សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៥ ដល់ ១១ ឧសភា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន កិច្ច​ប្រជុំ​មួយ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​ទំនិញ​ឡើង​ថ្លៃ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

0:00 / 0:00

លោក ជា មករា អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​ នៅកម្ពុជា ពីថ្ងៃ ៥ ដល់ ១១ ឧសភា ឆ្នាំ២០០៨ ។

កិច្ច​ជួប​ប្រជុំ​គ្នា​ពិនិត្យ​មើល​ស្ថានការណ៍​ទំនិញ​ឡើង​ថ្លៃ

មន្ត្រី​រដ្ឋាភិបាល​ក្រុម​អ្នក​ជំនាញ​តាម​បណ្តា​អង្គការ​ក្រៅរដ្ឋាភិបាល តំណាង​សមាគម​ក្រុម​និស្សិត​និង​កម្មករ​ផងដែរ​បាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ ទី​៦ ឧសភា ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​ទំនិញ​ឡើង​ថ្លៃ និង​ការ​មធ្យោបាយ​ទប់ទល់ ។

ក្រុម​អ្នក​ចូលរួម​បាន​លើក​ឡើង​ពី​កង្វល់​រៀងៗ​ខ្លួន​និង​គំនិត​សម្រាប់​ជា​មធ្យោបាយ​ផលិត​លើ​កិច្ច​ការងារ​ផ្សេងៗ ដើម្បី​ជា​ការ​ទប់ទល់​នឹង​ចំណោទ​ទំនិញ​ឡើង​ថ្លៃ រីឯ​មន្ត្រី​រដ្ឋាភិបាល​ក៏​បាន​រំពឹង​ថា អតិផរណា​នឹង​អាច​ធ្លាក់​ចុះ​ខ្លះ​នៅ​ចុង​ឆ្នាំ​នេះ ។

តម្លៃ​ទំនិញ​នៅតែ​មាន​សភាព​ខ្ពស់​ដដែល

តម្លៃ​ទំនិញ​នៅ​ក្នុង​ប្រទេស​ក្នុង​សប្តាហ៍​នេះ​នៅតែ​មាន​សភាព​ខ្ពស់​ដដែល​ដូច​ថ្ងៃ​មុនៗ ប៉ុន្តែ​តម្លៃ​នៅ​ភ្នំពេញ​មាន​លក្ខណៈ​ខ្ពស់​ជាង​នៅ​បណ្តា​ខេត្ត ។

នៅ​ភ្នំពេញ​អង្ករ​ល្អ​លេខ​១ ថ្លៃ​មួយ​គីឡូក្រាម ៤០០០​រៀល បើ​ប្រៀបធៀប​ទៅ​នឹង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បន្ទាយមានជ័យ​ដែល​មួយ​គីឡូក្រាម​ថ្លៃ​តែ​៣២០០​រៀល​ទេ ។

តម្លៃ​ប្រេង​សាំង​នោះ​ទៀត គឺ​សាំង​ធម្មតា​មួយ​លីត្រ​ថ្លៃ​៥​ពាន់​រៀល សាំង​ស៊ុបពែរ​ថ្លៃ​៥១០០​រៀល និង​ប្រេង​ម៉ាស៊ូត ១​លីត្រ ៤៨០០​រៀល ។

ប្រទេស​កម្ពុជាផ្ដល់​ប្រាក់​ជំនួយ​៥​ម៉ឺន​ដុល្លារ​ដល់​ប្រទេស​ភូមា

ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ពុធ ទី​៧ ឧសភា កន្លងទៅ បាន​រួម​វិភាគទាន​ប្រាក់​ជំនួយ​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក ដល់​ប្រទេស​ភូមា​ដែល​កំពុងតែ​មាន​មនុស្ស​ស្លាប់​ច្រើន​ម៉ឺននាក់ និង​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយសារ​តែ​គ្រោះថ្នាក់​ខ្យល់​ព្យុះ ។

វិភាគទាន​នោះ​បាន​ផ្តល់​តាមរយៈ​ស្ថានទូត​ភូមា​ប្រចាំ​ប្រទេស​កម្ពុជា ។ កាកបាទក្រហម​កម្ពុជា ក៏​បាន​ជួយ​ដល់​ប្រទេស​ភូមា​ជា​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​ផងដែរ ។

នាយករដ្ឋមន្ត្រី​ខ្មែរ​សរសើរ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសើរ​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ចំពោះ​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ ៦ ឧសភា ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៣ ដែល​បាន​ទទួល​ប្រាក់​ជំនួយ​កសាង​ពី​ប្រទេស​កូរ៉េ​ខាងត្បូង លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ប្រវែង​កំណាត់​ផ្លូវ​ប្រមាណ​១៣៧​គីឡូម៉ែត្រ ដែល​កំពុង​សម្ពោធ​កាលពី​ថ្ងៃ​អង្គារ​នោះ បាន​ទទួល​ប្រាក់​ជំនួយ​ពី​កូរ៉េ​ខាងត្បូង​ចំនួន​៣៦​លាន​៩​សែន​ដុល្លារ ។

កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​កាតា​ធ្វើ​វិនិយោគ​លើ​វិស័យ​កសិកម្ម

រដ្ឋាភិបាល​ខ្មែរ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​កាតា​ធ្វើ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​ទឹកប្រាក់​ធ្វើ​វិនិយោគ​នឹង​មាន​ចំនួន​ដល់ ២០០​លាន​ដុល្លារ ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​យ៉ាង​នេះ ក្រោយ​ដំណើរ​ទស្សនកិច្ច​មួយ​របស់​នាយករដ្ឋមន្ត្រី​កាតា លោក Al Thani ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែ​មុន ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ ទី​៧ ឧសភា ថា​ប្រទេស​កាតា​បាន​ផ្តល់​ឯកសារ​ធ្វើ​វិនិយោគ​ចំនួន​៦​មក​កម្ពុជា ហើយ​ការ​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​បច្ចេកទេស នឹង​ធ្វើ​នៅ​ក្នុង​សប្តាហ៍​នេះ ។

គ.ជ.ប.​ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​គោរព​បទបញ្ជា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ជូន​ដំណឹង​ដល់​គ្រប់​គណបក្ស​នយោបាយ​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ត្រូវ​គោរព​បទបញ្ជា​របស់​គ.ជ.ប. បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ទទួល​ការ​ដាក់​ទណ្ឌកម្ម ។

មន្ត្រី​គ.ជ.ប.​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌកម្ម​គឺ​បន្ទាប់ពី​ការ​ព្រមាន​រួច​លែង​ស្តាប់ ទើប​គេ​នឹង​អាច​សម្រេច​ដោយ​ដក​សិទ្ធិ​បោះឆ្នោត ដក​សិទ្ធិ​ជា​បេក្ខជន ឬ​នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​៥​ទៅ​១០​លាន​រៀល​ថែមទៀត ។

ការ​ចេញ​បញ្ជា​ផាកពិន័យ​បាន​ធ្វើ​ឡើង​ប្រមាណ​ជាង​មួយ​ខែ​មុន​ដំណើរការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​រវាង​ពី​ថ្ងៃ​ទី​២៦ មិថុនា ដល់​២៦​កក្កដា ។

ហោ ណាំហុង មិន​បោះបង់​ចោល​ការ​ប្តឹង សម រង្ស៊ី

ឧប​នាយករដ្ឋមន្ត្រី លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ ទី៧ ឧសភា ថា លោក​មិន​បោះបង់​ចោល​ការ​ប្តឹង​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ទាក់ទង​នឹង​ការ​ចោទ​ថា លោក សម រង្ស៊ី បាន​ហៅ​រូបលោក​ថា​ជា​អតីត​មេ​គុក​ខ្មែរក្រហម​នៅ​បឹង​ត្របែក​នោះ​ឡើយ ។

លោក ហោ ណាំហុង បាន​ថ្លែង​ថា​មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូល​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​បណ្ដោះអាសន្ន ក្នុង​តុលាការ​កាត់ទោស​ខ្មែរក្រហម អាច​ជា​សាក្សី​ថា​លោក​ជា​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​នោះ​ដែរ ។

លោក សម រង្ស៊ី បាន​ថ្លែង​មុន​នេះ​ថា លោក​មិន​បាន​និយាយ​ចំ​ឈ្មោះ​ថា អ្នកណា​ជា​មេ​គុក​បឹងត្របែក​ក្នុង​របប​ខ្មែរក្រហម​នោះ​ទេ ប៉ុន្តែ​លោក​ថា លោក​ត្រៀម​ប្រឈមមុខ​នឹង​ការ​តទល់​គ្នា​ក្នុង​តុលាការ​ឯករាជ្យ និង​ថា​លោក​ក៏​មាន​ឯកសារ​និង​ភស្តុតាង​តទល់​ផងដែរ ។

ការ​ប្តឹង​លោក សម រង្ស៊ី គឺ​នៅ​គ្រា​ដែល​កម្ពុជា​កំពុង​មាន​ដំណើរការ​រៀបចំ​បោះឆ្នោត​ដែល​ការ​ប្ដឹង​នេះ បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ខ្លះ​ពី​មជ្ឈដ្ឋាន​មួយចំនួន ។

អាជ្ញាធរ​ចាប់ខ្លួន​អតីត​ជនសង្ស័យ​ខ្មែរក្រហម​ម្នាក់​ទៀត

អាជ្ញាធរ​ខ្មែរ​បាន​ចាប់ខ្លួន​អតីត​ជនសង្ស័យ​ខ្មែរក្រហម​ម្នាក់​ទៀត ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​អ្នក​ដោះ​មីន​ជាតិ​អង់គ្លេស​ម្នាក់​ជាមួយ​នឹង​អ្នក​បកប្រែ​របស់​គាត់​ក្រោយ​ឃាតកម្ម​អស់​រយៈពេល​១២​ឆ្នាំ​កន្លងមក ។

អតីត​ទាហាន​ខ្មែរក្រហម​ឈ្មោះ ស៊ិន ដន អាយុ ៥២​ឆ្នាំ ត្រូវ​តុលាការ​ចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ ទី​៦ ឧសភា កន្លងមក​នេះ ពីបទ​សម្លាប់​លោក Christopher Howesនៃ​អង្គការ​មីន​ឈ្មោះ Mines Advisory Group និង​អ្នក​បកប្រែ​ជាតិ​ខ្មែរ​ម្នាក់ កាលពី​ឆ្នាំ​១៩៩៦ នៅ​ក្នុង​ខេត្ត​សៀមរាប ។ ឈ្មោះ ស៊ិន ដន ត្រូវ​គេ​តាម​រក​ជា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ទើបតែ​បាន​ជួបប្រទះ​រស់​លាក់ខ្លួន​នៅក្នុង​អតីត​ភូមិ​ខ្មែរក្រហម​អន្លង់វែង ។ ប្រទេស​អង់គ្លេស​បាន​ស្វាគមន៍​កម្ពុជា​ចំពោះ​ការ​ចាប់ខ្លួន​នេះ ។

កិច្ចប្រជុំ​ស្ដីពី​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ជំងឺ​អេដស៍​នៃ​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​២១​ប្រទេស និង​មន្ត្រី​អាជ្ញាធរ​បាន​ធ្វើ​កិច្ចប្រជុំ​ចំនួន​៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៦ ដល់​ទី​៩ ខែ​ឧសភា​កន្លងទៅ ដើម្បី​រក​វិធី​ទប់ស្កាត់​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍​ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​ប្រើ​គ្រឿងញៀន ។

ក្រុម​អ្នក​ចូលរួម​បាន​មើល​ឃើញ​ថា ការ​ឆ្លង​ជំងឺ​អេដស៍​ចេះតែ​រីក​រាល​ដាល ជា​ពិសេស​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក គឺ​ដោយសារ​តែ​ការ​ប្រើ​ម្ជុល​ស៊ីរ៉ាំង​ចាក់​គ្រឿងញៀន​តាម​សរសៃ ។

មន្ត្រី​គណៈ​សង្ឃ​ម្នាក់​រង​ការ​ចោទ​ថា​វាយ​តប់​ព្រះសង្ឃ

នៅ​ឯ​ខេត្ត​តាកែវ មន្ត្រី​គណៈសង្ឃ​ថ្នាក់​ស្រុក​ម្នាក់​បាន​រង​ការ​ចោទ​ថា​វាយ​ព្រះសង្ឃ​ចំនួន​២​អង្គ ដោយសារ​តែ​អ្នកស្រុក​មិន​និមន្ត​មន្ត្រី​គណៈសង្ឃ​នោះ​ធ្វើ​ពិធី ប៉ុន្តែ​បែរ​ជា​និមន្ត​ព្រះសង្ឃ​ដែល​គង់​នៅ​ឆ្ងាយ​នោះ​ទៅវិញ ។

សេចក្តី​រាយការណ៍​កាលពី​ថ្ងៃ​ពុធ ទី​៧ ឧសភា បាន​ឲ្យ​ដឹង​ថា​អ្នកភូមិ​ច្រើន​រយ​នាក់​នៅ​ស្រុក​ទ្រាំង ខេត្តកែវ បាន​លើកគ្នា​ធ្វើការ​តវ៉ា​ជំទាស់​ដោយសារ​តែ​ខឹង​នឹង​មន្ត្រី​គណៈសង្ឃ ព្រះនាម ខាត់ យស នៃ​វត្ត​ខ្លែង​នោះ​ពេក ។

កម្ពុជា​គ្រោង​ពង្រីក​និង​ស្តារ​ព្រលាន​យន្តហោះ​រតនគិរី

កម្ពុជា​គ្រោង​ពង្រីក​និង​ស្តារ​ព្រលាន​យន្តហោះ​រតនគិរី ប៉ុន្តែ​ចាំបាច់​ត្រូវ​បណ្តេញ​មនុស្ស​ជាច្រើន​ដែល​គេ​បាន​ចោទ​ថា មក​វាត​ទី​តាំង​ទី​លំនៅ​ខុស​ច្បាប់​នៅ​កន្លែង​បម្រុង​អភិវឌ្ឍ​នោះ ។

ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ប៉ះពាល់​ដល់​គម្រោង​នោះ​បាន​តវ៉ា​ថា ពួកគាត់​បាន​មក​រស់នៅ​ទី​នោះ ប្រមាណ​១៣​ឆ្នាំ​មក​ហើយ ដែល​គាត់​ត្រូវ​ទាមទារ​សំណង​ខ្លះ​បើសិន​ជា​មាន​ការ​បណ្តេញ​មែន​នោះ ។

ម៉ុងតាញ៉ា​១៧​នាក់​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​ភាគ​ឦសាន​កម្ពុជា

នៅ​ឯ​ខេត្ត​រតនគិរី​នោះ​ទៀត​ដែរ​មាន​សេចក្តី​រាយការណ៍​ថា មាន​ជន​ភៀសខ្លួន​វៀតណាម​ម៉ុងតាញ៉ា​ចំនួន​១៧​នាក់​ផ្សេង​ទៀត ដែល​បាន​រត់គេច​ពី​ប្រទេស​វៀតណាម កំពុង​តែ​លាក់ខ្លួន​ក្នុង​ព្រៃ​ភាគ​ឦសាន​កម្ពុជា ដើម្បី​រក​ការ​ជួយ​សង្គ្រោះ​ពី​មន្ត្រី​អ.ស.ប. ក្នុង​ប្រទេស​កម្ពុជា ។

នៅ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​បញ្ជាក់​ថា តើ​អ្នក​ទាំង​នោះ​បាន​ទទួល​យក​អាសារ​ហើយ​ឬ​នៅ​ទេ​នៅ​ក្នុង​សប្តាហ៍​នេះ ។

បទល្មើស​ព្រៃឈើ​នៅ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប នៅតែ​បន្ត​កើតមាន

សកម្មភាព​កាប់​ដឹក​ជញ្ជូន​និង​អារ​ឈើ​ខុសច្បាប់ នៅ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប នៅតែ​បន្ត​មាន​ដែល​គ្មាន​ការ​អើពើ​ណា​មួយ​ពី​ក្រុម​អាជ្ញាធរ​នោះ​ឡើយ ។

សាក្សី​ជា​អ្នកស្រុក​ដែល​គេ​ជួល​ឲ្យ​ទៅ​ធ្វើ​សម្មភាព​ទាំង​នោះ​បាន​បញ្ជាក់​ថា ពិត​ជា​មាន​រឿង​ហេតុ​នោះ​កើតឡើង​មែន ។ ប្រភព​បាន​រាយការណ៍​ថា សកម្មភាព​ខុសច្បាប់​ទាំង​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​មេព្រៃ និង​ទាហាន​ខ្លះ​ផងដែរ ។

អភិបាល​ខេត្ត​សៀមរាប​លោក ស៊ូ ភីរិន្ទ បាន​មាន​ប្រសាសន៍​ថា ការ​គ្រប់គ្រង​ព្រៃឈើ គឺ​មិនមែន​ជា​ការងារ​ដែល​មន្ត្រី​ខេត្ត​គ្រប់គ្រង​ទេ គឺ​វា​ហួស​នឹង​សមត្ថភាព​របស់​ខេត្ត​ទៅទៀត ៕