កម្ពុជារំឭកទិវាឈ្នះក្ដីលើប្រទេសថៃក្នុងករណីប្រាសាទព្រះវិហារនាឆ្នាំ១៩៦២
ប្រទេសកម្ពុជា នៅថ្ងៃទី១៥ មិថុនានេះ បានប្រារព្ធទិវាអបអរសាទរខួបអនុស្សាវរីយ៍ឆ្នាំទី៤៦ នៃទិវាដែលកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងករណីប្រាសាទព្រះវិហារនៅទីក្រុងឡាអេ កាលពីឆ្នាំ១៩៦២ ហើយការប្រារព្ធនេះ គឺជាលើកដំបូងបង្អស់ហើយ ។
មនុស្សជាច្រើនរយនាក់បានចូលរួមក្នុងទិវានេះ ដោយបានបង្ហាញពីគោលបំណងដើម្បីរំឭកនិងបង្ហាញកូនខ្មែរបច្ចុប្បន្ននិងអនាគតទាំងក្នុងនិងក្រៅប្រទេសឲ្យនឹកដល់ប្រវត្តិសាស្រ្តនិងបេតិកភណ្ឌជាតិនាសម័យមហានគរដ៏រុងរឿង ដែលធ្វើឲ្យយើងទាំងអស់គ្នា ចាំបាច់ត្រូវសម្តែងកតញ្ញូតាធម៌ដល់មហាបុព្វបុរសខ្មែរ ព្រះមហាក្សត្រខ្មែរ អ្នកដឹកនាំដ៏ក្លាហានមុះមុត គ្រប់ជំនាន់ ដែលបានកសាងប្រាសាទព្រះវិហារនិងការពារអធិបតេយ្យជាតិបានរហូតមកដល់សព្វថ្ងៃនេះ ។
នាយករដ្ឋមន្ត្រីព្រមានអង្គការក្រៅរដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមាន កាលពីថ្ងៃពុធ ១៨ មិថុនា កន្លងទៅនេះ ដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើអធិប្បាយណាមួយទាក់ទងការបើកការស្រាវជ្រាវនៃក្រុមស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាល ទៅលើករណីដែលលោកហៅថា ឧក្រិដ្ឋកម្មទាក់ទិននឹងភេរវកម្មនៅប្រទេសកម្ពុជា ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរាប់ឧក្រិដ្ឋកម្មទាក់ទិននឹងភេរវកម្មនោះ គឺរួមមាន ការវាយប្រហារមួយនៅក្នុងខេត្តសៀមរាប ដោយការបាញ់បេ៤០ ទៅលើក្បួនរថយន្តរបស់លោក កាលពី១០ឆ្នាំមុន ការស្រាវជ្រាវលើបណ្តាញចលនាកងទ័ពសេរីជាតិកម្ពុជា CFF នៅឆ្នាំ២០០០ និងចលនាមហានគរប្រឆាំងរដ្ឋាភិបាល នៅខេត្តពោធិ៍សាត់ ។
កាលពីថ្ងៃទី១៥ ខែមិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រុមស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាល បើកការស្រាវជ្រាវករណីខាងលើនេះ បន្ទាប់ពីមានការអះអាងពីអតីតសមាជិកគណបក្សសមរង្ស៊ី ថា សមាជិករបស់គណបក្សសមរង្ស៊ីមានជាប់ពាក់ព័ន្ធនឹងករណីវាយប្រហារទាំងអស់នោះ ។
ការប៉ុនប៉ងដកអភ័យឯកសិទ្ធិមេដឹកនាំបក្សប្រឆាំងត្រូវបានផ្អាក
សហគមន៍អឺរ៉ុបបានឲ្យដឹងកាលពីថ្ងៃសុក្រ ២០ មិថុនា ថា ការប៉ុនប៉ងរបស់តុលាការខ្មែរក្នុងការដកអភ័យឯកសិទ្ធិមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចេញពីរដ្ឋសភា ដើម្បីដោះស្រាយបណ្ដឹងរបស់លោក ហោ ណាំហុង ត្រូវបានផ្អាកទៅវិញហើយ ។
ប្រធានក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោតរបស់សហគមន៍អឺរ៉ុប និងជាសមាជិកសភាអឺរ៉ុប លោក Martin Callanan ដែលបានមកដល់កម្ពុជា ហើយបានជួបជាមួយនឹងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ បានអះអាងថា លោក ហោ ណាំហុង បានយល់ព្រមផ្អាកចំពោះរឿងនេះ ។
មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីពេលថ្មីៗនេះ ស្នើសុំដកអភ័យឯកសិទ្ធិជាបន្ទាន់ ដើម្បីចាត់ការបណ្តឹងព្រហ្មទណ្ឌមួយទាក់ទិននឹងការបរិហារកេរិ៍្ត លោក ហោ ណាំហុង ថា ជាមេគុកបឹងត្របែកកាលពីសម័យខ្មែរក្រហម ។
សង្គមស៊ីវិលអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្ដល់ថវិកាដល់សាលាក្ដីខ្មែរក្រហម
ក្រុមសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសុក្រ ២០ មិថុនានេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យផ្ដល់ថវិកាឲ្យបានគ្រប់គ្រាន់ ដល់សាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហមដែលកំពុងជួបបញ្ហាខ្វះថវិកា ។
គណៈកម្មាធិការប្រព្រឹត្តកម្មនៃសមាគមនិងអង្គការការពារសិទ្ធិមនុស្សកម្ពុជា ដែលមានអង្គការចំនួន៦ ជាសមាជិក បានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយថា ការតាំងចិត្តរបស់សហគមន៍អន្តរជាតិក្នុងការបន្តផ្ដល់ថវិកាដល់សាលាក្ដី គឺជាបញ្ហាសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនិងស្ដារនីតិរដ្ឋរបស់កម្ពុជាឡើងវិញ ។
សេចក្ដីប្រកាសព័ត៌មានរបស់សង្គមស៊ីវិល បានឲ្យដឹងផងដែរថា កង្វះថវិកានឹងធ្វើឲ្យឯករាជភាពរបស់តុលាការនិងលទ្ធភាពក្នុងការស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ជួបបញ្ហាផងដែរ ។
នៅសប្ដាហ៍នេះ ប្រទេសជប៉ុនបានផ្ដល់ជំនួយដល់សាលាក្ដីជាទឹកប្រាក់ប្រមាណជិត ៣លានដុល្លារសហរដ្ឋអាមេរិក ។ កន្លងមក សាលាក្ដីបានស្នើសុំប្រទេសម្ចាស់ជំនួយឲ្យផ្ដល់ថវិកាចំនួនប្រមាណ ១១៤លានដុល្លារបន្ថែមទៀត ដើម្បីបន្តដំណើរការរបស់សាលាក្ដី ។
បញ្ហានៃការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅខេត្តសៀមរាប
សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិចនៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បានចោទប្រកាន់មន្ត្រីក្រុមប្រឹក្សាឃុំនិងមេភូមិដែលគាំទ្រគណបក្សប្រជាជនកម្ពុជាថា កំពុងមានការរើសអើងនិន្នាការគណបក្សនយោបាយក្នុងការចែកប័ណ្ណព័ត៌មានទៅឲ្យអ្នកបោះឆ្នោតភាគច្រើនដែលគាំទ្រគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ។
សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិចប្រចាំឃុំស្ពានត្នោត លោក ហុក ឃឿន បានអះអាងកាលពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ដោយចោទប្រកាន់មេភូមិត្រពាំងវែង ឈ្មោះ ព្រំ ភី ថា បានរើសអើងដល់អ្នកដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយមិនបានចែកប័ណ្ណព័ត៌មានបោះឆ្នោតឲ្យដល់អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចចំនួនប្រមាណ ២០០ នាក់ ។
ប៉ុន្តែមេឃុំស្ពានត្នោត លោក កង អំ បានបដិសេធចោលការចោទប្រកាន់នោះដោយមានប្រសាសន៍ថា មេភូមិត្រពាំងវែង លោក ព្រំ ភី ពុំមែនជាអ្នកដើរចែកប័ណ្ណព័ត៌មានបោះឆ្នោតទេ គឺគ្រាន់តែជាអ្នកដើរហៅនិងប្រាប់ប្រជាពលរដ្ឋឲ្យទៅយកប័ណ្ណព័ត៌មានតែប៉ុណ្ណោះ ប៉ុន្តែអ្នកភូមិជាច្រើនមិនបានយកចិត្តទុកដាក់ មិនមែនជាការរើសអើងគណបក្សនយោបាយទេ ។
សិស្សសាលាព្រួតវាយគ្រូបង្រៀនម្នាក់ឲ្យរបួសធ្ងន់នៅខេត្តបន្ទាយមានជ័យ
ក្រុមគ្រូបង្រៀនជាង២០០នាក់មកពី៥វិទ្យាល័យកាលពីថ្ងៃ ច័ន្ទសប្ដាហ៍នេះ បាននាំគ្នាទាមទារនៅមុខសាលាខេត្តបន្ទាយមានជ័យ ឲ្យអភិបាលខេត្តជួយរកសំណងដើម្បីព្យាបាល លោក មុត ប៊ុនធឿន ជាគ្រូបង្រៀនដែលរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរដោយសារសិស្សសាលាវាយនឹងដុំថ្ម ។
លោក មុត ប៊ុនធឿន អាយុ ៣៨ឆ្នាំ បង្រៀននៅវិទ្យាល័យសម្តេចឪ ត្រូវបានសិស្សក្នុងថ្នាក់ម្នាក់ឈ្មោះ អឿន ទីគា រៀនថ្នាក់ទី៩A និងបក្សពួកម្នាក់ទៀត ព្រួតគ្នាវាយនឹងដុំថ្មចំក្បាល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៨ ដោយសារតែលោកប្រៀនប្រដៅកុំឲ្យសិស្សរូបនេះលេងទូស័ព្ទនៅក្នុងថា្នក់រៀនដែលរំខានដល់អ្នកដទៃ ។
លោក ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រុមប៉ូលិសបានដឹងពីកន្លែងលាក់ខ្លួនជនដៃដល់ទាំងពីរនាក់ហើយ ។ បើតាមលោក ស៊ឹម គុជ ចៅក្រមស៊ើបអង្កេត បានថ្លែងថា ភាគីជនរងគ្រោះជាគ្រូបង្រៀន ឈ្មោះ មុត ប៊ុនធឿន បានទារសំណង់ចំនួនបីម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
មានគេឃើញរថយន្តជំនួយយោធាអាមេរិកត្រូវគេយកទៅដឹងឈើ ប៉ុន្តែទូតអាមេរិកថាមិនពិត
សាក្សីជាអ្នកសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មានការយករថយន្តយោធាដែលសហរដ្ឋអាមេរិកទើបផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជានោះទៅប្រើប្រាស់ដឹកឈើខុសច្បាប់ ប៉ុន្តែមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបដិសេធថា រឿងនោះជារឿងមិនពិតទេ ។
អ្នកកាសែតក្នុងស្រុកម្នាក់បានអះអាងថា ក្រុមទាហានកងពលតូច ង៧០ បានដកម៉ាស៊ីនថតរូបរបស់ខ្លួនខណៈដែលកំពុងបំពេញការងារថតរូបនៅពេលដែលក្រុមសមត្ថកិច្ចកំពុងឃាត់ឡានដឹកឈើ២គ្រឿង ដែលគេសង្ស័យថាជាឡានអំណោយរបស់សហរដ្ឋអាមេរិក ។
មន្ត្រីកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក លោក Jeff Daigle បានមានប្រសាសន៍ថា លោកបានឮរឿងនេះតាំងពីថ្ងៃច័ន្ទ ហើយលោកក៏បានបញ្ជូនអ្នកជំនាញឲ្យទៅពិនិត្យ ប៉ុន្តែបានកត់សម្គាល់ឃើញថា រថយន្តយោធាដែលសហរដ្ឋអាមេរិកបានផ្តល់ចំនួន ៣១គ្រឿង ដល់រដ្ឋាភិបាលនោះនៅមិនទាន់បានប្រើប្រាស់នៅឡើយទេ ហើយលោកថា អ្វីដែលបាននិយាយនោះគឺជាពាក្យចចាមអារ៉ាម ។
គណនីធនាគាររបស់ ជា រដ្ឋា ត្រូវបានបិទមិនឲ្យប្រើប្រាស់
អាជ្ញាធរខ្មែរបានចាត់វិធានការបញ្ឈប់ការធ្វើចរាចរណ៍លុយតាមធនាគាររបស់ជនសង្ស័យឧត្តមសេនីយ៍ត្រីកងរាជអាវុធហត្ថជាតិ លោកស្រី ជា រដ្ឋា ដែលប៉ូលិសអន្តរជាតិចំនួន ១៨៦ប្រទេស កំពុងស្វែងតាមចាប់ខ្លួន ។
ប្រធាននាយកដ្ឋានប៉ូលិសអន្តរជាតិរបស់កម្ពុជា លោកឧត្តមសេនីយ៍ទោ កែវ វណ្ណថន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរបានចាត់វិធានការបង្កកលុយរបស់លោកស្រី ជា រដ្ឋា តាមគណនីធនាគារតាំងពីសប្តាហ៍មុនមកម៉្លេះ ។
លោកស្រី ជា រដ្ឋា ដែលគេជឿថា កំពុងលាក់ខ្លួននៅក្នុងប្រទេសថៃ ត្រូវតុលាការខ្មែរចេញដីកាចាប់ខ្លួនពីបទចោទប្រកាន់ប៉ុនប៉ងធ្វើឃាតទុកជាមុន និងបទរំលោភសិទ្ធិបុគ្គល ។
ការចេញដីកាចាប់ខ្លួនគឺនៅបន្ទាប់ពីមានសេចក្តីចោទប្រកាន់ថា លោកស្រី ជា រដ្ឋា បានជាប់ចោទពីបទនៅពីក្រោយខ្នងរឿងករណីឧក្រិដ្ឋពាក់ព័ន្ធការជះទឹកអាស៊ីដដល់ស្រ្តីម្នាក់ជាម្តាយមីងរបស់អតីតបវរកញ្ញាទេសចរណ៍អន្តរជាតិ ឆ្នាំ២០០២ កញ្ញា អ៊ិន សុខលីដា ៕
