សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៨ កញ្ញា ដល់ ៤ តុលា ២០០៩

2009-10-04

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន រដ្ឋ​សភា​លើក​យក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ក្រម​ព្រហ្មទណ្ឌ​មក​ពិភាក្សា និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

RFA/Uon Chhin

០១-១០-០៩: សមាជិក​សភា​ចូល​រួម​ពិភាក្សា​ដើម្បី​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣ នីតិ​កាល​ទី​៤(រូប​ភាព​ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​នៅ​រដ្ឋ​សភា)។

លោក អ៊ួន ឈិន អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២៨ កញ្ញា ដល់ ៤ តុលា ឆ្នាំ​២០០៩។

រដ្ឋ​សភា​លើក​យក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ក្រម​ព្រហ្មទណ្ឌ​មក​ពិភាក្សា

រដ្ឋសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​សម្រេច​ដោយ​សំឡេង​គាំទ្រ​ស្មើ​នឹង​៩៩ ក្នុង​ចំណោម​តំណាង​រាស្ត្រ​១០១​រូប​ដែល​បាន​ចូលរួម​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៣ នីតិ​កាល​ទី​៤ នៅ​ថ្ងៃ​ទី​១ តុលា ដើម្បី​ដាក់​បញ្ចូល​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ក្រម​ព្រហ្មទណ្ឌ​ក្នុង​ការ​ពិភាក្សា​និង​អនុម័ត។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​មាន​ប្រសាសន៍​ថា មាន​សំណើ​ពី​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ចំនួន​៤​រូប​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០០៩ ដោយ​សុំ​ឲ្យ​មាន​វិសោធនកម្ម​លើ​មាត្រា​ចំនួន​៤៣ ក្នុង​ចំណោម​៦៧២​មាត្រា​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ក្រម​ព្រហ្មទណ្ឌ​នេះ។ ទោះ​យ៉ាង​ណា សំណើ​នេះ​ត្រូវ​បាន​រដ្ឋ​សភា​បដិសេធ​ដោយ​សំឡេង​៨៣​លើ​១០១ ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៣។

ស៊ូរិយ៉ា ស៊ូប៊េឌី៖ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ

តំណាង​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក ស៊ូរិយ៉ា ស៊ូប៊េឌី (Surya Subedi) បាន​មាន​ប្រសាសន៍​ថា សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​យោបល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក ស៊ូរិយ៉ា ស៊ូប៊េឌី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ តុលា បន្ទាប់​ពី​សង្កេត​ឃើញ​ថា ក្រុម​មនុស្ស​ដែល​និយាយ​រិះគន់​រដ្ឋាភិបាល ឬ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​រង​ការ​ចោទ​ប្រកាន់​និង​សម្រេច​ដាក់​ទោស​ដោយ​តុលាការ​កម្ពុជា ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ឬ​បទ​បរិហារ​កេរ្តិ៍។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាលពី​ពេល​ថ្មីៗ​នេះ លោក ហោ ណាំហុង ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស បាន​មាន​ប្រសាសន៍​ថា ការ​ដែល​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​រឹត​ត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​សព្វ​ថ្ងៃ​នេះ​អ្នក​រិះគន់​រាជ​រដ្ឋាភិបាល​មិន​ត្រឹម​តែ​អាច​រិះគន់​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ដើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ​និយាយ​រិះគន់​រាជ​រដ្ឋាភិបាល​ថែម​ទៀត​ផង។

ការ​លើក​ឡើង​របស់​មន្រ្តី​អ.ស.ប​អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា។

លោក ងួន ញ៉ិល អនុ​ប្រធាន​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា រដ្ឋ​សភា​មិន​អាច​ទទួល​យក​មក​ពិភាក្សា​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​បាន​ទេ​នូវ​ការ​លើក​ឡើង​របស់​បេសកជន​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា គឺ​លោក ស៊ូរិយ៉ា សូប៊េឌី ដែល​បាន​លើក​ឡើង​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ ហើយ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ។

លោក ងួន ញ៉ិល បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៣ នីតិ​កាល​ទី​៤ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ស្តីពី​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ គឺ​លោក យឹម សុវណ្ណ បាន​ស្នើ​ឲ្យ​រដ្ឋសភា​ដក​មាត្រា​មួយចំនួន​ចេញ​ពី​សេចក្ដី​ព្រាង​ក្រម​ព្រហ្មទណ្ឌ ដូច​ជា​ការ​បរិហារ​កេរ្តិ៍​និង​ការ​ជេរ​ប្រមាថ ដើម្បី​យក​ទៅ​ធ្វើ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​មួយ​ថ្មី ឬ​ដាក់​បញ្ចូល​ចូល​ក្នុង​ក្រម​រដ្ឋប្បវេណី​ផ្អែក​តាម​ការ​លើក​ឡើង​របស់​លោក ស៊ូរិយា ស៊ូប៊េឌី។

ហ៊ុន សែន៖ ដី​៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​គឺ​ជា​ដី​ខ្មែរ

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​ជា​សាធារណៈ​ថា ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​គឺ​ជា​ដី​របស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ ពុំ​មាន​នរណា​អាច​កាឡៃ​ឬ​កែប្រែ​បាន​ឡើយ។

លោក ហ៊ុន សែន បាន​អះអាង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ទី​ស្នាក់ការ​ក្រសួង​ទេសចរណ៍ ដែល​មាន​ទីតាំង​ក្នុង​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ព្រមាន​ក្រុម​បាតុករ​អាវ​លឿង​ថៃ​ដែល​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​យក​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នោះ​ថា "ដោយសារ​តែ​ជនជាតិ​សៀម​បី​នាក់​បួន​នាក់​ហ្នឹង​ហើយ បាន​ជា​កងទ័ព​សៀម​ឈ្លាន​ពាន​ចូល​មក​វត្ត​កែវសិខាគិរីស្វរៈ គឺ​ជនជាតិ​ថៃ​ចូល​មក​៣​នាក់ លោក​សង្ឃ​មួយ​អង្គ យាយ​ជី​ម្នាក់ អាចារ្យ​ម្នាក់។ លុះ​ដល់​ពេល​ភាគី​កម្ពុជា​ចាប់​ធ្វើ​កំណត់​ហេតុ ភាគី​ថៃ​យក​ហេតុផល​បញ្ជូន​ទ័ព​ចូល​តែ​ម្ដង"។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា "អ៊ីចឹង​មិន​បាច់​ចាប់​ទេ កុំ​ឆ្ងល់ ដី​ខ្មែរ​ទេ​តើ! មក​ដោយ​ល្បិច​កល ហើយ​មក​នេះ​មិន​មែន​ត្រឹម​ទាមទារ​ដី​ទំនាស់​៤,៦​គីឡូម៉ែត្រ​ក្រឡា​ទេ គឺ​យក​ប្រាសាទ"។

នាយក​រដ្ឋមន្ត្រី​ថៃ​ប្រតិកម្ម​តប​នឹង​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ

ប្រតិកម្ម​តប​ទៅ​នឹង​ប្រសាសន៍​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ដែល​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាប់​ពលរដ្ឋ​ថៃ​ណា​ដែល​ឆ្លង​ព្រំដែន​ចូល​មក​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ នាយក​រដ្ឋមន្រ្តី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ ទី​២៩ កញ្ញា ថា លោក ហ៊ុន សែន មាន​បំណង​ចង់​សងសឹង​តបត​ទៅ​នឹង​ក្រុម​បាតុករ​ថៃ​ដែល​បាន​ធ្វើការ​តវ៉ា​ទាមទារ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា។

ប៉ុន្តែ​នាយក​រដ្ឋមន្រ្តី​ថៃ​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ទទូច​ថា ប្រទេស​ថៃ​នៅតែ​ចង់​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី​ចំពោះ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ តាមរយៈ​គណៈកម្មាធិការ​ព្រំដែន​រួម​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ទាំង​ពីរ។

មន្ត្រី​យោធា​ថៃ​ទទួល​ស្គាល់​ថា​បាន​ដុត​សាកសព​កុមារ​ខ្មែរ​មួយ​រូប​មែន

មន្ត្រី​យោធា​នៃ​ប្រទេស​ថៃ​បាន​ទទួល​ស្គាល់​ថា ទាហាន​របស់​ខ្លួន​បាន​ដុត​សាកសព​កុមារា​ខ្មែរ​មួយ​រូប​ពិត​ប្រាកដ​មែន ប៉ុន្តែ​បញ្ជាក់​ថា មិន​បាន​ដុត​ទាំង​រស់​ដូច​ការ​ចោទ​ប្រកាន់​របស់​ភាគី​ខ្មែរ​នោះ​ទេ។

សូម​ជម្រាប​ថា សាកសព​របស់​កុមារា សាំង រិទ្ធ ដែល​មាន​សភាព​ធ្លុះធ្លាយ​និង​ស្លាកស្នាម​ដុត​រោល​ខ្លួន​នោះ​ត្រូវ​បាន​ឪពុក​និង​អ្នក​ភូមិ​រំដោះ​យក​ចេញ​ពី​ដី​ថៃ​មក​វិញ។ ឪពុក​របស់​កុមារា​រងគ្រោះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​និង​អង្គការ​អន្តរជាតិ​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​កូន​ប្រុស​របស់​ខ្លួន ហើយ​រាជ​រដ្ឋាភិបាល​ខ្មែរ​ក៏​កំពុង​ស៊ើប​អង្កេត​រក​ការ​ពិត​អំពី​រឿង​នេះ​ដែរ។

យ៉ាង​ហោច​ណាស់​មនុស្ស​១៧​នាក់​បាន​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​នៅ​កម្ពុជា

តាម​ព័ត៌មាន​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន រហូត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មនុស្ស​១៧​នាក់​បាន​ស្លាប់​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ហើយ​ផ្ទះ​សម្បែង​រាប់​រយ​ខ្នង​ត្រូវ​បាន​បំផ្លាញ សត្វ​ពាហនៈ ដី​ស្រែ​ចម្ការ ត្រូវ​ទឹក​ជន់​លិច ដោយសារ​ខ្យល់​ព្យុះ​កំបុត​ត្បូង​បោក​បក់​ប៉ះ​ត្រូវ​ខេត្ត​មួយចំនួន​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា ទូរទស្សន៍​កម្ពុជា​បាន​ចាក់​ផ្សាយ​ការ​ប្រកាស​របស់​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​កន្លង​មក ឲ្យ​ប្រជាពលរដ្ឋ​និង​មន្ត្រី​រដ្ឋាភិបាល​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​ព្យុះ​កំបុត​ត្បូង ដែល​នឹង​អាច​បោក​បក់​ចំ​ខេត្ត​មួយ​ចំនួន​ភាគ​ឦសាន និង​តាម​តំបន់​ទន្លេ​សាប​នៃ​ប្រទេស​កម្ពុជា។

មន្ត្រី​​រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ថា​បិទ​សិទ្ធិ​សេរីភាព​អ្នក​កាសែត

អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ថា រដ្ឋាភិបាល​ខ្មែរ​មិន​ដែល​បិទ​សេរីភាព​អ្នក​សារ​ព័ត៌មាន​ឡើយ។

ប្រតិកម្ម​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នូវ​ទស្សនៈ​របស់​អ្នក​កាសែត​មួយ​ចំនួន​ថា នៅ​ពេល​នេះ​ពួក​គេ​កំពុង​មាន​ការ​រារែក​ខ្លាច​រអា​ក្នុង​ការ​សរសេរ​អត្ថបទ​ទាំង​ឡាយ​រិះគន់ ខណៈ​ដែល​ពួក​គេ​ឃើញ​អ្នក​កាសែត​ខ្លះ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក និង​អ្នក​កាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) ពីរ​រូប​ត្រូវ​បាន​គេ​ផាក​ពិន័យ​ជា​ច្រើន​លាន​រៀល៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ