សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៥ ដល់ ២១ កញ្ញា ២០០៨

2008-09-22

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន អាមេរិក​សន្យា​ផ្ដល់​ថវិកា​ជំហាន​ដំបូង​ដល់​សាលាក្ដី​ខ្មែរ​ក្រហម និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

AFP Photo/Tang Chhin Sothy

នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Negroponte (ឆ្វេង) នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា នា​ថ្ងៃ​ទី​១៥ កញ្ញា ២០០៨។

អាមេរិក​សន្យា​ផ្ដល់​ថវិកា​ជំហាន​ដំបូង​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក ចន នីហ្ក្រូផុនថេ (John Negroponte) បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ១៦ កញ្ញា​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ថវិកា​ជា​ជំហាន​ដំបូង​ចំនួន ១,៨​លាន​ដុល្លារ​អាមេរិក​ដល់​ភាគី​អង្គការ​សហប្រជាជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម។

មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្តី​ខ្មែរ​ក្រហម លោក រាជ សម្បត្តិ បាន​ថ្លែង​ថា ក្នុង​ផែនការ​ចំណាយ​សម្រាប់​ឆ្នាំ​២០០៩ ភាគី​កម្ពុជា​ត្រូវការ​ថវិកា​ជាង ៦​លាន​ដុល្លារ​អាមេរិក ចំណែក​ឯ​ភាគី​អង្គការ​សហប្រជាជាតិ ត្រូវការ​ជាង ៣៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បញ្ចុះ​តម្លៃ​ប្រេង​សាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា នឹង​ខិតខំ​បញ្ចុះ​ថ្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា នៅ​ពេល​ដែល​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ថ្លៃ​ប្រមាណ​២៥% ខណៈដែល​តម្លៃ​ប្រេង​នៅ​កម្ពុជា​ធ្លាក់​ត្រឹម​តែ ១០​ភាគរយ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា កន្លង​ទៅ​ថា លោក​នឹង​បញ្ជា​ឲ្យ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដោះស្រាយ​បញ្ហា​បញ្ចុះ​ថ្លៃ​ប្រេង​នេះ។

តំណាងរាស្រ្ត​មក​ពី​គណបក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​មាន​យោបល់​ថា ក្រុមហ៊ុន​ប្រេង​នៅ​ប្រទេស​កម្ពុជា​មួយ​ចំនួន​មាន​ការស៊ុម​គ្រលំ​គ្នា ឡើង​ថ្លៃ​ប្រេង តែ​ពួក​គេ​កម្រ​លក់​ចុះ​ថ្លៃ​ភ្លាមៗ តាម​ការ​ប្រែប្រួល​របស់​ទីផ្សារ​អន្តរជាតិ​ណាស់។

សម្ដេច​ក្រុមព្រះ​នឹង​យាង​ចូល​ស្រុក​វិញ​នៅ​ចុង​ខែ​កញ្ញា ២០០៨

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​១៧ កញ្ញា​នេះ​ថា លោក​ចង់​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាង​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ​ធ្វើ​មាតុភូមិ​និវត្តន៍​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ថ្ងៃ​២៩ កញ្ញា ខាង​មុខ​នេះ ហើយ​ថា ដើម្បី​ជា​ការបង្រួប​បង្រួម​ជាតិ ប៉ុន្តែ​ចាំបាច់​ត្រូវ​ទទួល​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។

នាយក​រដ្ឋមន្ត្រី​គំរាម​ដក​អភ័យ​ឯកសិទ្ធិ​ប្រធាន​បក្ស​ប្រឆាំង

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​គំរាម​កាល​ពី​ថ្ងៃ​ពុធ ១៧ កញ្ញា ក្នុង​ការដក​អភ័យ​ឯកសិទ្ធិ លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង បន្ទាប់ពី​លោក​បាន​ប្រើ​ពាក្យពេចន៍​រិះគន់​សភា​ជាតិ​អាណត្តិ​ថ្មី​ថា ជា​សភា​ចោរ សភា​ខ្មោច និង​ជា​សភា​យួន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​ការខឹងសម្បា​ចំពោះ​មេដឹកនាំ​បក្ស​ប្រឆាំង​ដោយ​ចោទ​ថា ការរិះគន់​នោះ​គឺ​ជា​ការប្រមាថ​មក​ដល់​ស្ថាប័ន​កំពូល​របស់​ជាតិ ហើយ​ដែល​លោក​ស្នើ​ឲ្យ​មាន​ការចាត់​វិធានការ​លើ​ការរិះគន់​នោះ។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ឆ្លើយ​តប​ថា ការគំរាម​កំហែង​ដូច្នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

បក្ស​ប្រឆាំង​ពីរ​គ្រោង​ស្បថ​ចូល​កាន់​តំណែង​ជា​តំណាងរាស្ត្រ​ដាច់​ដោយ​ឡែក

គណបក្ស​ប្រឆាំង​ចំនួន​ពីរ​ក្នុង​ប្រទេស​កម្ពុជា​គឺ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​អះអាង​ឲ្យ​ដឹង​ថា ពួក​គេ​គ្រោង​នឹង​ធ្វើ​ពិធី​ស្បថ​ដាច់​ដោយទ្បែក​ដើម្បី​ចូល​កាន់​តំណែង​ជា​តំណាង​រាស្រ្ត​អាណត្តិ​ទី​៤ នា​ពេល​ខាង​មុខ​នេះ នៅ​គ្រា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ដទៃ​ទៀត​មាន​គម្រោងការ​បើក​សម័យ​ប្រជុំ​សភា​ជាតិ​លើក​ដំបូង​និង​ស្បថ​ចូល​កាន់​តំណែង​ជា​តំណាង​រាស្រ្ត នៅ​ថៃ្ង​ទី​២៤ ខែ​កញ្ញា​សប្តាហ៍​ខាង​មុខ​នេះ ក្រោម​ព្រះរាជ​អធិបតីភាព​របស់​ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី។

គណបក្ស​ប្រឆាំង​ទាំង​ពីរ​ខាង​លើ​បាន​សរសេរ​លិខិត​ដាច់​ដោយឡែក​ពី​គ្នា​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រទាន​ការអនុញ្ញត​ឲ្យ​គណបក្ស​ទាំង​ពីរ​នោះ​ស្បថ​ចូល​កាន់​តំណែង​ជា​តំណាង​រាស្ត្រ​នៅ​ថៃ្ង​ដាច់​ដោយទ្បែក​និង​ទី​កន្លែង​ដាច់​ដោយទ្បែក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ដទៃ​ទៀត​នោះ ដើម្បី​បង្ហាញ​ថា ពួក​គេ​ជំទាស់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ​កាលពី​ថៃ្ង​ទី​២៧ ខែ​កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ។

ប្រេសិត​អគ្គលេខាធិការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លា​ឈប់​ពី​តំណែង

បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​លា​ឈប់​ពី​តំណែង​ហើយ បន្ទាប់ពី​មាន​សង្គ្រាម​ពាក្យសម្ដី​ដ៏​យូរ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​មិន​ដែល​ជួប​មនុស្ស​បែប​នេះ​ឡើយ។

ក្នុង​កិច្ច​ថ្លែង​នៅ​មុខ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក យ៉ាស្ហ ហ្កាយ បាន​ត្អូញត្អែរ​អំពី​ការរង​ការមាក់ងាយ​ជា​ញឹកញាប់​ពីសំណាក់​មេដឹកនាំ​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ ទី​១៧ កញ្ញា បាន​អបអរ​ចំពោះ​ការ​លា​ឈប់​ពី​តំណែង​របស់​លោក យ៉ាស្ហ ហ្កាយ ក៏​ប៉ុន្តែ​ថា លោក​មិនមែន​ដាក់​បណ្តាសា លោក យ៉ាស្ហ ហ្កាយ នោះ​ឡើយ។

នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ​នឹង​បន្ត​ការចរចា​ពី​រឿង​ព្រំដែន​ជាមួយ​កម្ពុជា

នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី លោក ស៊ុមឆៃ វង្សសុវត្ថិ បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៨ កញ្ញា​ថា រដ្ឋាភិបាល​ថៃ នឹង​បន្ត​កិច្ច​ចរចា​ជាមួយ​ភាគី​រដ្ឋាភិបាល​កម្ពុជា នៅ​ចុង​ខែ​កញ្ញា​នេះ ស្តីពី​បញ្ហា​ទំនាស់​ព្រំ​ដែន​ខ្មែរ​ថៃ​នោះ។

លោក ស៊ុមឆៃ វង្សសុវត្ថិ ថ្លែង​ដូច្នេះ​នៅឯ​ទីស្តីការ​ក្រសួង​ការបរទេស​ថៃ នៅ​ទីក្រុង​បាងកក ដោយ​គូស​បញ្ជាក់​ថា លោក​បាន​ស្នើ​ឲ្យ​ក្រសួង​ការបរទេស​ថៃ ជូន​ដំណឹង​ដល់​សមភាគី​រដ្ឋាភិបាល​កម្ពុជា អំពី​ចេតនា​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជានោះ។

ពលរដ្ឋ​ស្វែង​រក​អន្តរាគមន៍​ពី​តុលាការ​ដើម្បី​ផ្អាក​ការបូម​ខ្សាច់​ចាក់​លុប​បឹង​កក់

មេធាវី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ថា តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ នឹង​ចេញ​សេចក្តី​សម្រេច​លើ​ពាក្យ​សុំ​ចេញ​ដីកា​សម្រេច​ឲ្យ​ក្រុមហ៊ុន​សូកាគូ ផ្អាក​ការបូម​ខ្សាច់​ចាក់​បំពេញ​បឹង​ឬ​បន្ត​សកម្មភាព​បូម​ខ្សាច់​នោះ។

មេធាវី​របស់​ប្រជាពលរដ្ឋ លោក ជូង ជូងី បាន​ឲ្យ​ដឹង​ដូច្នេះ បន្ទាប់​ពី​លោក​បាន​ចូល​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដោយ​លោក​បាន​ជួប​ជាមួយ​នឹង​ចៅក្រម​និង​ក្រឡាបញ្ជី ដើម្បី​បំភ្លឺ​ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​សូកាគូ​ផ្អាក​ការបូម​ខ្សាច់​ដាក់​បឹង​បណ្ដោះ​អាសន្ន​សិន​រួច​ហើយ ហើយ​លោក​នឹង​រង់ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ (ទី​២២ កញ្ញា ២០០៨)។ បើ​មិន​មាន​លទ្ធផល​ទេ​នោះ លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត។

បើ​តាម​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​មិន​មាន​សិទ្ធិ​រហូត​ដល់​ប្រឆាំង​ក្នុង​ការបូម​ខ្សាច់​បញ្ចូល​ក្នុង​បឹងកក់​នេះ​ទេ ព្រោះ​ពួក​គាត់​មក​រស់នៅ​ទី​នេះ​មិន​ស្រប​ច្បាប់។

ភ្នាក់ងារFBI មក​ដល់​កម្ពុជា​ដើម្បី​ជួយ​ស៊ើប​រក​ឃាតករ​សម្លាប់​អ្នក​កាសែត

ស្ថានទូត​អាមេរិកាំង​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា ភ្នាក់ងារ​អេហ្វ.ប៊ី.អាយ. (FBI) មួយ​ក្រុម បាន​មក​ដល់​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ នៅ​ក្នុង​កិច្ច​សហការ​ស្រាវជ្រាវ​ជាមួយ​ក្រសួង​មហាផ្ទៃ​ខ្មែរ​ដើម្បី​វែក​មុខ​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​អ្នក​កាសែត​មនសិការ​ខ្មែរ គឺលោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស។ ប្រភព​ពី​ប៉ូលិស​ឲ្យ​ដឹង​បន្ថែម​ថា ភ្នាក់ងារ​អេហ្វ​.ប៊ី​.អាយ. ដែល​បាន​មក​ដល់​មាន​ក្រុម​អ្នក​ជំនាញ​ខាង​គូរ​រូបភាព​និង​ក្រុម​អ្នក​អង្កេត។

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​បញ្ជាក់​លម្អិត​អំពី​ការស្រាជ្រាវ​និង​រយៈពេល​ប៉ុន្មាន​ដែល​បេសកកម្ម​នោះ​ត្រូវ​បញ្ចប់​ឡើយ ប៉ុន្តែ​លោក​បង្ហើប​ថា ការសន្និដ្ឋាន​រួម​គ្នា​ជំហាន​ដំបូង​នៅ​ក្នុង​ជំនួប​នោះ បាន​ផ្តោត​ទៅ​លើ​ការសង្ស័យ​នៃ​ការសម្លាប់​កូន​ប្រុស​របស់​លោក ឃឹម សម្បូណ៍ ទៅ​វិញ។

កម្ពុជា​នឹង​មិន​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​និង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ទេ​នៅ​ឆ្នាំ​នេះ

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ក្នុង​ប្រទេស​កម្ពុជា បាន​អះអាង​ថា ប្រទេស​កម្ពុជា​នឹង​មិន​ប្រឈមមុខ​ចំពោះ​បញ្ហា​គ្រោះ​រាំងស្ងួត​និង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ទេ​នៅ​ឆ្នាំ​២០០៨​នេះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជាច្រើន​កន្លែង​សម្រាប់​ដំណាំ​កសិកម្ម ហើយ​ទឹក​ទន្លេ​មេគង្គ​នៅ​មិនទាន់​បាន​ទើ្បង​ដល់​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​ការប្រកាស​អាសន្ន​ធ្ងន់ធ្ងរ​នៅ​ទើ្បយ។

ពលរដ្ឋ​៦​គ្រួសារ​នៅ​ក្រុង​ព្រះសីហនុ​មិន​បាន​ទទួល​ដី​ដែល​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​បែងចែក

ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ដែល​រស់នៅ​មណ្ឌល​១ សង្កាត់​៣ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ បាន​តវ៉ា​ថា ពួក​គេ​មិន​បាន​ទទួល​ចំណែក​ដី​របស់​ខ្លួន​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​បែងចែក​ឲ្យ​នោះ​ទេ ហើយមិន​បាន​ទទួល​ទេ ហើយ​មិន​តែ​ប៉ុណ្ណោះ ចំនួន​គ្រួសារ​ដែល​បាន​ទទួល​ចំណែក​ដី​បាន​កើន​ពី ១២៥​គ្រួសារ​ទៅ​ដល់​១៧០​គ្រួសារ​ទៀត​ផង។

មន្រ្តី​សមាជិក​គណៈកម្មាធិការ​បែងចែក​ដី​ទំនាស់​នៅ​តំបន់​ក្រុង​ព្រះសីហនុ​នោះ​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​បាន​ឡើយ​កាល​ពី​ថ្ងៃ​១៨ កញ្ញា តែ​លោក ស៉្បោង សារ៉ាត់ អភិបាល​ក្រុង​ព្រះសីហនុ​ដែល​ទើប​បាន​ទទួល​ការតែងតាំង​ថ្មី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៦​គ្រួសារ​នោះ​ជា​អ្នក​នៅ​ចាំ​ដី​ឲ្យ​គេ។

ដី​ដែល​ត្រូវ​បែងចែក​ឲ្យប្រជាពលរដ្ឋ​នោះ មួយ​ប្លង់ៗ​ទំហំ ២០​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ ដែល​ត្រូវ​បែងចែក​តាម​ការបញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ខែ​មករា​កន្លង​ទៅ​នៅ​ក្រុង​ព្រះសីហនុ​នោះ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​៣-៩ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៧ តុលា ដល់ ២ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨