ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងព័ត៌មានផ្សេងៗដទៃទៀត។
៥-កញ្ញា-២០០៩: ពុទ្ធបរិស័ទរាប់បាត្រនៅវត្តឈើទាលខ្ពស់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃកាន់បិណ្ឌទី១។
លោក មុំ សុផុន អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១៤ ដល់ ២០ កញ្ញា ឆ្នាំ២០០៩។
ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលជាពុទ្ធសាសនិកបាននាំគ្នាចូលរួមក្នុងពិធីបុណ្យភ្ជុំ ដោយបានធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅឯវត្តអារាមនានា ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជននិងសាច់ញាតិដែលបានស្លាប់ទៅហើយនោះ។
ពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌនេះមានរយៈពេល១៥ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃ១រោជ ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំធំ។ ពិធីនេះជាពិធីប្រពៃណីសាសនាមួយធំជាងគេក្នុងទំនៀមទម្លាប់ខ្មែរ។
ពិធីបុណ្យភ្ជុំនេះ ក្រៅពីធ្វើចង្ហាន់យ៉ាងផ្ចិតផ្ចង់យកទៅប្រគេនព្រះសង្ឃហើយនិងប្រជាពលរដ្ឋខ្មែរបានវិចនំអន្សមនោះ ក៏ជាពិធីមួយជួបជុំក្រុមគ្រួសារនិងសាច់ញាតិនៅតាមស្រុកកំណើតឬនៅតាមវត្តអារាមដោយក្តីសប្បាយរីករាយផងដែរ។
មនុស្ស៧នាក់ស្លាប់ដោយលង់ទឹកក្នុងគ្រោះទឹកជំនន់ដោយសារភ្លៀង
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យទីភ្នាក់ងារព័ត៌មាន AFP ដឹងនៅថ្ងៃពុធសប្ដាហ៍នេះថា ភ្លៀងជោគជាំរយៈពេលប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី៤ ខែកញ្ញាមក បានបង្កឲ្យមានទឹកជំនន់ក្នុងខេត្តចំនួន៥ និងបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ដោយលង់ទឹកចំនួន៧នាក់ រួមទាំងក្មេងតូចៗចំនួន៣នាក់ផង។
ភ្នាក់ងាររដ្ឋផ្នែកសង្គ្រោះប្រជាពលរដ្ឋនេះឲ្យដឹងទៀតថា ភ្លៀងជន់លិចផ្ទះចំនួន១.៤០៩ខ្នង លិចដីស្រែធ្វើឲ្យខូចខាតស្រូវអស់២៩.០០០ហិកតារ។
បក្សសមរង្ស៊ី៖ ការថ្កោលទោស មូរ សុខហួរ គឺជាការចង់លាក់អំពើអាក្រក់
មន្ត្រីអ្នកនាំពាក្យគណបក្សសមរង្ស៊ីបានមានប្រសាសន៍នៅសប្តាហ៍នេះថា សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់គណៈកម្មការសភាខ្មែរចំពោះលោកស្រី មូរ សុខហួរ ដែលបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដល់គណៈកម្មការសភាសហរដ្ឋអាមេរិកនោះគឺជាការចង់លាក់បាំងអំពើអាក្រក់តែប៉ុណ្ណោះ។
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការពីរនៃរដ្ឋសភាខ្មែរ គឺគណៈកម្មការកិច្ចការបរទេសនិងគណៈកម្មការសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថ្កោលទោសសេចក្តីថ្លែងរបស់លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងសវនាការដែលរៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៅសហរដ្ឋអាមេរិក។
រដ្ឋាភិបាលបដិសេធព័ត៌មានពីជំនួបរវាង មូរ សុខហួរ និងមន្ត្រីស.រ.អា.
នៅក្នុងសប្ដាហ៍នេះដែរ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានតាមអ៊ិនថឹណិតមួយចំនួនទាក់ទងទៅនឹងការជួបរវាងលោកស្រី មូរ សុខហួរ ជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ថាមានព័ត៌មានមួយចំនួនមិនមានការពិត។
នៅក្នុងសន្និសីទកាសែតមួយនាល្ងាចថ្ងៃទី១៦ ខែកញ្ញាកន្លងទៅនេះ លោករដ្ឋលេខាធិការ អ៊ុច បូររិទ្ធ បានមានប្រសាសន៍យោងតាមការបញ្ជាក់របស់លោកស្រីអគ្គរដ្ឋទូតសហរដ្ឋអាមេរិកឲ្យដឹងថា ការជួបនោះមិនមែនជាផ្លូវការនោះឡើយ។
អាជ្ញាធរកំពុងបន្តតាមចាប់ជនសង្ស័យបាច់ខិត្តប័ណ្ណប្រឆាំងនាយករដ្ឋមន្ត្រី
អាជ្ញាធរនគរបាលរាជធានីភ្នំពេញកំពុងតែបន្តការស៊ើបអង្កេតនៅទ្បើយក្នុងការប្រមូលវត្ថុតាងនិងសាក្សីនានាឲ្យបានគ្រប់គ្រាន់ក្នុងការសុំដីកាពីតុលាការសាលាដំបូងរាជធានីភ្នំពេញដើម្បីចាប់ខ្លួនជនសង្ស័យ ដែលបានបាចខិត្តប័ណ្ណជាច្រើនសន្លឹក កាលពីខែសីហាកន្លងទៅ វាយប្រហារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ថាជាអាយ៉ងយួននោះ។
លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបើកការស៊ើបអង្កេតមួយតាំងពីខែសីហាមក បានឲ្យដឹងថា ដំណើរការស៊ើបអង្កេតកំពុងតែបន្តនៅទ្បើយ។
ចំណែកឯលោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា អាដហុក បានមានប្រសាសន៍ថា កិច្ចស៊ើបអង្កេតនោះត្រូវតែធ្វើឲ្យបានត្រឹមត្រូវនិងហ្មត់ចត់។
អ.ស.ប.អំពាវនាវឲ្យអាជ្ញាធររតនគិរីបញ្ឈប់ការយាយីដល់សកម្មជនសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាន
ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៃអង្គការសហប្រជាជាតិ (អ.ស.ប.) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ហៅការកោះហៅរបស់តុលាការខេត្តរតនគិរីឲ្យអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីចូលបំភ្លឺពីបទឃុបឃិតញុះញង់ ថាជាអំពើបំភិតបំភ័យនិងគំរាមកំហែងមកលើអ្នកកាសែត។
នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើបានអំពាវនាវម្តងទៀតបញ្ឈប់នៃការយាយីនិងគំរាមកំហែងចំពោះអ្នកសារព័ត៌មាននិងសកម្មជនសិទ្ធិមនុស្ស ហើយសុំឲ្យពិភាក្សាគ្នាដោយសន្តិវិធីជាមួយសហគមន៍មូលដ្ឋានដែលពាក់ព័ន្ធនឹងដីធ្លីប្រសើរជាង ដើម្បីដោះស្រាយវិវាទទាំងនោះតាមផ្លូវច្បាប់និងយុត្តិធម៌ដែលមានចែងក្នុងច្បាប់។
កម្ពុជាប្រារព្ធខួបទី២នៃទិវាប្រជាធិបតេយ្យអន្តរជាតិ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី១៥ សប្តាហ៍នេះ បានប្រារព្ធពិធីរំឭកខួបឆ្នាំទី២នៃទិវាប្រជាធិបតេយ្យអន្តរជាតិ ដោយមានការចូលរួមពីតំណាងរាស្ត្រមកពីគ្រប់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា មន្ត្រីអង្គទូត ព្រមទាំងមន្ត្រីតំណាងអង្គការជាតិនិងអន្តរជាតិនិងមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុកផងដែរ។
ប្រធានរដ្ឋសភា លោក ហេង សំរិន បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជាបានធ្វើដំណើរលើផ្លូវវែងឆ្ងាយក្នុងការអភិវឌ្ឍស្ថាប័នប្រជាធិបតេយ្យរបស់ខ្លួន ហើយលោកបានប្តេជ្ញាសហការជាមួយសហគមន៍អន្តរជាតិដើម្បីបន្តអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាតទៅទៀត។
ការប្រារព្ធទិវាប្រជាធិបតេយ្យអន្តរជាតិដែលបានរៀបចំឡើងដោយសភាជាតិខ្មែរក៏មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាជាច្រើននាក់ដែលមកពីប្រទេសអាស៊ានផងដែរ។
កម្ពុជាទាមទារឲ្យថៃពន្យល់ពីករណីទាហានថៃបាញ់ពលរដ្ឋខ្មែរ
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅព្រឹកថ្ងៃទី១៥ កញ្ញាសប្តាហ៍នេះដែរ បានផ្ញើកំណត់ទូតជាផ្លូវការមួយតាមរយៈស្ថានទូតថៃ ដោយតវ៉ាយ៉ាងខ្លាំងក្លាទាមទារឲ្យភាគីថៃបកស្រាយចំពោះករណីដែលទាហានថៃបានធ្វើការបាញ់រះនិងចាប់ដុតទាំងរស់ចំពោះជនស៊ីវិលកម្ពុជាដែលបានឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ។
លោក កុយ គួង អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងនៅសប្តាហ៍នេះថា ក្នុងលិខិតកំណត់ទូតបានបញ្ជាក់ពីការមិនសប្បាយចិត្តរបស់រាជរដ្ឋាភិបាលខ្មែរចំពោះទង្វើរបស់ទាហានថៃដែលបានប្រព្រឹត្តមកលើជនស៊ីវិលខ្មែរ ដោយចាត់ទុកសកម្មភាពបែបនេះថាជាអំពើឃោរឃៅអមនុស្សធម៌មិនសមជាទាហាននៃប្រទេសមួយដែលមានអារ្យធម៌ឡើយ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ទង្វើរបស់ទាហានថៃគឺជាការរំលោភសិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិដែលជាសកម្មភាពមួយដែលគេអាចចាត់ទុកចូលក្នុងបទឧក្រិដ្ឋកម្មសង្គ្រាម៕
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៥ ដល់ ១១ តុលា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៨ កញ្ញា ដល់ ៤ តុលា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២១ ដល់ ២៧ កញ្ញា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កញ្ញា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៣១ សីហា ដល់ ៦ កញ្ញា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ សីហា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ សីហា ២០០៩