លោក ហ៊ុយ វណ្ណៈ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១០ ដល់ ១៦ សីហា ឆ្នាំ២០០៩។
តុលាការសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមករណី ហង្ស ចក្រា
តុលាការសាលាឧទ្ធរណ៍នៅថៃ្ងអង្គារ ទី១១ ខែសីហា បានសម្រេចតម្កល់សាលក្រមតុលាការសាលាដំបូងក្រុងភ្នំពេញ ដែលបានផ្តន្ទាទោសចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុក គឺលោក ហង្ស ចក្រា ឲ្យជាប់គុក១២ខែនិងផាកពិន័យជាប្រាក់៩លានរៀល ក្រោមបទផ្សាយព័ត៌មានមិនពិតនោះ។
លោក សេង ស៊ីវុត្ថា ជាចៅក្រមជម្រះក្តីនៅក្នុងចំណោមចៅក្រមប្រឹក្សាចំនួន២រូបទៀត បានអានសាលដីកាថា តុលាការសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្តន្ទាទោសរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ទុកជាបានការ ហើយតុលាការសាលាឧទ្ធរណ៍បង្គាប់ឲ្យបន្តឃុំខ្លួនលោក ហង្ស ចក្រា តទៅទៀត។
នៅមុនពេលប្រកាសសាលដីកាខាងលើនេះ លោក ហង្ស ចក្រា អាយុ៥៥ឆ្នាំ បានថ្លែងសុំទោសចំពោះការផ្សាយកន្លងមកដែលថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំបែកសម្បុកមន្រ្តីពុករលួយនិងមន្រ្តីអាក្រក់នៅជុំវិញលោក សុខ អាន នោះ។ លោកក៏បានសុំឲ្យតុលាការលើកលែងការចោទប្រកាន់រូបលោក និងដោះលែងឲ្យលោកមានសេរីភាពដើម្បីទៅជួបជុំគ្រួសារវិញនោះផង។ ក៏ប៉ុន្តែតុលាការមិនបានចាត់ការដូចពាក្យសុំនោះទេ។
លោក ហង្ស ចក្រា ត្រូវកងសន្តិសុខដាក់ខ្នោះដៃនាំខ្លួនចូលក្នុងរថយន្ត ហើយដឹកទៅបន្តឃុំខ្លួននៅគុកព្រៃសវិញ។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ និងលោក សុន ឆ័យ ជាតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលតាមដានសវនាការនោះ បានសម្តែងការសោកស្តាយ និងចាត់ទុកថា ការសម្រេចផ្ដន្ទាទោសអ្នកកាសែតរបៀបនេះគឺជាការបំបាក់ស្មារតីអ្នកហ៊ានមានយោបល់និងជាការរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
នាយករដ្ឋមន្ត្រី៖ ការឈ្នះក្ដីលើ មូរ សុខហួរ ជារឿងយុត្តិធម៌
ទាក់ទិននឹងការប្តឹងផ្តល់ទៅតុលាការនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថាជារឿងមួយយុត្តិធម៌ ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមឲ្យលោកឈ្នះក្តីលោកស្រី មូរ សុខហួរ ជាតំណាងរាស្រ្តគណបក្សសមរង្ស៊ីនោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីតុលាការសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រម កាលពីថ្ងៃទី៤ ខែសីហា ដោយតម្រូវឲ្យលោកស្រី មូរ សុខហួរ បង់ប្រាក់ផាកពិន័យចំនួន១៦លាន៥សែនរៀលក្រោមបទបរិហារកេរ្តិ៍ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងទៀតថា លោកនឹងតបតតាមបានទាំងអស់ បើទោះបីជាលោកស្រី មូរ សុខហួរ ចង់ប្តឹងតាមផ្លូវច្បាប់ ផ្លូវនយោបាយ ឬផ្លូវយោធាក៏ដោយ។
រដ្ឋាភិបាលនិងអ.ស.ប.ព្រមព្រៀងបង្កើតក្រុមប្រឹក្សាឯករាជសម្រាប់សាលាក្ដីខ្មែរក្រហម
អំពីដំណើរសាលាក្តីខ្មែរក្រហមក្នុងសប្តាហ៍នេះគឺ រាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ (អ.ស.ប.) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយបង្កើតក្រុមប្រឹក្សាឯករាជ ដើម្បីទទួលពាក្យបណ្តឹងនានាពីបុគ្គលិកសាលាក្តីខែ្មរក្រហម ដែលកិច្ចព្រមព្រៀងទ្វេភាគីនេះត្រូវបានចុះហត្ថលេខាកាលពីយប់ថៃ្ងអង្គារ ទី១១ ខែសីហា រវាងលោក សុខ អាន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោក Peter Taksoe Jensen ជាជំនួយការរបស់អគ្គលេខាធិការអ.ស.ប.ទទួលបន្ទុកកិច្ចការច្បាប់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក អ៊ុត ឈន ជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ត្រូវបានតែងតាំងឲ្យទទួលខុសត្រូវការងាររបស់ក្រុមប្រឹក្សាឯករាជនៃសាលាក្តីខែ្មរក្រហមនោះ ក្នុងគោលដៅដើម្បីធ្វើឲ្យមានគុណភាពនិងប្រសិទ្ធភាពនៃការងាររដ្ឋបាលសាលាក្តី ក៏ដូចជាស្តារជំនឿទុកចិត្តពីសហគមន៍ជាតិនិងអន្តរជាតិចំពោះដំណើរការការងាររបស់សាលាក្តីខែ្មរក្រហមផងដែរ។
ប្រទេសបារាំងនិងជប៉ុនដែលជាសហប្រធានក្រុមប្រទេសជាមិត្តរបស់សាលាក្តីខ្មែរក្រហម បានថ្លែងស្វាគមន៍ចំពោះការបង្កើតក្រុមទីប្រឹក្សាឯករាជក្នុងសាលាក្តីខ្មែរក្រហមនោះ ដោយចាត់ទុកថាជាយន្តការដ៏មានប្រសិទ្ធភាពនិងជឿទុកចិត្តបាន សម្រាប់ពង្រឹងកិច្ចការរដ្ឋបាលរបស់តុលាការនិងទប់ស្កាត់អំពើពុករលួយក្នុងសាលាក្តីនោះផង។
ក្រសួងមហាផ្ទៃបង្កើតលេខទូរស័ព្ទ២ខ្សែសម្រាប់ស្វែងរកកិច្ចអន្តរាគមន៍បន្ទាន់
នៅក្នុងវិធានការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈវិញ ក្រសួងមហាផៃ្ទបានបង្កើតលេខទូរស័ព្ទពិសេសចំនួន២ខែ្ស ដែលមានលេខ១១៧ និងលេខ១១៨ សម្រាប់ពលរដ្ឋនានានៅទូទាំងប្រទេសកម្ពុជាអាចស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរនៅក្នុងករណីចាំបាច់ ដូចជាមានភ្លើងឆេះផ្ទះឬអំពើឃាតកម្មនិងករណីឧក្រិដ្ឋកម្មនានាជាដើម។
មន្រ្តីអ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផៃ្ទ គឺលោក គាត ច័ន្ទថារិទ្ធិ មានប្រសាសន៍ថា ទូរស័ព្ទទាំង២ខ្សែនេះគឺពលរដ្ឋអាចហៅចូលបានពីគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ហើយក៏មានមន្ត្រីរង់ចាំទទួលការហៅចូលជារៀងរាល់ពេលក្នុងរយៈពេល២៤ម៉ោង។
ទាហានថៃរុះរើបង្គោលលួសបន្លាខុសច្បាប់នៅតំបន់ភ្នំទ្រព្យ
អំពីព្រឹត្តិការណ៍នៅព្រំដែនកម្ពុជាថៃក្នុងសប្តាហ៍នេះដែរគឺ កងទាហានថៃបានរុះរើបង្គោលលួសបន្លាដែលខ្លួនបានបោះដោយខុសច្បាប់នៅពីមុខខ្សែត្រៀមនាតំបន់ចុងភ្នំទ្រព្យ តាមការទាមទារពីភាគីកម្ពុជាអស់ហើយ។
អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរតាមតំបន់ប្រឈមមុខដាក់គ្នាក្នុងរឿងជម្លោះព្រំដែនជុំវិញប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ជា តារា មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី៧ ខែសីហា ទាហានថៃបានចាប់ផ្តើមដោះលួសបន្លាចេញនិងរុះបង្គោលដែលមានប្រវែងជាង៣០០ម៉ែត្រ ដែលកងទាហានថៃបានដាក់រាយនៅមុខលេណដ្ឋានប្រឈមមុខដាក់គ្នានៅចំណុចចុងភ្នំទ្រព្យកន្លងមកនោះ ហើយក្នុងពេលនោះកម្ពុជាបានជំរុញឲ្យទាហានថៃដោះចេញឲ្យអស់ត្រឹមថ្ងៃទី៩ ខែសីហា ដោយចាត់ទុកថា ទង្វើរបស់ទាហានថៃគឺជាការកំណត់ព្រំដែនខុសដោយច្បាប់។
ជប៉ុនផ្ដល់ប្រាក់ជំនួយនិងកម្ចីជិត៨២លានដុល្លារដល់កម្ពុជា
ទាក់ទិនជំនួយអន្តរជាតិសម្រាប់អភិវឌ្ឍកម្ពុជាវិញ នៅក្នុងសប្តាហ៍នេះ ប្រទេសជប៉ុនបានផ្តល់ជំនួយនិងប្រាក់កម្ចីក្នុងទឹកប្រាក់សរុប៨.១៧៦លានយ៉េន ស្មើនឹងជិត៨២លានដុល្លារអាមេរិក សម្រាប់ចំណាយលើគម្រោងអភិវឌ្ឍន៍សំខាន់ពីរ គឺគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែ ខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាដើម្បីទទួលប្រាក់ជំនួយនិងប្រាក់កម្ចី ដែលធ្វើនៅឯក្រសួងការបរទេស រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក Katsuhiro Shinohara ជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា។
លោក Katsuhiro Shinohara មានប្រសាសន៍ថា ជំនួយនិងប្រាក់កម្ចីនេះនឹងជួយពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ហើយប្រទេសជប៉ុននៅតែជាប្រទេសផ្តល់ជំនួយធំជាងគេដល់ប្រទេសកម្ពុជា។
ចំណែកឯ លោក ហោ ណាំហុង ថ្លែងដែរថា ជំនួយនិងប្រាក់កម្ចីនេះមានសារសំខាន់ណាស់សម្រាប់គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។
ក៏ប៉ុន្តែតំណាងរាស្រ្តខាងគណបក្សសមរង្ស៊ី គឺលោក សុន ឆ័យ បានអត្ថាធិប្បាយថា កម្ពុជាគប្បីប្រើប្រាស់ថវិកាឲ្យមានប្រសិទ្ធភាពនិងតម្លាភាព ដោយសារកម្ពុជាបានជំពាក់បំណុលបរទេសប្រហែល៣ពាន់លានដុល្លារសហរដ្ឋអាមេរិកហើយ ដោយមិនទាន់គិតពីការជំពាក់បំណុលប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកនោះផង៕
