លោក មុំ សុផុន អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ២១ ដល់ ២៧ កញ្ញា ឆ្នាំ២០០៩។
មន្ត្រីស.រ.អា.ប្ដេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាពនៅកម្ពុជា
បន្ទាប់ពីទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានៅរដ្ឋធានីវ៉ាស៊ិនតុនកាលពីថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០០៩ ស្ថានទូតសហរដ្ឋអាមេរិក (ស.រ.អា.) ប្រចាំកម្ពុជា បានប្រកាសជូនព័ត៌មានថា ក្នុងការជួបនាថ្ងៃទី២១ ខែកញ្ញា ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក រ៉ូប៊ើត ហ្កេតស៍ (Robert Gates) មន្ត្រីអាមេរិកបានថ្លែងសង្កត់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការថែរក្សាសន្តិភាព សន្តិសុខដែនសមុទ្រ និងការប្រឆាំងភេរវកម្ម។
លោករដ្ឋមន្ត្រី រ៉ូប៊ើត ហ្កេតស៍ ថែមទាំងបានផ្តល់ឱកាសជូនលោករដ្ឋមន្ត្រី ទៀ បាញ់ ចូលរួមក្នុងការពិភាក្សាស្តីពីគោលនយោបាយការពារប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខទៀតផង។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្នុងកិច្ចប្រជុំដោយឡែកមួយទៀតរវាងលោក ទៀ បាញ់ ជាមួយលោក ជេមស៍ ស្តេនប៊ើក (James Steinberg) អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក គឺមានការពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពអន្តរជាតិ និងការតាំងចិត្តរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំហ្វឹកហាត់សមយុទ្ធកម្រិតខ្ពស់ថ្នាក់តំបន់ក្នុងឆ្នាំ២០១០ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់ប្រតិបត្តិការសន្តិភាពសកលលោក។
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
កាលពីថ្ងៃពុធសប្តាហ៍នេះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការដែលគេរំពឹងទុកកាលពីឆ្នាំមុនមក ក្នុងខណៈដែលកម្ពុជារងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោក។
លោក ដេវិដ ខូវិន (David Cowen) មន្ត្រី IMF ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីវាយតម្លៃការអភិវឌ្ឍថា មុននេះ IMF ទស្សន៍ទាយថា សេដ្ឋកិច្ចខ្មែរឆ្នាំនេះធ្លាក់ចុះក្រោមសូន្យដល់-០,៥%នោះ តែឥឡូវមើលឃើញថា ធ្លាក់ចុះដល់-២,៧៥% ក្នុងពេលដែលផ្នែកខ្លះនៃសេដ្ឋកិច្ចដំណើរការមិនដូចការរំពឹងទុកមកនោះ។
លោកថា កត្តាចម្បងនៃសេដ្ឋកិច្ចខ្មែរមានការនាំចេញសម្លៀកបំពាក់ដេរស្រាប់ទៅសហរដ្ឋអាមេរិក ការចំណាយរបស់ភ្ញៀវបរទេស និងការវិនិយោគទុនបរទេសលើផ្នែកសំណង់ធំៗបានត្រូវថយចុះខ្លាំង។
ក៏ប៉ុន្តែលោកបន្ថែមថា ការវិនិយោគលើផ្នែកផ្លូវថ្នល់ជនបទនិងខាងប្រព័ន្ធធារាសាស្ត្របានត្រូវរំពឹងថា នឹងបង្កើនផលិតផលកសិកម្ម៥%នៅឆ្នាំនេះ។
ព័ត៌មានបន្តថា ទោះបីជាប៉ុន្មានឆ្នាំមុនវិបត្តិសេដ្ឋកិច្ចសកលលោកនេះអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមានជាង១០%ក្តី ក៏កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសក្របំផុតក្នុងពិភពលោក។ អត្រាមនុស្សអត់ការងារធ្វើមានកម្រិតខ្ពស់និងប្រាក់ចំណូលទាប គឺអ្នកមានការងារធ្វើប្រមាណ៣៥%ក្នុងចំណោមមនុស្ស១៤លាននាក់រស់នៅដោយមានប្រាក់ចំណូល៥០សេនប្រាក់ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
ក្រុមសិទ្ធិមនុស្សថ្លែងសរសើរការលើកលែងការចោទប្រកាន់លើតំណាងរាស្ត្របក្សប្រឆាំង
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានស្វាគមន៍ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញដែលឲ្យលោក ហូ វ៉ាន់ អ្នកតំណាងរាស្ត្រពីគណបក្សសមរង្ស៊ីបានរួចខ្លួនពីការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ប្តឹងដោយមន្រ្តីយោធាចំនួន២២រូបនៃកងយោធពលខេមរភូមិន្ទ។
ក្នុងការប្រកាសសាលក្រមកាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០០៩ សប្តាហ៍នេះ ចៅក្រមជម្រះក្តី លោក សិន វិសាល ប្រកាសថា មិនមានវត្ថុតាងគ្រប់គ្រាន់ដើម្បីផ្តន្ទាទោសលោក ហូ វ៉ាន់ ពីបទបរិហារកេរ្តិ៍នោះឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃ២៣ ខែកញ្ញាសប្តាហ៍នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកតម្កើងការសម្រេចរបស់តុលាការនេះ ថាអាចជាភ្លើងខៀវនៃឯករាជភាពតុលាការនៅស្រុកខ្មែរ។
ជាមួយនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានរំឭកថា ច្បាប់កម្ពុជានឹងផ្តល់អភ័យឯកសិទ្ធិតំណាងរាស្ត្រជាស្វ័យប្រវត្តិដល់លោក ហូ វ៉ាន់ វិញ។
តំណាងរាស្ត្រស.រ.អា.ស្នើសុំឲ្យតាមដានសុខទុក្ខមន្ត្រីខ្មែរ៣នាក់
នៅក្នុងសប្តាហ៍នេះដែរ សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូបបានស្នើសុំឲ្យស្ថានទូតអាមេរិកប្រចាំកម្ពុជាតាមដានមើលសុខទុក្ខ មន្ត្រី៣រូបដែលបានត្រូវអញ្ជើញផ្តល់សក្ខីកម្មក្នុងគណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ ថា អ្នកទាំងនោះនឹងមិនស្ថិតក្រោមការគាបសង្កត់ណាមួយពីសំណាក់រាជរដ្ឋាភិបាលខ្មែរ ពេលត្រឡប់មកដល់ស្រុកខ្មែរវិញឡើយ។
ក្នុងលិខិតចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៩ ផ្ញើជូនលោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូបដែលជាសហប្រធានគណៈកម្មការសិទ្ធិមនុស្ស Tom Lantos មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ក៏សុំឲ្យស្ថានទូតជូនព័ត៌មានជាប្រចាំដល់សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកទាក់ទងនឹងមន្រ្តីខ្មែរ៣រូបនោះជាទៀងទាត់ផងដែរ។
នៅក្នុងគណៈកម្មការសិទ្ធិមនុស្ស Tom Lantos លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រពីគណបក្សសមរង្ស៊ី ដែលត្រូវសភាខ្មែរដកអភ័យឯកសិទ្ធិ លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ និងលោក មឿន តុលា ប្រធានកម្មវិធីពលកម្មនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានធ្វើជាសាក្សីក្នុងការផ្តល់សក្ខីកម្មអំពីបញ្ហាសិទ្ធិមនុស្សនិងការគ្រប់គ្រងតាមនីតិរដ្ឋនៅកម្ពុជា។
លោក ហែម ហេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា គណៈកម្មការសិទ្ធិមនុស្ស Tom Lantos បានអញ្ជើញតែគណបក្សប្រឆាំង ហើយនិងអង្គការក្រៅរដ្ឋាភិបាលចូលរួមធ្វើជាសាក្សី គឺមិនបានអញ្ជើញតំណាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមទេ។ ដូច្នេះបញ្ជាក់ថា គណៈកម្មការនេះលម្អៀងនិងគ្មានតម្លាភាពទេ។
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
សហរដ្ឋអាមេរិកបានកម្ពុជាចុះហត្ថលេខាលើវិសោធនកម្មទៅនឹងសេចក្ដីព្រមព្រៀងទ្វេភាគីមួយនៅថ្ងៃពុធ ទី២៣ ខែកញ្ញាកន្លងទៅនេះ ដែលយោងតាមសេចក្ដីព្រមព្រៀងនេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍអន្តរជាតិ (USAID) នឹងផ្ដល់ថវិកា៧.៧៩០.០០០ដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០០៩នេះ ដើម្បីជួយជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចដែលជាវិស័យអាទិភាពរបស់កម្ពុជា។
នាវាចម្បាំងអូស្ត្រាលីនឹងមកចូលចតនៅកំពង់ផែប្រទេសកម្ពុជា
មន្ត្រីនៃការិយាល័យហ្វឹកហ្វឺននៃកងទាហានជើងទឹកមូលដ្ឋានសមុទ្ររាម បានមានប្រសាសន៍នៅសប្តាហ៍នេះថា កងនាវិកនៃនាវាទាហានជើងទឹកអូស្ត្រាលីនឹងមកចូលចតនៅកំពង់ផែប្រទេសកម្ពុជាដើម្បីជួយបង្ហាត់បង្ហាញនូវជំនាញបច្ចេកទេសគ្រឿងម៉ាស៊ីននាវាដល់ទាហានជើងទឹកខ្មែរនិងបំពេញទស្សនកិច្ចទៅកាន់តំបន់នានានៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកវរនាវីត្រី រិន្ទ ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺននៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានមានប្រសាសន៍ឲ្យដឹងថា ការចូលចតរបស់ទាហានជើងទឹកអូស្ត្រាលីនៅថ្ងៃទី២២ ខែកញ្ញាសប្ដាហ៍នេះ គឺក្រៅពីផ្តល់ជំនាញដល់នាវិកខ្មែរ ក៏មានការស្វែងយល់ពីប្រទេសកម្ពុជាផងដែរ។
តាមការប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងមកនេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា របស់កងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី ឈ្មោះ អេច្ឆអ៊ឹមអេអេស ដារវីន (HMAS DARWIN) នេះ គឺជាការពង្រឹងកិច្ចការទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងកងទ័ពអូស្ត្រាលីនិងកម្ពុជាតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការកងទ័ពនេះ៕
