លោក កែវ និមល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ២៧ តុលា ដល់ ២ វិច្ឆិកា ឆ្នាំ២០០៨។
ខួបទី៤នៃបុណ្យរាជាភិសេកព្រះបាទព្រះបរមនាថ នរោត្ដម សីហមុនី
ខួបទី៤នៃបុណ្យរាជាភិសេកព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានប្រារព្ធធ្វើនៅក្នុងព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែតុលាកន្លងមកនេះ។
រៀងរាល់ឆ្នាំមានការរៀបចំប្រារព្ធពិធីបុណ្យតាមបែបសាសនាផងនិងតាមបែបប្រពៃណីផងដោយមានវត្តមានរាជវង្សានុវង្សចូលរួម។
ពរសព្ទសាធុការថ្វាយព្រះមហាក្សត្រពីសំណាក់មេដឹកនាំគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសបានត្រូវផ្សាយតាមរយៈទូរទស្សន៍ វិទ្យុ ហើយនិងមានការបោះពុម្ពការថ្វាយព្រះពរនៅតាមសារព័ត៌មាននិងទស្សនាវដ្ដីនានាផងដែរ។
ក្នុងអំឡុងពេលបុណ្យមានការដោតទង់ជាតិ បដា ពាក្យស្លោក នៅតាមមហាវិថី នៅតាមផ្លូវ នៅទីសំខាន់ៗនានា ព្រមទាំងមានការតាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រដោយបង្ហាញពីការអបអរសាទរចំពោះព្រះមហាក្សត្រកម្ពុជា។
ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្ដម សីហមុនី បានយាងគង់លើព្រះរាជបល្ល័ង្កសោយរាជ្យបន្តនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីសម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ បានដាក់រាជ្យ ហើយនិងបន្ទាប់ពីមានការបោះឆ្នោតរបស់ក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសព្រះមហាក្សត្រ។
កម្ពុជាអបអរពិធីបុណ្យចម្រើនព្រះជន្មអតីតព្រះមហាក្សត្រ
កាលពីថ្ងៃទី៣១ តុលា ប្រជាពលរដ្ឋកម្ពុជាបានឈប់សម្រាកអបអរពិធីបុណ្យចម្រើនព្រះជន្មអតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ឈានចូលព្រះជន្ម៨៦ព្រះវស្សា។
ព្រះអង្គបានកាន់តំណែងផ្សេងៗជាច្រើនរហូតដល់មានការកត់ត្រាក្នុងសៀវភៅឯកទត្តកម្មពិភពលោក Guinness Book of World Records ថា ព្រះអង្គជាអ្នកនយោបាយដែលកាន់ការក្នុងតំណែងផ្សេងៗច្រើនជាងគេក្នុងលោក។
ព្រះមហាវីរក្សត្រ សម្តេច នរោត្តម សីហនុ ដែលខ្មែរខ្លះបានប្រៀបប្រដូចព្រះអង្គទៅនឹងជយវរ្ម័ននៃទី៧យុគសម័យថ្មី ទ្រង់ជាព្រះរាជបុត្រទោលរបស់ព្រះបាទ សម្តេចព្រះ នរោត្តម សុរាមារិត និងព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន ហើយទ្រង់ប្រសូតនាទីក្រុងភ្នំពេញ កាលពីថ្ងៃទី៣១ តុលា ឆ្នាំ១៩២២ នៅពេលដែលកម្ពុជាឋិតក្រោមអាណានិគមនិយមបារាំង។
សមាជិកសភាបក្សប្រជាជនបដិសេធសំណើរបស់បក្សសមរង្ស៊ី
សមាជិកសភានៃគណបក្សប្រជាជនកម្ពុជាបានបដិសេធសំណើថ្មីមួយរបស់គណបក្សសមរង្ស៊ីដែលស្វែងរកប្រយោជន៍ជូនគណបក្សនយោបាយខ្មែរដែលមិននៅក្នុងរដ្ឋាភិបាល។
សេចក្តីបដិសេធនោះធ្វើឡើងដោយគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដែលបានបើកកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែតុលានេះ គឺច្រានចោលសំណើដែលគណបក្សសមរង្ស៊ីបានស្នើឲ្យមានការទទួលស្គាល់សិទ្ធិរបស់គណបក្សប្រឆាំងទាំងអស់នៅកម្ពុជាជាផ្លូវការ។
លោក ជាម យៀប សមាជិកអចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភាថ្លែងប្រាប់អ្នកកាសែតក្នុងស្រុកថា ការស្នើឲ្យរដ្ឋសភាទទួលបក្សប្រឆាំងនានាជាផ្លូវការនោះ វាខុសពីនីតិវិធីច្បាប់ត្រង់មាត្រា៨២ថ្មីនៃបទបញ្ជាផ្ទៃក្នុងរបស់សភា។
ប៉ុន្តែលោក សុន ឆ័យ សមាជិកសភាមកពីគណបក្សសមរង្ស៊ីមានប្រសាសន៍នៅថ្ងៃទី៣០ ខែតុលានេះថា ការមិនទទួលស្គាល់តួនាទីរបស់គណបក្សប្រឆាំងទាំងឡាយនោះនឹងមិនចំណេញដល់ប្រទេសកម្ពុជាទេ និងមិនគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសដែលកម្ពុជាបានធ្វើឡើងកាលពីឆ្នាំ១៩៩១។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ៖ "យើងសុំឲ្យគេយកយោបល់អ្នកឯកទេស ជំនួយការបរទេសនៅរដ្ឋសភា ព្រោះខាងបរទេសដែលគេជួយផ្ដល់យោបល់បច្ចេកទេសនៅរដ្ឋសភា គឺគេឲ្យយោបល់រួចទៅហើយ ថា វាត្រូវតែមានការរៀបចំរដ្ឋសភាមួយដែលផ្ដល់សិទ្ធិឲ្យគណបក្សប្រឆាំងមានលទ្ធភាពបំពេញការងារឲ្យបានត្រឹមត្រូវ ដូចជាការទទួលស្គាល់ជាផ្លូវការមេបក្សប្រឆាំងក្នុងរដ្ឋសភា ផ្ដល់ថវិកាផ្សេងៗដល់បក្សប្រឆាំងឬគណបក្សមិននៅក្នុងរដ្ឋាភិបាល បង្កើតជាក្រុមស្រាវជ្រាវឯកទេសក្នុងការតាមដានការងាររបស់ក្រសួងទាំងឡាយរបស់រដ្ឋាភិបាល ហើយនិងមានការជំរុញឲ្យមានការបែងចែកតួនាទីរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភាជាដើម"។
មន្ត្រីខ្មែរ-ថៃមានគម្រោងជួបចរចាគ្នានៅថ្ងៃ១០ វិច្ឆិកា ដើម្បីដោះស្រាយបញ្ហាព្រំដែន
អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានអះអាងនៅថ្ងៃព្រហស្បតិ៍កន្លងទៅថា មន្ត្រីខ្មែរ-ថៃមានគម្រោងនឹងជួបចរចាគ្នានៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះបន្តទៀតដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានមានប្រសាសន៍ថា កិច្ចជំនួបរវាងមន្ត្រីគណៈកម្មការចម្រុះព្រំដែនគោកខ្មែរ-ថៃ ដែលភាគីខ្មែរដឹកនាំដោយប្រធានគណៈកម្មការគឺលោក វ៉ា គឹមហុង គ្រោងនឹងធ្វើឡើងនៅឯប្រទេសថៃតាមការស្នើសុំរបស់រដ្ឋាភិបាលថៃ។
លោក កុយ គួង បានឲ្យដឹងផងដែរថា គេនៅមិនទាន់អាចកំណត់របៀបវារៈនៃកិច្ចប្រជុំនោះបាននៅឡើយនោះទេ។
កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-ថៃ នេះត្រូវបានកំណត់ពេលច្បាស់លាស់បន្ទាប់ពីរដ្ឋសភាថៃ កាលពីថ្ងៃទី២៨ តុលាកន្លងទៅនេះ បានអនុម័តយល់ព្រមឲ្យរដ្ឋាភិបាលរបស់ខ្លួនធ្វើការចរចាបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាតាមការស្នើសុំរបស់ភាគីខ្មែរនោះ។
អ្នកលក់ដូរនៅក្បែរផ្សារទួលទំពូងតវ៉ាចំពោះការហាមប្រាមមិនឲ្យលក់ដូរ
អ្នកលក់ដូរនៅផ្សារតាមផ្លូវមួយនៅក្បែរផ្សារទួលទំពូង ក្រុងភ្នំពេញ ប្រមាណ២០០នាក់ បានតវ៉ាចំពោះអាជ្ញាធរខណ្ឌចំការមនដែលបានហាមប្រាមមិនឲ្យពួកគេលក់ដូរនៅកន្លែងចាស់នោះតទៅទៀត និងបានរុះរោងនិងគ្រែលក់ដូរចេញអស់។
អ្នកលក់ដូរទាំងនោះបានតវ៉ាថា ពួកគេត្រូវអាជ្ញាធរបង្ខំឲ្យទៅលក់ដូរនៅទីតាំងថ្មីដែលត្រូវចំណាយលុយហើយពួកគេគ្មានលទ្ធភាព។ ក្រុមអ្នកតវ៉ាបានទៅផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំឲ្យធ្វើអន្តរាគមន៍ជួយពួកគេផងដែរ។
កប៉ាល់ចម្បាំងរបស់ប្រទេសចិនគ្រោងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
កប៉ាល់ចម្បាំងរបស់ប្រទេសចិនមួយចំណុះ៦០០០តោននឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី៥ វិច្ឆិកា តទៅ។
មន្រ្តីក្រសួងការពារជាតិបានឲ្យដឹងថា ការមកចូលចតនិងទស្សនកិច្ចរបស់កប៉ាល់ចម្បាំងប្រទេសចិននេះគឺដើម្បីរឹតចំណងមិត្តភាពកងទ័ពប្រទេសទាំងពីរ កម្ពុជា ចិន។
កម្មករខ្មែរ៥នាក់ត្រូវគេសង្គ្រោះចេញពីកោះមួយនៅប្រទេសថៃ
ប្រជាពលរដ្ឋកម្ពុជាចំនួន៥នាក់ដែលបានចេញទៅរកការធ្វើនៅប្រទេសថៃបានត្រូវជួយសង្រ្គោះកាលពីថ្ងៃទី២៩ តុលា នៅពេលដែលពួកគេបានលោតចេញពីកប៉ាល់នេសាទថៃ ហែលទៅកាន់កោះមួយ ហើយរស់នៅអត់អាហារលើកោះនោះចំនួន៤ថ្ងៃ។
កម្មករម្នាក់បាននិយាយប្រាប់កងទ័ពជើងទឹកថៃដែលបានជួយសង្គ្រោះថា ពួកគេសម្រេចចិត្តលោតចេញពីកប៉ាល់នេសាទឯកជននោះ ហែលទៅកាន់កោះដោយសារមានការបង្ខាំងពួកគេមិនឲ្យឡើងគោកចំនួន៨ខែមកហើយ និងមានការធ្វើទារុណកម្មលើផ្លូវកាយនិងចិត្តលើពួកគេផងនៅក្នុងពេលរស់នៅនិងបំពេញការងារលើកប៉ាល់នេសាទឯកជនថៃនោះ។
រដ្ឋាភិបាលនិងធនាគារអភិវឌ្ឍន៍អាស៊ីឧបត្ថម្ភស្បៀងបន្ទាន់ដល់ពលរដ្ឋក្រីក្រ
រដ្ឋាភិបាលខ្មែរនិងធនាគារអភិវឌ្ឍន៍អាស៊ីបានកំណត់យកខេត្តចំនួន៧ និងខណ្ឌចំនួន៣ ក្នុងការឧបត្ថម្ភស្បៀងបន្ទាន់ដល់ប្រជាពលរដ្ឋក្រីក្របំផុតជាង៥សែននាក់ក្នុងរយៈពេល៣ឆ្នាំដែលចំណាយថវិកា៤០លានដុល្លារសហរដ្ឋអាមេរិក។
ការប្រកាសនេះបានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការអនុវត្តគម្រោងឧបត្ថម្ភស្បៀងបន្ទាន់របស់រដ្ឋាភិបាលខ្មែរសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងថា ការអនុវត្តគម្រោងមានរយៈពេល៣ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០០៨ ដោយកំណត់យកខេត្តជុំវិញបឹងទន្លេសាបចំនួន៧ និងសង្កាត់ក្រីក្រចំនួន៣ទៀតក្នុងក្រុងភ្នំពេញ ដូចជាសង្កាត់បឹងកក់ ស្ទឹងមានជ័យ និងទន្លេបាសាក់៕
