ស ចក្រា ផ្ញើចេញពីពន្ធនាគារព្រៃស ហើយលោកបានជម្រាបរឿងនេះជូនទៅលោក សុខ អាន ហើយ ព្រមទាំងសមាគមអ្នកកាសែតចំនួន៥ទៀតជុំវិញរឿងនេះ ដោយលោករំពឹងទុកថា នឹងមាននីតិវិធីមួយទៀតសម្រាប់ការលើកលែងការចោទប្រកាន់និងដោះលែងឲ្យមានសេរីភាពឡើងវិញ។
លោក ហង្ស ចក្រា ចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុកគាំទ្រគណបក្សសមរង្ស៊ី ត្រូវបានតុលាការសាលាដំបូងរាធានីភ្នំពេញផ្តន្ទាទោស កាលពីថៃ្ងទី២៦ ខែមិថុនាកន្លងទៅ ឲ្យជាប់គុកចំនួនរយៈពេល១២ខែ និងផាកពិន័យជាប្រាក់ចំនួន៩លានរៀលក្រោមបទចោទប្រកាន់ថាបានផ្សាយព័ត៌មានមិនពិត។
មនុស្ស២នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់នៅខេត្តកំពត
នៅក្នុងសប្តាហ៍នេះដែរនៅឯខេត្តកំពតវិញក៏មានទឹកជំនន់បានជន់លិចដែលបានធ្វើឲ្យមនុស្សពីរនាក់បានស្លាប់ រួមទាំងសត្វពាហនៈនិងដីស្រែចម្ការរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន១០ក្នុងស្រុកទឹកឈូនិងក្រុងកំពតទាំងមូលត្រូវរងការខូចខាតក្នុងគ្រោះទឹកជំនន់ ដែលចាប់ផ្តើមតាំងពីយប់ថ្ងៃទី៦ ខែកញ្ញាកន្លងមកនេះ។
លោកស្រី កង សៅភន អភិបាលរងខេត្តកំពត បានបញ្ជាក់ថា អាជ្ញាធរជំនាញខេត្តបានត្រៀមអំណោយមួយចំនួននិងស្រូវពូជរួចរាល់ហើយដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋដែលស្រូវរបស់គាត់រងការខូចខាតក្នុងគ្រោះទឹកជំនន់នេះ។
ទឹកជំនន់នេះបានបណ្តាលឲ្យទីក្រុងកំពតនិងស្រុកទឹកឈូរងការលិចលង់យ៉ាងដំណំ ប្រជាពលរដ្ឋចំនួន១១.៨៥៧គ្រួសាររងផលប៉ះពាល់ដីស្រែប្រមាណ៧ពាន់ហិកតាររងការខូចខាតនិងគ្រោះថ្នាក់ដល់ជីវិតមនុស្ស២នាក់ផង។
អ្នកភូមិនៅរតនគិរីនាំគ្នាផ្ដិតមេដៃស្នើសុំការវិលត្រឡប់នៃសកម្មជនសិទ្ធិមនុស្ស
អ្នកភូមិជាង៥០០នាក់មកពីស្រុកចំនួន៥នៅក្នុងខេត្តរតនគិរីបានផ្ដិតមេដៃលើញត្តិគាំទ្រនិងទាមទារឲ្យសកម្មជនការពារសិទ្ធិមនុស្ស គឺលោក ប៉ែន ប៊ុណ្ណារ៍ បានមកបំពេញភារកិច្ចឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងខេត្តរតនគិរីនេះដូចដើមវិញ។
កាលពីដើមខែសីហា ឆ្នាំ២០០៩ លោក ប៉ែន ប៊ុណ្ណារ៍ អ្នកសម្របសម្រួសសមាគមអាដហុកខេត្តរតនគិរី ត្រូវបានផ្លាស់ប្ដូរភារកិច្ចមកកាន់ទីក្រុងភ្នំពេញ ជាមួយលោក ឆាយ ធី ជាសហការី បន្ទាប់ពីលោក ថោ សារ៉ន ចៅក្រមស៊ើបអង្កេតតុលាការខេត្តចេញដីកាកោះហៅលោកទៅសាកសួរក្នុងរឿងក្ដីញុះញង់អ្នកភូមិប៉ាតាងឲ្យប្រព្រឹត្តបទល្មើស។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា អង្គការលោកកំពុងតែចងក្រងឯកសារពីភាពមិនប្រក្រតីរបស់លោក ថោ សារ៉ន ចៅក្រមស៊ើបអង្កេតតុលាការខេត្តរតនគិរី ក្នុងការបំពេញភារកិច្ចរបស់ចៅក្រម ជាពិសេសពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរតួនាទីរបស់លោក ប៉ែន ប៊ុណ្ណារ៍។
កុមារ៣នាក់នៅខេត្តសៀមរាបផ្ទុកជំងឺផ្ដាសាយ A(H1N1)
ក្រុមគ្រូពេទ្យដែលកំពុងធ្វើការក្នុងមន្ទីរពេទ្យកុមារមួយនៅខេត្តសៀមរាបបានមានប្រសាសន៍ថា ថ្មីៗនេះគេបានរកឃើញកុមារខ្មែរចំនួន៣នាក់ដែលមានផ្ទុកមេរោគផ្តាសាយប្រភេទថ្មី A(H1N1) ក្នុងចំណោមកុមារជាច្រើនដែលឪពុកម្តាយនាំទៅរកសេវាថែទាំសុខភាព។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្ត្រា ប្រធានគ្រូពេទ្យផ្នែកជំងឺកុមារនៃមន្ទីរពេទ្យកុមារអង្គរមិត្តគ្មានព្រំដែនខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យរបស់លោកបានជួបប្រទះកុមារខ្មែរដែលបានមករកសេវាសុខភាពគឺផ្ទុកមេរោគផ្តាសាយប្រភេទថ្មី A(H1N1) ដោយការជួបប្រទះនោះបានកើតឡើងកាលពីចុងខែសីហាកន្លងមក ក៏ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចដឹងបានទេថា តើកុមារដែលមានមេរោគ A(H1N1) មកពីខេត្តណាមួយនិងការចម្លងមេរោគនោះតាមរបៀបណាទេ។
មន្ត្រីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរបស់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានឲ្យដឹងថា នៅប្រទេសកម្ពុជា រហូតមកដល់ដើមខែកញ្ញា ឆ្នាំ២០០៩ មានអ្នកផ្ទុកមេរោគជំងឺផ្តាសាយប្រភេទថ្មី A(H1N1) ចំនួន៣១នាក់ហើយ។
ហោ ណាំហុង គ្រោងជួបចរចាជាមួយប្រមុខការទូតស.រ.អា.
ប្រមុខការទូតប្រទេសកម្ពុជា លោក ហោ ណាំហុង មានគម្រោងជួបចរចាទ្វេភាគីជាមួយប្រមុខការទូតនៃសហរដ្ឋអាមេរិក លោកស្រី Hillary Clinton ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិខាងមុខនេះ។
លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសកម្ពុជា មានគម្រោងការទៅធ្វើទស្សនកិច្ចជាផ្លូវការរយៈពេលប្រមាណមួយសប្តាហ៍នៅក្នុងសហរដ្ឋអាមេរិកចាប់ពីថៃ្ងទី២២ ខែកញ្ញាខាងមុខនេះ ដើម្បីទៅចូលរួមនៅក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី៦៤នៃអ.ស.ប. ហើយលោកមានគម្រោងការជួបចរចាទ្វេភាគីផងដែរជាមួយនឹងលោកស្រី Hillary Clinton រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំថែមទៀត។
កម្ពុជាបញ្ចប់ភាពជាដៃគូជាមួយធនាគារពិភពលោកលើគម្រោងចុះបញ្ជីដីធ្លី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី៧ ខែកញ្ញា ថា រដ្ឋាភិបាលកម្ពុជាបានបញ្ចប់ភាពជាដៃគូជាមួយធនាគារពិភពលោកលើគម្រោងរៀបចំកម្មសិទ្ធិដីធ្លីនិងរដ្ឋបាល កាលពីពេលកន្លងមកនេះ ដោយសារតែធនាគារពិភពលោកមានលក្ខខណ្ឌស្មុគស្មាញ។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលបូកសរុបចុងក្រោយនៃការធ្វើជំរឿនទូទៅនៃប្រជាជនក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៨ នៅឯសាលសន្និសីទចតុមុខក្នុងទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះជាចរចាយ៉ាងណាក៏មិនសហការក្នុងគម្រោងនេះបន្តទៀតដែរ។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០០៩ លោកស្រី អាណែត ឌិកសុន (Annette Dixon) នាយិកាធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានចេញសេចក្តីថ្លែងការណ៍ថា សុវត្ថិភាពដីធ្លីនិងដំណោះស្រាយប្រកបដោយយុត្តិធម៌និងតម្លាភាពដើម្បីដោះស្រាយជម្លោះដីធ្លីនិងការផ្លាស់ប្តូរលំនៅថ្មី គឺជាបញ្ហាប្រឈមក្នុងចំណោមបញ្ហាប្រឈមដ៏ធំផ្សេងៗទៀតដែលកម្ពុជាកំពុងជួបប្រទះ។ ប្រជាជនដែលគ្មានដីឬគ្មានកម្មសិទ្ធិដីធ្លី ទំនងជាមានបញ្ហាខាងជីវភាពនិងអាចស្ថិតក្នុងស្ថានភាពក្រីក្របន្តទៀត៕
