លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ៦ ដល់ ១២ តុលា ឆ្នាំ២០០៨។
នាយករដ្ឋមន្ត្រីថៃលុបចោលដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា
មន្ត្រីក្រសួងការបរទេសខ្មែរបានជូនដំណឹងកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីថៃ លោក Somchai Wongsawat (ស៊ុមឆៃ វង់សាវ៉ាត់) នឹងមិនបានមកកម្ពុជាដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៨ តាមការគ្រោងនោះទេ។
មន្ត្រីខ្មែរបានបញ្ជាក់ថា ថៃនឹងបញ្ជូនឧបនាយករដ្ឋមន្ត្រីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសមកកម្ពុជាដើម្បីធ្វើការចរចាបញ្ហាជម្លោះព្រំប្រទល់ជំនួសនោះវិញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃនឹងអញ្ជើញមកប្រទេសកម្ពុជានៅថ្ងៃអាទិត្យ ទី១២ តុលានេះ។
ការលុបចោលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃមិនត្រូវបានគេរាយការណ៍ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ប៉ុន្តែមន្ត្រីខ្មែរបានសង្ស័យថា ទំនងដោយសារតែមកពីស្ថានការណ៍កំពុងតែវឹកវរនៅក្នុងប្រទេសថៃនាបច្ចុប្បន្ន។
ទាហានថៃពីរនាក់ជាន់មីនដាច់ជើងនៅក្បែរប្រាសាទព្រះវិហារ
ទាហានថៃពីរនាក់បានជាន់មីនដាច់ជើងនៅក្បែរប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃច័ន្ទ ទី៦ តុលា បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពថៃនិងកម្ពុជាដែលបណ្តាលឲ្យមានរបួសទាំងសងខាងនោះ។
អ្នកនាំពាក្យរងនៃកងទ័ពថៃ អ្នកស្រីវរសេនីយ៍ឯក ស៊ីរីយ៉ាន ង៉ាថុង បានឲ្យដឹងថា ទាហានថៃ២រូបនៃកងកម្លាំងឈុតខ្មៅល្បាតព្រំដែនលេខ២៣បានដាច់ជើងនៅវេលាម៉ោង១០ព្រឹក បន្ទាប់ពីពួកគេបានជាន់មីននៅតំបន់ព្រំដែនកម្ពុជាថៃ ចម្ងាយ៣គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះវិហារ។
ថៃបង្កើនការដាក់ពង្រាយកងទ័ពនៅតាមព្រំដែន
អាជ្ញាធរខ្មែរបានថ្លែងថា ភាគីថៃបានបង្កើនការដាក់ពង្រាយកងទ័ពនៅតាមព្រំដែនរបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីមានការប្រឈមមុខតានតឹងដាក់គ្នារវាងកងកម្លាំងប្រទេសទាំងពីរនៅតំបន់ប្រាសាទព្រះវិហារ។
ស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកការងារព្រំដែន លោក សំ ជិត បានមានប្រសាសន៍កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ថា ភាគីថៃមានសកម្មភាពចល័តទ័ពនិងពង្រាយកងកម្លាំងនៅពេលយប់ ហើយកាលពីយប់ថ្ងៃពុធ ទី៨ ខែតុលា កងកម្លាំងទាហានឈុតខ្មៅនិងកងប៉ារ៉ាថៃប្រមាណជិត៨០នាក់ត្រូវបានដាក់ពង្រាយបន្ថែមទៀត។
នាយករដ្ឋមន្ត្រីខ្មែរអំពាវនាវដល់ប្រទេសមានវិបត្តិកុំឲ្យពឹងអ.ស.ប.ជួយរៀបចំការបោះឆ្នោត
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះបានអំពាវនាវដល់បណ្តាប្រទេសដែលមានវិបត្តិកុំឲ្យពឹងអង្គការសហប្រជាជាតិ (អ.ស.ប.) ជួយរៀបចំការបោះឆ្នោត ដោយលោកសំអាងថា ការបោះឆ្នោតដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាតិនៅកម្ពុជា ឬហៅថា អ៊ុនតាក់ (UNTAC) នាឆ្នាំ១៩៩៣នោះ ជាការបោះឆ្នោតដោយលម្អៀង។
ទោះជាយ៉ាងណាគណបក្សសមរង្ស៊ីបានជំទាស់ការលើកឡើងដោយលោកនាយករដ្ឋមន្ត្រី ហើយថាការបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់មានលក្ខណៈត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព។
មេដឹកនាំខ្មែររំឭកក្រុមគ្រូពេទ្យឲ្យយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី៦ តុលាកន្លងទៅ រំឭកក្រុមគ្រូពេទ្យនៅប្រទេសកម្ពុជាឲ្យយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺដោយមានសីលធម៌ កុំយកបញ្ហាប្រាក់កាសជាធំពេក និងព្យាបាលអ្នកជំងឺដោយមានវិជ្ជាជីវៈ។
លោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ក៏បានលើកឡើងថា ការដែលមានប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យនៅបរទេសនោះ មិនមែនជាសញ្ញាល្អចំពោះវិស័យសុខាភិបាលរបស់កម្ពុជានោះទេ។
មន្រ្តីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សូវ៉េត បានមានប្រសាសន៍ឲ្យដឹងថា អង្គការរបស់លោកធ្លាប់បានទទួលពាក្យបណ្តឹងជាច្រើនទាក់ទងជាមួយអាកប្បកិរិយាមិនសមរម្យរបស់គ្រូពេទ្យមួយចំនួនទៅលើអ្នកជំងឺផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ីនិងរដ្ឋាភិបាលផ្ដល់ថវិការួមគ្នាដើម្បីជួយជាស្បៀងអាហារដល់គ្រួសារក្រីក្រ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធ ទី៨ តុលា បានផ្ដល់ប្រាក់រួមគ្នាចំនួនជាង ៤០លានដុល្លារសហរដ្ឋអាមេរិកដើម្បីផ្ដល់ជំនួយស្បៀងអាហារបន្ទាន់ ដល់ក្រុមគ្រួសារក្រីក្របំផុតនៅកម្ពុជាខណៈដែលពួកគាត់កំពុងតែប្រឈមនឹងការឡើងថ្លៃនៃស្បៀងអាហារនិងប្រេងឥន្ធនៈ។
ក្នុងទឹកប្រាក់ជាង៤០លានដុល្លារសហរដ្ឋអាមេរិកនោះ ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់ចំនួន៣៥លានដុល្លារ ហើយរដ្ឋាភិបាលកម្ពុជាផ្ដល់ប្រាក់ចំនួនជាង៥លានដុល្លារ។
នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោក Arjun Goswami (អារជុន ហ្គោស្វាមី) បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលនឹងទទួលបានអង្ករនិងការឧបត្ថម្ភផ្សេងទៀត គឺរស់នៅក្នុងខេត្តចំនួន៧ជុំវិញបឹងទន្លេសាប គឺខេត្តកំពង់ធំ សៀមរាប បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ហើយនិងតំបន់អនាធិបតេយ្យផ្សេងទៀតនៅទីក្រុងភ្នំពេញ ដែលធនាគារអភិវឌ្ឍន៍អាស៊ីចាត់ទុកតំបន់ទាំងនេះថាជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ។
ពលរដ្ឋប្រឈមមុខនឹងការបណ្ដេញចេញស្នើសុំអន្តរាគមន៍ពីរដ្ឋសភា
ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញដែលកំពុងប្រឈមមុខនឹងការបណ្ដេញចេញពីលំនៅ កាលពីថ្ងៃច័ន្ទ ទី៦ តុលា បានប្រមូលផ្ដុំគ្នាប្រមាណ២០០នាក់នៅមុខរដ្ឋសភានាទីក្រុងភ្នំពេញ ហើយបានប្រគល់ញត្តិជូនរដ្ឋសភាស្នើសុំឲ្យជួយធ្វើអន្តរាគមន៍ចំពោះបញ្ហាដែលពួកគាត់កំពុងប្រឈមមុខនឹងការជម្លៀសចេញពីលំនៅនោះ។
ប្រជាពលរដ្ឋទាំងនោះមកពីសហគមន៍ខុសៗគ្នាចំនួនបីក្រុម គឺសហគមន៍ក្រុម៧៨ នៃភូមិ១៤ និងសហគមន៍ដីក្រហមនៃភូមិ១៥ ដែលសហគមន៍ទាំងពីរនេះ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងប្រជាពលរដ្ឋមួយក្រុមទៀតរស់នៅតំបន់បឹងកក់។
ប្រជាពលរដ្ឋមកពីក្រុម៧៨ និងប្រជាពលរដ្ឋនៃសហគមន៍ដីក្រហមបានដាក់ញត្តិជូនរដ្ឋសភា ស្នើសុំឲ្យធ្វើកិច្ចអន្តរាគមន៍កុំឲ្យមានការរុះរើលំនៅរបស់ពួកគាត់ និងសុំឲ្យជួយអន្តរាគមន៍ក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់។
ចំណែកឯប្រជាពលរដ្ឋរស់នៅបឹងកក់ឯណោះវិញបានស្នើសុំឲ្យមានការផ្អាកការបូមខ្សាច់លុបបឹងកក់ពីសំណាក់ក្រុមហ៊ុនស៊ូកាគូ និងសុំឲ្យក្រុមហ៊ុនចុះមកដោះស្រាយផ្ដល់សំណងឲ្យបានសមរម្យតាមតម្លៃទីផ្សារ។
អនុប្រធានគណបក្សសិទ្ធិមនុស្សចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
អនុប្រធានគណបក្សសិទ្ធិមនុស្ស លោក កែវ រ៉េមី កាលពីថ្ងៃអង្គារ ទី៧ តុលា បានចុះចូលគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានធ្វើនយោបាយប្រឆាំងអស់រយៈពេលជាង២០ឆ្នាំកន្លងមក។
លោក កែវ រ៉េមី ធ្លាប់ធ្វើជាសមាជិករដ្ឋសភារបស់គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសមរង្ស៊ី ហើយបានចូលរួមបង្កើតគណបក្សសិទ្ធិមនុស្សសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ថ្មីៗនេះ តែលោកពុំទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់ដើម្បីមានតំណែងជាតំណាងរាស្រ្តទេ។
ព្រះសង្ឃខ្មែរក្រោមមួយអង្គគំរាមដឹកនាំបាតុកម្មបណ្ដេញចៅអធិការវត្តសាមគ្គីរង្សី
ព្រះសង្ឃខែ្មរកម្ពុជាក្រោមមួយអង្គគង់នៅក្នុងប្រទេសកម្ពុជាបានគំរាមថា នឹងដឹកនាំបាតុកម្មអហិង្សាដ៏ធំមួយនៅវត្តសាមគ្គីរង្សីខាងលិចជាយទីក្រុងភ្នំពេញនាពេលខាងមុខនេះ ដើម្បីបណ្តេញព្រះចៅអធិការវត្តសាមគ្គីរង្សីគឺព្រះអង្គ យឿង ស៊ិន ដែលជាប្រធានសមាគមព្រះសង្ឃខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា។
ព្រះសង្ឃអង្គនោះព្រះនាម ឃួន សារី គង់នៅវត្តអង្គព្រៃសេរីមានជ័យនៅក្នុងឃុំកំពង់សំរោង ស្រុកកំពត ខេត្តកំពត មានគម្រោងការកោះហៅក្រុមព្រះសង្ឃខែ្មរកម្ពុជាក្រោមមួយចំនួននៅតាមបណ្តាវត្តនៅក្នុងខេត្តនានាដើម្បីជួបប្រជុំគ្នារៀបចំគម្រោងធ្វើបាតុកម្មនាពេលខាងមុខនេះ ដោយចោទប្រកាន់ថា ព្រះអង្គ យឿង ស៊ិន មិនបានដឹកនាំឲ្យបានជឿនលឿនអ្វីទេ ហើយថែមទាំងបានដឹកនាំចលនានយោបាយប្រឆាំងរដ្ឋាភិបាលកម្ពុជាទៀតផង។
ចៅអធិការវត្តសាមគ្គីរង្សី ព្រះអង្គ យឿង ស៊ិន បានច្រានចោលការចោទប្រកាន់ទាំងអស់នោះ ហើយចោទត្រឡប់មកវិញថា ព្រះអង្គ ឃួន សារី តែងតែដើរបោកប្រាស់គេឯង៕
