លោក អ៊ួន ឈិន អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ៥ ដល់ ១១ តុលា ឆ្នាំ២០០៩។
សាលាក្ដីខ្មែរក្រហមចេញដីកាកោះមន្ត្រីជាន់ខ្ពស់៦រូបមកធ្វើជាសាក្សី
សាលាក្ដីខ្មែរក្រហមបានចេញដីកាកោះអញ្ជើញមន្ត្រីជាន់ខ្ពស់ខ្មែរ៦រូបដើម្បីធ្វើជាសាក្សីក្នុងការឆ្លើយបំភ្លឺទាក់ទងនឹងករណីសំណុំរឿងលេខ០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម៤រូប ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រភពព័ត៌មានទីភ្នាក់ងារព័ត៌មានបារាំង អេអេហ្វភី (AFP) ផ្សាយកាលពីថ្ងៃ៧ តុលា បានឲ្យដឹងថា ក្នុងលិខិតដែលបានផ្ញើចេញ ហើយដែលចុះហត្ថលេខាដោយចៅក្រមស៊ើបអង្កេតជនជាតិបារាំង គឺលោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) បានកោះអញ្ជើញមន្ត្រីជាន់ខ្ពស់ខ្មែរ៦រូបឲ្យទៅឆ្លើយបំភ្លឺនោះ មានលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស, លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច, លោក ស៊ីម កា និងលោក អ៊ុក ប៊ុនឈឿន ជាសមាជិកព្រឹទ្ធសភា ដើម្បីទៅផ្ដល់សក្ខីកម្មក្នុងរឿងចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហម៤រូបទៀត មានលោក នួន ជា, លោក ខៀវ សំផន, លោក អៀង សារី និងអ្នកស្រី អៀង ធីរិទ្ធ ពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងសាលាក្ដីខ្មែរក្រហម។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រតិកម្មទៅនឹងការកោះអញ្ជើញនេះ ដោយលោកមានប្រសាសន៍ថា ជំហររាជរដ្ឋាភិបាលគឺមិនព្រមជាដាច់ខាត លើកលែងតែអ្នកទាំងនោះស្ម័គ្រចិត្តទៅផ្ដល់សក្ខីកម្មក្នុងតុលាការខ្មែរក្រហម។
ហ៊ុន សែន ប្រតិកម្មនឹងការកោះហៅមន្ត្រីរដ្ឋាភិបាលទៅធ្វើជាសាក្សី
ការកោះហៅមន្ត្រីជាន់ខ្ពស់ខ្មែរក្នុងជួររាជរដ្ឋាភិបាល៦រូបដែលជាអតីតកម្មាភិបាលខ្មែរក្រហមដើម្បីចូលខ្លួនធ្វើជាសាក្សីនៅក្នុងសាលាក្ដីខ្មែរក្រហម បាននាំឲ្យមានប្រតិកម្មពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកមានប្រសាសន៍ថា ការកោះអញ្ជើញគឺជារឿងចម្លែក។
ប្រភពព័ត៌មានទីភ្នាក់ងារព័ត៌មានបារាំងអេអេហ្វភី (AFP) បានដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចោទសួរថា តើហេតុដូចម្ដេចបានជាសាលាក្ដីខ្មែរក្រហមកោះហៅដើមបណ្ដឹងមកធ្វើជាសាក្សីទៅវិញ? លោក ហ៊ុន សែន មានប្រសាសន៍ថា មន្ត្រីជាន់ខ្ពស់ទាំង៦រូបនោះគឺជាដើមបណ្ដឹង ពីព្រោះមន្ត្រីទាំងនោះបានត្រូវគេដឹងថា ជាអ្នកផ្ដួលរំលំ ប៉ុល ពត មេដឹកនាំរបបខ្មែរក្រហម ហើយក៏ដោយសារតែអ្នកទាំងនោះផងដែរជាអ្នកចូលរួមព្រមព្រៀងក្នុងការអនុម័តច្បាប់កាត់ទោសខ្មែរក្រហម។
ប្រភពដដែលបន្តថា ដីកាកោះដែលចេញដោយលោក ម៉ាកសែល ឡឺម៉ុង ចៅក្រមស៊ើបអង្កេតជនជាតិបារាំងនៃសាលាក្ដីខ្មែរក្រហម ធ្វើឡើងស្របពេលដែលមានការចោទប្រកាន់ជាហូរហែថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមក្នុងបំណងការពារដល់អតីតមន្ត្រីខ្មែរក្រហមមួយចំនួនដែលមានឋានន្តរសក្ដិខ្ពស់ក្នុងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
អតីតព្រះមហាក្សត្រមិនចង់មានព្រះជន្មរស់នៅយូរអង្វែង
អតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះ នរោត្តម សីហនុ ដែលមានព្រះជន្ម៨៧ព្រះវស្សា ហើយដែលកំពុងគង់ព្យាបាលព្រះកាយនៅឯក្រុងប៉េកាំង ប្រទេសចិន បានមានបន្ទូលថា ព្រះអង្គចង់សោយទិវង្គតឆាប់ៗ មិនចង់មានព្រះជន្មគង់នៅយូរទេ។
ក្នុងព្រះរាជសារចារដោយផ្ទាល់ព្រះហស្តព្រះអង្គដែលបានចុះផ្សាយក្នុងទំព័រវ៉ិបសាយថ៍ សម្ដេចព្រះ នរោត្តម សីហនុ បានចារថា ព្រះអង្គសូមថ្លែងអំណរគុណចំពោះជនរួមជាតិខ្មែរដែលបានជូនពរព្រះអង្គឲ្យមានព្រះជន្មយឺនយូររហូតជាងរយព្រះវស្សា ប៉ុន្តែចំពោះព្រះអង្គផ្ទាល់ ដោយពិតទៅព្រះអង្គចង់សោយទិវង្គតឲ្យបានឆាប់ៗ ពីព្រោះការដែលព្រះអង្គមានព្រះជន្មគង់នៅយូរអង្វែងនេះគឺជាការទ្រាំទ្រជួបបញ្ហានិងការឈឺចាប់យ៉ាងច្រើនដែលជាទម្ងន់ដ៏ធ្ងន់ធ្ងរសម្រាប់ព្រះអង្គ ព្រះអង្គមិនអាចទ្រាំទ្របានឡើយ។
មន្រ្តីតុលាការខេត្តរតនគិរីទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា លោក ថោ សារ៉ន អនុប្រធានតុលាការខេត្តរតនគិរី កំពុងទន្ទ្រានកាន់កាប់តំបន់ដីព្រៃដែលជាសម្បត្តិរដ្ឋ បើទោះបីអាជ្ញាធរធ្វើការបង្ក្រាបពីរលើករួចទៅហើយក៏ដោយ។
កម្មករម្នាក់បានឲ្យដឹងថា លោក ថោ សារ៉ន បានជួលពួកកម្មករឲ្យធ្វើរបងហ៊ុមព័ទ្ធដីព្រៃ ដែលតាមគម្រោងមានទំហំ២៥០ម៉ែត្រគុណនឹង១.០០០ម៉ែត្រ។
មន្ត្រីស៊ើបអង្កេតនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា មានការអង្កេតលើករណីនេះរួចហើយ ហើយថា ពិតជាមានការទន្ទ្រានយកដីដែលជាសម្បត្តិរដ្ឋ ដោយមន្ត្រីតុលាការខេត្តរតនគិរីប្រាកដមែន។
ចំនួនអ្នកស្លាប់និងកើតជំងឺគ្រុនឈាមមានការកើនទ្បើងគួរឲ្យព្រួយបារម្ភ
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានអះអាងថា ជំងឺគ្រុនឈាមបានសម្លាប់ប្រជាពលរដ្ឋចំនួន៣១នាក់ហើយមកដល់ពេលនេះនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះភាគច្រើនជាកុមារអាយុក្រោម១៥ឆ្នាំ ទន្ទឹមនឹងនេះមនុស្សជាង១ម៉ឺននាក់ទៀតកំពុងតែកើតជំងឺនេះនៅទូទាំងប្រទេស។
តំបន់ដែលមានប្រជាពលរដ្ឋស្លាប់និងកើតជំងឺគ្រុនឈាមច្រើនជាងគេនោះ មានទីក្រុងភ្នំពេញ, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត និងខេត្តព្រះសីហនុ ដោយសារតែខេត្តទាំងនោះមានចំនួនប្រជាពលរដ្ឋរស់នៅច្រើន និងមានបញ្ហាអនាម័យដោយសារមានការស្តុកទឹកជាជម្រកសត្វមូស។
កម្ពុជារងផលប៉ះពាល់ពីវិបត្តិពិភពលោកលើផ្នែកទេសចរណ៍ សហគ្រាសផលិតទំនិញនិងវិស័យកាត់ដេរ
អ្នកជំនាញផ្នែកសេដ្ឋកិច្ចបរទេសបានថ្លែងថា ប្រទេសកម្ពុជាមានផលប៉ះពាល់ផ្នែកទេសចរណ៍ សហគ្រាសផលិតទំនិញនិងវិស័យកាត់ដេរជាដើម ខណៈដែលវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងតែកើតមាន។
លោក ឡូរ៉េនស៍ អេច្ឆ. វ៉ាយថ៍ (Lawrence H. White) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Mason នៃសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីសន្និសីទអាស៊ីអន្តរជាតិ ដែលមានក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពី១៧ប្រទេសនៃទី្វបអាស៊ី អាមេរិកនិងអឺរុប ចូលរួមពិភាក្សាគ្នានៅខេត្តសៀមរាប។
ទោះយ៉ាងណាអ្នកសេដ្ឋកិច្ចកម្ពុជាបានអះអាងថា មិនមានការព្រួយបារម្ភធ្ងន់ធ្ងរទេអំពីការប៉ះពាល់ដល់វិស័យមួយចំនួនរបស់កម្ពុជា ពីព្រោះតែសេដ្ឋកិច្ចកម្ពុជានៅមានកំណើនបន្តទៀត តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺខ្លាចការគោរពច្បាប់សេដ្ឋកិច្ចមិនបានពិតប្រាកដទៅវិញ។
អាជ្ញាធរខែត្រឧត្ដរមានជ័យរងការចោទថាគំរាមបង្ខំឲ្យពលរដ្ឋចាកចេញពីដី
នគរបាល តម្រួតយោធានិងទាហានរាប់សិបនាក់នៃខេត្តឧត្តរមានជ័យ រងការចោទប្រកាន់ថា បានប្រើអាវុធគំរាមប្រជាពលរដ្ឋរាប់រយគ្រួសារឲ្យចេញពីដីភូមិដើម្បីយកដីនោះប្រគល់ឲ្យក្រុមហ៊ុនមួយឈ្មោះ ANGKOR SUGAR។
ប្រជាពលរដ្ឋរាប់រយគ្រួសារដែលបាត់បង់ទីជម្រកត្រូវរស់នៅក្រោមតំណក់ទឹកភ្លៀង បន្ទាប់ពីក្រុមប្រដាប់អាវុធទាំងនោះបានបញ្ជាឲ្យគ្រឿងចក្រឈូសឆាយ រំលំ និងដុតបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់។
ក្រុមអ្នកការពារសិទ្ធិមនុស្សនៃអង្គការក្រៅរដ្ឋាភិបាលបានរកឃើញថា យោងទៅតាមពាក្យបណ្ដឹង មានប្រជាពលរដ្ឋជាង២១០គ្រួសារពាក់ព័ន្ធនឹងការបណ្ដេញឲ្យចេញពីដីនោះ ប៉ុន្តែអាជ្ញាធរព្រមទទួលស្គាល់និងត្រៀមដោះស្រាយជាសំណងជូនប្រជាពលរដ្ឋតែជាង៨០គ្រួសារប៉ុណ្ណោះ ដោយសំអាងថា សងទៅតាមការពិនិត្យជាក់ស្ដែងចំពោះអ្នកដែលកំពុងតែរស់នៅលើដីដែលកំពុងមានបញ្ហា៕
