សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កញ្ញា ២០០៩

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ចូលរួម​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

0:00 / 0:00

លោក មុំ សុផុន អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ១៤ ដល់ ២០ កញ្ញា ឆ្នាំ​២០០៩។

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ចូលរួម​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ដែល​ជា​ពុទ្ធ​សាសនិក​បាន​នាំ​គ្នា​ចូលរួម​ក្នុង​ពិធី​បុណ្យ​ភ្ជុំ ដោយ​បាន​ធ្វើ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត​អារាម​នានា ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅ​ដល់​បុព្វការី​ជន​និង​សាច់ញាតិ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។

ពិធី​បុណ្យ​ដាក់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ​មាន​រយៈពេល​១៥​ថ្ងៃ ដែល​បាន​ចាប់ផ្តើម​តាំង​ពី​ថ្ងៃ​១​រោជ ខែ​ភទ្របទ រហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ។ ពិធី​នេះ​ជា​ពិធី​ប្រពៃណី​សាសនា​មួយ​ធំ​ជាង​គេ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ។

ពិធី​បុណ្យ​ភ្ជុំ​នេះ ក្រៅ​ពី​ធ្វើ​ចង្ហាន់​យ៉ាង​ផ្ចិតផ្ចង់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ហើយ​និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​វិច​នំ​អន្សម​នោះ ក៏​ជា​ពិធី​មួយ​ជួប​ជុំ​ក្រុម​គ្រួសារ​និង​សាច់​ញាតិ​នៅ​តាម​ស្រុក​កំណើត​ឬ​នៅ​តាម​វត្ត​អារាម​ដោយ​ក្តី​សប្បាយ​រីករាយ​ផងដែរ។

មនុស្ស​៧​នាក់​ស្លាប់​ដោយ​លង់​ទឹក​ក្នុង​គ្រោះ​ទឹក​ជំនន់​ដោយសារ​ភ្លៀង

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន AFP ដឹង​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ថា ភ្លៀង​ជោគជាំ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា​មក បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ក្នុង​ខេត្ត​ចំនួន​៥ និង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ដោយ​លង់​ទឹក​ចំនួន​៧​នាក់ រួម​ទាំង​ក្មេង​តូចៗ​ចំនួន​៣​នាក់​ផង។

ភ្នាក់ងារ​រដ្ឋ​ផ្នែក​សង្គ្រោះ​ប្រជាពលរដ្ឋ​នេះ​ឲ្យ​ដឹង​ទៀត​ថា ភ្លៀង​ជន់​លិច​ផ្ទះ​ចំនួន​១.៤០៩​ខ្នង លិច​ដី​ស្រែ​ធ្វើ​ឲ្យ​ខូច​ខាត​ស្រូវ​អស់​២៩.០០០​ហិកតារ។

បក្ស​សមរង្ស៊ី៖ ការ​ថ្កោលទោស មូរ សុខហួរ គឺ​ជា​ការ​ចង់​លាក់​អំពើ​អាក្រក់

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​នៅ​សប្តាហ៍​នេះ​ថា សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​របស់​គណៈកម្មការ​សភា​ខ្មែរ​ចំពោះ​លោកស្រី មូរ សុខហួរ ដែល​បាន​លើកឡើង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដល់​គណៈកម្មការ​សភា​សហរដ្ឋ​អាមេរិក​នោះ​គឺ​ជា​ការ​ចង់​លាក់​បាំង​អំពើ​អាក្រក់​តែ​ប៉ុណ្ណោះ។

ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​ពីរ​នៃ​រដ្ឋសភា​ខ្មែរ គឺ​គណៈកម្មការ​កិច្ចការ​បរទេស​និង​គណៈកម្មការ​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ថ្កោលទោស​សេចក្តី​ថ្លែង​របស់​លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សវនាការ​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos នៅ​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​បដិសេធ​ព័ត៌មាន​ពី​ជំនួប​រវាង មូរ សុខហួរ និង​មន្ត្រី​ស.រ.អា.

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​បដិសេធ​ចំពោះ​ការ​ផ្សាយ​របស់​សារព័ត៌​មាន​តាម​អ៊ិនថឹណិត​មួយចំនួន​ទាក់ទង​ទៅ​នឹង​ការ​ជួប​រវាង​លោកស្រី មូរ សុខហួរ ជាមួយ​លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថា​មាន​ព័ត៌មាន​មួយចំនួន​មិន​មាន​ការ​ពិត។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក​រដ្ឋលេខាធិការ អ៊ុច បូររិទ្ធ បាន​មាន​ប្រសាសន៍​យោង​តាម​ការ​បញ្ជាក់​របស់​លោកស្រី​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ការ​ជួប​នោះ​មិន​មែន​ជា​ផ្លូវការ​នោះ​ឡើយ។

អាជ្ញាធរ​កំពុង​បន្ត​តាម​ចាប់​ជន​សង្ស័យ​បាច់​ខិត្ត​ប័ណ្ណ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី

អាជ្ញាធរ​នគរបាល​រាជធានី​ភ្នំពេញ​កំពុង​តែ​បន្ត​ការ​ស៊ើប​អង្កេត​នៅ​ទ្បើយ​ក្នុង​ការ​ប្រមូល​វត្ថុតាង​និង​សាក្សី​នានា​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​សុំ​ដីកា​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ ដែល​បាន​បាច​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក កាល​ពី​ខែ​សីហា​កន្លង​ទៅ វាយ​ប្រហារ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ថាជា​អាយ៉ង​យួន​នោះ។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ ដែល​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​តាំង​ពី​ខែ​សីហា​មក បាន​ឲ្យដឹង​ថា ដំណើរការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​នៅ​ទ្បើយ។

ចំណែក​ឯ​លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា អាដហុក បាន​មាន​ប្រសាសន៍​ថា កិច្ច​ស៊ើប​អង្កេត​នោះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​ហ្មត់ចត់។

អ.ស.ប.​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រតនគិរី​បញ្ឈប់​ការ​យាយី​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​សារ​ព័ត៌មាន

ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​នៃ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ហៅ​ការ​កោះហៅ​របស់​តុលាការ​ខេត្ត​រតនគិរី​ឲ្យ​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ចូល​បំភ្លឺ​ពី​បទ​ឃុប​ឃិត​ញុះញង់ ថា​ជា​អំពើ​បំភិត​បំភ័យ​និង​គំរាម​កំហែង​មក​លើ​អ្នក​កាសែត។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខាង​លើ​បាន​អំពាវនាវ​ម្តង​ទៀត​បញ្ឈប់​នៃ​ការ​យាយី​និង​គំរាម​កំហែង​ចំពោះ​អ្នក​សារ​ព័ត៌មាន​និង​សកម្មជន​សិទ្ធិ​មនុស្ស ហើយ​សុំ​ឲ្យ​ពិភាក្សា​គ្នា​ដោយ​សន្តិវិធី​ជាមួយ​សហគមន៍​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​ដី​ធ្លី​ប្រសើរ​ជាង ដើម្បី​ដោះស្រាយ​វិវាទ​ទាំង​នោះ​តាម​ផ្លូវ​ច្បាប់​និង​យុត្តិធម៌​ដែល​មាន​ចែង​ក្នុង​ច្បាប់។

កម្ពុជា​ប្រារព្ធ​ខួប​ទី​២​នៃ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ

រដ្ឋសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​១៥ សប្តាហ៍​នេះ បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​ឆ្នាំ​ទី​២​នៃ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​រាស្ត្រ​មក​ពី​គ្រប់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា មន្ត្រី​អង្គ​ទូត ព្រមទាំង​មន្ត្រី​តំណាង​អង្គការ​ជាតិ​និង​អន្តរជាតិ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ផងដែរ។

ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក កម្ពុជា​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​វែង​ឆ្ងាយ​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ខ្លួន ហើយ​លោក​បាន​ប្តេជ្ញា​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​បន្ត​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត។

ការ​ប្រារព្ធ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ​ដែល​បាន​រៀបចំ​ឡើង​ដោយ​សភា​ជាតិ​ខ្មែរ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​សមាជិក​ព្រឹទ្ធ​សភា​ជា​ច្រើន​នាក់​ដែល​មក​ពី​ប្រទេស​អាស៊ាន​ផងដែរ។

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ពន្យល់​ពី​ករណី​ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ

ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា​សប្តាហ៍​នេះ​ដែរ បាន​ផ្ញើ​កំណត់​ទូត​ជា​ផ្លូវការ​មួយ​តាមរយៈ​ស្ថានទូត​ថៃ ដោយ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ទាមទារ​ឲ្យ​ភាគី​ថៃ​បកស្រាយ​ចំពោះ​ករណី​ដែល​ទាហាន​ថៃ​បាន​ធ្វើការ​បាញ់​រះ​និង​ចាប់​ដុត​ទាំង​រស់​ចំពោះ​ជន​ស៊ីវិល​កម្ពុជា​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ក្នុង​ទឹក​ដី​ថៃ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា ក្នុង​លិខិត​កំណត់​ទូត​បាន​បញ្ជាក់​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​ទង្វើ​របស់​ទាហាន​ថៃ​ដែល​បាន​ប្រព្រឹត្ត​មក​លើ​ជន​ស៊ីវិល​ខ្មែរ ដោយ​ចាត់ទុក​សកម្មភាព​បែប​នេះ​ថា​ជា​អំពើ​ឃោរឃៅ​អមនុស្សធម៌​មិន​សម​ជា​ទាហាន​នៃ​ប្រទេស​មួយ​ដែល​មាន​អារ្យធម៌​ឡើយ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទង្វើ​របស់​ទាហាន​ថៃ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​មនុស្ស​ជាតិ​ដែល​ជា​សកម្មភាព​មួយ​ដែល​គេ​អាច​ចាត់ទុក​ចូល​ក្នុង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម៕