អាមេរិកសន្យាផ្ដល់ថវិកាជំហានដំបូងដល់សាលាក្ដីខ្មែរក្រហម
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចន នីហ្ក្រូផុនថេ (John Negroponte) បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារ ១៦ កញ្ញាថា សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាជាជំហានដំបូងចំនួន ១,៨លានដុល្លារអាមេរិកដល់ភាគីអង្គការសហប្រជាជាតិនៃសាលាក្តីខ្មែរក្រហម។
មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម លោក រាជ សម្បត្តិ បានថ្លែងថា ក្នុងផែនការចំណាយសម្រាប់ឆ្នាំ២០០៩ ភាគីកម្ពុជាត្រូវការថវិកាជាង ៦លានដុល្លារអាមេរិក ចំណែកឯភាគីអង្គការសហប្រជាជាតិ ត្រូវការជាង ៣៩លានដុល្លារសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីបញ្ជាឲ្យបញ្ចុះតម្លៃប្រេងសាំង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងខិតខំបញ្ចុះថ្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅពេលដែលតម្លៃប្រេងលើទីផ្សារអន្តរជាតិបានធ្លាក់ចុះថ្លៃប្រមាណ២៥% ខណៈដែលតម្លៃប្រេងនៅកម្ពុជាធ្លាក់ត្រឹមតែ ១០ភាគរយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅថា លោកនឹងបញ្ជាឲ្យមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោះស្រាយបញ្ហាបញ្ចុះថ្លៃប្រេងនេះ។
តំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានមានយោបល់ថា ក្រុមហ៊ុនប្រេងនៅប្រទេសកម្ពុជាមួយចំនួនមានការស៊ុមគ្រលំគ្នា ឡើងថ្លៃប្រេង តែពួកគេកម្រលក់ចុះថ្លៃភ្លាមៗ តាមការប្រែប្រួលរបស់ទីផ្សារអន្តរជាតិណាស់។
សម្ដេចក្រុមព្រះនឹងយាងចូលស្រុកវិញនៅចុងខែកញ្ញា ២០០៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃពុធ ទី១៧ កញ្ញានេះថា លោកចង់ឲ្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាងចេញពីប្រទេសម៉ាឡេស៊ី ហើយធ្វើមាតុភូមិនិវត្តន៍ចូលស្រុកខ្មែរវិញនៅក្នុងឱកាសបុណ្យភ្ជុំថ្ងៃ២៩ កញ្ញា ខាងមុខនេះ ហើយថា ដើម្បីជាការបង្រួបបង្រួមជាតិ ប៉ុន្តែចាំបាច់ត្រូវទទួលការលើកលែងទោសពីព្រះមហាក្សត្រ។
នាយករដ្ឋមន្ត្រីគំរាមដកអភ័យឯកសិទ្ធិប្រធានបក្សប្រឆាំង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគំរាមកាលពីថ្ងៃពុធ ១៧ កញ្ញា ក្នុងការដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បន្ទាប់ពីលោកបានប្រើពាក្យពេចន៍រិះគន់សភាជាតិអាណត្តិថ្មីថា ជាសភាចោរ សភាខ្មោច និងជាសភាយួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងការខឹងសម្បាចំពោះមេដឹកនាំបក្សប្រឆាំងដោយចោទថា ការរិះគន់នោះគឺជាការប្រមាថមកដល់ស្ថាប័នកំពូលរបស់ជាតិ ហើយដែលលោកស្នើឲ្យមានការចាត់វិធានការលើការរិះគន់នោះ។ មន្ត្រីគណបក្សប្រឆាំងបានឆ្លើយតបថា ការគំរាមកំហែងដូច្នេះ មិនមែនជារឿងថ្មីនោះទេ។
បក្សប្រឆាំងពីរគ្រោងស្បថចូលកាន់តំណែងជាតំណាងរាស្ត្រដាច់ដោយឡែក
គណបក្សប្រឆាំងចំនួនពីរក្នុងប្រទេសកម្ពុជាគឺគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សបានអះអាងឲ្យដឹងថា ពួកគេគ្រោងនឹងធ្វើពិធីស្បថដាច់ដោយទ្បែកដើម្បីចូលកាន់តំណែងជាតំណាងរាស្រ្តអាណត្តិទី៤ នាពេលខាងមុខនេះ នៅគ្រាដែលគណបក្សប្រជាជនកម្ពុជានិងគណបក្សដទៃទៀតមានគម្រោងការបើកសម័យប្រជុំសភាជាតិលើកដំបូងនិងស្បថចូលកាន់តំណែងជាតំណាងរាស្រ្ត នៅថៃ្ងទី២៤ ខែកញ្ញាសប្តាហ៍ខាងមុខនេះ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី។
គណបក្សប្រឆាំងទាំងពីរខាងលើបានសរសេរលិខិតដាច់ដោយឡែកពីគ្នាទូលថ្វាយព្រះមហាក្សត្រខ្មែរដើម្បីឲ្យព្រះអង្គប្រទានការអនុញ្ញតឲ្យគណបក្សទាំងពីរនោះស្បថចូលកាន់តំណែងជាតំណាងរាស្ត្រនៅថៃ្ងដាច់ដោយទ្បែកនិងទីកន្លែងដាច់ដោយទ្បែកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សដទៃទៀតនោះ ដើម្បីបង្ហាញថា ពួកគេជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតជាតិកាលពីថៃ្ងទី២៧ ខែកក្កដា កន្លងទៅថ្មីៗនេះ។
ប្រេសិតអគ្គលេខាធិការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលាឈប់ពីតំណែង
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលាឈប់ពីតំណែងហើយ បន្ទាប់ពីមានសង្គ្រាមពាក្យសម្ដីដ៏យូរជាមួយនឹងរដ្ឋាភិបាលកម្ពុជា ហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកមិនដែលជួបមនុស្សបែបនេះឡើយ។
ក្នុងកិច្ចថ្លែងនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក យ៉ាស្ហ ហ្កាយ បានត្អូញត្អែរអំពីការរងការមាក់ងាយជាញឹកញាប់ពីសំណាក់មេដឹកនាំកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ ទី១៧ កញ្ញា បានអបអរចំពោះការលាឈប់ពីតំណែងរបស់លោក យ៉ាស្ហ ហ្កាយ ក៏ប៉ុន្តែថា លោកមិនមែនដាក់បណ្តាសា លោក យ៉ាស្ហ ហ្កាយ នោះឡើយ។
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនឹងបន្តការចរចាពីរឿងព្រំដែនជាមួយកម្ពុជា
នាយករដ្ឋមន្ត្រីថៃថ្មី លោក ស៊ុមឆៃ វង្សសុវត្ថិ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ១៨ កញ្ញាថា រដ្ឋាភិបាលថៃ នឹងបន្តកិច្ចចរចាជាមួយភាគីរដ្ឋាភិបាលកម្ពុជា នៅចុងខែកញ្ញានេះ ស្តីពីបញ្ហាទំនាស់ព្រំដែនខ្មែរថៃនោះ។
លោក ស៊ុមឆៃ វង្សសុវត្ថិ ថ្លែងដូច្នេះនៅឯទីស្តីការក្រសួងការបរទេសថៃ នៅទីក្រុងបាងកក ដោយគូសបញ្ជាក់ថា លោកបានស្នើឲ្យក្រសួងការបរទេសថៃ ជូនដំណឹងដល់សមភាគីរដ្ឋាភិបាលកម្ពុជា អំពីចេតនារបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជានោះ។
ពលរដ្ឋស្វែងរកអន្តរាគមន៍ពីតុលាការដើម្បីផ្អាកការបូមខ្សាច់ចាក់លុបបឹងកក់
មេធាវីរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ បានឲ្យដឹងកាលពីថ្ងៃទី១៩ កញ្ញា ថា តុលាការក្រុងភ្នំពេញនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ នឹងចេញសេចក្តីសម្រេចលើពាក្យសុំចេញដីកាសម្រេចឲ្យក្រុមហ៊ុនសូកាគូ ផ្អាកការបូមខ្សាច់ចាក់បំពេញបឹងឬបន្តសកម្មភាពបូមខ្សាច់នោះ។
មេធាវីរបស់ប្រជាពលរដ្ឋ លោក ជូង ជូងី បានឲ្យដឹងដូច្នេះ បន្ទាប់ពីលោកបានចូលទៅតុលាការក្រុងភ្នំពេញ ដោយលោកបានជួបជាមួយនឹងចៅក្រមនិងក្រឡាបញ្ជី ដើម្បីបំភ្លឺក្នុងករណីដែលប្រជាពលរដ្ឋទាមទារសុំឲ្យក្រុមហ៊ុនសូកាគូផ្អាកការបូមខ្សាច់ដាក់បឹងបណ្ដោះអាសន្នសិនរួចហើយ ហើយលោកនឹងរង់ចាំសេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ (ទី២២ កញ្ញា ២០០៨)។ បើមិនមានលទ្ធផលទេនោះ លោកនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត។
បើតាមអភិបាលរងក្រុងភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់បានមានប្រសាសន៍ថា ប្រជាពលរដ្ឋមិនមានសិទ្ធិរហូតដល់ប្រឆាំងក្នុងការបូមខ្សាច់បញ្ចូលក្នុងបឹងកក់នេះទេ ព្រោះពួកគាត់មករស់នៅទីនេះមិនស្របច្បាប់។
ភ្នាក់ងារFBI មកដល់កម្ពុជាដើម្បីជួយស៊ើបរកឃាតករសម្លាប់អ្នកកាសែត
ស្ថានទូតអាមេរិកាំងនៅកម្ពុជាឲ្យដឹងថា ភ្នាក់ងារអេហ្វ.ប៊ី.អាយ. (FBI) មួយក្រុម បានមកដល់កម្ពុជាហើយកាលពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងកិច្ចសហការស្រាវជ្រាវជាមួយក្រសួងមហាផ្ទៃខ្មែរដើម្បីវែកមុខឃាតករដែលបានបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរ គឺលោក ឃឹម សម្បូរណ៍ និងកូនប្រុស។ ប្រភពពីប៉ូលិសឲ្យដឹងបន្ថែមថា ភ្នាក់ងារអេហ្វ.ប៊ី.អាយ. ដែលបានមកដល់មានក្រុមអ្នកជំនាញខាងគូររូបភាពនិងក្រុមអ្នកអង្កេត។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចបញ្ជាក់លម្អិតអំពីការស្រាជ្រាវនិងរយៈពេលប៉ុន្មានដែលបេសកកម្មនោះត្រូវបញ្ចប់ឡើយ ប៉ុន្តែលោកបង្ហើបថា ការសន្និដ្ឋានរួមគ្នាជំហានដំបូងនៅក្នុងជំនួបនោះ បានផ្តោតទៅលើការសង្ស័យនៃការសម្លាប់កូនប្រុសរបស់លោក ឃឹម សម្បូណ៍ ទៅវិញ។
កម្ពុជានឹងមិនប្រឈមនឹងគ្រោះរាំងស្ងួតនិងទឹកជំនន់ធ្ងន់ធ្ងរទេនៅឆ្នាំនេះ
មន្រ្តីជាន់ខ្ពស់នៃក្រសួងធនធានទឹកនិងឧតុនិយមក្នុងប្រទេសកម្ពុជា បានអះអាងថា ប្រទេសកម្ពុជានឹងមិនប្រឈមមុខចំពោះបញ្ហាគ្រោះរាំងស្ងួតនិងទឹកជំនន់ធ្ងន់ធ្ងរទេនៅឆ្នាំ២០០៨នេះ ដោយសារមានភ្លៀងធ្លាក់រាយប៉ាយជាច្រើនកន្លែងសម្រាប់ដំណាំកសិកម្ម ហើយទឹកទន្លេមេគង្គនៅមិនទាន់បានទើ្បងដល់កម្រិតខ្ពស់គួរឲ្យព្រួយបារម្ភសម្រាប់ការប្រកាសអាសន្នធ្ងន់ធ្ងរនៅទើ្បយ។
ពលរដ្ឋ៦គ្រួសារនៅក្រុងព្រះសីហនុមិនបានទទួលដីដែលនាយករដ្ឋមន្ត្រីបញ្ជាឲ្យបែងចែក
ប្រជាពលរដ្ឋចំនួន៦គ្រួសារដែលរស់នៅមណ្ឌល១ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បានតវ៉ាថា ពួកគេមិនបានទទួលចំណែកដីរបស់ខ្លួនដែលលោកនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឲ្យបែងចែកឲ្យនោះទេ ហើយមិនបានទទួលទេ ហើយមិនតែប៉ុណ្ណោះ ចំនួនគ្រួសារដែលបានទទួលចំណែកដីបានកើនពី ១២៥គ្រួសារទៅដល់១៧០គ្រួសារទៀតផង។
មន្រ្តីសមាជិកគណៈកម្មាធិការបែងចែកដីទំនាស់នៅតំបន់ក្រុងព្រះសីហនុនោះមិនអាចទាក់ទងសុំការអធិប្បាយបានឡើយកាលពីថ្ងៃ១៨ កញ្ញា តែលោក ស៉្បោង សារ៉ាត់ អភិបាលក្រុងព្រះសីហនុដែលទើបបានទទួលការតែងតាំងថ្មីបានមានប្រសាសន៍ឲ្យដឹងថា ៦គ្រួសារនោះជាអ្នកនៅចាំដីឲ្យគេ។
ដីដែលត្រូវបែងចែកឲ្យប្រជាពលរដ្ឋនោះ មួយប្លង់ៗទំហំ ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដែលត្រូវបែងចែកតាមការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករាកន្លងទៅនៅក្រុងព្រះសីហនុនោះ៕
