សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ សីហា ២០០៩

2009-08-23

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន ត្រាក់​ប្រឆាំង ហ៊ុន សែន ត្រូវ​ជន​មួយ​ក្រុម​បាច​នៅ​ក្នុង​ខណ្ឌ​ដូនពេញ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

AFP/Tang Chhin Sothy

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​ចូលរួម​ក្នុង​សម័យ​ប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា​អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​២៤ កញ្ញា ២០០៨។

លោក ហ៊ុយ វណ្ណៈ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ១៧ ដល់ ២៣ សីហា ឆ្នាំ​២០០៩។

ត្រាក់​ប្រឆាំង ហ៊ុន សែន ត្រូវ​ជន​មួយ​ក្រុម​បាច​នៅ​ក្នុង​ខណ្ឌ​ដូនពេញ

ជន​មួយ​ក្រុម​បាន​បាច​ត្រាក់​ជា​ច្រើន​សន្លឹក​ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ហើយ​ត្រាក់​ទាំង​នោះ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៤​ជិត​ភ្លឺ នា​ថៃ្ង​ពុធ ទី​១៩ ខែ​សីហា។

ត្រាក់​ទាំង​នោះ​គឺ​មាន​រូបថត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​បាន​សរសេរ​ចោទ​ថា "លោក ហ៊ុន សែន គឺ​ជា​មេ​ដឹកនាំ​ផ្តាច់ការ​នៃ​ប្រទេស​កម្ពុជា ដែល​ជា​កញ្ជះ​ដាច់​ថៃ្ល​របស់​អាយ៉ង​យួន"។

ខ្លឹមសារ​ត្រាក់​ក៏​បាន​បញ្ជាក់​ទៀត​ថា "ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​កើត​មក​ជា​កូន​ខ្មែរ គឺ​ពូជ​ខែ្មរ​សាង​អង្គរ។ ខ្ញុំ​នឹក​ឃើញ​យុគ​សម័យ​ប្រទេស​ខែ្មរ​ដ៏​រុងរឿង​ល្បីល្បាញ​ខ្ទរខ្ទារ​ទូទាំង​ពិភពលោក តែ​ពេល​នេះ​រលាយ​អស់​ហើយ ដោយសារ​តែ​របប​ផ្តាច់ការ​របស់​រដ្ឋាភិបាល​សព្វថៃ្ង​នេះ ហើយ​ដោយសារ​អំពើ​ពុក​រលួយ​និង​ការឈ្លានពាន​ពី​សំណាក់​យួន​ហាណូយ នៅ​ថៃ្ង​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដោយ​ប្រើ​ពាក្យ​ថា វា​មក​រំដោះ​កូន​ខែ្មរ​និង​រំដោះ​ប្រជាជន​ខែ្មរ"។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែង​ថា សមត្ថកិច្ច​កំពុង​បើក​ការស្រាវជា្រវ​លើ​ករណី​នេះ ហើយ​សមត្ថកិច្ចនៅ​មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​នៃ​ក្រុម​ជន​សង្ស័យ​នោះ​នៅ​ឡើយ​ទេ។

ថៃ​កាត់​បន្ថយ​ចំនួន​កង​ទ័ព​ជើង​ទឹក​និង​កប៉ាល់​ចម្បាំង​នៅ​ខែត្រ​ត្រាត

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​បាន​ថ្លែង​ក្នុង​សប្តាហ៍​នេះ​ថា ថៃ​បាន​កាត់​បន្ថយ​ចំនួន​កង​ទ័ព​ជើង​ទឹក​និង​កប៉ាល់​ចម្បាំង​របស់​ខ្លួន​ដែល​ល្បាត​នៅ​ឯ​កោះ​កូត​នៃ​ខេត្ត​ត្រាត​របស់​ថៃ​នោះ​ហើយ ដោយ​បាន​កាត់​បន្ថយ​ពី​ចំនួន​១០​គ្រឿង​មក​នៅ​ត្រឹម​៣​គ្រឿង។

លោក​ឧត្តម​សេនីយ៍​ឯក ឈុំ សុជាតិ ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ផង​នោះ ថ្លែង​ទៀត​ថា ថៃ​មិន​បាន​ចល័ត​កម្លាំង​ចូល​មក​ដែន​ទឹក​កម្ពុជា​នោះ​ទេ ហើយ​សកម្មភាព​របស់​កងទ័ព​ជើង​ទឹក​នៃ​កប៉ាល់​ចម្បាំង​ថៃ​ក៏​មិន​បាន​បង្ហាញ​នូវ​សញ្ញាណ​នៃ​ការគំរាម​កំហែង​ដល់​សន្តិសុខ​កម្ពុជា​នោះ​ដែរ។

ប៉ុន្តែមន្ត្រី​យោធា​ដដែល​គូស​បញ្ជាក់​ទៀត​ថា កម្ពុជា​ក៏​នៅ​តែ​ឃ្លាំ​មើល​សកម្មភាព​ចល័ត​កងទ័ព​របស់​ថៃ​ជា​បន្ត​ដែរ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក Jim Webb មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា

សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​រូប​គឺ​លោក Jim Webb បាន​មក​បំពេញ​ទស្សនកិច្ច​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ដែល​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​បាន​ផ្តោត​ជា​សំខាន់​លើ​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​អាមេរិក​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ដើម្បី​ស្វែង​យល់​អំពី​ការវិវត្តន៍​ថ្មីៗ​នៃ​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោក​សមាជិក​ព្រឹទ្ធសភា​អាមេរិក Jim Webb បាន​ជួប​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន, លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ហើយ​លោក​ក៏​បាន​ជួប​សន្ទនា​ផងដែរ​ជាមួយ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ពីរ គឺ​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក Jim Webb ពី​រដ្ឋ Virginia នៃ​គណបក្ស​ប្រជាធិបតេយ្យ គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​មក​កាន់​ប្រទេស​ចំនួន​៥​នៅ​ក្នុង​តំបន់​អាស៊ី ដែល​រួម​មាន​ប្រទេស​ថៃ ភូមា លាវ កម្ពុជា​និង​វៀតណាម។

កម្ពុជា​និង​វៀតណាម​បើក​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង​ប្រតិភូ​ពាណិជ្ជ​កម្ម​មក​ពី​ខេត្ត​អានយ៉ាង​នៃ​ប្រទេស​វៀតណាម បាន​ប្រកាស​រួម​គ្នា​ក្នុង​សប្តាហ៍​នេះ​បើក​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ដើម្បី​ផ្លាស់​ប្តូរ​ទំនិញ​រួច​ពន្ធ។

លោក ម៉ៅ ថូរ៉ា ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយ​នឹង​ប្រតិភូ​ប្រទេស​វៀតណាម​មក​ពី​ខេត្ត​អានយ៉ាង​ថា កម្ពុជា​កំពុង​តែ​ជំរុញ​ការនាំ​ចេញ​ទំនិញ​កសិផល​ទៅ​កាន់​ប្រទេស​វៀតណាម​ចំនួន​៤​ប្រភេទ ដូច​ជា​អង្ករ ដំទ្បូង ពោត​និង​ស្វាយ​ចន្ទី។

មន្រ្តី​ខ្មែរ​ដដែល​ចាត់ទុក​ថា នេះ​ជា​ជំហាន​មួយ​ទៀត​ក្នុង​ការពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ខ្មែរ​និង​វៀតណាម ដែល​គេ​រំពឹង​ទុក​ថា នឹង​មាន​តម្លៃ​ជា​ទឹក​ប្រាក់​កើន​ឡើង​ដល់​ទៅ​២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០។

មន្ត្រី​ដដែល​បាន​ថ្លែង​ទៀត​ថា នៅ​ថៃ្ង​អនាគត​កម្ពុជា​និង​វៀតណាម​នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កើន​រហូត​ដល់​កម្រិត​ខ្ពស់​មួយ គឺ​តម្លៃ​៤​ពាន់​លាន​ដុល្លារ​អាមេរិក។

ពលរដ្ឋ​ភូមិ​២​និង​ភូមិ​៤​សុំ​បន្ត​រស់នៅ​តំបន់​បឹងកក់​ត​ទៅ​ទៀត

អ្នក​រស់​នៅ​ចុង​ក្រោយ​នៅ​ភូមិ​២​និង​ភូមិ​៤​នៃ​តំបន់​បឹងកក់ ក្រុង​ភ្នំពេញ បាន​នាំ​គ្នា​បន្ត​តវ៉ា​នៅ​សាលា​រាជធានី​ភ្នំពេញ និង​បាន​ដាក់​ពាក្យ​ទៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ដោយ​សុំ​ឲ្យ​អាជ្ញាធរ​សង់​រោង​ឲ្យ​ពួក​គាត់​រស់​នៅ​លើ​ដី​បឹង​កក់​បន្ត​ទៀត។ ក្រុម​ពលរដ្ឋ​ថ្លែង​ថា ពួក​គាត់​មិន​ចង់​ប្តូរ​ទៅ​រស់​នៅ​ដំណាក់​ត្រយឹង ​ក្នុង​ខណ្ឌ​ដង្កោ​នោះ​ទេ។

ពលរដ្ឋ​នៃ​ភូមិ​ទាំង​ពីរ​នោះ​ក៏​បាន​បន្ត​សុំ​ឲ្យ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដូច​សហគមន៍​បុរីកីឡា​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ស៊ូកាគូ​វិញ​បាន​ស្នើសុំ​អ្នក​ភូមិ​ចាក​ចេញ​ពី​បឹង​កក់ ដោយ​សំអាង​ថា អ្នក​ស្រុក​អាច​នឹង​រង​នូវ​ការប៉ះពាល់​ដោយ​ការបូម​ខ្សាច់​ចាក់​បំពេញ​បឹង​នោះ។

ដី​ទីតាំង​បឹង​កក់​ដែល​មាន​ទំហំ​១៣៣​ហិកតារ មាន​ប្រជាជន​រស់​នៅ​ចំនួន​៤.២៥២​គ្រួសារ​ត្រូវ​សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ​ក្នុង​រយៈពេល​៩៩​ឆ្នាំ ដើម្បី​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប ជា​តំបន់​លំនៅ​ឋាន ជា​កន្លែង​សេវាកម្ម និង​ជា​កន្លែង​កម្សាន្ត។

អ្នក​ភូមិ​ជនជាតិ​ភាគ​តិច​រស់​នៅ​តាម​ដង​ទន្លេ​សុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ពី​បញ្ហា​បរិស្ថាន​ធម្មជាតិ

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​តាម​ដង​ទន្លេ​ចំនួន​បី​នៅ​ខេត្ត​រតនគិរី​និង​ខេត្ត​ស្ទឹងត្រែង បាន​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​លើ​ផល​ប៉ះពាល់​ផ្នែក​ជីវភាព​របស់​ពួក​គាត់ ក៏​ដូច​ជា​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ធម្មជាតិ​ដែល​បណ្តាល​មក​ពី​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​របស់​កម្ពុជា​និង​របស់​ប្រទេស​វៀតណាម​ផង​នោះ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក ប្រទេស​វៀតណាម​ដែល​ឋិត​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​សេសាន​បាន​សាងសង់​ទំនប់​វារី​អគ្គិសនី​យ៉ាលី​ដំបូង​បង្អស់ ហើយ​បាន​បង្កើត​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ជីវភាព​និង​សុខភាព​ពលរដ្ឋ ហើយ​ធ្វើ​ឲ្យ​ខូច​គុណភាព​ទឹក​និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ជីវ​ចម្រុះ ជា​ពិសេស​មច្ឆា​ជាតិ​នៅ​ក្នុង​ទន្លេ។

ជាមួយ​គ្នា​នេះ គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​របស់​កម្ពុជា​ក៏​កំពុង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រតិកម្ម​ថា មាន​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ។

ក្រុម​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ថ្លែង​ថា អ្នក​ភូមិ​ប្រមាណ​១​ពាន់​គ្រួសារ​នឹង​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​នោះ។

រដ្ឋាភិបាល​និង​ក្រសួង​មហាផៃ្ទ​ររៀបចំ​ប្តឹង ជា មុនី ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

ក្រុមមន្ត្រីថ្លែងថា រដ្ឋាភិបាល ​និង ក្រសួងមហាផៃ្ទ​ កំពុង​តែ​កសាង​សំណុំរឿង​ និង​ រក​មេធាវី​ប្រមូល​ភស្តុតាង​នានា​ដើម្បី​ប្តឹង លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​ញុះញង់​បំភ្លៃ​ការ​ពិត ក៏ប៉ុន្តែ លោក ជា មុនី ថ្លែងថា លោក​មិន​តក់ស្លុត​ចំពោះ​ការប្តឹង​នេះ​ទេ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ