សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២១ ដល់ ២៧ កញ្ញា ២០០៩

2009-09-27

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន មន្ត្រី​សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

AFP/Tim Sloan

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក លោក រ៉ូប៉ឺត ហ្កេតស៍ (Robert Gates) [ស្ដាំ] ស្វាគមន៍​រដ្ឋមន្រ្តី​ការពារ​ជាតិ​ខ្មែរ លោក ទៀ បាញ់ នៅ​ឯ​មន្ទីរ​បញ្ចកោណ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នា​ថ្ងៃ​២១ កញ្ញា ២០០៩។

លោក មុំ សុផុន អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២១ ដល់ ២៧ កញ្ញា ឆ្នាំ​២០០៩។

មន្ត្រី​ស.រ.អា.​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា

បន្ទាប់​ពី​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​របស់​លោក ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ិនតុន​កាល​ពី​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​២០០៩ ស្ថានទូត​សហរដ្ឋ​អាមេរិក (ស.រ.អា.) ប្រចាំ​កម្ពុជា បាន​ប្រកាស​ជូន​ព័ត៌មាន​ថា ក្នុង​ការ​ជួប​នា​ថ្ងៃ​ទី​២១ ខែ​កញ្ញា ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក រ៉ូប៊ើត ហ្កេតស៍ (Robert Gates) មន្ត្រី​អាមេរិក​បាន​ថ្លែង​សង្កត់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ថែ​រក្សា​សន្តិភាព សន្តិសុខ​ដែន​សមុទ្រ និង​ការ​ប្រឆាំង​ភេរវកម្ម។

លោក​រដ្ឋមន្ត្រី រ៉ូប៊ើត ហ្កេតស៍ ថែម​ទាំង​បាន​ផ្តល់​ឱកាស​ជូន​លោក​រដ្ឋមន្ត្រី ទៀ បាញ់ ចូលរួម​ក្នុង​ការ​ពិភាក្សា​ស្តីពី​គោល​នយោបាយ​ការពារ​ប្រទេស​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ទៀត​ផង។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា ក្នុង​កិច្ចប្រជុំ​ដោយ​ឡែក​មួយ​ទៀត​រវាង​លោក ទៀ បាញ់ ជាមួយ​លោក ជេមស៍ ស្តេនប៊ើក (James Steinberg) អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក គឺ​មាន​ការ​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​អន្តរជាតិ និង​ការ​តាំង​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​រៀបចំ​ហ្វឹកហាត់​សមយុទ្ធ​កម្រិត​ខ្ពស់​ថ្នាក់​តំបន់​ក្នុង​ឆ្នាំ​២០១០ ស្តីពី​គំនិត​ផ្តួចផ្តើម​សម្រាប់​ប្រតិបត្តិការ​សន្តិភាព​សកលលោក។

IMF៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍នេះ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​វាយតម្លៃ​ថា ឆ្នាំ​នេះ​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​ដែល​គេ​រំពឹង​ទុក​កាល​ពី​ឆ្នាំមុន​មក ក្នុង​ខណៈ​ដែល​កម្ពុជា​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

លោក ដេវិដ ខូវិន (David Cowen) មន្ត្រី IMF ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​វាយ​តម្លៃ​ការ​អភិវឌ្ឍ​ថា មុន​នេះ IMF ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​ខ្មែរ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ក្រោម​សូន្យ​ដល់​-០,៥%​នោះ តែ​ឥឡូវ​មើល​ឃើញ​ថា ធ្លាក់​ចុះ​ដល់​-២,៧៥% ក្នុង​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ច​ដំណើរការ​មិន​ដូច​ការ​រំពឹង​ទុក​មក​នោះ។

លោក​ថា កត្តា​ចម្បង​នៃ​សេដ្ឋកិច្ច​ខ្មែរ​មាន​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ដេរ​ស្រាប់​ទៅ​សហរដ្ឋ​អាមេរិក ការ​ចំណាយ​របស់​ភ្ញៀវ​បរទេស និង​ការ​វិនិយោគ​ទុន​បរទេស​លើ​ផ្នែក​សំណង់​ធំៗ​បាន​ត្រូវ​ថយ​ចុះ​ខ្លាំង។

ក៏​ប៉ុន្តែ​លោក​បន្ថែម​ថា ការ​វិនិយោគ​លើ​ផ្នែក​ផ្លូវ​ថ្នល់​ជនបទ​និង​ខាង​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​ត្រូវ​រំពឹង​ថា នឹង​បង្កើន​ផលិតផល​កសិកម្ម​៥%​នៅ​ឆ្នាំ​នេះ។

ព័ត៌មាន​បន្ត​ថា ទោះ​បី​ជា​ប៉ុន្មាន​ឆ្នាំ​មុន​វិបត្តិ​សេដ្ឋកិច្ច​សកលលោក​នេះ​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ជាង​១០%​ក្តី ក៏​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រ​បំផុត​ក្នុង​ពិភពលោក។ អត្រា​មនុស្ស​អត់​ការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​និង​ប្រាក់​ចំណូល​ទាប គឺ​អ្នក​មាន​ការងារ​ធ្វើ​ប្រមាណ​៣៥%​ក្នុង​ចំណោម​មនុស្ស​១៤​លាន​នាក់​រស់នៅ​ដោយ​មាន​ប្រាក់​ចំណូល​៥០​សេន​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។

ក្រុម​សិទ្ធិ​មនុស្ស​ថ្លែង​សរសើរ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ស្វាគមន៍​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​ឲ្យ​លោក ហូ វ៉ាន់ អ្នក​តំណាង​រាស្ត្រ​ពី​គណបក្ស​សម​រង្ស៊ី​បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ ប្តឹង​ដោយ​មន្រ្តី​យោធា​ចំនួន​២២​រូប​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។

ក្នុង​ការ​ប្រកាស​សាល​ក្រម​កាល​ពី​ថ្ងៃ​២២ ខែ​កញ្ញា ឆ្នាំ​២០០៩ សប្តាហ៍​នេះ ចៅក្រម​ជម្រះ​ក្តី លោក សិន វិសាល ប្រកាស​ថា មិន​មាន​វត្ថុតាង​គ្រប់​គ្រាន់​ដើម្បី​ផ្តន្ទា​ទោស​លោក ហូ វ៉ាន់ ពី​បទ​បរិហារ​កេរ្តិ៍​នោះ​ឡើយ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​២៣ ខែ​កញ្ញា​សប្តាហ៍​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​តម្កើង​ការ​សម្រេច​របស់​តុលាការ​នេះ ថា​អាច​ជា​ភ្លើង​ខៀវ​នៃ​ឯករាជ​ភាព​តុលាការ​នៅ​ស្រុក​ខ្មែរ។

ជាមួយ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​រំឭក​ថា ច្បាប់​កម្ពុជា​នឹង​ផ្តល់​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​ជា​ស្វ័យ​ប្រវត្តិ​ដល់​លោក ហូ វ៉ាន់ វិញ។

តំណាង​រាស្ត្រ​ស.រ.អា.​ស្នើសុំ​ឲ្យ​តាមដាន​សុខទុក្ខ​មន្ត្រី​ខ្មែរ​៣​នាក់

នៅ​ក្នុង​សប្តាហ៍​នេះ​ដែរ សមាជិក​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ពីរ​រូប​បាន​ស្នើសុំ​ឲ្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​តាមដាន​មើល​សុខទុក្ខ មន្ត្រី​៣​រូប​ដែល​បាន​ត្រូវ​អញ្ជើញ​ផ្តល់​សក្ខីកម្ម​ក្នុង​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos នៃ​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​កន្លង​ទៅ ថា អ្នក​ទាំង​នោះ​នឹង​មិន​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ណា​មួយ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ខ្មែរ ពេល​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ​ឡើយ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៩ ផ្ញើ​ជូន​លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា សមាជិក​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ពីរ​រូប​ដែល​ជា​សហ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos មក​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ក៏​សុំ​ឲ្យ​ស្ថានទូត​ជូន​ព័ត៌មាន​ជា​ប្រចាំ​ដល់​សមាជិក​សភា​តំណាង​រាស្ត្រ​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​មន្រ្តី​ខ្មែរ​៣​រូប​នោះ​ជា​ទៀងទាត់​ផងដែរ។

នៅ​ក្នុង​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​ពី​គណបក្ស​សមរង្ស៊ី ដែល​ត្រូវ​សភា​ខ្មែរ​ដក​អភ័យ​ឯកសិទ្ធិ លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ការ​គ្រប់គ្រង​តាម​នីតិ​រដ្ឋ​នៅ​កម្ពុជា។

លោក ហែម ហេង ឯកអគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos បាន​អញ្ជើញ​តែ​គណបក្ស​ប្រឆាំង ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ធ្វើ​ជា​សាក្សី គឺ​មិន​បាន​អញ្ជើញ​តំណាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​ទេ។ ដូច្នេះ​បញ្ជាក់​ថា គណៈកម្មការ​នេះ​លម្អៀង​និង​គ្មាន​តម្លាភាព​ទេ។

ស.រ.អា.​ផ្ដល់​ថវិកា​ជិត​៨​លាន​ដុល្លារ​ដើម្បី​ជំរុញ​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក​បាន​កម្ពុជា​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​ទៅ​នឹង​សេចក្ដី​ព្រមព្រៀង​ទ្វេ​ភាគី​មួយ​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា​កន្លង​ទៅ​​នេះ ដែល​យោង​តាម​សេចក្ដី​ព្រមព្រៀង​នេះ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​កិច្ច​អភិវឌ្ឍ​អន្តរជាតិ (USAID) នឹង​ផ្ដល់​ថវិកា​៧.៧៩០.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០០៩​នេះ ដើម្បី​ជួយ​ជំរុញ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ដែល​ជា​វិស័យ​អាទិភាព​របស់​កម្ពុជា។

នាវា​ចម្បាំង​អូស្ត្រាលី​នឹង​មក​ចូល​ចត​នៅ​កំពង់​ផែ​ប្រទេស​កម្ពុជា

មន្ត្រី​នៃ​ការិយាល័យ​ហ្វឹកហ្វឺន​នៃ​កង​ទាហាន​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម បាន​មាន​ប្រសាសន៍​នៅ​សប្តាហ៍​នេះ​ថា កង​នាវិក​នៃ​នាវា​ទាហាន​ជើង​ទឹក​អូស្ត្រាលី​នឹង​មក​ចូល​ចត​នៅ​កំពង់​ផែ​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​បង្ហាត់​បង្ហាញ​នូវ​ជំនាញ​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន​នាវា​ដល់​ទាហាន​ជើង​ទឹក​ខ្មែរ​និង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លោក​វរនាវី​ត្រី រិន្ទ ពិសិដ្ឋ នាយ​រង​ការិយាល័យ​ហ្វឹកហ្វឺន​នៃ​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ចូល​ចត​របស់​ទាហាន​ជើង​ទឹក​អូស្ត្រាលី​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​សប្ដាហ៍​នេះ គឺ​ក្រៅ​ពី​ផ្តល់​ជំនាញ​ដល់​នាវិក​ខ្មែរ ក៏​មាន​ការ​ស្វែង​យល់​ពី​ប្រទេស​កម្ពុជា​ផងដែរ។

តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា របស់​កង​ទ័ព​ជើង​ទឹក​ភូមិន្ទ​អូស្ត្រាលី ឈ្មោះ អេច្ឆអ៊ឹមអេអេស ដារវីន (HMAS DARWIN) នេះ គឺ​ជា​ការ​ពង្រឹង​កិច្ចការ​ទំនាក់​ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​កងទ័ព​អូស្ត្រាលី​និង​កម្ពុជា​តាមរយៈ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​កង​ទ័ព​នេះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ