ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន ព្រះមហាក្សត្រស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពិនិត្យករណី ហង្ស ចក្រា ឡើងវិញ និងព័ត៌មានផ្សេងៗដទៃទៀត។
លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក នៅពេលត្រូវនាំខ្លួនចូលស្ដាប់សវនាការសាលាឧទ្ធរណ៍នាថ្ងៃទី១១ សីហា ២០០៩។
លោក ហ៊ុយ វណ្ណៈ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ២៩ មិថុនា ដល់ ៥ កក្កដា ឆ្នាំ២០០៩។
ព្រះមហាក្សត្រស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពិនិត្យករណី ហង្ស ចក្រា ឡើងវិញ
ព្រះមហាក្សត្រខែ្មរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានធ្វើព្រះរាជអន្តរាគមន៍ជាលើកដំបូងដោយស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺលោក អង្គ វង្សវឌ្ឍនា ពិនិត្យទ្បើងវិញលើករណីផ្តន្ទាទោសនិងឃុំខ្លួនលោក ហង្ស ចក្រា ជាចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុក ដោយព្រះអង្គបានព្រះរាជលិខិតថា "ខ្ញុំសូមផ្ញើលិខិតខាងលើនេះជូនឯកឧត្តមដើម្បីពិនិត្យ"។
ព្រះរាជសារនិងសំណើនេះបានធ្វើទ្បើងបន្ទាប់ពីតំណាងអង្គការនិងសមាគមអ្នកសារព័ត៌មានចំនួន៧នៅក្នុងប្រទេសកម្ពុជាបានដាក់លិខិតរួមគ្នាថ្វាយព្រះអង្គ កាលពីថៃ្ងទី២៤ ខែសីហា។
បច្ចុប្បន្ន លោក ហង្ស ចក្រា អាយុ៥៥ឆ្នាំ កំពុងជាប់ឃុំនៅគុកព្រៃស បន្ទាប់ពីលោកត្រូវតុលាការកាត់ទោសកាលពីថៃ្ងទី២៦ ខែមិថុនាកន្លងទៅ ឲ្យជាប់គុករយៈពេល១២ខែ និងផាកពិន័យជាប្រាក់ចំនួន៩លានរៀល ក្រោមបទផ្សាយព័ត៌មានមិនពិត ពោលគឺបន្ទាប់ពីកាសែតរបស់លោកបានចេញផ្សាយអត្ថបទថា "លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំបែកមន្រ្តីអាក្រក់និងមន្ត្រីពុករលួយនៅជុំវិញលោក សុខ អាន" និងអត្ថបទមានចំណងជើងថា "មន្រ្តីនិយម លោក សុខ អាន ប្រឈមមុខនឹងការដកចេញពីតំណែងជាច្រើននាក់"។
ហូ វ៉ាន់ នឹងមិនចូលខ្លួនទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញ
មន្ត្រីអ្នកនាំពាក្យគណបក្សសមរង្ស៊ីបានថ្លែងនៅក្នុងសប្តាហ៍នេះថា លោកតំណាងរាស្រ្ត ហូ វ៉ាន់ នៃគណបក្សប្រឆាំងសមរង្ស៊ី នឹងមិនបានចូលខ្លួនទៅបំភ្លឺនៅចំពោះមុខតុលាការសាលាដំបូងរាជធានីភ្នំពេញឡើយ បើទោះបីជាតុលាការបានកោះហៅដោយដាក់កំហិតឲ្យលោកចូលខ្លួននៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ដើម្បីឆ្លើយទាក់ទិនការចោទពីបទបរិហារកេរ្តិ៍ និងការចុះផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្តនោះក៏ដោយ។
លោក ហូ វ៉ាន់ ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ ត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិតំណាងរាស្ត្រដំណាលគ្នានឹងការដកអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត មូរ សុខហួរ កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីមានពាក្យបណ្តឹងរបស់នាយទាហានខ្មែរមួយក្រុមចំពោះការអធិប្បាយរបស់លោកដែលចុះផ្សាយនៅលើទំព័រកាសែត ឌឹ ឃែមបូឌា ដេលី ទាក់ទិននឹងគុណភាពសញ្ញាបត្រដែលនាយទាហានទាំងនោះទទួលពីសាលាវៀតណាមនោះ។
លោក យឹម សុវណ្ណ ជាមន្ត្រីនាំពាក្យគណបក្សសមរង្ស៊ី ថ្លែងថា លោក ហូ វ៉ាន់ បច្ចុប្បន្នកំពុងស្នាក់នៅបណ្តោះអាសន្ននៅឯសហរដ្ឋអាមេរិក។
សមត្ថកិច្ចកំណត់បានមុខសញ្ញាបាចត្រាក់ប្រឆាំង ហ៊ុន សែន
ទាក់ទិនសន្តិសុខសង្គមវិញ ក្នុងសប្តាហ៍នេះ លោក ទូច ណារ៉ុថ ជាស្នងការនគរបាលរាជធានីភ្នំពេញថ្លែងថា សមត្ថកិច្ចប៉ូលិសបានកំណត់មុខសញ្ញាជនមួយចំនួនក្នុងចំណោមជនមួយក្រុមដែលរងការចោទថាបានបាចត្រាក់ឬខិត្តប័ណ្ណក្នុងខ្លឹមសារជេរប្រមាថលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្ននោះហើយ។
សូមជម្រាបថា នៅផ្នែកខាងលើនៃសន្លឹកខិត្តប័ណ្ណដែលបានបាចក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤ជិតភ្លឺ នាថៃ្ងពុធ ទី១៩ ខែសីហានោះ មានរាយឈ្មោះមនុស្ស៥នាក់ ដែលរួមមានឈ្មោះ ប៉ាន សុវណ្ណី, ស្រេង វុទ្ធី, គឹម សុភ័ក្រ្ត, ជា សុជាប និង ជឹម ធឿន។ ប៉ុន្តែ លោក ទូច ណារ៉ុថ ថ្លែងថា សមត្ថកិច្ចនៅមិនទាន់ប្រមូលភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ជនទាំងនោះនៅឡើយទេ។
ប្រតិភូយោធាថៃជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ខ្មែរ
ក្នុងសប្តាហ៍នេះ មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពភូមិន្ទថៃ គឺលោកឧត្តមសេនីយ៍ឯក Songkitti Jaggabatara (សុងគិត ចៈកាផាត់) បានដឹកនាំប្រតិភូយោធាថៃជិត១០០នាក់ មកជួបពិភាក្សាជាមួយនឹងលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជារយៈពេលជិតមួយម៉ោង នៅឯទីស្តីការក្រសួងការពារជាតិខ្មែរក្នុងក្រុងភ្នំពេញ។
ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ ជាមន្ត្រីនាំពាក្យក្រសួងការពារជាតិខ្មែរ ថ្លែងថា ភាគីទាំងពីរមិនបានពិភាក្សាអំពីបញ្ហាប្រឈមនៅព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរនោះឡើយ ពោលគឺភាគីទាំងពីរជជែកតែអំពីការធ្វើបុណ្យរួមគ្នានៅឯវត្តមួយក្នុងខេត្តកំពង់ធំប៉ុណ្ណោះ។
កម្មកររោងចក្រ Sky High ជាង២ពាន់នាក់ ធ្វើកូដកម្មមិនចូលធ្វើការ
កម្មករជាង២ពាន់នាក់នៅរោងចក្រតម្បាញមួយឈ្មោះថា Sky High ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការងារទេ ដោយសំអាងថា សំណើរបស់ពួកគេចំនួន៥ចំណុចមិនត្រូវបានថៅកែយល់ព្រមនិងអនុវត្តតាម។
តំណាងកម្មករបានឲ្យដឹងថា លក្ខខណ្ឌចំនួន៥ចំណុចនោះមានដូចជា ម៉ូតូឬកង់របស់កម្មករបាត់នៅក្នុងក្រុមហ៊ុនត្រូវក្រុមហ៊ុនទទួលខុសត្រូវ, ការបណ្តេញកម្មករពីការងារត្រូវតែអនុវត្តតាមច្បាប់ការងារដែលចែងអំពីប្រាក់បំណាច់ការងារ ហើយកម្មករដែលមានជំងឺនិងមានការបញ្ជាក់ពីគ្រូពេទ្យមិនត្រូវកាត់ប្រាក់ខែនោះទេ។
នៅក្នុងលក្ខខណ្ឌមួយទៀត កម្មករក៏ទាមទារឲ្យក្រុមហ៊ុនត្រូវមានបន្ទប់សង្រ្គោះឬកន្លែងបំបៅដោះកូន និងបំបាត់ការរើសអើងចំពោះសហជីពនៅក្នុងរោងចក្រនោះផង។
ក្រុមអ្នករត់រ៉ឺម៉កម៉ូតូនិងម៉ូតូឌុបនៅខែត្រសៀមរាបប៉ះទង្គិចជាមួយប៉ូលិស
នៅឯខេត្តសៀមរាបវិញ ក្រុមអ្នករត់រ៉ឺម៉កម៉ូតូនិងម៉ូតូឌុបជាច្រើនរយនាក់បានប៉ះទង្គិចនិងវាយប្រតប់គ្នាជាមួយកងកម្លាំងប៉ូលិស បន្ទាប់ពីកងប៉ូលិសបានដាក់កម្លាំងរារាំងតាមដងផ្លូវក្នុងទីក្រុងជាច្រើនកំណាត់ ដើម្បីរារាំងការជិះដង្ហែក្បួនប្រឆាំងការទារឲ្យបង់ពន្ធម៉ូតូគ្មានផ្លាកលេខនិងការផាកពិន័យដែលគេចាត់ទុកថាមានតម្លៃថ្លៃហួសហេតុនោះ។
ក្រុមអ្នករត់រ៉ឺម៉កនិងម៉ូតូឌុបជាច្រើនរយនាក់បានជិះដង្ហែក្បួនតវ៉ាប្រមាណ២ម៉ោង ហើយថ្លែងថា នៅពេលដែលពួកគេកំពុងដឹកភ្ញៀវទេសចរទស្សនាតំបន់អង្គរ ប៉ូលិសចរាចរណ៍បានផាកពិន័យម៉ូតូគ្មានផ្លាកលេខតម្លៃក្នុងតម្លៃ១០ដុល្លារអាមេរិក ដែលធ្វើឲ្យអ្នកគ្មានប្រាក់ខ្លះត្រូវទុកម៉ូតូនៅផ្ទះមិនហ៊ានចេញប្រកបរបរប្រចាំថ្ងៃឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នករត់រ៉ឺម៉កនិងម៉ូតូឌុបបានរំសាយទៅវិញ បន្ទាប់ពីមន្ត្រីប៉ូលិសបានសន្យាថា នឹងបញ្ឈប់ការផាកពិន័យលើម៉ូតូទាំងឡាយដែលគ្មានផ្លាកលេខ និងអនុញ្ញាតឲ្យបើកបរបាននៅលើដងផ្លូវវិញជាបណ្តោះអាសន្នវិញនោះ។
ILO៖ វិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងគំរាមកំហែងដល់វិស័យអប់រំនៅកម្ពុជា
ប្រធានអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គឺលោក Bill Salter បានថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយក្នុងក្រុងភ្នំពេញនាសប្តាហ៍នេះថា វិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងគំរាមកំហែងវិស័យអប់រំនៅកម្ពុជា ជាពិសេសគឺបានប៉ះពាល់ជីវភាពគ្រូបង្រៀនដែលបញ្ហានេះបន្តនាំឲ្យប៉ះពាល់ដល់គុណភាពនៃការបង្រៀននិងនាំឲ្យមានសិស្សបោះបង់ចោលការសិក្សា។
ក៏ប៉ុន្តែ លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានអះអាងថា បញ្ហានៅក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា ជាពិសេសប្រាក់បៀវត្សរ៍គ្រូបង្រៀននៅទាបនិងគុណភាពអប់រំនៅមានកម្រិតនេះ គឺកើតមានចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ ពោលគឺតាំងពីមិនទាន់មានវិបត្តិសេដ្ឋកិច្ចពិភពលោកឯណោះ។
នៅប្រទេសកម្ពុជាមានគ្រូបង្រៀនកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សាចំនួនជាង១០ម៉ឺននាក់និងគ្រូបង្រៀននៅថ្នាក់ឧត្តមសិក្សារបស់រដ្ឋមានចំនួនជាង៣ពាន់នាក់ ហើយគ្រូបង្រៀននៅគ្រឹះស្ថានអប់រំឯកជនមានចំនួនជាង៤ពាន់នាក់៕
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៥ ដល់ ១១ តុលា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៨ កញ្ញា ដល់ ៤ តុលា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២១ ដល់ ២៧ កញ្ញា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កញ្ញា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កញ្ញា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៣១ សីហា ដល់ ៦ កញ្ញា ២០០៩
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ សីហា ២០០៩